ភ្នំពេញ៖ ស្ថិតនៅ​បុរីប៉េងហួត បឹងស្នោ ​​​«អាហារដ្ឋាន​ ៤៣០ ឆ្ងាញ់​ជាប់​មាត់» ជាទី​បម្រើ​អាហារ​​ថ្ងៃ​ត្រង់​ដ៏​មមាញឹក​​​ផ្ដល់​ថាមពល​ដល់​ភ្ញៀវ​ត្រឡប់​ទៅ​ធ្វើ​ការ។ រីឯ​ពេល​រសៀល​វិញ ​ទី​នេះ​​​ក៏​ជា​ទី​ស្វាគមន៍​​អតិថិជន​​មក​ញ៉ាំ​អាហារ ក្រេប​ស្រាបៀរ​បន្ធូរ​អារម្មណ៍​​​​​ពី​ការងារ រហូត​ដល់​វេលា​​​រាត្រី​ផង​ដែរ។

អ្វី​ដែល​សំខាន់​គឺ ​​​ស្លាកសញ្ញា​រូប​​ម្ហូប​ភ្ជាប់​នឹង​តម្លៃ​ស្រាប់ ​ធ្វើ​ឱ្យ​ភ្ញៀវ​មិន​ចាំបាច់​ព្រួយ​រឿង​ធូរ​ហោប៉ៅ​ទេ​។ ពួក​គេ​អាច​​ចូល​​មក​​រីករាយ​ទទួល​ទាន​ដោយ​លៃលក​ការ​ចំណាយ​តាម​តម្លៃ​មើល​ឃើញ​នឹង​ភ្នែក​ស្រាប់។

អាហារដ្ឋាន​លក្ខណៈ​ផ្ទះល្វែង​​នេះ​​​ត្រូវ​បាន​រៀបចំ​បែប​សាមញ្ញ ​ជាមួយ​កន្លែង​អង្គុយ​មាន​ខ្យល់​​មិន​ស្អុះ​ស្អាប់​​។​

លោក នូ ចាន់ថា ​ម្ចាស់ហាង​ដែល​​ទើប​តែ​បើក​កាល​ពី​ខែ​សីហា​​ បាន​ប្រាប់​​ ភ្នំពេញ ប៉ុស្តិ៍​ ថា​៖ «បើ​ទោះ​ហាង​ខ្ញុំ​ទើប​តែ​បើក​ពិតមែន ​តែ​ខ្ញុំ​មាន​អតិថិជន​ច្រើន​ណាស់​។ ជាពិសេស​ម៉ោង​សម្រាក​ហូប​បាយ​ថ្ងៃ​ត្រង់​ ទាំង​ខ្ចប់ ​និង​អង្គុយ​នៅ​ហាង​​ផ្ទាល់​អាច​ដល់​ ២០០ ​នាក់​ តែ​បើ​គិត​ភ្ញៀវ​សរុប ​១ ​ថ្ងៃ​ពេញ​អាច​លើស​ពី ​៣០០ ​ឡើង»។

ហាង​មាន​បម្រើ​អតិថិជន​ទាំង​អាហារ​ពេលព្រឹក​ ពេលថ្ងៃ​ និង​ពេល​ល្ងាច​។ អាហារ​ពេល​ព្រឹក​ចាប់​ពី​ម៉ោង ៦​ ភាគ​ច្រើន​​មាន ​មីស៊ុប​ មីឆា​ គុយទាវ​ បបរ​ និង​ម្ហូប​ជា​ច្រើន​មុខ​ទៀត ​ដែល​ភាគ​ច្រើន​តម្លៃ​ត្រឹម ​៦ ០០០​ ទៅ​ ៧ ០០០ ​រៀល​ប៉ុណ្ណោះ​។​

អាហារ​ពេល​ថ្ងៃ​ត្រង់​​បម្រើ​រហូត​ដល់​ម៉ោង ១ ​រសៀល​ មាន​​​ជម្រើស​​ម្ហូប​ខ្មែរ​​​​ប្រហែល​​ជាង ​២០ ​មុខ​​ ក្នុង​តម្លៃ ១ ចាន​ត្រឹមតែ ៣ ០០០ ​រៀល​ និង​បាយ​ស ១ ចាន​ ១ ០០០ ​រៀល​។

អតីត​បុគ្គលិក​អង្គការ​រូប​នេះ​​បញ្ជាក់​ប្រាប់​ថា៖ «​​តម្លៃ​ប៉ុណ្ណឹង​ [៤ ០០០ រៀល​] អតិថិជន​អាច​ទទួល​ទាន​បាន ​១ ​ឆ្អែត​»។​

ចាប់ពី​ម៉ោង ​១ ​រសៀល​ដល់​ម៉ោង ​១០ ​យប់ ​គឺ​ជា​ពេល​ដែល​ភ្ញៀវ​រីករាយ​នឹង​​ទទួលទាន និង​អង្គុយ​និយាយ​គ្នា​លេង​នៅ​ហាង​​យូរ​បំផុត​​​។​

ពងទា​កូនអាំង​ ​ប្រើ​រូបមន្ត​ពិសេស​​ប្រចាំ​ហាង​ផ្ទាល់។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ម្ចាស់ហាង​វ័យ​ ២៩ ​ឆ្នាំ​រូប​នេះ​​បាន​រៀបរាប់​ពី​អាហារ​ជា​ច្រើន​មុខ​យ៉ាង​ដូច្នេះ​ថា៖ «យើង​មាន​លក់​ច្រើន​មុខ​ណាស់​ មាន​ទាំង​ ប្រហិត​ គ្រឿង​ក្នុង​ ខ្យង​ ក្ដាម​ ស្លាបមាន់​បំពង​ ពងក្រួច​ ទា​អាំង​ ពងទា​កូនអាំង ​និង​អាហារ​ជាច្រើន​មុខ​ទៀត​»។

លោក ចាន់ថា បន្ត​ទៀត​ថា៖ «ចំណុច​ដែល​ទាក់ទាញ​អតិថិជន​បំផុត​នោះ​នៅ​មុខ​ហាង​ឃើញ​ទឹក​ជ្រលក់​ ដែល​មាន​​តម្រៀប​ជា​ហែហូរ​ ព្រោះ​របស់​អស់​នេះ​តម្រូវ​ឱ្យ​មាន​ទឹក​ជ្រលក់​ ហើយ​កាន់​តែ​មាន​ច្រើន​ជម្រើស​ អតិថិជន​កាន់​តែ​ពេញ​ចិត្ត​។ខ្ញុំ​គិត​​ថា​ នេះ​ក៏​ជា​គុណសម្បត្តិ​មួយ​​របស់​ហាង​យើង​ដែរ​»។

ទឹក​ជ្រលក់​ប្រហែល​ជា​ ៦ ​ប្រភេទ ​​រួម​មាន​ទាំង​ ទឹកត្រី​កោះកុង​ ពណ៌ខៀវ​ និង​ក្រហម​ ទឹក​តៅហ៊ូ​ ទឹក​កាពិ ​ទឹក​សៀង​ និង​​ទឹកខ្ទឹម​។​ អតិថិជន​អាច​ជ្រើសរើស​ទឹក​ជ្រលក់​ទៅ​តាម​ចំណូល​ចិត្ត ​ឬ​តាម​ម្ហូប​ដែល​ពួក​គេ​កុម្ម៉ង់​ញ៉ាំ។​

មុខ​ម្ហូប​ដែល​មាន​ការ​ពេញ​និយម​បំផុត​គឺ​ ប្រហិត​ស្ងោរ​ជ្រលក់​​ទឹក​តៅហ៊ូ​ និង​ពងទា​កូន​អាំង​ ដោយ​នេះ​ជា​រូបមន្ត​ពិសេស​​ប្រចាំ​ហាង​ផ្ទាល់។

លោក ​ចាន់ថា ​បាន​ប្រាប់​ថា៖ «យើង​យក​ពងទា​កូន​ស្ងោរ​ដាក់​ក្នុង​កូនចាន​មួយ​ អាំង​វា​ឱ្យ​ក្ដៅ​ហើយ​មាន​ដាក់​ទឹក​ខ្ទឹម​ ជាមួយ​ខ្លាញ់​បន្តិច ​សណ្ដែក​ដី​ ខ្ទឹម​ជ្រក់​ចិញ្ច្រាំ​ និង​ទឹក​អម្ពិល​ទុំ​។​ មួយ​ចាន​ត្រឹម​តែ​ ២ ០០០ ​រៀល​ប៉ុណ្ណោះ​»។

លោក​បាន​និយាយ​ថា ​ក្នុង​ ១ ​ថ្ងៃ ​លោក​អាច​​លក់​បាន​ដល់ ​៥០០ ​គ្រាប់​ក៏​មាន​។​ អតិថិជន​ដែល​មក​ទីនេះ​បាន​ប្រាប់​​ថា ​ពួក​គេ​បាន​​ទៅ​ញ៉ាំ​អាហារ​ដូចគ្នា​នៅ​កន្លែង​ផ្សេង តែ​​រសជាតិ​នៅ​ទីនេះ​ឆ្ងាញ់​បំផុត​ ជាពិសេស​នោះ​គឺ​ទឹក​ជ្រលក់ ហើយ​ចំណែក​ឯ​តម្លៃ​ក៏​​ធូរថ្លៃ​ណាស់​ដែរ​។

ក្ដាម​ ខ្យង ពង​ទាកូន ប្រហិតស្ងោរ មានជម្រើស​ទឹកជ្រលក់​ ៤ មុខ​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ហាង​ក៏​មាន​ទទួល​​​ការ​កក់​ ដើម្បី​រៀបចំ​ពិធី​ផ្សេងៗ​ ​តែ​ចំពោះ​ការ​ដឹក​ជញ្ជូន​បច្ចុប្បន្ន​​មាន​តែ​សម្រាប់​អតិថិជន​ក្នុង​បុរី​ប៉ុណ្ណោះ​។

បើទោះ​ជា​មាន​លក់​មុខ​ម្ហូប​ជាច្រើន​ក៏​ដោយ​ តែ​លោក ​ចាន់ថា ​បាន​ឱ្យ​ដឹង​ថា ​ចង់​បន្ថែម​​របស់​ញ៊ាំ​លេង​បន្ថែម​ទៀត​ដូចជា​ សាច់​គោអាំង​ទឹក​ប្រហុក​ ក្ដាមថ្ម​ពង​ជ្រក់​ ក្ដាម​សេះ​ជ្រក់​ ងាវ​ជ្រក់​ បង្គា​ជ្រក់​ បង្កង​ប៉ាក​ជ្រក់​ និង​ពង​ជ្រក់​ផង​ដែរ​។​

លោក​បាន​បង្ហើប​​ឱ្យ​ដឹង​ពី​គម្រោង​​ថ្ងៃ​ខាង​មុខ​របស់​ហាង​ថា៖​ «បច្ចុប្បន្ន​យើង​មិន​សូវ​បាន​តុបតែង​ហាង​អ្វី​ច្រើន​ទេ​ តែ​ទៅ​មុខ​ទៀត​ពេល​អគារ​ដែល​នៅ​ជិត​យើង​នេះ​សាងសង់​​ហើយ​ យើង​មាន​គម្រោង​​ដាក់​ភ្លើង​បន្ថែម​ និង​រៀបចំ​ហាង​ឱ្យ​ស្រស់ស្អាត​ជាង​នេះ​ សម្រាប់​អតិថិជន​ដែល​គាត់​មក​កក់​រៀបចំ​ធ្វើ​ពិធី​ផ្សេង​ៗ»។

អាហារដ្ឋាន ៤៣០ ឆ្ងាញ់​ជាប់​មាត់ ស្ថិត​​នៅ​ផ្ទះ​លេខ ៤៣០ ផ្លូវ​ក្លាស្ទ័រ បុរី​ប៉េងហួត​បឹងស្នោ ឬ​អាចទាក់ទង​លេខ​ ០៨៧ ៥៥៩ ៩៦៥៕

វីដេអូ៖