ភ្នំពេញ៖ ទិដ្ឋភាពអង្គុយក្នុងរថភ្លើងសម្លឹងទៅបង្អួចបណ្តែតអារម្មណ៍លន្លង់លន្លោចទៅតាមទេសភាព និងទិដ្ឋភាពញ៉ាំសាច់អាំង លើកកែវស្រាសូជូ ក្រេបរំសាយស្ត្រេស គឺជារូបភាព ដែលហាង Gogi ធ្វើឱ្យអតិថិជននឹកស្រមៃដល់ភាពយន្តកូរ៉េខាងត្បូង។
ស្ថិតក្នុងទូរថភ្លើងពណ៌ឆើត កញ្ញា សឹង សាវី អ្នកគ្រប់គ្រងហាងបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ឱ្យដឹងថា៖ «យើងធ្វើវាជារទេះភ្លើង ព្រោះយើងចង់ឱ្យពេលភ្ញៀវគាត់បានចេញពីផ្ទះមកដូចគាត់មកលេងកន្លែងមួយអ៊ីចឹង។ យើងចង់ឱ្យគាត់បានថតរូបស្អាតៗ ដូច្នេះយើងព្យាយាមប្រើសញ្ញាផ្សេងៗ សូម្បីតែក្រឡាឥដ្ឋច្រកចូលឱ្យដូចនៅកូរ៉េតែម្ដង»។
ហាង Gogi ទូរថភ្លើងសាខាទួលគោក ទើបតែបើកសម្ភោធជាផ្លូវការនៅថ្ងៃទី ១១ ខែ ១១ បន្ថែមពីលើសមិទ្ធផលជោគជ័យ ២ សាខា ក្បែរវិទ្យាស្ថានជាតិភាសាបរទេស (IFL)។
មិនខុសពីឈ្មោះហាង Gogi ជាភាសាកូរ៉េ ដែលខ្មែរមានន័យថា សាច់អាំង នោះទេ អាហារពិសេសប្រចាំហាងគឺសាច់អាំងតែម្ដង។
ជាមួយបំពង់បឺតផ្សែងមិនរំខានជាប់ក្លិនលើភ្ញៀវ ហាងមានជម្រើសសាច់អាំងឈុតតម្លៃ ២៨ ៥០០ រៀល សម្រាប់អ្នកមកតែឯង ឈុត ៦០ ០០០ រៀល សម្រាប់គ្នា ២ ទៅ ៣ នាក់ និង ១០០ ០០០ រៀល សម្រាប់គ្នាពី ៣ ទៅ ៤ នាក់។
សម្ភារទាំងអស់តាំងពីខ្ទះ ស្លាបព្រា ចង្កឹះ កែវ គឺសុទ្ធតែនាំចូលពីប្រទេសកូរ៉េ ផ្ទាល់។
ក្រៅពីនេះ ម្ហូបដ៏ពេញនិយមផ្សេងទៀតមានក្ដាមថ្មពង ទឹកស៊ីអីវកូរ៉េ តម្លៃចាប់ពី ៨០ ០០០ រៀល អាស្រ័យលើទំហំក្ដាម។ ត្រីសាល់ម៉ុន និងបង្គាទឹកស៊ីអីវក៏មានការកុម្ម៉ង់ច្រើនដែរ។
ថ្វីដ្បិតមានឈ្មោះថា ហាងអាហារកូរ៉េ កញ្ញា សឹង សាវី បានបញ្ជាក់ថា រសជាតិអាហារកូរ៉េកាត់ខ្មែរ។
អ្នកគ្រប់គ្រងវ័យ ២៥ ឆ្នាំរូបនេះលើកឡើងថា៖ «ព្រោះតាមរយៈការភ្លក្ស និងសិក្សាពីតម្រូវការអតិថិជនក្នុងស្រុក យើងឃើញថា បើជារសជាតិកូរ៉េសុទ្ធ ពួកគាត់ញ៉ាំមិនសូវបានទេ។ ដូច្នេះក្រៅពីចុងភៅកូរ៉េ យើងមានចុងភៅខ្មែរ ១ ទៀត ដើម្បីជួយកាត់រសជាតិពីកូរ៉េមកជារសជាតិខ្មែរខ្លះ»។
ការច្នៃប្រឌិតរសជាតិអាហារកូរ៉េសុទ្ធមកតម្រូវរសនិយមខ្មែរនេះ ក៏ទទួលបានការពេញនិយមពីជនជាតិដើមដែរ។
ចំពោះរសជាតិអាហារកូរ៉េតម្រូវតាមរសនិយមខ្មែរនេះ កញ្ញា សាវី បានលើកឡើងថា៖ «ពេលមានអតិថិជនកូរ៉េមកលើកដំបូង វាគួរឱ្យភ្ញាក់ផ្អើលគឺបន្ទាប់ពីភ្លក្ស ពួកគាត់ចូលចិត្ត ហើយមកម្ដងហើយម្ដងទៀតថែមទាំងតេមកកក់ទៀត»។
ហាង Gogi ទូរថភ្លើងមានភ្ញៀវប្រហែលជាង ៥០០ នាក់ ក្នុង ១ ថ្ងៃ នឹងកើនឡើងជាង ៧០០ នាក់ នៅចុងសប្ដាហ៍។
ដោយព្យាយាមចូលរួមអនុវត្តគោលការណ៍សុវត្ថិភាពណែនាំដោយក្រសួងសុខាភិបាល ហាងក៏បានជំរុញដល់ការខ្ចប់ ញ៉ាំនៅផ្ទះ ជាមួយការបញ្ចុះតម្លៃ និងការផ្ដល់សម្ភារៈសាច់អាំងឱ្យខ្ចីឥតគិតថ្លៃបន្ថែម។
កញ្ញាបានឱ្យដឹងទៀតថា៖ «ទាល់តែពេលពួកគាត់ទទួលទានរួចទើបដឹកសម្ភារសាច់អាំងមកវិញ ដោយមិនតម្រូវឱ្យបង់សេវាអ្វីបន្ថែមទេ»។
ហាង Gogi បានបន្ថែមទឹកជ្រលក់ក្ដៅៗថ្មីឈ្មោះថា Anchovy sauce ដ៏ឆ្ងាញ់ប្លែក។ ចាប់ពីម៉ោង ៩ ការចាក់ភ្លេង នឹងបន្ថែមសំឡេង ខណៈពន្លឺភ្លើងនឹងបន្ថយបែបភ្លឺស្រទន់។
ចាប់បើកម៉ោង ១១ ព្រឹក ដល់ម៉ោង ១០ យប់ ហាងស្ថិតនៅផ្លូវ ៥២៨ ម្ដុំទួលគោក។ ទូរស័ព្ទលេខ ០៦១ ៧១៧ ១១១ និង ០៦៩ ៧១៧ ១០១៕
វីដេអូ៖