ភ្នំពេញ: ក្នុងទីធ្លាមានរុក្ខជាតិបៃតង អគារចំណាស់ត្រូវបានលម្អដោយគំនូរ និងបំភ្លឺដោយភ្លើងដូចអំពិលអំពែក បង្កើតជាបរិយាកាសដ៏ស្រស់ស្រាយដល់អ្នកនិយមក្រេបស្រាក្រឡុក ញ៉ាំអាហារ និងស្ដាប់តន្ត្រីដ៏ពីរោះកំដរអារម្មណ៍ ។
Old School Bar ដែលមានការតុបតែងអគារជាមួយគំនូរពណ៌ រូបថត និងការលេងភ្លើងអំពូលដ៏ច្នៃប្រឌិត ទ្វារស្វាគមន៍ភ្ញៀវមកលម្ហែអារម្មណ៍ និងថតរូបឃ្យូតៗមិនចេះខ្វះប្លង់។
លោក ជា សុវឌ្ឍនៈ វ័យ ២៥ ឆ្នាំជាម្ចាស់ Old School Bar បានប្រាប់មក ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ដំបូងពួកយើងគ្រាន់តែជាអ្នកលក់ស្រាក្រឡុកនៅតាមផ្លូវខាងក្រោយវាំងប៉ុណ្ណោះ ហើយខ្ញុំបានចាប់ផ្តើមលក់ស្រាក្រឡុកនៅតាមផ្លូវនេះអស់រយៈពេល ២ ឆ្នាំមកហើយ ប៉ុន្តែនៅពេលដែលបើកដំបូងចេះតែមានបញ្ហាទីកន្លែង ទើបពួកយើងសម្រេចចិត្តបើកកន្លែងមួយដែលមានភាពងាយស្រួលសម្រាប់ភ្ញៀវ និងពួកខ្ញុំផ្ទាល់ផងដែរ»។
លោកផ្ដោតលើការបម្រើអាហារខ្មែរ និងម្ហូបបែបថៃ។ នៅ Old School Bar មានលក់អាហារជាច្រើនប្រភេទមានតម្លៃចាប់ពី ៣ ដុល្លារឡើងទៅសម្រាប់ពិសាជាមួយស្រាបៀរច្រើនប្រភេទ និងស្រាក្រឡុកពេញនិយមមានដូចជា Blue Margarita, Strawberry Margarita, Passion Margarita, Lychee Margarita, Mint Margarita និង Purple Margarita ដែលមានតម្លៃចាប់ពី ៣ ដុល្លារ ដល់ ៧ ដុល្លារ។
ក្រៅពីនេះ Old School Bar ក៏មានអាហារពិសេសប្រចាំហាងជាច្រើនមុខផងដែរដូចជា ញាំសាច់គោ Old School Bar ៤ ដុល្លារ សាច់គោឆាខាត់ណាទឹកកក ៤ ដុល្លារ មាន់រំលីងគល់ស្លឹកគ្រៃ ៣,៥០ ដុល្លារ និង ភ្លាក្តាមសេះ ៥ ដុល្លារផងដែរ។
ម្ចាស់ហាងដែលបានបញ្ឈប់ការសិក្សាត្រឹមឆ្នាំទី ២ ផ្នែកគ្រប់គ្រងនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងបានបន្ថែមទៀតថា៖ «ខ្ញុំបានប្តូរពី Cocktail តាមផ្លូវមកបើកជាលក្ខណៈ Restaurant វិញ ហើយខ្ញុំបានមកដល់ទីនេះដំបូងខ្ញុំបានចាប់អារម្មណ៍ទៅលើអគារចាស់មួយនេះ ដោយសារតែយើងពិបាកក្នុងការថែរក្សាអគារចាស់»។
លោកបានបញ្ជាក់ថា៖ «ខ្ញុំអត់បានប៉ះពាល់ទៅលើសំណង់អគារចាស់នេះទេ ខ្ញុំគ្រាន់តែជួសជុលត្រង់កន្លែងដែលបាក់បែក និងគូរគំនូរបន្ថែម តុបតែងបន្ថែម រៀបតុ និងដាក់ភ្លើងឲ្យឃើញមកស្អាត ដោយពួកយើងមិនប៉ះពាល់សំណង់អគារនេះទេ»។
លក្ខណៈពិសេសនៃស្ថាបត្យកម្មចំណាស់ និងការតុបតែងយ៉ាងច្នៃប្រឌិតជាចំណុចពិសេសដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវ ជាពិសេសយុវវ័យនិយមថតសែលហ្វ៊ី។ គ្រប់ជ្រុងនៃអគារចំណាស់មានការលម្អភ្លើង រូបថត និងវត្ថុតាំងដែលហាក់បីដូចជាស្ទូឌីយោថតរូបឃ្យូតៗបែបសិល្បៈដ៏ពេញនិយម។
ចាប់បើកម៉ោង ៥ ល្ងាចដល់ម៉ោង ១២ អធ្រាត្រ Old School Bar មានភ្ញៀវមកគាំទ្រចាប់ពី ៦០ ទៅ ៧០ នាក់ដោយភាគច្រើនជាភ្ញៀវខ្មែរ និង ១៥ ភាគរយជាភ្ញៀវបរទេស។
Old School Bar មានទីតាំងស្ថិតនៅផ្ទះលេខ ៩ ផ្លូវលេខ ២៥៤ នៅខាងក្រោយក្រុមហ៊ុនសែលកាត ក្បែរវិមានឯករាជ្យ។ ទំនាក់ទំនងទូរស័ព្ទលេខ ០១០ ២៣៣ ០២០៕
វីដេអូ៖