ភ្នំពេញ: បទពិសោធ​ពពោះ​កូនស្រី​បាន​ធ្វើឲ្យ​អតីត​តារាសម្ដែង​អ្នកនាង ទេព ស្រីភ័ស ហៅ ទេព សម្ភស្ប ប្តូរ​ចំណង់​អាហារ​បែប​បំពង ហើយ​អ្នកនាង​បាន​ប្រើ​ចំណេះដឹង​ជា​មេផ្ទះ​ច្នៃ​ចេញ​រសជាតិ​ទឹកជ្រលក់​ផ្សេងៗ​គ្នា​សម្រាប់​ជ្រលក់​ជាមួយ​សាច់ រហូត​ប្រែក្លាយ​ជា​អាហារ​ទទួលបាន​ការគាំទ្រ​ពី​អតិថិជន​នៅ​ភោជនីយដ្ឋាន Wings & Beers យ៉ាងជោគជ័យ​។

ក្នុងជំនួប​ជាមួយ ភ្នំពេញ​ប៉ុស្ដិ៍ នៅ​ហាង​អាហារ​ម្ដុំ​ទួលទំពូង ដែល​ល្បី​មាន់​បំពង​មាន​ទឹកជ្រលក់ ១០ ​ប្រភេទ និង​ជា​កន្លែង​សម្បូរ​កីឡា​លេង​កម្សាន្ត​ឥត​ជិនណាយ​នោះ អ្នកនាង ទេព ស្រីភ័ស ជា​ម្ចាស់​ហាង​ដ៏ស្រស់​សោភា​បាន​រៀបរាប់ថា​៖ «​កាល​មាន​ផ្ទៃពោះ​បាន ៦ ទៅ ៧ ខែ ខ្ញុំ​តែងតែ​ឃ្លាន​មាន់​បំពង និង​របស់​អ្វីដែល​បំពងៗ ជាពិសេស​មាន់​បំពង ហើយ​ក៏​ពិភាក្សា​គ្នា​រៀន​ធ្វើ​នៅផ្ទះ​។

នៅពេល​ដែល​ធ្វើ​ហើយ​ក៏​ចាប់ផ្តើម​គិតថា បើ​ធ្វើ​លក់​ម៉េច​ដែរ​? ព្រោះថា​មាន់​ហ្នឹង​មាន​រសជាតិ​ខុសគេ ផ្សំ​គ្រឿង​ក៏ច្រើន​ដែរ​»​។

អ្នកនាង​ក៏បាន​សម្រេចចិត្ត​បើកហាង Wings & Beers ដែល​សព្វថ្ងៃ​ដំណើរការ​បាន ១ ឆ្នាំ ៤ ​ខែ ហើយ​។

អតីត​តារាសម្ដែង​លេចធ្លោ​ក្នុង​ភាពយន្ត​ភាគ​រឿង «​ជីវិត​នាង​រក្សា​» បាន​លាន់មាត់​ថា​៖ «​ហើយ​ដំបូង​ក៏​មិន​នឹក​ឃើញថា បើក​ធំ​អ៊ីចឹង​ដែរ ប៉ុន្តែ​ដោយ​សារ​មាន​ភ្ញៀវ​គាំទ្រ​ច្រើនពេក ទើប​ចេះតែ​ពង្រីក​ហាង​មកដល់​សព្វថ្ងៃ​ទៅ​»​។

Wings & Beers មាន​លក់​មាន់​បំពង Standard Set (៤ ដុំ តម្លៃ ៥,៥ ដុល្លារ​) Deluxe Set (៦ ដុំ ៧,៥ ដុល្លារ​) Party Pack (១៥ ដុំ ១២,៥ ដុល្លារ​) និង​មឹក​យក្ស​បំពង W&B Butterfly Squid, W&B Grilled Squid (១៥ ដុល្លារ​) ព្រមទាំង​ប្រភេទ​សាច់ជ្រូក​បំពង​ដូចជា W&B Pork Knuckles (១២ ដុល្លារ​) W&B BBQ Back Ribs (១៥ ដុល្លារ​)​។

បញ្ជីរាយនាម​មុខម្ហូប​ក៏មាន​ប្រភេទ​សាលាដ​ដូចជា Tuna Salad, Chicken Salad (៦ ដុល្លារ​) និង Caesar Salad (៥ ដុល្លារ​) ព្រមទាំង​មាន ណាឆូ និង​ថាកូ ផងដែរ តម្លៃ​ចាប់ពី ៣ ដុល្លារ​ឡើងទៅ​។

អ្នកនាង ទេព ស្រីភ័ស ក៏បាន​បញ្ជាក់​ពី​ភាព​ពិសេស​នៃ​រូបមន្ត​មាន់​បំពង​របស់ខ្លួន​ថា​៖ «​ដូច​បាន​ដឹង​ស្រាប់​ហើយ​ថា​មាន់​បំពង​នៅ​កន្លែង​ណា​ក៏មានដែរ ប៉ុន្តែ​មាន់​បំពង​របស់​ខ្ញុំ​មាន​រសជាតិ​ខុសពី​គេ ដូចជា​ពេល​ប្រឡាក់​គ្រឿង​ពេល​ខ្លះ​ខ្ញុំ​បាន​ដាក់​ក្រូច​បន្ថែម បើសិន​ជា​អ្នកណា​ដែល​គាត់​ប៉ិន​តេស្ត​រសជាតិ​ប្រាកដ​ជា​ដឹងថា​មាន​ជាតិ​ជូរ​តិចៗ មិន​ធ្វើឲ្យ​រងាន់ ជាពិសេស​យើង​មាន​ទឹកជ្រលក់ ១០ ប្រភេទ​ដែល​ផ្សំ​គ្រឿង​ខ្លួនឯង ធ្វើឲ្យ​ភ្ញៀវ​មក​កាន់​ទីនេះ​ម្តង​ហើយ​នឹង​មក​ម្តងទៀត​»​។

អតីត​តារាសម្ដែង​អ្នកនាង ទេព ស្រីភ័ស បាន​ច្នៃ​រូបមន្ត​សាច់​បំពង​ឆ្ងាញ់​ប្លែក​ពី​គេ​។ រូបថត ហ៊ាន រង្សី

ទឹកជ្រលក់​រសជាតិ​ប្លែកៗ​ទាំង ១០ ប្រភេទ​រួមមាន Honey BBQ, Spicy Sriracha, Koh Kong Red, Spicy Cheese, Kohkong Green, Mustroom, Sesame Teriyaki, Black Pepper, Classic Chiken និង Honey Mustard​។

អតិថិជន​មិន​ត្រឹមតែ​រីករាយ​នឹង​រសជាតិ​ឆ្ងាញ់​ប្លែក​នៃ​មុខម្ហូប​នីមួយៗ​នោះទេ Wings & Beers ក៏មាន​តារាង​សម្រាប់​លេង​បាល់បោះ​គិត​តម្លៃ ១ ម៉ោង ១២ ​ដុល្លារ បុកប៊ីយ៉ែ មួយ​ម៉ោង ៥ ដុល្លារ​ ព្រម​ទាំង​ល្បែង​កម្សាន្ត​មិន​គិតថ្លៃ​មាន គប់​គ្រាប់​ព្រួញ និង​ល្បែង​កម្សាន្ត​បែប​បច្ចេកវិទ្យា​។

ការបន្ថែម​កន្លែង​លេង​កីឡា​នេះ​ត្រូវ​បាន​ស្ថាបនិក​រូប​ស្រស់​តារាសម្តែង ទេព ស្រីភ័ស ប្រាប់​ឲ្យ​ដឹងថា​៖ «​តាមពិត​ទៅ​រឿង​មាន​កន្លែង​លេង​បាល់បោះ​នេះ​មិនមែន​ជា​គំនិត​ខ្ញុំ​នោះទេ ជា​គំនិត​គ្រួសារ (​ស្វាមី​) ខ្ញុំ​ទាំងអស់​។ ខ្ញុំ​ធ្លាប់​ប្រាប់​គាត់​ថា​មិនមាន​អ្នកណា​មកលេង​ទេ ព្រោះថា​ភាគច្រើន​ខ្មែរ​យើង​អត់​ចូលចិត្ត​លេង​បាល់បោះ​ទេ ប៉ុន្តែ​នៅពេល​គាត់​រៀបចំ​ហើយ​ក៏​ជោគជ័យ​ដូច​គាត់​បានគិត​មែន​ពេល​ខ្លះ​មិនមាន​កន្លែង​ឲ្យ​ភ្ញៀវ​លេង​ទៀតផង​»​។

ក្រៅពី​លេង​កីឡា អតិថិជន​អាច​ច្រៀង​លេង​ជុំ​គ្រួសារ មិត្តភក្តិ ដោយមាន​ឧបករណ៍​ភ្លេង​រៀបចំ​ទុក​ផងដែរ​។

យុវជន ម៉ែន ច័ន្ទបញ្ញា ជា​ម៉ូយ​ប្រចាំ​នៅ Wings & Beers បាន​ប្រាប់​មក ភ្នំពេញប៉ុស្តិ៍ ពី​មូលហេតុ​ដែល​ចូលចិត្ត​ពិសា​អាហារ​នៅ​ហាង​នេះ​ថា​៖ «​ក្នុង​ ១ ​អាទិត្យ​យ៉ាងហោច​ណាស់​ក៏​ខ្ញុំ​មក​ទីនេះ​ (Wings & Beers) បាន​ ២ ​ដង​ដែរ​ជួនកាល​ខ្ញុំ​មក​ម្នាក់ឯង មក​ជាមួយ​គ្រួសារ និង​ភាគច្រើន​មក​ជាមួយ​មិត្តភក្តិ​»​។

យុវជន​វ័យ ២១ ឆ្នាំ​រូបនេះ​បន្តថា​៖ «​ខ្ញុំ​ចូលចិត្ត​មក​ទីនេះ ដោយសារ​ញ៉ាំ​អាហារ​មិន​រងាន់​។ វា​មាន​ទឹកជ្រលក់​ច្រើន​មុខ​ឲ្យ​ខ្ញុំ​ជ្រើសរើស អ៊ីចឹង​ថ្ងៃនេះ​ខ្ញុំ​យក​ទឹកជ្រលក់​ផ្សេង ស្អែក​ខ្ញុំ​យក​ផ្សេង​ទៀត​មិន​ធ្វើ​ឲ្យ​ខ្ញុំ​ធុញ​នោះទេ​»​។

បើក​ទទួល​ភ្ញៀវ​ចាប់ពី​ម៉ោង ១១:៣០ នាទី​ព្រឹក​រហូតដល់​ម៉ោង ១២ យប់ Wings & Beers ស្ថិត​នៅ​លើផ្លូវ​លេខ ៤៤០ កែង​ផ្លូវ ១៣៥ ម្ដុំ​ទួលទំពូង​។ ទូរស័ព្ទ​លេខ ០៦១ ៧៧៩ ៩០៧ ឬ​អាចទាក់ទង​តាមរយៈ​ហ្វេសប៊ុក​ផេច​ឈ្មោះ Wings&BeersKh ៕

W&B Pork ប្រឡាក់​គ្រឿង​រសជាតិ​ឆ្ងាញ់ អមដោយ​ទឹកជ្រលក់​ឆ្ងាញ់​ប្លែក​។ រូបថត ហ៊ាន រង្សី

ហាង​មាន​ល្បែង​កម្សាន្ត និង​កន្លែង​លេង​កីឡា​ជាច្រើន​។ រូបថត ហ៊ាន រង្សី

នៅ​ជាន់​ខាងលើ​ហាង​មាន​កន្លែង​លេង​បាល់បោះ​។ រូបថត ហ៊ាន រង្សី

វីដេអូ៖