ក្រុងប៉ារីស៖ តាក់ស៊ីហោះអគ្គិសនីលើដងទន្លេទទួលជោគជ័យក្នុងការធ្វើតេស្ដសាកល្បងដោយក្រុមអ្នកផលិត ខណៈសេវាកម្មដឹកជញ្ជូនក្នុងទីក្រុងបែបស្ទួយបរិស្ថានត្រូវបានដាក់ប្រើថាមពលអគ្គិសនីចរាចរណ៍ក្នុងទីក្រុងប៉ារីសនាសប្ដាហ៍នេះ ដោយការដាក់ឲ្យដំណើរការនៅខែស្លឹកឈើជ្រុះខាងមុខនេះ។
ដំណើរពីប៉ម Eiffel Tower ភាគខាងលិចទៅកាន់ព្រះវិហារ Notre Dame កាត់ផ្ទៃទឹក វាចំណាយពេលតែប៉ុន្មាននាទី ខណៈយានទឹកនេះឆ្លងកាត់តាមបណ្ដោយនៃដងទន្លេ។
ជាគំនិតផ្ដួចផ្ដើមរបស់ម្ចាស់ទូកបារាំង Alain Thebault តាក់ស៊ីហោះលើទឹកនេះ អត់មានសំឡេងរំខាន និងគ្មានរលក ព្រមទាំងមិនបញ្ចេញឧស្ម័នបំពុលបរិស្ថាន ដោយទទួលបានការឯកភាពពីមន្ដ្រីដឹកជញ្ជូនបារាំង ដែលចង់ឲ្យទីក្រុងមានជម្រើសដឹកជញ្ជូនស្ទួយបរិស្ថានថ្មីសម្រាប់ការរៀបចំព្រឹត្ដិការណ៍អូឡាំពិកឆ្នាំ ២០២៤ ក្នុងទីក្រុងប៉ារីស។
Bubble ស្រដៀងនឹងប្រភេទទូកល្បឿនលឿនជាមួយបន្ទះកែវក្រែបស្ថិតនៅខាងក្រោម មានអានុភាពលើកតួយានខ្ពស់ផុតពីផ្ទៃទឹក ពេលវាស្ទុះដល់ល្បឿនកំណត់ ដែលបំពាក់ថាមពលដោយអាគុយអគ្គិសនី។
ម៉ូដែលគំរូដំបូង ដែលអាចដឹកមនុស្សបាន ៤ នាក់ ត្រូវបានធ្វើតេស្ដបើកបរសាកល្បងដំបូងនៅដងទន្លេ Seine កាលពីខែ មិថុនា ឆ្នាំ២០១៧ ដោយមានវត្ដមានអភិបាលក្រុង អានណេ ហ៊ីដាល់ហ្គោ ផងដែរ។
ប្រតិបត្ដិករយានបាននិយាយថា ពួកគេទទួលបានសំណើយ៉ាងច្រើនសន្ធឹកឲ្យប្រតិបត្ដិការយានតាក់ស៊ីនេះនៅបណ្ដាទីក្រុងដទៃ ដូចជា ហ្សឺណែវ ម៉ៃអាមី និង សង់ត្រូប៉េ ជាដើម ។
ក្នុងទីក្រុងប៉ារីស ក្រុមហ៊ុនបានចាប់ដៃជាមួយប្រតិបត្ដិករទេសចរណ៍ដែលផ្ដល់កញ្ចប់ដំណើរកម្សាន្ដបែបប្រណីតលើដងទន្លេ Seine ។
អគ្គនាយក Sea Bubbles និងម្ចាស់ជើងឯកទូកប្រណាំងស៊ុយអែត Anders Bringdal បាននិយាយថា៖ «វាជារជ្ជកាលបៃតងសម្រាប់ប្រតិបត្ដិការតាក់ស៊ីហោះឆ្នាំ ២០២០»។
តាក់ស៊ី នឹងមិនបង្កសំឡេងរំខាន បង្កើតរលក និងមិនបញ្ចេញឧស្ម័នបំពុលបរិស្ថាននៅទន្លេសែន ទីក្រុងប៉ារីសនោះទេ៕ AFP/HR