ក្រុងឡាសវេហ្គាស៖ ទីក្រុងវៃឆ្លាតរបស់តូយ៉ូតា មនុស្សយន្ដពី Samsung និងទូរស័ព្ទប្រតិបត្ដិប្រព័ន្ធ 5G ថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន TCL ស្ថិតក្នុងចំណោមសេចក្ដីប្រកាសកាលពីថ្ងៃចន្ទ នៅពិព័រណ៍អ្នកប្រើប្រាស់បច្ចេកវិទ្យា CES។
ទាំងនេះជាការបង្ហាញត្រួសៗពីព្រឹត្ដិការណ៍ពិព័រណ៍ CES គ្រោងបើកទ្វារផ្លូវការនៅថ្ងៃអង្គារក្នុងទីក្រុងឡាសវេហ្គាស។ ក្រុមហ៊ុនយក្សជប៉ុន បានឲ្យដឹងថា ខ្លួនបានបង្កើត «Woven City» លើផ្ទៃដី ៧០ ហិកតា នៅជើងភ្នំហ៊្វូជិ ប្រទេស ជប៉ុន ដែលបំពាក់ថាមពលដោយបន្ទះអ៊ី្រដូហ្ស៊ែន ដើម្បីតេស្ដសាកល្បងដំណើរការបច្ចេកវិទ្យាស្វ័យប្រវត្ដិ និងបច្ចេកវិទ្យាថ្មីៗចុងក្រោយដទៃទៀត។
អគ្គនាយកក្រុមហ៊ុន Akio Toyoda បានឲ្យដឹងថា៖ «ការកសាងពីបាតដៃទទេ ទីក្រុងតូចថ្មីនេះពិតជាវិសេសក្នុងការអភិវឌ្ឍបច្ចេកវិទ្យាអនាគតកាល រួមទាំងប្រព័ន្ធប្រតិបត្ដិការឌីជីថលក្នុងរចនាសម្ព័ន្ធវៃឆ្លាត»។
ទីក្រុងវៃឆ្លាតនឹងត្រូវបានឌីហ្សាញសម្រាប់មនុស្សរស់នៅប្រមាណ ២ ពាន់នាក់ រួមទាំងបុគ្គលិកក្រុមហ៊ុន តូយ៉ូតា និងក្រុមទស្សនកិច្ចស្រាវជ្រាវ ដោយប្រើសម្ភារសំណង់គិតគូរបរិស្ថាន រ៉ូបូតក្រុមហ៊ុនផ្ទាល់ដើម្បីជួយកិច្ចការប្រចាំថ្ងៃ និងបំពាក់សេនស័រ AI តាមដានសុខភាពមនុស្ស។
ទីក្រុងវៃឆ្លាតនឹងមានផ្លូវសម្រាប់ប្រភេទរថយន្ដស្វ័យប្រវត្ដិបើកបរ រួមទាំងអ្នកថ្មើរជើង ក៏ដូចជាយានយន្ដចល័តតូចៗ និងម៉ូតូ កង់ជាដើម។
ដោយឡែកមន្ទីរពិសោធន៍ Samsung កាលពីថ្ងៃអង្គារ បានបង្ហាញមនុស្សយន្ដឌីជីថលដែលខ្លួនបានចាត់ទុកជា «មនុស្សសិប្បនិម្មិត» បំពាក់បច្ចេកវិទ្យាវៃឆ្លាត ដោយវាអាច «សន្ទនា និងមានអារម្មណ៍អាណិតអាសូរ» ដូចមនុស្សពិត។
សេចក្ដីប្រកាសនៅពិធីបើកពិព័រណ៍ CES បានបង្ហាញឧបករណ៍វៃឆ្លាតថ្មីមួយ ឈ្មោះ NEON ផលិតឡើងដោយអង្គភាពរបស់ក្រុមហ៊ុន Samsung គឺ Star Labs។
កាលពីថ្ងៃចន្ទ Samsung ក៏បានបង្ហាញបាល់យន្ដឈ្មោះ Ballie ដែលតាមដានម្ចាស់ខ្លួននៅជុំវិញផ្ទះ។
រ៉ូបូតកម្ពស់ត្រឹមកជើងត្រូវបានឌីហ្សាញជា «គូកនជីវិត» និងស័ក្ដិសមទស្សនៈរបស់ក្រុមហ៊ុន «មនុស្សចូលក្នុងពិភពបច្ចេកវិទ្យាវៃឆ្លាត»។
Sebastian Seung ជាប្រធានផ្នែកស្រាវជ្រាវនៅ Samsung Electronics បានចាត់ទុករ៉ូបូតតូចនេះជាជំនួយហ្វឹកហាត់រាងកាយ និងទំនាក់ទំនងចល័តជួយមនុស្ស ពិសេសជនជរាគ្រប់ស្ថានភាព៕ AFP/