ក្រុងវ៉ាស៊ីនតោន: ក្រុមហ៊ុន​ជាច្រើន​ក្នុង​ឧស្សាហកម្ម​ចំណីអាហារ​កំពុង​តែ​ទទួល​យក​បច្ចេកវិទ្យា​វៃឆ្លាត​ក្នុង​ការស្វែងយល់​កាន់តែ​ស៊ីជម្រៅ​លើ​ឥទ្ធិពល​នៃ​រសជាតិ ក្លិន និង​កត្ដា​ផ្សេងៗ​ដើម្បី​ជំរុញ​ផលិតផល​អាហារ​ទទួល​ជោគជ័យ​។

កាលពី​ដើម​ឆ្នាំ IBM បាន​ក្លាយ​ទៅ​ជា​ចលករ​ដ៏គួរ​ឲ្យ​ភ្ញាក់ផ្អើល​លើ​ផ្នែក​ចំណីអាហារ​ដែល​បាន​ប្រកាស​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ផលិត​គ្រឿង Mc-Cormick ដើម្បី​រុករក​រសជាតិ​ប្លែកៗ​បាន​ឆាប់រហ័ស និង​មាន​ប្រសិទ្ធភាព​ដោយ​ប្រើ​បច្ចេកវិទ្យា AI សិក្សា និង​ទស្សន៍ទាយ​រសជាតិ​ថ្មីៗ​ដោយ​ការប្រមូល​ទិន្នន័យ​ពី​រាប់លាន​កន្លែង​។

កិច្ចសហការ​នេះ​បង្ហាញ​ពី​អានុភាព​នៃ​បច្ចេកវិទ្យា​ក្នុង​ឧស្សាហកម្ម​ម្ហូបអាហារ​ដោយ​ការជួយ​អភិវឌ្ឍ​ផលិតផល​ថ្មីៗ និង​ឆ្លើយតប​ទៅ​តាម​ចំណូល​ចិត្ដ​អ្នក​ទទួលទាន​ព្រម​ទាំង​បង្កើន​ជីវជាតិ​អាហារ និង​រសជាតិ​។

បច្ចកវិទ្យា AI បាន​ជ្រៀតចូល​ទាំង​គ្រឿងផ្សំ​បេះ​ពី​ចម្ការ​ដល់​ផ្ទះ​បាយ​។ រូបថត AFP

លោក Bernard Lahousse សហស្ថាបនិក Foodpairing ជា​ក្រុមហ៊ុន​ដែល​មាន​ការិយាល័យ​ក្នុង​ប្រទេស​បែលហ្ស៊ិក និង​ក្រុង​ញូវយ៉ក​ដែល​អភិវឌ្ឍ​ផែនទី​អាហារ​ឌីជីថល និង​ការណែនាំ​ផ្សំ​គ្រឿង​អាហារ និង​ភេសជ្ជៈ​បាន​និយាយ​ថា​៖ «​ក្រុមហ៊ុន​ចំណីអាហារ​កាន់តែ​ច្រើន​កំពុង​ចាប់​យក​បច្ចេកវិទ្យា​ឌីជីថល និង​អ្វីៗ​ដំណើរការ​ដោយ​ទិន្នន័យ​»​។

លោក Lahousse បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន Foodpairing របស់​លោក​បាន​ទិន្នន័យ​រសជាតិ​អាហារ​ធំ​បំផុត​ក្នុង​លោក​ដែល​អាច​ទស្សន៍ទាយ​អាហារ​កាន់តែ​ប្រសើរ​ដោយ​អាស្រ័យ​លើ​ចំណូល​ចិត្ដ​របស់​មនុស្ស និង​ការវិភាគ​ទិន្នន័យ​។

លោក​បាន​បន្ថែម​ថា​៖ «​ជំនួស​ឲ្យ​ការប្រើ​គណកម្មការ​ជំនាញ ឬ​គណកម្មការ​ជា​អតិថិជន យើង​បាន​អភិវឌ្ឍ​ប្រព័ន្ធ​គណិតវិទ្យា​ដែល​អាច​បកប្រែ​ពី​ចំណង់​ចំណូលចិត្ដ​អ្នកញ៉ាំ​»​។

ការវិនិយោគ​បច្ចេកវិទ្យា​អាហារ​ជាទូទៅ​មាន​ចំនួន ១៦,៩ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៨​។ នេះ​បើ​យោង​តាម​ទិន្នន័យ​មួយ​ពី​ក្រុមហ៊ុន​វិនិយោគ AgTech Funder៕ HR