ក្រុង​ហាណូយ៖ ទោះដេក​គិត​ ក៏​កុមារតូច​​នឹងមិន​នឹក​ដល់​ការ​ធ្វើ​កម្មសិទ្ធិ​លើ​កំពូល​រថយន្ដ​ទំនើប​ម៉ូដែលស្ព័រ​ Spider, Centodieci ឬ Aventador នោះទេ។

ទើប​អាយុ ១៨ ​ខែ តែ​កុមារា ត្រួង ធៀនបាវ មាន​ឱកាស​ឡើង​បញ្ជា​ដៃ​ចង្កូត​រថយន្ដ​ ហើយ​នេះ​ជា​គុណសម្បត្ដិ​របស់​ឪពុក​ឈ្មោះ ត្រួង វ៉ាន់ដាវ ដែល​ខិត​ខំ​ច្នៃ​ផលិត​រថយន្ដ​ឈើ​ដោយ​ចម្លង​ចេញ​ពី​ម៉ូដែល​កំពូល​រថយន្ដ។

បាក់និញ អាច​ត្រូវបាន​ចាត់​ទុក​ជា​ទីក្រុង​ជាង​ឈើ​របស់​វៀតណាម តែ​បុរសកូន​មួយ​ឈ្មោះ​ ដាវ អាយុ ៣០ ​ឆ្នាំ មាន​ចំណាប់​អារម្មណ៍​ខ្លាំង​លើ​ម៉ូដែល​រថយន្ដ​ប្រណីតៗ​ Ferraris ជា​ជាង​គ្រឿង​សង្ហារិម។

លោក​បាន​ផលិត​រថយន្ដ​ចម្លង​ឃ្យូត​ៗ​ពី​ឈើ​ឱ្យ​កូន​ប្រុស​ពី​ម៉ូដែល Bugatti Centodieci។ កុមារ​រូប​នេះ​ក៏​មាន​រថយន្ដ​កម្មសិទ្ធិ​ Ferrari និង​គម្រោង​ចុង​ក្រោយ​គឺ រថយន្ដ​ឈើ​ម៉ូដែល BMW 326 Hommage ថែម​ទៀត។ រថយន្ដ​ទាំង​នោះ​សុទ្ធតែ​ផលិត​ឡើង​ពី​ឈើ។

លោក ដាវ បាន​និយាយថា​៖ «​ខ្ញុំ​បាន​ធំធាត់​ក្នុង​គ្រួសារ​ជាង​ឈើ។ ដូច្នេះ​ខ្ញុំ​ពិត​ជា​ត្រូវ​ផលិត​សម្ភារ​ទាំងអស់​ពី​ឈើ។ ថ្មីៗ​នេះ ខ្ញុំ​បាន​ផលិត​វីដេអូ​អំពី​ការ​ផលិត​សម្ភារ​ពី​ឈើ​ ហើយ​វា​ទទួល​បា​នការ​ពេញ​និយម​ពី​សំណាក់​មហាជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​»។

លោក ដាវ ធ្វើ​ការលើ​គម្រោង​រថយន្ដ​ប្រណីត​ជាមួយ​ជាង​ឈើ​ ៣​ នាក់​ផ្សេង​ទៀត។ រថយន្ដ​ចុង​ក្រោយ​បំផុត​នេះ​ត្រូវការ​ពេល​ផលិត​ ២​ ខែ។

ការ​កសាង​រថយន្ដ​ឈើ​ដែល​អាច​បើកបរ​បាន​ មិន​មែន​ជា​រឿង​លំៗ​នោះទេ។ វា​ត្រូវ​ការ​ភាព​ហ្មត់ចត់ និង​ជួប​បញ្ហា​នានា​ដែល​លោក ដាវ ត្រូវ​ដោះ​ស្រាយ។

លោក​បាន​និយាយ​ថា​៖ «​យើង​មាន​បទពិសោធ​ផ្នែក​ជាង​ឈើ តែ​ជួប​ការលំបាក​ដែល​ត្រូវ​ធ្វើ​ឱ្យ​រថយន្ដ​ឈើ​ដំណើរ​ការ​ទៅ​មុខ​ ដូច​រថយន្ដ​​ពិត​ប្រាកដ។ រថយន្ដ​ដំបូង​របស់​ខ្ញុំ​ជួប​ការ​បរាជ័យ តែ​វីដេអូ​អំពី​រថយន្ដ​នោះ​ ដែល​ខ្ញុំ​បង្ហោះ​លើ​យូរធូប​មាន​អ្នក​មើល​ជាង ២៤​ លាន​ដង។ ទើប​ប៉ុន្មាន​ឆ្នាំ​មុន​នេះ ​​ខ្ញុំ​ដឹង​ក្ដី​ច្បាស់​ពី​ជំនាញ​ជាង​ឈើ​ក្នុង​ភូមិ ដែល​ធ្លាប់តែ​ផលិត​សម្ភារ​ប្រពៃណី​ និង​ដឹងអំពី​រថយន្ដ​តូចៗសម្រាប់​ក្មេង​ៗ។ អ៊ីចឹង​ខ្ញុំ​មាន​គំនិត​ផលិត​រថយន្ដ​ឈើ​ពិត​តែម្ដង​»។

ជាមួយ​ជំនាញ​ជាង​ឈើ ដែល​លោក​ផ្ដោត​លើ​ភាព​លម្អិតនៃរថយន្ដ គួប​ផ្សំ​ក្ដី​ស្រមើ​ស្រមៃ ទីក្រុង​បាក់និញ ជាតំបន់​សម​​​ទំនង​នឹង​អាច​ក្លាយ​ជា​ទីក្រុង​រថយន្ដ​ឈើ​របស់​វៀតណាម​នា​ពេល​អនាគត៕ VNS/HR