ក្រុងញូវដែលី: អារីយ៉ា រ៉ាមយ៉ា ហ៊្សូរី អាលីស និងសាន់សា ទំនងគ្រាន់តែតួអង្គបញ្ចេញសំឡេងពីរោះស្ដាប់ប៉ុណ្ណោះ តែអ្នកទាំង ៥ ជាអ្នករត់តុនៅភោជនីយដ្ឋានមួយក្នុងសង្កាត់ Indranagar នៃក្រុង Bengaluru។
យ៉ាងណាមិញ ក្នុងតំបន់ទីក្រុងនេះ ពួកគេមានប្រជាប្រិយភាពខ្លាំងជាពិសេសចំណោមកុមារតូចៗ។ អ្នករត់តុទាំងនេះជាគ្រឿងយន្ដដែលនាំចូលពីប្រទេស ចិន តម្លៃប្រមាណ ២៥ ០០០ ដុល្លារ ១ គ្រឿង។
តាំងពីការបើកសម្ពោធផ្លូវការនៃភោជនីយដ្ឋានរ៉ូបូតនៅថ្ងៃទី ១៨ ខែ សីហា មនុស្សរាប់ពាន់នាក់មកពីក្រុង Bengaluru ភ្ញៀវខ្លះថែមទាំងខំស្កាត់មកតាំងពីជាយក្រុងផងដែរ។
Karthikeyan Ramesh នាយកគ្រប់គ្រងទូទៅភោជនីយដ្ឋាននិយាយថា៖ «មនុស្សមធ្យមពី ៥០០ ទៅ ៦០០ នាក់ មកកាន់ភោជនីយដ្ឋាន ១ ថ្ងៃៗក្នុងរយៈពេលបើកទ្វារ ៧ ម៉ោង ហើយយើងមានក្ដីសោមនស្សរីករាយដែលស្វាគមន៍ភ្ញៀវច្រើនសន្ធឹកបែបនេះ។ យើងបម្រើសេវាកម្មគ្មានពេលទំនេរឡើយតាំងពីបើកសម្ពោធមក»។
តារាងមុខម្ហូបនៅភោជនីយដ្ឋានរ៉ូបូតភាគច្រើនជាអាហារអាស៊ីបន្ថែមតារាងភេសជ្ជៈប្លែកៗជាច្រើនមុខ។ ភោជនីយដ្ឋាន ដែលអាចទទួលភ្ញៀវ ៥០ នាក់ ត្រូវបានឌីហ្សាញទុកបរិវេណតាមផ្លូវដើរឲ្យរ៉ូបូតដឹកជញ្ជូនអាហារ។
តុនីមួយៗបំពាក់នូវថេប្លិតឌីជីថលដែលមុខម្ហូបអាចត្រូវបានជ្រើសរើស និងកុម្ម៉ង់។ ពេលរៀបចំអាហាររួច រ៉ូបូតមានភារកិច្ចដឹកជញ្ជូនទៅតុកុម្ម៉ង់។
VenkateshRajendran ស្ថាបនិកភោជនីយដ្ឋាន ប្រាប់ ndianexpress.com ថា រ៉ូបូតដំណើរការដោយក្រុមហ៊ុនជប៉ុន និងនាំចូលមកពីចិន។
លោកនិយាយថា៖ «យើងទទួលបានការស្នើ និងអញ្ជើញពីគ្រប់កន្លែងឲ្យបើកដំណើរការភោជនីយដ្ឋានបែបនេះនៅទូទាំងប្រទេស។ យើងគ្រោងផ្ដើមបើកនៅបរទេសផងដែរ ដូចជា នៅមជ្ឈិមបូព៌ា ដោយ ១ នៅអារ៉ាប៊ីសាអ៊ូឌីត និង ១ ទៀតនៅឌូបៃ»។
បុគ្គលិកត្រូវបានបណ្ដុះបណ្ដាលឲ្យចេះដោះស្រាយបញ្ហាក្នុងករណីរ៉ូបូតរអាក់រអួល៕ AFP/HR