ក្រុងញូវយ៉ក៖ កាលពីថ្ងៃពុធ Ford បានបង្ហាញរថយន្ដអគ្គិសនីសុទ្ធជាផ្លូវនូវម៉ូដែល F-150 ដ៏លក់ដាច់បំផុត ក្នុងកិច្ចខិតខំប្រឹងប្រែងបង្កើតយីហោរថយន្ដស្ទួយបរិស្ថានរបស់អាមេរិក។
ម៉ូដែល Ford F-150 «Lightning» ប្រើអាគុយគឺជាផ្នែកមួយនៃយុទ្ធនាការ ២២ ពាន់លានដុល្លារដោយក្រុមហ៊ុនរថយន្ដយក្សអាមេរិកក្នុងការបង្កើនល្បឿនផលិតរថយន្ដអគ្គិសនីនៅត្រឹមឆ្នាំ ២០២៥។
Ford បានលក់រថយន្ដអគ្គិសនីសុទ្ធសាធរួចហើយ ដូចជា ម៉ូដែល Mustang Mach-E sport តែម៉ូដែល Lightning នេះនឹងក្លាយជារថយន្ដដំបូងបំពាក់ថាមពលអាគុយលើ F-150។
F-150 ដែលដាក់លក់ផ្លូវការដំបូងដោយក្រុមហ៊ុន Ford ក្នុងឆ្នាំ ១៩៤៨ ជារថយន្ដលក់ដាច់ខ្លាំងនៅសហរដ្ឋអាមេរិក និងបានសាងកេរ្ដិ៍ឈ្មោះ ១១៨ ឆ្នាំមកហើយ។
លោក Bill Ford ជាចៅលួតរបស់ស្ថាបនិកក្រុមហ៊ុនយក្ស និងបច្ចុប្បន្នជាប្រធានគណគ្រប់គ្រង បានហៅការផលិតរថយន្ដអគ្គីសនីថ្មីនេះជា «សក្ករាជដ៏សំខាន់» ក្នុងប្រវត្ដិសាស្ដ្ររបស់ក្រុមហ៊ុន។
លោកនិយាយថា F-150 Lightning ជាម៉ូដែល «វៃឆ្លាតបំផុត និងស្អាតបំផុត» ក្នុងខ្សែស្រឡាយរបស់វា ហើយវាមានថាមពលខ្លាំង។
Ford បានឱ្យដឹងថា ពេលមានបញ្ហាដាច់អគ្គិសនី រថយន្ដមួយបាំងកន្លះនេះនឹងអាចផ្ដល់ថាមពលអគ្គិសនីដល់ផ្ទះរយៈពេលប្រមាណ ៣ថ្ងៃផងដែរ។
ជាក់ស្ដែង សម្រាប់អ្នកប្រើប្រាស់រថយន្ដដឹកទំនិញនៅតាមការដ្ឋានសំណង់ ថាមពលអគ្គិសនីរបស់រថយន្ដអាចប្រើជាប្រភពថាមពលសម្រាប់ឧបករណ៍ការដ្ឋានថែមទៀត។
ប៉ុន្ដែលោកប្រធានាធិបតីអាមេរិក ចូ ប៊ីដេន បានបង្ហាញថា ម៉ូដែល Lightning មានសន្ទុះល្បឿនពី ០ ទៅ ១០០ ត្រឹមឋេរវេលាប្រមាណ ៤,៤ វិនាទី អំឡុងពេលលោកធ្វើទស្សនកិច្ចរោងចក្ររថយន្ដ Ford ក្នុងទីក្រុង Dearborn រដ្ឋ Michigan ដោយបានចាត់ទុកបច្ចេកវិទ្យាថ្មីនេះជាការប្រយុទ្ធប្រឆាំងដើម្បីសង្គ្រោះភពផែនដីពីកើនកម្ដៅសកល។
ការផលិតរថយន្ដម៉ូដែល អគ្គីសនី F-150 នឹងចាប់ផ្ដើមនៅទីក្រុង Dearborn នានិទាឃរដូវឆ្នាំ ២០២២ ខាងមុខ។
លោក ប៊ីដេន បាននិយាយកាលពីថ្ងៃអង្គារនៅមជ្ឈមណ្ឌលរថយន្ដអគ្គិសនី Ford Rouge Electric Vehicle Center ថា៖ «អនាគតនៃឧស្សាហកម្មរថយន្ដគឺជាម៉ូដែលអគ្គិសនី។ មានចម្ងល់លើកឡើងថា តើយើងនឹងនាំមុខគេ ឬយើងនៅក្រោយគេក្នុងការប្រឡងប្រចាំទៅថ្ងៃអនាគត»៕ AFP/HR