ក្រុងសិង្ហបុរី: ក្រុមហ៊ុន​វិស្វកម្ម​សិង្ហបុរី​មួយ​បាន​ផលិត​រ៉ូបូត​ដែល​អាច​ចម្អិន​ស៊ុប​ឡាកសា​ជា​មុខម្ហូប​ដ៏ល្បី​បំផុត​មួយ​នៅ​សិង្ហបុរី​តែ ៤៥ វិនាទី​ប៉ុណ្ណោះ​។ ចុងភៅ​អគ្គិសនី​មួយ​នេះ​ដែល​មាន​ឈ្មោះ​ថា Sophie ចេះ​ស្រុស​គុយទាវ​បន្ថែម​សាច់​បង្គា និង​ដាក់​ទឹកខ្ទិះ​ដូង​ហឹរ ត្រឹម​កម្រិត​សមល្មម​ក្នុង​ល្បឿន​ប្រមាណ ៨០ ​ចាន​រយៈពេល​មួយ​ម៉ោង​។

លោក ផូល យ៉ុង ជា​ភ្ញៀវ​ចូលរួម​ព្រឹត្ដិការណ៍​បើកសម្ពោធ​កាលពី​ថ្ងៃ​សុក្រ​ដែល​រៀបចំ​ឡើង​ដោយ Orange Clove ជា​ភោជនីយដ្ឋាន​អភិវឌ្ឍ​ម៉ាស៊ីន​ជាមួយ​ក្រុមហ៊ុន​វិស្វកម្ម​ក្នុង​ស្រុក​ថា​៖ «​វា​ពិតជា​អស្ចារ្យ​ណាស់​។ ខ្ញុំ​អាច​និយាយ​បាន​ថា វា​គ្មាន​ភាព​ខុសប្លែក​គ្នា​រវាង​ស្នាដៃ​មនុស្ស និង​រ៉ូបូត​ឡើយ​»​។

លោក តាន់ ធុនលីម បុគ្គលិក​ផ្នែក​លក់​នៅ Orange Clove បាន​និយាយ​ថា រ៉ូបូត​នេះ​នឹង​អនុញ្ញាត​ឲ្យ​ចុងភៅ​កាត់បន្ថយ​កិច្ចការ​ច្រំដែល និង​ផ្ដោតលើ​តម្រូវការ​អតិថិជន​វិញ​។

រ៉ូបូត Sophie នឹង​ជួយ​កាត់បន្ថយ​ចុងភៅ​ប្រចាំ​នៅ​តុ​ស៊ុប​ឡាកសា​ពី ២ នាក់​មក​ត្រឹម​ម្នាក់​ដែល​មាន​ភារកិច្ច​ចម្បង​បន្ថែម​គ្រឿងគ្រៅ និង​សម្អាត​តុ​ស៊ុប​ប៉ុណ្ណោះ​។ លោក តាន់ បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន​ជ្រើសរើស​ក្នុង​ការផលិត​រ៉ូបូត​នេះ​ដែល​ចម្អិន​ស៊ុប​ឡាកសា ដោយសារ​តែ​វា​ជា​មុខម្ហូប​ពេញនិយម​បំផុត​មួយ តែ​ពួកគេ​ធ្វើការ​កែកុន​ធ្វើ​ស៊ុប​គុយទាវ​សាច់​បង្គា និង​មុខម្ហូប​ឆា​សម្រាប់​អ្នកស្រុក​។

ក្រុមហ៊ុន​ក្នុង​ស្រុក​មួយទៀត​កាលពី​ដើម​ខែ​បាន​ឲ្យ​ដឹងថា ខ្លួន​នឹង​ដាក់​ដំណើរការ​រ៉ូបូត​អនាម័យ​ចំនួន ៣០០ គ្រឿង​នៅ​ក្នុង​ខែមីនា​ឆ្នាំ​ក្រោយ ដើម្បី​ជួយ​សម្អាត​សណ្ឋាគារ ផ្សារ​ទំនើប និង​អគារ​រដ្ឋាភិបាល​នានា ខណៈ​ដ្រូន​ក៏​ត្រូវ​បាន​ដំឡើង​ដាក់​ឲ្យ​ត្រួតពិនិត្យ​ទិដ្ឋភាព​ខាង​ក្រៅ​អគារ​ដែល​បច្ចុប្បន្ន​កិច្ចការ​ទាំងនេះ​ត្រូវ​បាន​បំពេញ​ដោយ​មនុស្ស​៕ HR