ក្រុងសានហ្វ្រានស៊ីស្កូ: បដិវត្ដន៍​រ៉ូបូត​មក​ដល់​ហើយ​! យ៉ាង​ហោច​ណាស់ វា​ជា​បច្ចេកវិទ្យា​ជួយ​បន្សាប​ភាព​ងងុយ​ពេលព្រឹក​ព្រលឹម​របស់​លោក​អ្នក​។ បច្ចេកវិទ្យា Cafe X Technologies ពិតជា​ថ្មី​សន្លាង​ដែល​មាន​សមត្ថភាព​ឆុង​កាហ្វេ​ស្វ័យប្រវត្ដិ រចនា​ឡើង​ដោយ​ក្រុម​ម្ចាស់​ជយលាភី​ដែល​បាន​ផលិត​កាស និង​បាស Beat របស់​វេជ្ជបណ្ឌិត ដ្រេ Ammunition Group​។

ម៉ាស៊ីន​ឆុង​កាហ្វេ​ស្ទីល Jetsons អាច​ឆុង​កាហ្វេ ១២០ ពែង​ក្នុង​មួយ​ម៉ោង ដែល​ប្រតិបត្ដិការ​ដោយ​ដៃ​រ៉ូបូត​ម្រាម ៦ តម្លៃ ២៥ ០០០ ដុល្លារ​។ អតិថិជន​អាច​កុម្ម៉ង់​ភេសជ្ជៈ​លើ​អេក្រង់​ថាច់ស្គ្រីន ឬ​តាមរយៈ​កមុ្មវិធី​ទូរស័ព្ទ Cafe X និង​ទទួល​បាន​សារ​មួយ​ពេល​ភេសជ្ជៈ​ត្រូវ​បាន​ឆុង​រួចរាល់ ក្រោយពី​រង់ចាំ​តែ​ប៉ុន្មាន​នាទី​។

មិន​ខុស​ពី​ហាង​កាហ្វេ​ទូទៅ អតិថិជន​អាច​ជ្រើសរើស​ភេសជ្ជៈ​ច្រើន​ប្រភេទ ដូចជា​កាហ្វេឡាតេ អេស្ព្រេសូ ឡាតេ ម៉ាតឆា និង​ខូរតាដូ ជាដើម និង​ជាមួយ​ជម្រើស​ទឹក​ដោះគោ​ច្រើន​ប្រភេទ​រួមទាំង​ទឹកដោះគោ​ស្រស់​ស៊ុយអែត​សរីរាង្គ​។ សូម្បី​តែ​កាយវិការ​របស់​រ៉ូបូត​ក៏​ត្រូវ​បាន​រចនា​ឡើង​ឲ្យ​ត្រាប់​តាម​អ្នកជំនាញ​ឆុង​កាហ្វេ​ដែរ​។ ពេល​វា​ជូន​កែវ​កាហ្វេ​ដល់​ភ្ញៀវ ម៉ាស៊ីន​បាន​បង្ហាញ​កាយវិការ «​នេះ​នែ​!» ថែម​ទៀត​។

​​បូត​ឆុង​កាហ្វេ​នៅ​ទីក្រុង​សានហ្វ្រានស៊ីស្កូ សហរដ្ឋអាមេរិក​។ រូបថត AFP

អ្នក​ផលិត​ម៉ាស៊ីន​កាហ្វេ​វៃឆ្លាត ហេនរី ហ៊ូ អាយុ​ ២៤ ​ឆ្នាំ​ដែល​នឹក​ឃើញ​ភាព​ច្នៃប្រឌិត​ពេល​សិក្សា​ឆ្នាំ​ទី​ ២ នៅ​មហាវិទ្យាល័យ​បាបសុន ក្រោយពី​ធ្លាប់​ឈរ​តម្រង់​ជួរ​ទិញ​កាហ្វេ​យ៉ាង​វែង​ដូច​កន្ទុយ​ខ្លែង​នៅ​អាកាសយានដ្ឋាន​បាន​និយាយ​ថា​៖ «​យើង​ចង់​ឲ្យ​វា​ផ្ដល់​ភាពកក់ក្ដៅ និង​រួសរាយ​រាក់ទាក់​ជាមួយ​ភ្ញៀវ​»​។

លោក ហ៊ូ មិន​យល់​ថា​ការ​បដិវត្ដ​រ៉ូបូត​ជា​បញ្ហា​ចោទ​នោះ​ទេ ដោយ​លោក​អះអាង​ថា​៖ «​ចំណុច​សំខាន់​គឺ​ការផ្ដល់​សេវាកម្ម​ឆុង​កាហ្វេ​រហ័ស​ទាន់ចិត្ដ និង​ឆ្ងាញ់​ពិសា​»​។

រ៉ូបូត​ឆុង​កាហ្វេ​អាច​ផ្ដល់​ការ​កុម្ម៉ង់​ចន្លោះ​ពី ៣០០ ទៅ ៤០០ ពែង​ក្នុង​ ១ ​ថ្ងៃ​។ តម្លៃ​នៅ​តែ​ថោក ដោយសារ​តែ​ការចំណាយ​ទាប​។ កាហ្វេ Americano ធម្មតា​ ១ ​ពែង​មាន​តម្លៃ ៣ ដុល្លារ​ហើយ​មិន​ចាំបាច់​ចំណាយ​ប្រាក់​ធីប​អ្វី​នោះ​ឡើយ​។

ការយល់​ឃើញ​របស់​មហាជន​អាច​ជា​ឧបសគ្គ​ធំ​បំផុត​។ គុណវិបត្ដិ​មួយ​គឺថា ឧបករណ៍​នេះ​មិន​អាច​ចេះ​ច្នៃ​សិល្បៈ​លើ​កាហ្វេ​នៅ​ឡើយ​ទេ​។

លោក Jason Calacanis មកពី Thiel Foundation និង​ជា​ស្ថាបនិក Uber ដំបូង​បាន​ថ្លែង​ថា​៖ «​ការប្រើ​បច្ចេកវិទ្យា​រ៉ូបូត វា​តែងតែ​មាន​ចំណុច​ល្អ និង​អាក្រក់​។ បើ​អ្នក​មិន​បាន​ប្រយ័ត្ន​ទាំង​ការ​ឌីហ្សាញ និង​សមត្ថភាព​ការងារ វា​ធ្វើឲ្យ​កើត​មាន​ភាពមិនប្រក្រតី​រវាង​មនុស្ស​»៕ HR