ក្រុងសានហ្វ្រានស៊ីស្កូ: រ៉ូបូត​ស្វ័យប្រវត្ដិ​ដៃ​ម្ខាង​រចនា​ឡើង​ដោយ​ក្រុមហ៊ុន Blendid មូលដ្ឋាន​នៅ​រដ្ឋ​កាលីហ្វ័រនីញ៉ា​ទើប​ត្រូវ​បាន​ដាក់​ដំណើរការ​នៅ​សាកលវិទ្យាល័យ​សានហ្វ្រានស៊ីស្កូ និង​មាន​សមត្ថភាព​ក្រឡុក​ភេសជ្ជៈ​ច្រើន​ប្រភេទ​ដោយ​ប្រើពេល​តែ ២ ​នាទី​។ នេះ​បើ​យោង​តាម San Francisco Chronicle​។

អតិថិជន​ទឹកក្រឡុក​រ៉ូបូត Blendid អាច​កុម្ម៉ង់​តាមរយៈ​កម្មវិធី​ទូរស័ព្ទ​របស់​ក្រុមហ៊ុន ឬ​បញ្ជរ​ថេប្ល៊ិត​នៅ​ក្បែរៗ​ខ្លួន​។ យោង​តាម​ក្រុមហ៊ុន Blendid បាន​ឲ្យ​ដឹងថា រ៉ូបូត​ត្រូវ​បាន​ឌីហ្សាញ​តាម​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​។

ដោយ​ការប្រើ​វិធី​កុម្ម៉ង់​តាម​កម្មវិធី​ទូរស័ព្ទ ឬ​ថេប្ល៊ិត អតិថិជន​កុម្ម៉ង់​តាម​បញ្ជរ​ថេប្ល៊ិត​អាច​ជ្រើសរើស​គ្រឿង​ផ្សំ​ដែល​ខ្លួន​ចូលចិត្ដ​។ សម្រាប់​អតិថិជន តម្លៃ​នៃ​ការ​កុម្ម៉ង់​ភេសជ្ជៈ​តាមរយៈ​រ៉ូបូត​ស្វ័យប្រវត្ដិ​នេះ​មាន​ការចំណាយ​ទាប​ដោយ Blendid លក់​ក្នុង​តម្លៃ​ប្រមាណ ៦ ដុល្លារ​សម្រាប់​ទឹកក្រឡុក ១ កែវ​។

រ៉ូបូត​ធ្វើ​ទឹកក្រឡុក​របស់ Blendid ក៏​មិន​សូវ​ថ្លៃ​ប៉ុន្មាន​ដែរ​។ ម៉ាស៊ីន​ ១ ​គ្រឿង​មាន​តម្លៃ ៧ ​ម៉ឺន​ដុល្លារ​។

ខណៈ​រ៉ូបូត​នេះ​អាច​ជា​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​លើស​ពី​ប្រពៃណី​លក់​ភេសជ្ជៈ​នាពេល​កន្លង​មក​នៅ​ទីក្រុង​សានហ្វ្រានស៊ីស្កូ​ភាពងាយស្រួល​នៃ​ការធ្វើ និង​បម្រើ​ម្ហូបអាហារ​ស្វ័យប្រវត្ដិ​គឺជា​ទំនោរ​បែប​ថ្មី​។

Cafe X ម៉ាស៊ីន​ឆុង​កាហ្វ​ស្វ័យប្រវត្ដិ​ដែល​អាច​រចនា​កាហ្វេ​ជាច្រើន​ទំហំ និង​ច្រើន​ម៉ូដ​ត្រូវ​បាន​ដាក់​បង្ហាញ​ជា​​ ២ ​ប្រភេទ​រួច​ហើយ​នៅក្នុង​ទីក្រុង​នេះ​។ លើសពី​នេះ​រ៉ូបូត​ស្រដៀងៗ​នេះ​ត្រូវ​បាន​ផលិត​ឡើង​ដែល​មាន​សមត្ថភាព​ធ្វើ​ញ៉ាំ​បន្លែ និង​ភីហ្សា​៕ HR