ក្រុងសិង្ហបុរី៖ អ្នកសម្អាតថ្នល់ និងអ្នកដឹកភ្ញៀវក្នុងបរិវេណវាយកូនហ្គោល ធ្វើដំណើរតាមផ្លូវរត់យ៉ាងរលូន ដោយអាចជាន់ហ្រ្វាំងពេលឃើញ អ្នកដំណើរដើរឆ្លងកាត់។
ស្វាគមន៍មជ្ឈមណ្ឌលតេស្ដការបើកបរស្វ័យប្រវត្ដិរបស់ប្រទេស សិង្ហបុរី ដោយមានបំពាក់ភ្លើងសញ្ញាចរាចរណ៍ និងអគារសិប្បនិម្មិត ដែលនឹងក្លាយជាមជ្ឈមណ្ឌលសម្រាប់បច្ចេកវិទ្យាស្វ័យប្រវត្ដិ។
យ៉ាងណាមិញ ខណៈអាជ្ញាធរមានបំណងទទួលយកនូវបច្ចេកវិទ្យាបើកបរស្វ័យប្រវត្ដិរបស់ក្រុមហ៊ុនយក្ស និងក្រុមហ៊ុនតូចៗ ដើម្បីអភិវឌ្ឍយានយន្ដ ឧស្សាហកម្មនេះត្រូវតែធានាថា ខ្លួនមានសុវត្ថិភាព និងអាចបញ្ចុះបញ្ចូលពលរដ្ឋឲ្យទទួលយកបច្ចេកវិទ្យានេះផងដែរ។
បរិវេណដី ២ ហិកតា មានផ្លូវរត់ខ្វាត់ខ្វែង ជម្រាលភ្នំ ភ្លើងសញ្ញាចរាចរណ៍ និងចំណតរថយន្ដក្រុងដើម្បីបង្កើតទិដ្ឋភាពចរាចរណ៍ដូចពិតៗ។ កុងតឺន័រត្រូវបានដាក់តម្រៀប ដើម្បីតេស្ដរបាំងរលកសញ្ញាចំពោះរថយន្ដស្វ័យប្រវត្ដិ។
មជ្ឈមណ្ឌល CETRAN ដំណើរការដោយសាកលវិទ្យាល័យតិចណូឡូជី ណាន់យ៉ាង (NTU) មានទាំងម៉ាស៊ីនផលិតទឹកភ្លៀងដែលរមែងទទួលទឹកភ្លៀងត្រូពិកទម្លាក់លើប្រទេសទីក្រុងក្នុងតំបន់អាស៊ីអាគ្នេយ៍ជាមួយប្រជាជនសរុប ៥,៧ លាននាក់។
លោក Niels De Boer ប្រធានកម្មវិធីនៅមជ្ឈមណ្ឌលនិយាយថា៖ «មុនពេលដាក់ដំណើរការលើដងវិថីពិត យើងធ្វើតេស្ដយានយន្ដស្វ័យប្រវត្ដិនៅទីនេះ ដើម្បីប្រាកដថា វាមានលក្ខណសម្បត្ដិគ្រប់គ្រាន់»។
ក្រុមហ៊ុនទាំងអស់ត្រូវនាំយកយានរបស់ខ្លួនមកធ្វើតេស្ដនៅទីនេះ និងទទួលយកវិញ្ញាបនបត្រមុនពេលត្រូវបានអនុញ្ញាតឲ្យធ្វើចរាចរណ៍នៅទីសាធារណៈ។ រថយន្ដបោសសម្អាតថ្នល់ កំពុងតែត្រូវបានធ្វើតេស្ដសាកល្បង ជាផ្នែកមួយនៃគម្រោងរបស់រដ្ឋាភិបាល ដែលអាចដាក់ពង្រាយពួកវាបំពេញភារកិច្ចបោសសម្អាតបរិស្ថានក្នុងទីក្រុង។ នេះបើយោងតាមបណ្ដាញផ្សព្វផ្សាយក្នុងស្រុក ដែលរថយន្ដតូចៗ និងរថយន្ដក្រុងក៏ត្រូវបានធ្វើតេស្ដ ហើយសេវាកម្មដឹកជញ្ជូនដោយរ៉ូបូតក៏នឹងត្រូវដំណើរការឆាប់ៗផងដែរ។
ច្បាស់ណាស់ សិង្ហបុរីកំពុងតែព្យាយាមបញ្ចុះបញ្ចូលក្រុមហ៊ុនបច្ចេកវិទ្យាស្វ័យប្រវត្ដិដែលសម្លឹងរកទីកន្លែងធ្វើតេស្ដសាកល្បងរបស់ខ្លួននៅអាស៊ី ជាទីដែលទីក្រុងធំៗជាច្រើនទទួលរងនូវការកកស្ទះយ៉ាងខ្លាំង។
រដ្ឋាភិបាលសិង្ហបុរីបានដឹកនាំគម្រោងនេះ ខណៈដែលខ្លួនព្យាយាមទាក់ទាញក្រុមហ៊ុនបរទេសបន្ថែមទៀត ក៏ដោយសាររដ្ឋាភិបាលមើលឃើញថា បច្ចេកវិទ្យានេះមានប្រយោជន៍ចំពោះការដឹកជញ្ជូនសាធារណៈ និងផ្ដល់សេវាកម្មទូទៅ។
អាជ្ញាធរមានបំណងដាក់ពង្រាយសេវាកម្មដឹកជញ្ជូនសាធារណៈស្វ័យប្រវត្ដិក្នុង ៣ តំបន់ នៅឆ្នាំ ២០២២ ហើយកាលពីខែកញ្ញា បានប្រកាសថា ខ្លួនបាននិងកំពុងតែពង្រីកបរិវេណរត់ ដែលរថយន្ដស្វ័យប្រវត្ដិអាចនឹងត្រូវបានធ្វើតេស្ដសាកល្បងលើចម្ងាយផ្លូវរហូតដល់ ១ ០០០ គីឡូម៉ែត្រ។
យានស្វ័យប្រវត្ដិនឹងត្រូវបានប្រើប្រាស់ក្នុងបណ្ដាញដឹកជញ្ជូនសាធារណៈសម្រាប់បំពេញកិច្ចការនានា ដូចជាយានចម្លងសម្រាប់អ្នកដំណើរទៅកាន់ស្ថានីយនីមួយៗ និងស្ថានីយពីផ្ទះ ឬកន្លែងការងារ។ នេះបើយោងតាម Subodh Mhaisalkar សាស្ដ្រាចារ្យ (NTU) ទទួលបន្ទុកលើកម្មវិធីរថយន្ដស្វ័យប្រវត្ដិ។
សាស្ដ្រាចារ្យបាននិយាយថា៖ «វាជាដំណើរ ដែលអាចចំណាយពេលពី ១០ ទៅ ២០ ឆ្នាំទៀត តែខ្ញុំគិតថា វានឹងអាចទៅរួច»៕ AFP/HR