ក្រុងប៉ារីស: ក្រុមហ៊ុន​ផលិត​រថយន្ដ​បារាំង Citroën ទើប​បង្ហាញ​វ៉ែនតា​ថ្មី ផ្ទុក​ទឹក​អាច​ព្យាបាល​ជំងឺ​ពុល​ឡាន​។

ដោយ​មាន​ឈ្មោះ​ថា Seetroën វ៉ែនតា​នេះ​ប្រើ​បច្ចេកវិទ្យា Boarding Ring ដែល​ត្រូវ​បាន​បង្កើតឡើង​ដើម្បី​ព្យាបាល​ជំងឺ​ពុល​ឡាន​ដោយ​ប្រើពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​។

យោង​តាម​របាយការណ៍​ព័ត៌មាន​ផ្លូវការ​ក្រោយ​ពាក់​ពី ១០ ទៅ ១២ នាទី វ៉ែនតា​នេះ​អនុញ្ញាត​ចិត្ដ​អារម្មណ៍​ធ្វើការ​ជាមួយ​ចលនា​ដែល​ទទួល​ដឹង​ដោយ​ត្រចៀក​ផ្នែក​ខាង​ក្នុង ខណៈ​កែវភ្នែក​ផ្ដោត​លើ​វត្ថុ​មិន​កម្រើក​ដូចជា ទូរស័ព្ទដៃ ឬ​សៀវភៅ ហើយ​អ្នក​ពាក់​វ៉ែនតា​អាច​ដោះ​វា​ចេញ និង​លែង​ខ្វល់​ចំពោះ​បញ្ហា​ពុល​ឡាន​ទៀត​ហើយ​។

អាការ​ពុល​ឡាន​កើតឡើង​ពេល​ខួរក្បាល​ទទួល​រលកសញ្ញា​ច្របូកច្របល់​អំពី​ចលនា​ឃ្លីងឃ្លោង​ពី​ការសម្លឹង​របស់​កែវភ្នែក និង​ត្រចៀក​ផ្នែក​ខាង​ក្នុង​។ ជាធម្មតា វា​មិនមែន​ជា​បញ្ហា​ចោទ​ពេល​មនុស្ស​ម្នាក់​មើល​តាម​បង្អួច​រថយន្ដ​ទេ ពីព្រោះ​សរីរៈ​ទាំង​ ២ ​ទទួល​បាន​រលក​ចលនា​ដូច​គ្នា តែ​ពេល​អ្នក​ឱន​ចុះ​មើល​ទូរស័ព្ទ ឬ​សៀវភៅ ភ្នែក​មិន​ទទួល​នូវ​សញ្ញា​ឃ្លីងឃ្លោង​ដូចគ្នា​ដែល​នាំ​ឲ្យ​កើត​អាការ​ពុល​ឡាន​។

ទឹក​ក្នុង​កង​វ៉ែនតា Seetroën សម្រប​តាម​មុំ និង​ចលនា​ផែនដី ដូច្នេះ​វា​ត្រូវ​បាន​ស្គាល់​ដោយ​ការផ្គូផ្គង​កែវភ្នែក​ដែល​ស្គាល់​ដោយ​ត្រចៀក​ផ្នែក​ខាង​ក្នុង​ដោយ​លែង​មាន​សញ្ញា​រអាក់រអួល និង​លែង​ពុល​ឡាន​ទៀត​ហើយ​។

ក្រុមហ៊ុន​អះអាង​ថា​បច្ចេកវិទ្យា​កងលំនឹង (Boarding Ring) មាន​ប្រសិទ្ធភាព ៩៥ ​ភាគរយ​ហើយ​វា​មាន​តម្លៃ ១១៥ ​ដុល្លារ​ដែល​ត្រូវ​បាន​ដាក់លក់​តាម​អនឡាញ​របស់​ក្រុមហ៊ុន​៕ HR