ក្រុងឡុងដ៍: មាន​ឈ្មោះថា Range Rover Sentinel វា​ត្រូវ​បាន​ផលិត​ឡើង​ដោយ Land Rover Special Vehicle Operations ក្នុង​តំបន់​វ៉ាវិកសៀរ និង​ត្រូវ​បាន​ប្រើ​ជា​រថយន្ដ​ការពារ​សន្ដិ​សុខ​ឥស្សរជន​ចាប់ពី​ប្រធាន​ក្រុមហ៊ុន​រហូត​ដល់​អ្នក​ការទូត​។

វា​បំពាក់​នូវ​បរិក្ខារ​ការពារ​សន្ដិសុខ​ដែល​អាច​ទប់ទល់​នឹង​គ្រាប់បែក​បង្កៃ និង​មាន​សមត្ថភាព​លុកលុយ​លើ​ដងផ្លូវ​លំបាកៗ​ក្នុង​ករណី​រំដោះ​ខ្លួន​ចេញ​ពី​ការវាយប្រហារ​។

ស្ថិតក្រោម​គម្រប​រថយន្ដ​ជា​ម៉ាស៊ីន​សាំង​ស៊ុបពែរឆាច V8 ចំណុះ ៥,០ លីត្រ ថាមពល ៣៧៥ សេះ​។ ជាក់ស្ដែង​វា​ត្រូវការ​ថិរវេលា​ជិត ១០ វិនាទី (៩,៨ វិនាទី​) ដើម្បី​ស្ទុះ​ដល់​ល្បឿន​ពី ០ ទៅ ១០០ ​គីឡូម៉ែត្រ​ក្នុង​ ១ ​ម៉ោង និង​មាន​ល្បឿន​កំពូល ១៩០ ​គីឡូម៉ែត្រ​ក្នុង​ ១ ​ម៉ោង​។ លុះត្រា​តែ​វា​ត្រូវ​បាន​ប្រដេញ​ដោយ​ក្រុម​វាយប្រហារ រថយន្ត​ដ៏ធ្ងន់​នេះ​មាន​ឱកាស​តិចតួច​ណាស់​ដែល​អាច​បរ​ផុត​ពី​ក្រុម​ប្រមាញ់​។

បរិក្ខារ​ខាង​ក្នុង​មាន​លក្ខណៈ​ទំនើប​ដូច​ស៊េរី​ប្រកួត​ប្រជែង​ដទៃ​ដែរ​។

យ៉ាងណា​មិញ Sentinel បំពាក់​នូវ​អាវ​ក្រោះ​ពាស​ដែក​ដែល​ជា​សមត្ថភាព​ដ៏អស្ចារ្យ​របស់​វា​។ វា​មាន​ទម្ងន់​សរុប ៤៥៣៥ គីឡូក្រាម​។ លើ​គម្រប​ក្បាល​រថយន្ដ​ និង​តួខ្លួន​ដទៃ​រួមទាំង​កញ្ចក់​បំពាក់​ដែកថែប​ការពារ​ទម្ងន់​ជាង ១ តោន​ដើម្បី​ទប់ទល់​នឹង​គ្រាប់​កាំភ្លើង​ទម្លុះ​ចូល​ក្នុង​រថយន្ដ​។

ដើម្បី​ធានា​ដល់​សុវត្ថិភាព​បំផុត​សម្រាប់​មនុស្ស​សំខាន់ Land Rover បាន​បំពាក់​ប្រព័ន្ធ​ការពារ​ដែល​ក្រុមហ៊ុន​បាន​អះអាង​ថា​វា​ត្រូវ​បាន​ផលិត​ឡើង​ជា​អ្នក​ទប់ទល់​នឹង​គ្រាប់ផ្លោង និង​គ្រាប់បែក​រួមទាំង ការបាញ់​កាំភ្លើង​រហូត​ដល់​គ្រាប់​បង្កៃ​ថែម​ទៀត​។

ក្នុង​ករណី​បញ្ចៀស​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​មាន​ទ្វារ​អាសន្ន​ដែល​ពាស​អាវ​ក្រោះ​ផង​ដែរ​នៅ​ផ្នែក​ខាង​ក្រោយ​រថយន្ដ​។

បើ​ទោះបី​ជា​កង់​របស់​វា​ត្រូវ​បាន​ផលិតឡើង​យ៉ាង​ពិសេស​ដើម្បី​ទប់ទល់​នឹង​ការ​បែកធ្លាយ​ដែល​អនុញ្ញាត​ឲ្យ​ម៉ូដែល​ពុះពារ​ឧសបគ្គ​បរ​បាន​ចម្ងាយ​ ៥០ គីឡូម៉ែត្រ​ក្នុង​ល្បឿន​ ៨០ គីឡូម៉ែត្រ​ក្នុង​ ១ ​ម៉ោង បើសិន​ជា​ជ័រ​កង់ឡាន​ធ្លាយ ឬ​ត្រូវ​គ្រាប់​កាំភ្លើង​ក៏ដោយ​។

លោក មីឆែល វ៉ាន់ដេសានដេ នាយក​គ្រប់គ្រង​នៅ Land Rover SVO បាន​និយាយ​ថា​៖ «​រថយន្ត Sentinel ជា​កិច្ចការពារ​យ៉ាង​ពិសេស និង​ផ្ដល់​សុវត្ថិភាព​ខ្ពស់​សម្រាប់​ភ្ញៀវ​ពិសេស​ក្នុង​រថយន្ដ​ដោយ​មិន​ប៉ះពាល់​ភាពរម្យទម​របស់​សែស្រឡាយ Range Rover​ចុងក្រោយ​នេះ​ឡើយ​»​។

ម៉ូដែល​ការពារ​សុវត្ថិភាព​មាន​តម្លៃ​មិន​ថោក​នោះទេ​ដោយ​ផ្ដើម​ពី ៥០ ​ម៉ឺន​ដុល្លារ​នៅ​ចក្រភព​អង់គ្លេស ហើយ​ក្រុមហ៊ុន​បាន​បញ្ជាក់​ថា​តម្លៃ​មាន​ការប្រែប្រួល​អាស្រ័យ​លើ​ជម្រើស​អតិថិជន​៕ HR