ក្រុងម៉ិកស៊ីកូ: ក្រុមហ៊ុន​យក្ស​អាល្លឺម៉ង់ Volkswagen បាន​បើក​សម្ពោធ​ម៉ូដែល​និមិត្តរូប «Beetle» ក្នុង​ចំនួន​កំណត់​ពី​រោងចក្រ​ម៉ិកស៊ិក​នៅ​ថ្ងៃ​ពុធ​ក្នុង​ពិធី​មួយ​ដែល​អម​ដោយ​ក្រុម​តន្ដ្រី Mariachi​។

ម៉ូដែល​ទ្វារ​រាង​ដូច​អណ្ដើកមាស​បង្អួត​សម្រស់​ក្រោម​សំឡេង​សាទរ​យ៉ាង​កុះករ​។ វា​ត្រូវ​បាន​យក​លំនាំ​តាម​ម៉ូដែល​ដំបូង​ដែល​បង្ហាញ​ខ្លួន​កាលពី​ចុង​ទសវត្សរ៍​ឆ្នាំ​ ១៩៣០ ក្នុង​ប្រទេស​អាល្លឺម៉ង់ និង​ឆ្នាំ​ ១៩៥៤ ក្រុង Puebla ភាគ​កណ្ដាល​ម៉ិកស៊ិក​។

នាយក​ប្រតិបត្ដិ Volkswagen ប្រចាំ​នៅ​ម៉ិកស៊ិក​លោក ស្ដេហ្វហ្វេន រ៉ៃឆេ និយាយ​ថា​៖ «​អវត្ដមាន Beetle ៣ ​ជំនាន់​ដែល​ស្ទើរ​ស្មើ ៧ ​ទសវត្សរ៍ គួរតែ​អាច​គាស់កកាយ​សេចក្ដី​នឹករឭក​អតីតកាល​»​។

Beetle Final Edition ក្នុង​ចំនួន​កំណត់​តែ ៦៥ ​គ្រឿង​នឹង​ត្រូវ​បាន​ដាក់​លក់​នៅ​ម៉ិកស៊ិក​តម្លៃ​ស្ដង់ដា ២១០០០ ​ដុល្លារ ១ ​គ្រឿង និង​អាច​កក់​មុន ១០០០ ​ដុល្លារ​។

Volkswagen Limited Edition តែ ៦៥ គ្រឿង​ផលិត​នៅ​ម៉ិកស៊ិក​។ រូបថត AFP

រថយន្ដ​នីមួយៗ​បំពាក់​បន្ថែម​សន្លឹក​លោហៈ​នៅ​ផ្នែក​ខាង​ឆ្វេង​ដែល​មាន​លំដាប់​លេខ​រៀង​ពី ១ ទៅ ៦៥​។

បុគ្គលិក​រោងចក្រ​បង្ហាញ​មុខ​តាំងពី​ព្រឹក​ព្រលឹម​ដើម្បី​បង្ហើយ​កិច្ចការ​សេសសល់​រយៈពេល ៧ ​ម៉ោង​។

ក្រុម​បុគ្គលិក​ពាក់អាវ​ពណ៌​លឿង​សរសេរ​ពាក្យ​ថា «​អរគុណ Beetle ខណៈ​ការតាំង​បង្ហាញ​ធ្វើ​ឡើង​ក្នុង​បរិយាកាស​បែប​នឹក​ស្រណោះ​ចំពោះ​ម៉ូដែល​រថយន្ដ​ដែល​បាន​កន្លង​ផុត​ទៅ​ជាច្រើន​ជំនាន់​។

លោក Roberto Benitez ជា​ជាង​ម៉ាស៊ីន​អាយុ ៤០ ​ឆ្នាំ​បាន​និយាយ​ថា​៖ «​តើ​មាន​នរណា​មិន​ប្រាថ្នា​រថយន្ដ​បែប​នេះ​ដែល​ផលិត​ឡើង​ដោយ​ដៃ​ពលរដ្ឋ​ម៉ិកស៊ិក?»​។

បុគ្គលិក​វ័យ ២៥ ​ឆ្នាំ Francisco Bueno ថា​៖ «​ស្រណោះ​ណាស់ ពីព្រោះ​យើង​ជា​ចំណែក​មួយ​ក្នុង​កិច្ចការ​ផលិត​នេះ​។ វា​ជា​កិច្ចការ​ប្រចាំ​ថ្ងៃ​ដែល​យើង​ខិតខំ​ប្រឹងប្រែង​ដើម្បី​បង្កើត​លទ្ធផល​ដ៏អស្ចារ្យ​នេះ​»​។

រថយន្ដ​កាន់តែ​មាន​ប្រជាប្រិយភាព​នៅក្នុង​ភាពយន្ដ Disney ឆ្នាំ​ ១៩៦៨ «The Love Bug»៕ HR