ក្រុមហ៊ុន Grab (Cambodia) Co.,Ltd ដែលជា​ក្រុមហ៊ុន​ហៅ​តាក់ស៊ី​ជិះ​ឈានមុខ​គេ​ក្នុង​តំបន់​បាន​ប្រើប្រាស់​ប្រាក់រៀល​ដើម្បី​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​ថ្វីបើ​ប្រាក់​ដុល្លារ​គ្របដណ្ដប់​លើ​សេដ្ឋកិច្ច​ក្នុងស្រុក ដោយសារ​កម្ពុជា​ចរាចរ​រូបិយប័ណ្ណ​ ២ ​គឺ​ប្រាក់​ដុល្លារ​អាមេរិក និង​ប្រាក់រៀល​ក្តី​។

Grab មាន​ស្នាក់ការ​កណ្តាល​នៅក្នុង​ប្រទេស​សិង្ហបុរី​ហើយ Grab ដំណើរ​កម្មវិធី​ហៅ​តាក់ស៊ី​ជិះ​ជាមួយ​នឹង​គោលនយោបាយ​សាជីវកម្ម​ដែល​ផ្តល់​ភាពងាយស្រួល​សម្រាប់​អតិថិជន​ក្នុង​តំបន់​។ Grab គឺជា​អាជីវកម្ម​មួយ​ដែល​បាន​កំពុង​លើកកម្ពស់​រូបិយប័ណ្ណ​ក្នុង​ស្រុក ដើម្បី​ជំរុញ​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​គ្រប់​ទីផ្សារ​ទាំងអស់​ដែល Grab បង្ហាញ​វត្តមាន​។

ក្នុង​ប្រទេស​ទាំង​ ៨ ​ដែល​ក្រុមហ៊ុន Grab ប្រតិបត្តិការ​គឺ Grab បាន​ប្រើប្រាស់​រូបិយប័ណ្ណ​ជាតិ​របស់​ប្រទេស​ទាំងនោះ​ដើម្បី​ផ្តល់​ភាពងាយស្រួល និង​មាន​សុវត្ថិភាព​សម្រាប់​អតិថិជន​ទាំងអស់​ដែល​ប្រើប្រាស់​សេវាកម្ម​របស់​ខ្លួន​។

លោក Ron Wong អគ្គនាយក​ក្រុមហ៊ុន Grab (Cambodia) Co.,Ltd ប្រចាំ​កម្ពុជា​។ សហការី

ចំពោះ​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​សិង្ហបុរី​គឺ Grab ប្រើប្រាស់​ប្រាក់​ដុល្លារ​សិង្ហបុរី​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី គឺ​ប្រើប្រាស់​ប្រាក់​រីងហ្គីត​ នៅ​ប្រទេស​ថៃ​គឺ​ប្រើប្រាស់​ប្រាក់​បាត នៅ​ហ្វីលីពីន​គឺ​ប្រើប្រាស់​ប្រាក់​ប៉េសូ នៅ​ប្រទេស​វៀតណាម​គឺ​ប្រើប្រាស់​ប្រាក់​ដុង នៅ​ប្រទេស​មីយ៉ាន់ម៉ា​គឺ​ប្រើ​ប្រាក់​ខ្យាត និង​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​គឺ​ប្រើប្រាស់​ប្រាក់​រូពី​។

ខណៈ​ប្រាក់​ដុល្លារ​អាមេរិក​ជា​រូបិយប័ណ្ណ​ដែល​មាន​ប្រជាប្រិយភាព​ជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា​នោះ ប្រតិបត្តិការ​របស់ Grab ទាំងអស់​មិន​ថា​ការគិត​ប្រាក់​ពី​អតិថិជន​ ឬ​ការទូទាត់​អ្វីមួយ​ជាមួយ​អ្នក​បើកបរ​របស់​ខ្លួន​នោះទេ គឺ​ប្រើប្រាស់​ប្រាក់រៀល​ទាំងអស់​។

លោក Ron Wong អគ្គនាយក​ក្រុមហ៊ុន Grab (Cambodia) Co.,Ltd ប្រចាំ​កម្ពុជា​បាន​ឲ្យ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដឹងថា​៖ «​តាម​ទស្សនៈ​របស់​យើង ខ្ញុំ​គិតថា​ក្រុមហ៊ុន Grab ដើរតួនាទី​យ៉ាង​សំខាន់​នៅក្នុង​តំបន់​ហើយ​គ្រប់​ប្រទេស​ដែល​យើង​ទៅដល់ គឺ​យើង​ប្រើប្រាស់​រូបិយប័ណ្ណ​ជាតិ​របស់​ប្រទេស​នោះ​»​។

លោក​បន្ថែម​ថា​៖ «​យើង​យល់ថា​រូបិយវត្ថុ​ជាតិ (​ប្រាក់រៀល​) ប្រហែល​មិនមែន​ជា​រូបិយវត្ថុ​ដែល​គ្របដណ្ដប់​ខ្លាំង​នៅក្នុង​ទីក្រុង​នោះទេ ប៉ុន្តែ​នៅ​តំបន់​ជនបទ​ប្រជាពលរដ្ឋ​មាន​ទំនោរ​ប្រើប្រាស់​ប្រាក់រៀល​ច្រើន​»​។

ការប្រើប្រាស់​សេវាកម្ម Grab ទាំងអស់​ត្រូវ​គិត​ជា​រូបិយប័ណ្ណ​ក្នុង​ស្រុក​។ ហុង មិនា

ក្រុមហ៊ុន​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ចុងឆ្នាំ​ ២០១៧ ហើយ​ក្រោយ​មក​បាន​ពង្រីក​សេវាកម្ម​ទៅដល់​ខេត្ត​សៀមរាប​។ ក្នុងនាម​ជា​ក្រុមហ៊ុន​ផ្តល់​ដំណោះស្រាយ​សម្រាប់​សេវាកម្ម​ដឹកជញ្ជូន​គោលបំណង​ចម្បង​របស់​ក្រុមហ៊ុន​គឺ​ផ្តល់​ការធ្វើ​ដំណើរ​ប្រកប​ដោយ​សុវត្ថិភាព និង​ងាយស្រួល​សម្រាប់​អតិថិជន​របស់​ខ្លួន​។

ក្រុមហ៊ុន​បាន​ផ្តល់​សេវាកម្ម JustGrab, GrabSUV, GrabBike, GrabTukTuk និង GrabRemorque ដែលមាន​មុខងារ​ផ្សេងៗ​ដើម្បី​បម្រើ​សេវាកម្ម​ដល់​ប្រជាពលរដ្ឋ ដែល​កំពុង​កើនឡើង​នៅក្នុង​ទីក្រុង​។

ហើយ​ដោយ​មើលឃើញ​ពី​តម្រូវការ​នៅ​ទីក្រុង​សៀមរាប​ដែល​ជា​ទីក្រុង​មាន​សក្តានុពល​​ផ្នែក​ទេសចរណ៍ ក្រុមហ៊ុន​បាន​បន្ថែម​សេវាកម្ម​ផ្នែក​ជួល​សម្រាប់​រថយន្ត និង​រ៉ឺម៉ក ដែល​អាច​ឲ្យ​អ្នកទេសចរ​ជួល​សម្រាប់​ធ្វើ​ដំណើរ​ទៅតាម​តំបន់​ទេសចរណ៍​នានា​ជាមួយ​នឹង​ថេរវេលា​ជាក់លាក់​ណា​មួយ​។

លើស​ពី​នេះ​ទៀត ក្រុមហ៊ុន​ក៏​បាន​ចាប់ផ្តើម​ណែនាំ​កម្មវិធី Grab សម្រាប់​អាជីវកម្ម​ផង​ដែរ ដែលជា​ដំណោះស្រាយ​គ្រប់គ្រង​ការចំណាយ​លើ​ការដឹកជញ្ជូន​សម្រាប់​វិស័យ​ធុរកិច្ច​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​។

អតិថិជន​នៅក្នុង​ការិយាល័យ Grab ក្នុង​ទីក្រុង​ភ្នំពេញ​។ ហុង មិនា

លោក Ron ថ្លែង​ថា​ក្រុមហ៊ុន​បាន​ធ្វើការ​សម្រេច​ចិត្តជាក់លាក់​ក្នុងការ​ជ្រើសរើស​ប្រតិបត្តិការ​ជា​ប្រាក់រៀល​ជំនួស​ឲ្យ​ប្រាក់​ដុល្លារ​បន្ទាប់ពី​ការសង្កេតមើល​និន្នាការ​ទីផ្សារ និង​ពិចារណា​លើ​គោលនយោបាយ​សាជីវកម្ម​របស់​ក្រុមហ៊ុន​ដែល​ធ្វើឡើង​ដើម្បី​បំពេញ​តម្រូវការ​របស់​អតិថិជន​ក្នុងស្រុក​។

លោក​បាន​បន្ថែម​ថា​៖ «​អ្វីដែល​សំខាន់​គឺថា​ប្រតិបត្ដិការ​របស់​យើង​បម្រើ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​នេះ ដូច្នេះ​ហើយ​យើង​ចង់​ប្រតិបត្តិការ​រូបិយវត្ថុ​ក្នុងស្រុក​ជាង​ប្រាក់​ដុល្លារ​អាមេរិក​។ យើង​ក៏​មើលឃើញ​រូបិយប័ណ្ណ​ក្នុង​ស្រុក​កើនឡើង បើ​ធៀប​នឹង​ប្រាក់​ដុល្លារ ហើយ​ប្រាក់រៀល​ក៏​មាន​ស្ថិរភាព ដូច្នេះ​យើង​គិតថា​រូបិយវត្ថុ​ជាតិ​គឺ​សមស្រប​បំផុត​»​។

លោក​បញ្ជាក់​ថា​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ត្រូវបាន​បែងចែក​ជា​ ២ ​ប្រភេទ​គឺ​អតិថិជន​ និង​អ្នកបើកបរ ហើយ​ភាគី​ទាំង​ ២ ​ត្រូវ​ទូទាត់​ជា​ប្រាក់រៀល​។ ប្រាក់​ខែ​បុគ្គលិក​ក៏​ត្រូវ​បាន​ទូទាត់​ជា​ប្រាក់រៀល​ផង​ដែរ​។

លោក​ថ្លែង​ថា​យើង​គាំទ្រ​រូបិយវត្ថុ​ជាតិ​ទាំងស្រុង​។ សម្រាប់​អ្នក​ដំណើរ ការប្រើប្រាស់​រូបិយវត្ថុ​តែមួយ​គឺមាន​ភាពងាយស្រួល ដោយ​មិន​ពិបាក​ដូរ​ច្រើនដង​។ ប្រាក់រៀល​ងាយស្រួល​ក្នុង​ការប្រើប្រាស់​នៅតាម​ទីផ្សារ ជាពិសេស​នៅតាម​តំបន់​ជនបទ ដូច្នេះ​វា​ជួយ​ដល់​អាជីវកម្ម​របស់​យើង​បាន​ច្រើន​។

លោក Ron លើកឡើង​ថា​៖ «​ការប្រើប្រាស់​រូបិយវត្ថុ​តែ​មួយ គឺ​វា​ប្រសើរ​ជាង ហើយ​ការចំណាយ​ក៏​ថោក​ជាង​សម្រាប់​ទាំង​អាជីវកម្ម និង​អតិថិជន​។ ចំពោះ​អាជីវកម្ម​នៅពេល​យើង​មាន​រូបិយប័ណ្ណ​ ២ គឺ​យើង​ត្រូវ​ធ្វើ​គណនី​ ២ ។ សម្រាប់​អតិថិជន​គឺ​ការចំណាយ​មាន​ភាពងាយស្រួល​មាន​តម្លៃ​ថោក មាន​តម្លាភាព មិន​ប៉ះពាល់​ពី​ការប្រែប្រួល​នៃ​អត្រា​ប្តូរប្រាក់ និង​រក្សា​ប្រតិបត្តិការ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​»៕

រថយន្ត​តាក់ស៊ី Grab ក្នុង​ទីក្រុង​ភ្នំពេញ​។​​ សហការី