ជាច្រើន​ទសវត្សរ៍​មក​ហើយ ក្រុម​អ្នកជំនាញ​ផ្នែក​សុខាភិបាល​បាន​ព្រមាន​ថា ការបរិភោគ​ស៊ុត​លើស​ពី​ ១ ​ក្នុង​ ១ ​ថ្ងៃ​បង្ក​ជា​ហានិភ័យ​សុខភាព​មិន​ល្អ​ដោយសារ​មាន​កូឡេស្តេរ៉ូល​ខ្ពស់​ (cholesterol)​។ ប៉ុន្តែ​កា​សិក្សា​ថ្មី​មួយ​ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​អង្គារ​មុន​នេះ​បាន​ឲ្យ​ដឹងថា​ការបរិភោគ​ស៊ុត​ ១ ​គ្រាប់​ក្នុង​ ១ ​ថ្ងៃ​ជា​ទៀងទាត់​បាន​កាត់បន្ថយ​អត្រា​កើត​មាន​នៃ​ជំងឺ​បេះដូង និង​ជំងឺ​ដាច់​សរសៃរ​ឈាម​ (​ស្ត្រូក-stroke)​។

ស្រប​ពេល​គ្នា​នេះ​ដែរ​ក៏មាន​ក្រុម​ផ្សេង​បាន​ដាស់តឿន​ដល់​ស្រទាប់​មិត្ត​អ្នកអាន​ឲ្យ​ធ្វើការ​ពិចារណា ខណៈ​ដែល​ក្រុម​អ្នក​ស្រាវជ្រាវ និង​សរសេរ​របាយការណ៍​នេះ​បាន​លើក​ភ័ស្តុតាង​ថា មនុស្ស​ពេញវ័យ​នៅ​ប្រទេស​ចិន​ដែល​បាន​បរិភោគ​ស៊ុត​ ១ ​ក្នុង​ ១ ​ថ្ងៃ​គឺ​មាន​បញ្ហា​គ្រោះថ្នាក់​តិចតួច​ចំពោះ​ជំងឺ​សរសៃឈាម​បេះដូង​ (cardiovascular disease - CVD)​។

ការសិក្សា​ថ្មី​នេះ​បាន​ចំណាយ​រយៈពេល​ ៩ ​ឆ្នាំ​ជាមួយ​មនុស្ស​កន្លះ​លាន​នាក់​ដែល​មាន​អាយុ​ចាប់ពី ៣០-៧៩ ​ឆ្នាំ​។ របាយការណ៍​នេះ​បញ្ជាក់​ថា៖ «​បើ​ប្រៀបធៀប​ជាមួយ​ក្រុម​ជន​ដែល​មិន​បរិភោគ​ស៊ុត​ជាប្រចាំ​ថ្ងៃ​នោះ​ឃើញ​ថា ក្រុម​អ្នក​ទទួល​ទាន​ស៊ុតមាន​ហានិភ័យ​ដោយសារ​ជំងឺ CVD ទាប​ជាង​»​។

ក្រុម​អ្នក​ស្រាវជ្រាវ​ជនជាតិ​ចិន-អង់គ្លេស​ដដែល​នោះ​បាន​ចុះផ្សាយ​នៅក្នុង​កាសែត Journal Heart ថា គ្រោះថ្នាក់​នៃ​ការ​ដាច់​សរសៃរ​ឈាម​មាន​កម្រិត ២៦ ​ភាគរយ​ទាប​ជាង​សម្រាប់​ក្រុម​អ្នក​បរិភោគ​ស៊ុត​។ ការសិក្សា​នោះ​ក៏​បញ្ជាក់​ថា ក្រុម​អ្នក​បរិភោគ​ស៊ុត​ប្រចាំ​ថ្ងៃ​ជា​ទៀងទាត់​មាន​ការ​ស្លាប់​តិចជាង​ ១៨ ​ភាគរយ ពី​ជំងឺ CVD និង​ ២៨ ​ភាគរយ​ពី​ជំងឺ​ដាច់​សរសៃរ​ឈាម​បើ​ធៀប​ទៅ​នឹង​ក្រុម​អ្នក​អត់​ទទួល​ទាន​ស៊ុត​។

CVD ជា​ក្រុម​នៃ​ជំងឺ​បេះដូង និង​ប្រព័ន្ធ​សរសៃ​ឈាម ហើយ​ជំងឺ​នេះ​បង្កើន​តួលេខ​មរណភាព​ខ្ពស់ និង​ពិការភាព​នៅ​ទូទាំង​ពិភពលោក​ក្នុង​នោះ​រួម​ទាំង​ប្រទេស​ចិន​ផង​ដែរ​។

យោង​តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ឲ្យ​ដឹងថា​ក្នុង​មួយ​ឆ្នាំ​ក្រុម​ជំងឺ CVDs សម្លាប់​មនុស្ស​ចំនួន​ ១៧,៧០ ​លាន​នាក់​គឺ​ប្រហែល​ ១ ​ភាគ​ ៣ នៃ​តួលេខ​មរណភាព​នៅ​ទូទាំង​ពិភពលោក ហើយ​ប្រមាណ​ ៨០ ​ភាគរយ​នៃ​អ្នក​កើត​ជំងឺ CVD គឺ​ស្លាប់​ដោយសារ​គាំងបេះដូង និង​ដាច់​សរសៃឈាម​។

ដើមចម​នៃ​ជំងឺ​នេះ​គឺ​បណ្តាល​មកពី​កត្តា​មួយ​ចំនួន​ដូចជា ការជក់បារី ពុំ​បាន​ធ្វើការ​ហាត់ប្រាណ​គ្រប់គ្រាន់ ការបរិភោគ​អាហារ​មិន​ល្អ​រួម​ទាំង​ចូលចិត្ត​ហូប​ប្រៃ​មិន​ចូលចិត្ត​បរិភោគ​បន្លែ និង​ផ្លៃ​ឈើ​ស្រស់​ជាដើម​៕