
លោក ដាលុច្យ និយាយថា មានតែក្រុមហ៊ុនដែលបង្កើតឡើងដោយបរទេសប៉ុណ្ណោះនឹងដឹកនាំលើឧស្សាហកម្មហៅតាក់សីុជិះតាមប្រព័ន្ធឌីជីថលនាពេលអនាគត។ ហ៊ គីមសាយ
ជាមួយនឹងការចូលមកបន្ថែមទៀតរបស់ក្រុមហ៊ុនផ្តល់សេវាកម្មហៅមធ្យោបាយធ្វើដំណើរទៅក្នុងទីផ្សារក្នុងស្រុក ក្រុមហ៊ុន Exnet Taxi Cambodia ដែលជាប្រតិបត្តិករដំបូងគេបំផុតនៅប្រទេសកម្ពុជា បានឲ្យដឹងថា ការធ្វើពាណិជ្ជកម្មរបស់ខ្លួនបានរងផលប៉ះពាល់ ដោយសារតែការកើនឡើងនៃការប្រកួតប្រជែង ហើយក្រុមហ៊ុនត្រូវការគំរូពាណិជ្ជកម្មថ្មីមួយ ដើម្បីរក្សាវត្តមានរបស់ខ្លូននៅក្នុងវិស័យនេះ។
លោក ហ៊ ដាលុច្យ ជាស្ថាបនិកក្រុមហ៊ុន Exnet Taxi Cambodia បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃពុធថាក្រុមហ៊ុនរបស់លោកមានគម្រោងណែនាំនូវប្រព័ន្ធថ្មីមួយសម្រាប់បណ្តាអ្នកបើកបរ ដែលមិនគិតថ្លៃ និងអត្រាទាបជាងមុនទៅដល់បណ្តាអ្នកដំណើរដែលប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់ក្រុមហ៊ុន។
ប្រតិបត្តិករយកកម្រៃជើងសាពីបណ្តាអ្នកបើកបរ ចន្លោះពី ២០ ទៅ ២៥ ភាគរយ ពីការចំណាយសរុបទៅលើការជិះរបស់អ្នកដំណើរ។
លោក ដាលុច្យ ឲ្យដឹងទៀតថា លោកកំពុងតែស្វែងរកប្រភពចំណូលថ្មីមួយសម្រាប់ក្រុមហ៊ុន ក្រៅពីការពឹងផ្អែកទៅលើការគិតកម្រៃជើងសាពីបណ្តាអ្នកបើកបរ ដូចជាការបង្កើតចំណូលតាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្ម្ បានមកពីបណ្តាក្រុមហ៊ុនដែលចង់ផ្សព្វផ្សាយពាណិជ្ជកម្មទៅលើផលិតផល និងសេវាកម្មរបស់ពួកគេ។
លោកនិយាយថា៖ «ទិដ្ឋភាពដ៏ពោរពេញទៅដោយការប្រកួតប្រជែង លែងអាចឲ្យប្រតិបត្តិករផ្តល់សេវាកម្មហៅមធ្យោបាយធ្វើដំណើរ ពឹងផ្អែកតែលើកម្រៃជើងសាពីអ្នកបើកបរបានទៀតហើយ។ ប្រតិបត្តិការទាំងឡាយណាដែលមិនចេះបត់បែន និងមិនអាចស្វែងរកគំរូពាណិជ្ជកម្មថ្មីណាមួយប្រហែលជានឹងអាចបាត់ខ្លួនពីទីផ្សារ»។
លោកបានបន្តទៀតថា៖ «យើងឥឡូវនេះកំពុងតែស្ថិតនៅក្នុង ស្ថានការណ៍ដ៏លំបាកមួយដោយសារតែការប្រកួតប្រជែង។ ដើម្បីរស់រានបន្ត យើងចាំបាច់ត្រូវបង្កើតគំរូពាណិជ្ជកម្មថ្មី។
នៅពេលដែលគំរូពាណិជ្ជកម្មរបស់យើងត្រូវបានលេចឡើងជារូបភាព យើងសង្ឃឹមថានឹងអាចទទួលបានអ្នកបើកបរប្រកបដោយគុណភាព និងសីលធម៍ ព្រោះពាណិជ្ជកម្មរបស់យើងនឹងផ្តល់អត្ថប្រយោជន៍ទៅឲ្យអ្នកបើកបរ ហើយពួកគេអាចផ្តល់សេវាកម្មល្អទៅឲ្យភ្ញៀវ»។
តាមការឲ្យដឹងរបស់លោកដាលុច្យ ក្រុមហ៊ុន Exnet Taxi មានអ្នកបើកបរចុះឈ្មោះចំនួនប្រមាណ ២,០០០ នាក់ ហើយភាគច្រើននៃពួកគាត់គឺជាអ្នកបើកបររថយន្ត ឯចំណែកអ្នកប្រើប្រាស់ដែលបានទាញយកកម្មវិធីរបស់ក្រុមហ៊ុននៅលើទូរស័ព្ទដៃ មានជាង ២ ម៉ឺននាក់។
លោកនិយាយថា ដៃគូសក្តានុពលរបស់ក្រុមហ៊ុនលោកសម្រាប់គំរូពាណិជ្ជកម្មថ្មីនេះ អាចជាបណ្តាក្រុមហ៊ុនដែលធ្វើការពាក់ព័ន្ធក្នុងមធ្យោបាយទូទាត់ប្រាក់ ដោយសារតែក្រុមហ៊ុនទាំងនោះកំពុងតែពង្រីកបណ្តាញរបស់ខ្លួនតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបជាគោល។
បណ្តាក្រុមហ៊ុនដទៃទៀតដែលកំពុងតែលើកកម្ពស់ម៉ាកផលិតផលរបស់ពួកគេ ក៏ជាគោលដៅរបស់ក្រុមហ៊ុន Exnet ផងដែរ។
លោក ដាលុច្យ បានស្មានទុកជាមុននូវបញ្ហាប្រឈមជាច្រើនសម្រាប់ការអនុវត្តគំរូពាណិជ្ជកម្មរបស់លោក ដូចជា ការពិបាកក្នុងការបញ្ចុះបញ្ចូលបណ្តាអ្នកបើកបរ ឲ្យចូលរួមជាមួយនឹងក្រុមហ៊ុនរបស់លោក ដោយសារតែពួកគាត់អាចនឹងត្រូវបានគំរាមដោយប្រតិបត្តិករដទៃទៀត ថានឹងផ្តាច់ពួកគាត់ពីបណ្តាញរបស់ពួកគេ ប្រសិនបើពួកគាត់ចូលរួមជាមួយនឹងក្រុមហ៊ុន Exnet។
លោកថ្លែងថា៖ «យើងមើលឃើញទុកជាមុន នូវបញ្ហាប្រឈមជាច្រើន ក្នុងការអនុវត្តគំរូពាណិជ្ជកម្មថ្មីរបស់យើង ប៉ុន្តែយើងនឹងព្យាយាមដោះស្រាយបញ្ហាទាំងនេះ នៅខណៈដែលយើងកំពុងតែដើរឈានទៅមុខ»។
ទន្ទឹមនឹងនេះដែរ លោក ដាលុច្យ ក៏កំពុងតែស្វែងរកបណ្តាដៃគូវិនិយោគ មានក្រុមហ៊ុនមូលធនជាដើម ដើម្បីប្រមូលថវិកាសម្រាប់ពង្រឹងប្រតិបត្តិការរបស់ក្រុមហ៊ុន ដើម្បីរក្សាភាពប្រកួតប្រជែងនៅក្នុងទីផ្សារ។
ស្របពេលដែលមានក្រុមហ៊ុនកម្មវិធីហៅមធ្យោបាយធ្វើដំណើរ ប្រមាណ ១០ កំពុងធ្វើប្រតិបត្តិការនៅកម្ពុជានៅពេលបច្ចុប្បន្ននេះ លោក ដាលុច្យ បានព្យាករថា នៅថ្ងៃអនាគត មានតែក្រុមហ៊ុនអន្តរជាតិធំៗ តែប៉ុណ្ណោះដែលនឹងត្រួតត្រាទីផ្សារ ដោយសារតែក្រុមហ៊ុនទាំងនោះមានសមត្ថភាពហិរញ្ញវត្ថុ និងជំនាញការបច្ចេកទេសខ្ពស់។
ក្រុមហ៊ុនទាំងនេះអាចទាក់ទាញអតិថិជនបាន តាមរយៈការណែនាំ នូវគំនិតអាជីវកម្មថ្មីៗដ៏គួរឲ្យទាក់ទាញ ដូចជាការផ្តល់ការបញ្ចុះតម្លៃជាដើម។
លោកបន្ថែមថា ដើម្បីធានាឲ្យបានថា ក្រុមហ៊ុនផ្តល់សេវាកម្មហៅមធ្យោបាយធ្វើដំណើរ នៅតែអាចស្វែងរកប្រាក់ចំណេញ និងបន្តរក្សាវត្តមានរបស់ខ្លួននៅក្នុងទីផ្សារបាន រដ្ឋាភិបាលត្រូវតែដាក់ចេញនូវគោលនយោបាយចាំបាច់ ដើម្បីគាំទ្រ និងការពារប្រតិបត្តិករក្នុងស្រុក នៅក្នុងទីផ្សារកម្ពុជា៕