ក្រុមហ៊ុនវិនិយោគឯកជនថ្មីមួយដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ កំពុងដើរមើលតំបន់មេគង្គ ដើម្បីស្វែងរកឱកាសថ្មីៗបន្ទាប់ពីបានធ្វើវិនិយោគទុនជាលើកដំបូងនៅក្នុងក្រុមហ៊ុនមេរបស់គេហទំព័រអចលនទ្រព្យអនឡាញនៃប្រទេសកម្ពុជា។
ដោយត្រូវបានបង្កើតឡើងនៅចុងឆ្នាំ ២០១៧ ក្រុមហ៊ុនគ្រប់គ្រងមូលធន BeltRoad (BRCM) បានទទួលមូលធនជាប់កិច្ចសន្យាចំនួន ៥០ លានដុល្លារអាមេរិកដែលភាគច្រើនទទួលបានពីវិនិយោគិនចិន ហើយកំពុងស្វែងរកឱកាសវិនិយោគនៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍ជាពិសេសប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។
លោក Alex Odom ប្រធានផ្នែកវិនិយោគរបស់ក្រុមហ៊ុននេះបាននិយាយថា សេដ្ឋកិច្ចក្នុងតំបន់នេះកំពុងតែរីកលូតលាស់យ៉ាងឆាប់រហ័សហើយប្រទេសចិនកំពុងពន្លឿនកំណើននេះ នៅពេលដែលប្រទេសចិនបង្កើនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគក្រោមយុទ្ធសាស្ត្រខ្សែក្រវាត់ និងផ្លូវរបស់ទីក្រុងប៉េកាំង។
លោកបានមានប្រសាសន៍ថា៖ «យើងបានឃើញការផ្លាស់ប្តូរយ៉ាងខ្លាំងនៃការវិនិយោគពីប្រទេសចិន។ មាន FDI ឬការវិនិយោគពីបរទេសដោយផ្ទាល់ជាច្រើនមកពីប្រទេសចិន ហើយការបង្កើនចំណង់ចំណូលចិត្តពីវិនិយោគិនចិននៅក្នុងទីផ្សារទាំងនេះបានបង្កើតឲ្យមានការអភិវឌ្ឍនៅគ្រប់វិស័យទាំងអស់»។
ការវិនិយោគជាលើកដំបូងរបស់ BRCM ដែលបានប្រកាសកាលពីខែមករាគឺនៅក្នុង Digital Classifieds Group (DCG) ដែលជាអ្នកបង្កើតវេបសាយផ្សព្វផ្សាយអនឡាញដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី។ ផលិតផលចម្បងរបស់ក្រុមហ៊ុនបច្ចេកវិទ្យាដែលមានអាយុ ៤ ឆ្នាំនេះគឺជាគេហទំព័រអចលនទ្រព្យនៅកម្ពុជា និងក្រុមហ៊ុនផ្សព្វផ្សាយទីផ្សារ realestate.com.kh ស្របពេលដែរក្រុមហ៊ុននេះក៏មានការរីកចម្រើនក្នុងនាមជាម្ចាស់កម្មសិទ្ធិលើប្រព័ន្ឋផ្សព្វផ្សាយ និងគេហទំព័រអចលនទ្រព្យនៅក្នុងប្រទេសប៉ាពួញូហ្គីណេ និងហ្វ៊ីជីផងដែរ។
លោក Odom បាននិយាយថាក្រុមហ៊ុនបានបណ្តាក់ទុន ២,២៥ លានដុល្លារអូស្ត្រាលី (១,៨ លានដុល្លារអាមេរិក) ទៅក្នុង DCG ជាថ្នូរនឹង «ភាគហ៊ុនដ៏ធំមួយ» នៅក្នុងក្រុមហ៊ុន និងកៅអីមួយនៅលើក្រុមប្រឹក្សាភិបាលរបស់ DCG។ លោកបានមានប្រសាសន៍ទៀតថា ទុននេះនឹងត្រូវបានប្រើដើម្បីពង្រីក និងពង្រឹងប្រតិបត្តិការរបស់ DCG នៅក្នុងប្រទេសកម្ពុជា និងបង្កើតវេទិកាអនឡាញនៅប្រទេសឡាវ។ មូលធនក៏អាចត្រូវបានប្រើសម្រាប់ការទិញទ្រព្យដែលមានសក្តានុពលនៅលើទីផ្សារក្នុងតំបន់ផ្សេងៗទៀតផងដែរ។
យោងតាមលោក Odom ការចាប់អារម្មណ៍របស់ក្រុមហ៊ុន BRCM ទៅលើក្រុមហ៊ុន DCG ត្រូវបានជំរុញដោយក្រុមការងារគ្រប់គ្រងដ៏រឹងមាំ និងយុទ្ធសាស្ត្រជំនួញរបស់ខ្លួនក្នុងការធ្វើដំណើរឆ្ពោះទៅកាន់ទីផ្សារដែលទើបនឹងលេចឡើងដោយមានវេទិកាបច្ចេកវិទ្យាមានលក្ខណៈច្នៃប្រឌិតក្នុងការកសាងខ្លួនជាអ្នកដឹកនាំទីផ្សារឈានមុខគេ។
លោកបានមានប្រសាសន៍ថា៖ «យើងកំពុងស្វែងរកក្រុមហ៊ុនអាជីវកម្មដែលប្រើប្រាស់បច្ចេកវិទ្យាជាមួយនឹងប្រតិបត្តិការល្អ និងការគ្រប់គ្រងល្អ។ យើងចង់បានវេទិកាជំរុញដោយបច្ចេកវិទ្យាដែលជាទស្សនៈគេទទួលស្គាល់ទូទាំងពិភពលោក ប៉ុន្តែមិនត្រូវបានបើកដំណើរការនៅទីនេះនៅឡើយទេ»។
លោក Udom បាននិយាយថាទោះបីជាមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សក៏ដោយក៏បណ្តាប្រទេសមួយចំនួននៅក្នុងតំបន់មេគង្គមិនទាន់ក្លាយជាទីចាប់អារម្មណ៍របស់ក្រុមហ៊ុនវិនិយោគឯកជនធំៗនៅឡើយទេ។ លោកបាននិយាយថា សក្តានុពលសម្រាប់ការវិនិយោគមានកម្រិតខ្ពស់នៅក្នុងតំបន់ ហើយហានិភ័យក៏ខ្ពស់ដូចគ្នាដែរ។ ម្យ៉ាងវិញទៀត BRCM កំពុងតែព្យាយាមធ្វើពិពិធកម្មទៅលើផលប័ត្ររបស់ខ្លួនហើយនឹងនៅតែមានភាពបត់បែនចំពោះយុទ្ធសាស្ដ្រកំណើន និងយុទ្ធសាស្ត្រចាកចេញ។
លោកបានថ្លែងថា៖ «យើងមិនចង់រឹតត្បិតខ្លួននៅក្នុងវិស័យតែមួយគត់នោះទេ ដោយសារឱកាសនៅទីផ្សារទាំងនេះមិនទាន់មានច្រើននៅឡើយ។ ហើយយើងកំពុងព្យាយាមឲ្យមានភាពបត់បែនតាមដែលអាចធ្វើទៅបាន។ វាមានភាពលំបាកណាស់ក្នុងការប្រើប្រាស់គំរូស្តង់ដារនៃក្រុមហ៊ុនវិនិយោគមូលធនឯកជននៅទីនេះព្រោះទីផ្សារទាំងនេះមិនទាន់ត្រៀមខ្លួនរួចរាល់ទេ»។
លោក Odom និយាយថាការធ្វើការនៅក្នុងតំបន់រយៈពេល ៨ ឆ្នាំបានធ្វើឲ្យគាត់មានអារម្មណ៏ស្រុះស្រួលជាមួយបរិយាកាសប្រតិបត្តិការប្រចាំតំបន់ ប៉ុន្តែវិនិយោគិនជាច្រើននៅក្នុងប្រទេសចិន និងសិង្ហបុរីមានការស្ទាក់ស្ទើរក្នុងការវិនិយោគដោយសារតែស្ថានភាពគ្រប់គ្រងច្បាប់ស្តង់ដារគណនេយ្យ និងកម្រិតនៃតម្លាភាព។
លោកមានប្រសាសន៍ថា៖ «មានសកម្មភាពជាច្រើននៅតាមទីផ្សារចាស់ៗដូចជាវៀតណាម និងថៃ ហើយយើងសង្ឃឹមថាវានឹងហូរចូលទៅក្នុងទីផ្សារដែលទើបនឹងលេចឡើងថ្មីដូចជាឡាវ និងកម្ពុជាផងដែរ»។
លោកបានបន្ថែមថាក្រុមហ៊ុន BRCM កំពុងសម្លឹងមើលការសម្រេចកិច្ចព្រមព្រៀងមួយនៅមីយ៉ាន់ម៉ាក្នុងពេលឆាប់ៗខាងមុខនេះ និងធ្វើយ៉ាងណាក៏មានយ៉ាងហោចណាស់ការកាន់កាប់មួយនៅកម្ពុជាមុនពេលបញ្ចប់ឆ្នាំនេះដែរ៕