អ៊ំ​ស្រី គង់ យុំាង មើល​មិន​សូវច្បាស់​ដូច​មុន​ទេ។ ម្តាយ​ដែល​មាន​​កូន ៦ ​នាក់​រូប​នេះ បាន​ធ្វើ​ការ​សឹង​តែ​ពេញ​មួយ​ជី​វិត​របស់​គាត់ទៅ​ហើយ។

ប៉ុន្តែរាល់​ថ្ងៃ​នេះ គាត់ត្រូវ​ខំ​ប្រឹង​ខ្លាំង​ជាង​កាល​គាត់​នៅ​ពី​ក្មេង​ ដើ​ម្បី​បំ​ពេញ​ការ​ងារដែល​ក្នុង​នោះ​ក៏​រួម​មាន ធ្វើ​ប​បរ​ឲ្យចៅ​ៗ​របស់​គាត់​ផង​ដែរ។ អ៊ំ​ស្រី គង់ យុំាង មាន​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​ទី ២ ហើយ​ដូច​ប្រ​ជា​ជន​រាប់​ពាន់​នាក់​ទៀត​នៅក្នុង​ប្រ​ទេស កម្ពុជា ដែរ គឺ​ពួក​គាត់​កំ​ពុង​ប្រ​ឈម​មុខ​នឹង​ឃាត​ក​រ​កំ​បាំង​មុខ​មួយ​នេះ។

វិប​ត្តិ សា​ធា​រណៈ​ដែល​ត្រូវ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​មួយ​នេះ បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​​ដ៏​លឿន​ក្នុង​សង្គម​កម្ពុជា។

ស្រប​ពេល​ដែល​ទំ​ហំ​ផលិត​ផល ក្នុង​ស្រុក​សរុប​កើន​ឡើង ទំ​ហំ​ចង្កេះ ក៏​រីក​ធំ​ផង​ដែរ ​គឺ​ស្រប​ពេល​ដែល​ប្រ​ជា​ជន​​កាន់​តែ​ច្រើន​ឡើង​ៗ​បាន​ ប​រិ​ភោគ​អា​ហារ​កែ​ច្នៃ និង​ភេស​ជ្ជៈ ដែល​សម្បូរ​ជាតិ​ស្ករ​ខ្ពស់។ របប​អា​ហារ​ដែល​សម្បូរ​ជាតិ​ស្ករខ្ពស់ រួម​នឹង​ការ​ជក់​បារី ការ​ទទួល​ទាន គ្រឿង​ស្រ​វឹង ប៉ុ​ន្តែ​ខ្វះ​លំ​ហាត់​ប្រាណ បាន​ធ្វើ​ឲ្យ​​ភាគ​រយ​​នៃ​ការ​កើត​ជំ​ងឺ​ទឹក​នោម​ផ្អែម​កាន់​តែ​ខ្ពស់។

យោង​តាម ការ​​ស្ទង់​មតិ​ថ្មី​មួយ​អំ​ពី​កត្តា​ហា​និ​ភ័យ ស​មា​មាត្រ​នៃ​ការ​លើស​ទម្ងន់ ឬ​ក៏​ចំ​នួន​នៃ​មនុស្ស​ធាត់​នៅ​កម្ពុជា មាន​ការ​កើន​ឡើង​ពី ១៥ ភាគ​រយ ក្នុង​ឆ្នាំ​ ២០១០ ទៅ​ ២២ ​ភាគ​រយ​ ក្នុង​ឆ្នាំ ២០១៦ ហើយ​ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ ចំ​នួន​ប្រ​ជា​ជន​ដែល​មាន​អត្រា​ជាតិ​ស្ករ​ខ្ពស់​ក្នុង​ឈាម បាន​កើន​ឡើង​ធំ​ជាង​មុន​ ៣ ដង​ គឺឈាន​ដល់​ទៅ​ជិត ១០ ភាគ​រយ។ កំ​ណើន​អត្រា​ជាតិ​ស្ករ​ក្នុង​ឈាម ​គឺ​ជា​សូច​នា​ករ​មួយ​ដែល​បង្ហាញ​អំ​ពី​ការ​កើន​ឡើង​នៃ​ជំ​ងឺ​ទឹក​នោម​ផ្អែម។

ចំ​ពោះ អ៊ំ​ស្រី គង់ យុំាង​ រូប​គាត់​បាន​ធ្វើ​រោគ​វិ​និ​ច្ឆ័យ និងរក​ឃើញ​ប្រ​ភេទ​ពី​ជំ​ងឺ​នេះ ក្នុង​ពេល​ដែល​វា​ស្ថិត​ក្នុង​ដំ​ណាក់​កាល​ដំ​បូ​ង ប៉ុ​ន្តែ​វា​គួរ​ឲ្យ​ស្តាយ​ដែល​មិន​មាន​មនុស្ស​ច្រើន​នាក់​ទេ​ ដែល​បាន​ធ្វើរោគ​វិ​និ​ច្ឆ័យ​ឲ្យ​បាន​ទាន់​ពេល ដូច​អ៊ំ​ស្រី គង់ យុំាង។

អ៊ំ​ស្រី គង់ យុំាង ចេះ​តែ​មាន​អារម្មណ៍ អស់​កម្លាំង ឆាប់​ឃ្លាន និង​នោម​ច្រើន​ដង ខុស​ពីប្រ​ក្រ​តី ហើយ​គាត់​ក៏​បាន​ទៅ​មណ្ឌល សុខ​ភាព​ក្នុង​ខេត្ត​កំ​ពង់​ធំ ដែល​ជា​​មណ្ឌល​សុខ​ភាព​មួយ​ក្នុង​ចំ​ណោម​មណ្ឌល​សុខ​ភាព​សរុប​ចំ​នួន ​២៦ ​ផ្សេង​ទៀត​ទូ​ទាំង​ប្រ​ទេស កម្ពុជា ដែល​ទើប​តែទទួល​បាន​ការ​បណ្តុះ​បណ្តាល ដើ​ម្បី​ធ្វើ​តេស្ត​ពិ​និត្យ និង​ព្យា​បាល ជំ​ងឺ​ទឹក​នោម​ផ្អែម។ សម្រាប់​មនុស្សភាគ​ច្រើន ដែល​មាន​ជំ​ងឺ​នេះ​មិន​បានទៅ​ធ្វើ​តេស្ត​ រហូតដល់​ដំ​ណាក់​កាល​ព្យា​បាល​ដែល​មានភាព ស្មុគ​ស្មាញ​ច្រើន​ និង​ពិ​បាក។

បើ​តាម​ការ​ស្ទង់​មតិ​ក្នុង​ចំ​ណោម​អ្នក​ដែល​មាន​ជំ​ងឺ​នេះ មាន​តែ ១,៥ ភាគ​រយ ដែល​បាន​កំ​ពុង​ប្រើ​ប្រា​ស់​ថ្នាំ​ដើ​ម្បី​ព្យា​បាល។ ក៏​ប៉ុ​ន្តែ ទាំងចំ​ពោះ​អ្នក​ដែល​បាន​ដឹង​ពី​អា​ការ ជំ​ងឺ និង​អ្នក​ដែល​កំ​ពុង​ប្រើ​ប្រាស់​ថ្នាំ តម្លៃ​ថ្នាំ​សម្រាប់​ព្យា​បាល​ជំ​ងឺ​នេះ​គឺ​ជា​ក្តី​កង្វល់​ដ៏​ធំ​មួយ។ សម្រាប់​ថ្នាំ​សម្ពាធ​ឈាម និង​ថ្នាំ​ទឹក​នោម ផ្អែម អ៊ំ​ស្រី គង់ យុំាង​ ត្រូវ​ចំ​ណាយ​ដល់​ទៅ ២០ ដុ​ល្លារ​ក្នុង ១ ខែ គឺ​ស្មើ​នឹង ១ ភាគ ៣ ​នៃ​ការ​ចំ​ណាយ​សរុប​របស់គាត់។

ជា​ការ​ពិត ​ជំ​ងឺ​ឆ្លងសុខ​ភាព​មា​តា​ និង​កុមារ កង្វះ​អា​ហា​រូប​ត្ថម្ភគឺ​ ជា​ចំ​ណុច​ស្នូ​ល​នៃ​គំ​និត​ផ្តួច​ផ្តើម​ជា​ច្រើន​ក្នុង​វិ​ស័យ​សុខ​ភាព ក៏​ប៉ុ​ន្តែ​ស្រប​ពេល​ដែល​សង្គម​ប្រែ​ប្រួលប្រ​ព័ន្ធ​សុខ​ភាព​សា​ធា​រណៈ​ក៏​ត្រូវ​ឆ្លើយ​តប​ទៅ​នឹង​ជំ​ងឺ​ថ្មី​ៗ​ផង​ដែរ ដូច​ជា ជំ​ងឺ​បេះ​ដូង ជំ​ងឺផ្លូ​វ​ដង្ហើម មហា​រីក និង​ជំ​ងឺ​ទឹក​នោម​ផ្អែម។

នៅ​ខេត្ត​កំពង់​ធំ ដែល​ជាលំ​នៅ​របស់​អ៊ំ​ស្រី គង់ យុំាង កិច្ច​សហ​ប្រតិ​បត្តិ​ការ​អភិ​វឌ្ឍន៍ អា​ល្លឺ​ម៉ង់ បាន​និង​កំ​ពុង​​ធ្វើ​ការជា​មួយ​ក្រ​សួង​សុ​ខា​ភិ​បាល អង្គ​ការ​សុខ​ភាព​ពិ​ភព​លោក និង​ដៃ​គូ​ផ្សេង​ទៀត ដើ​ម្បី​ផ្តល់សេ​វា​កម្ម​ឲ្យ​ទៅ​ជិត និង​ឲ្យ​បាន​គ្រប់​ថ្នាក់ដល់​អ្នក​ដែល​កើត​ជំ​ងឺ​ដូច​ជា ជំ​ងឺ​ទឹក​នោម​ផ្អែម​នេះ​ជា​ដើម។

នៅ​ក្នុង​ឆ្នាំ​នេះ​ដែរ កិច្ច​ស​ហ​ប្រ​តិ​បត្តិ​ការ​អភិ​វឌ្ឍន៍​អា​ល្លឺ​ម៉ង់ (GIZ) និង​អង្គ​ការ​សុខ​ភាព​ពិ​ភព​លោក​ បាន​បង្កើន​ថ​វិ​កា​ហិ​រញ្ញ​វត្ថុព្រម​ទាំង ជំ​នួយ​បច្ចេក​ទេស​ទៅ​ដល់​មណ្ឌលសុខ​ភាព ដែល​ទទួល​បាន​ការ​បណ្តុះ​បណ្តាល ក្នុង​ការ​ធ្វើ​តេស្ត និង​ព្យា​បាល​ជំ​ងឺ​ទឹក​នោម​ផ្អែម និង​ជំ​ងឺ​លើស​ឈាម។

លើស​ពី​នេះ​ទៀត​កិច្ច​ស​ហ​ប្រ​តិ​បត្តិ​ការ​ថ្មី​រវាង GIZ និង​ក្រ​សួង​សុ​ខា​ភិ​បាល នឹង​ជួយ​ឲ្យ​មាន​ភាព​ប្រ​សើរ​ឡើង​នូវ​លើ​ផ្នែក​ហេ​ដ្ឋា​រចនា​សម័្ពន្ធ នៅ​តាមមណ្ឌល​សុខ​ភាព​សា​ធារ​ណៈ​ដែលមាន​ឯក​ទេស​ខាង​ជំ​ងឺ​ទឹក​នោម​ផ្អែម ហើយ​នៅ​មាន​គម្រោង​ថ្មី​មួយ​ទៀត នោះ​គឺ​ការ​ជួយ​បង្កើន​ការ​ប្រើ​ប្រាស់​សេ​វា​ថែ​ទាំសម្រាប់​កុ​មារ​ដែល​មាន​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​ទី ១។

ក្នុង​ជំ​ហាន​ដ៏​សំ​ខាន់​មួយ​ទៀត ធនា​គារ អា​ល្លឺ​ម៉ង់ ​សម្រាប់​ការ​អភិ​វឌ្ឍ (KfW) បាន​បោះ​ទុន​វិ​និ​យោគ​​ចំ​នួន ៦ លាន​ដុ​ល្លារ​ក្នុង​ប្រ​ព័ន្ធ​សុខ​ភាព​សា​ធារ​ណៈ​ដែលការ​វិ​និ​យោគ​នេះ​នឹង​បង្កើន​ចំ​នួន​ មណ្ឌល​សុខ​ភាព នៅ​តាម​ភូមិ ឃុំ​សង្កាត់ ដែល​មាន​សមត្ថភាព និង​មាន​គ្រឿង​សម្ភារ​បរិ​ក្ខារ​សម្រាប់​ធ្វើ​តេស្ត ព្យា​បាល​ជំ​ងឺ និង​ផ្តល់សេ​វា​កម្ម​ផ្សេង​ៗ​ទៀត​ដល់​អ្នក​ជំ​ងឺ​ទឹក​នោម​ផ្អែម អ្នក​ជំ​ងឺ​សម្ពោធ​ឈាម និងអ្នក​ជំ​ងឺ​មហា​រីក​មាត់​ស្បូន។

បច្ចុ​ប្បន្ន​នេះ អ៊ំ​ស្រី គង់ យុំាង​ មាន​ការ​ផ្លាស់​ប្តូរ​គួរ​ឲ្យ​កត់​សម្គាល់។ គាត់​ព្យា​យាម​កាត់​បន្ថយ​បាយ​ (គ្រាប់​ពណ៌​ស) ព្រោះ​គាត់​យល់ដឹង​ថា គ្រាប់​បាយ​ប្រ​ភេទ​នេះនឹង​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង​យ៉ាង​ខ្លាំង។ រូប​គាត់​ក៏​បាន​ទទួលការ​ណែ​នាំ​ពី​អ្នក​ជំ​ងឺ​ដូច​រូប​គាត់ តែ​អ្នក​ទាំង​នោះ បាន​ឆ្លង​កាត់​ការ​បណ្តុះ​បណ្តាល​ផ្នែក​អប់​រំ ហើយ​កន្លងមក​ពួក​គេ​បា​ន​ជួយ អ៊ំ​ស្រី គង់ យុំាង ឲ្យ​មា​ន​ស្មា​រតី​វិជ្ជ​មាន និង​ផ្តល់ ដំ​បូន្មាន​ជាក់​ស្តែង​ជា​ច្រើន​ទៀត។

នា​ពេល​ឥឡូវ​នេះប្រ​ទេស កម្ពុជា ត្រូវ​តែ​បង្កើត​ឲ្យ​មាន​តុល្យ​ភាព។​ ទោះ​ជា​អ​ត្រា​ប្រើ​ប្រាស់​សេ​វា​កម្ម​សុខ​ភាព ​មាន​ការ​កើន​ឡើង​​​ក៏​ដោយ ​ក៏​វិ​ស័យ​សុ​ខា​ភិ​បាល​តែ​មួយ មិន​អាច​ដោះ​ស្រាយ​វិ​បត្តិ​នេះ​បាន​ទេ។ វា​នៅ​មាន​កិច្ច​ការ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​សម្រេច ជា​ពិ​សេសក្នុងរូប​ភាព​នៃ​ការ​បង្ការ​ជំ​ងឺ តាម​រយៈ​ការ​បង្កើត​បរិ​ស្ថាន​ដែល​មនុស្ស​អាច​រស់​នៅ​ប្រ​កប​ដោយ​សុខ​ភាព​ល្អ គឺ​ធ្វើ​យ៉ាង​ណាត្រូវ​ចាប់​ផ្តើម​ពី​ដំ​ណាក់​កាល​ដំ​បូង​បំ​ផុត​ គឺ​កុំ​ឲ្យ​អ្នក​ជំ​ងឺ​ទឹ​ក​នោម​ផ្អែម​ដូច​អ៊ុំ​ស្រី គង់ យុំាង កើត​មាន​ទៅ​បាន៕