អតិថិជន សាធារណជន និងមេធាវីក្នុងប្រទេស កម្ពុជា មិនត្រូវបានបំពាក់ដោយចំណេះដឹងគ្រប់គ្រាន់ដើម្បីដោះស្រាយភាពស្មុគស្មាញខ្លាំងពាក់ព័ន្ធនឹងច្បាប់ធនាគារ និងហិរញ្ញវត្ថុនៅក្នុងប្រទេស កម្ពុជា ទេ។
លោក លី តៃសេង ដែលជាមេធាវីជាន់ខ្ពស់ឯកទេសលើបញ្ហាពាណិជ្ជកម្ម បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា បុព្វហេតុមួយក្នុងចំណោមបុព្វហេតុធំដែលនាំឲ្យមានវិវាទនិងការឆបោកនៅក្នុងវិស័យហិរញ្ញវត្ថុគឺដោយសារការខ្វះចំណេះដឹង និងការមិនយល់ច្បាស់អំពីពាក្យបច្ចេកទេសក្នុងវិស័យពាណិជ្ជកម្ម និងហិរញ្ញវត្ថុក្នុងចំណោមសាធារណជន ព្រមទាំងសមាជិកមួយចំនួននៃអ្នកជំនាញច្បាប់។
លោកបានថ្លែងថា៖ «កម្រិតនៃចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងចំណោមប្រជាជនកម្ពុជា ជាពិសេសប្រជាជនកម្ពុជាតាមជនបទ គឺនៅមានកម្រិតទាបនៅឡើយ។ ប្រជាជនកម្ពុជាជាច្រើនមានការលំបាកក្នុងការយល់ដឹងអំពីផលិតផលហិរញ្ញវត្ថុដែលកំពុងផ្តល់ឲ្យដោយធនាគារនិងគ្រឹះស្ថានផ្សេងៗ»។
លោកបានថ្លែងបន្តថា៖ «ភាពរីកចម្រើនយ៉ាងលឿននៃឧបករណ៍បច្ចេកវិទ្យាដែលប្រើប្រាស់នៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុបានធ្វើឲ្យមនុស្សនានាសូម្បីតែមេធាវី និងអ្នកជំនាញច្បាប់ដទៃៗទៀតមានការភាន់ច្រឡំពាក់ព័ន្ធនឹងចំណេះដឹងនិងរបៀបដែលផលិតផលហិរញ្ញវត្ថុនានាប្រព្រឹត្តទៅ»។
ដើម្បីដោះស្រាយបញ្ហាខ្វះចំណេះដឹងហិរញ្ញវត្ថុទាំងក្នុងចំណោមអតិថិជន និងអ្នកជំនាញច្បាប់ លោក តៃសេង បានស្នើឲ្យគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានិងធនាគារជាតិនៃកម្ពុជាគួរចាប់ផ្តើមការបណ្តុះបណ្តាលរួមគ្នាអំពីច្បាប់ធនាគារនិងច្បាប់ហិរញ្ញវត្ថុសម្រាប់មេធាវីនិងចៅក្រម។ «ការបណ្តុះបណ្តាលអាចធ្វើឡើងជាលក្ខណៈសិក្ខាសាលាឬសន្និសីទលើប្រធានបទជាក់លាក់។ ជម្រើសមួយទៀតគឺត្រូវមានការបណ្តុះបណ្តាលវគ្គខ្លីឬមធ្យមនៅសាលាភូមិន្ទចៅក្រម ព្រមទាំងនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលមេធាវីនៃគណៈមេធាវី»។
លោក តៃសេង បានថ្លែងថា៖ «ជាងនេះទៀត ខ្ញុំគិតថា ធនាគារជាតិនៃកម្ពុជាក៏អាចផ្តល់ការបណ្តុះបណ្តាលបន្ថែមទៀតលើច្បាប់និងបទប្បញ្ញត្តិធនាគារសម្រាប់អ្នកអនុវត្ត ដោយសារច្បាប់និងបទប្បញ្ញត្តិនានាកំពុងត្រូវបានអភិវឌ្ឍនិងអនុម័តជាញឹកញាប់»។
លោកក៏បានថ្លែងផងដែរថា មិនមានការបណ្តុះបណ្តាលឬកម្មវិធីអប់រំច្រើនដែលពន្យល់អំពីការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនទៅប្រជាជនសាមញ្ញទេ។ នេះរួមផ្សំបន្ថែមទៀតមកពីលទ្ធភាពមានកម្រិតក្នុងការទទួលបានព័ត៌មានហិរញ្ញវត្ថុនិងមេគ្គុទេសក៍ណែនាំសម្រាប់អតិថិជនឬសាធារណជន។
បើតាមលោក លី តៃសេង បានឲ្យដឹងថា ការភាន់ច្រឡំជាច្រើនផ្តើមចេញមកពីប្រជាជនជាទូទៅខ្វះការយល់ដឹងស៊ីជម្រៅអំពីពាក្យបច្ចេកទេសដែលប្រើប្រាស់នៅក្នុងកិច្ចព្រមព្រៀងកម្ចីនិងឯកសារសុវត្ថិភាព។
លោកបន្តថា៖ «ការខ្វះដំបូន្មានសមស្របនិងមគ្គុទេសគ៍គ្រប់គ្រាន់អំពីភាពស្មុគស្មាញនៃបទប្បញ្ញត្តិក្នុងកិច្ចសន្យា និងហានិភ័យពាក់ព័ន្ធនឹងអ្វីដែលផ្តល់ទៅអតិថិជនធ្វើឲ្យមានបញ្ហាជាច្រើន។
អតិថិជនអាចនឹងក្លាយជាជនរងគ្រោះនៃកិច្ចសន្យាដែលពួកគេបានចុះហត្ថលេខាជាមួយអ្នកផ្តល់កម្ចីមានភាពឆ្លាតវៃជាងមុននិងដែលទទួលបានដំបូន្មានប្រសើរជាងមុនពីមេធាវីរបស់ខ្លួន។
លោក លី តៃសេង បានបន្ថែមថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុគឺសំខាន់ណាស់សម្រាប់អតិថិជន និងសាធារណជនទាំងមូល។ ប្រសិនបើមិនមានចំណេះដឹងគ្រប់គ្រាន់ឬដំបូន្មានសមស្របពីមេធាវី អតិថិជនអាចមានគុណវិបត្តិនៅពេលចុះកិច្ចព្រមព្រៀងកម្ចីជាមួយអ្នកផ្តល់កម្ចី។ «ជាងនេះទៀត មនុស្សធម្មតានឹងស្ថិតនៅក្នុងភាពងងឹតអំពីរបៀបការពារអត្ថប្រយោជន៍ស្របច្បាប់របស់ពួកគេ។ អ្នកផ្តល់កម្ចីខ្លះអាចប្រព្រឹត្តក្នុងលក្ខណៈសុចរិតល្អ ប៉ុន្តែអ្នកខ្លះអាចដើរខ្សែលើចំពោះភាពមិនដឹងរបស់អតិថិជន។ ចំណេះដឹងផ្នែកហិរញ្ញវត្ថុនឹងជួយអតិថជនចៀសផុតពីអ្នកផ្តល់កម្ចីដែលមិនមានភាពស្មោះត្រង់ ចៀសផុតពីការបោកប្រាស់ឬឆបោកផ្នែកហិរញ្ញវត្ថុ។
លោកបានថ្លែងថា៖ «ឥឡូវនេះ ជាមួយនឹងបច្ចេកវិទ្យាជឿនលឿន និងភាពស្មុគស្មាញខ្លាំងឡើងនៃផលិតផលហិរញ្ញវត្ថុ វាកាន់តែងាយរងគ្រោះជាងមុនចំពោះអតិថិជនដែលមិនបានផ្ទៀងផ្ទាត់ឲ្យបានត្រឹមត្រូវជាមួយនឹងសេចក្តីលម្អិតស្មុគស្មាញនៃពាក្យហិរញ្ញវត្ថុនៅក្នុងកិច្ចព្រមព្រៀងដែលពួកគេបានចុះ»។
លោក តៃសេង បានបន្ថែមថា លោកជាញឹកញាប់ទទួលបានករណីផ្សេងៗពាក់ព័ន្ធនឹងការយល់ខុសឬភាពខុសគ្នានៅក្នុងការបកស្រាយពាក្យពេចន៍ឬប្រការនៅក្នុងកិច្ចសន្យា។
លោកបន្តថា៖ «ករណីមួយចំនួនក្នុងចំណោមករណីទាំងនោះពាក់ព័ន្ធនឹងការខ្វះចំណេះដឹងរបស់អតិថិជន។ ទោះជាយ៉ាងណាក្តី មានករណីដែលអ្នកផ្តល់កម្ចីមិនផ្តល់ព័ត៌មានគ្រប់គ្រាន់ឬការពន្យល់សមស្របអំពីពាក្យបច្ចេកទេសនៃកិច្ចសន្យា»។
លោក លី តៃសេង បានថ្លែងថា ដោយសារតែអ្នកផ្តល់កម្ចីជាអ្នកជំនាញ ពួកគេត្រូវមានកាតព្វកិច្ចក្នុងការផ្តល់ការពន្យល់អំពីពាក្យបច្ចេកទេសនៅក្នុងកិច្ចសន្យា រួមទាំងបច្ច័យហិរញ្ញវត្ថុនិងត្រូវប្រព្រឹត្តនៅក្នុងភាពសុចរិតនៅពេលធ្វើកិច្ចសន្យាជាមួយអតិថិជន។
ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ចំណេះដឹងផ្នែកហរិញ្ញវត្ថុគឺជាការធានាល្អបំផុតដើម្បីមិនឲ្យមានការបោកប្រាស់៕