នៅពេលរោងចក្រសម្លៀកបំពាក់ Jiw Wei Cambodia Garment Factory Ltd ត្រូវបានបង្កើតនៅកម្ពុជាក្នុងឆ្នាំ ២០១១ គឺដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់រដ្ឋាភិបាលដែលជំរុញឱ្យវិនិយោគិនបរទេសជួយជំរុញដល់វិស័យឧស្សាហកម្មកាត់ដេរនៅកម្ពុជា។
នាយកប្រតិបត្តិក្រុមហ៊ុន JIA WEI Cambodia លោក Raymond Tam បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «១៥ ឆ្នាំមុននៅពេលដែលយើងជ្រើសរើសប្រទេសកម្ពុជាជាមូលដ្ឋានផលិតកម្មរបស់យើងថ្លៃដើមនៃការផលិតសម្លៀកបំពាក់នៅលើទីផ្សារក្នុងស្រុក ដូចជាប្រាក់ឈ្នួល ទីតាំងរោងចក្រ និងការដឹកជញ្ជូននៅមានកម្រិតទាប ហើយអ្វីដែលគួរឱ្យទាក់ទាញសម្រាប់យើងមកវិនិយោគនៅកម្ពុជា គឺដោយសាររដ្ឋាភិបាលបានផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ខណៈប្រទេសនេះបាននាំចេញទៅកាន់ទីផ្សារជាច្រើននៅជុំវិញពិភពលោក។
ដោយចូលរួមនៅក្នុងឧស្សាហកម្មផលិតសម្លៀកបំពាក់នៅកម្ពុជាអស់រយៈពេលជាង ១ ទសវត្សរ៍កន្លងមកនេះ លោក Raymond ដែលក៏ជានាយកសមាគមពាណិជ្ជកម្មហុងកុងនៅកម្ពុជា (HKBAC) និងជាសមាជិកគណៈកម្មការប្រតិបត្តិនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ផងដែរនោះបានឃើញឧស្សាហកម្មមួយនេះមានការវិវត្តខ្លាំងជាពិសេសនៅក្នុងពេលបច្ចុប្បន្ន។
«នៅពេលយើងចាប់ផ្តើមផលិតនៅកម្ពុជាក្នុងឆ្នាំ ២០១១ យើងបានចាប់ផ្តើមពីរោងចក្រតូចមួយ និងមានកម្លាំងពលកម្មតិច»។
ប៉ុន្តែសព្វថ្ងៃ យើងមានរោងចក្រធំមួយនៅផ្លូវវេងស្រេង រាជធានីភ្នំពេញ និងមានក្រុមហ៊ុនបុត្រសម្ព័ន្ធដែលមានទីតាំងនៅក្បែរនោះ ដែលមានបុគ្គលិកជាង ១ ២០០ នាក់រួមទាំងបុគ្គលិកផ្នែកគ្រប់គ្រងផងដែរ»។
អស់រយៈពេលជាច្រើនឆ្នាំ JIE WEI បានផលិត និងនាំចេញសម្លៀកបំពាក់ប្រមាណ ១០ លានខោអាវ ទៅសហភាពអឺរ៉ុប (EU) ជារៀងរាល់ឆ្នាំ។
ទោះយ៉ាងណាជាមួយនឹងការរីករាលដាលនៃជំងឺកូវីដ១៩ នៅដើមឆ្នាំ ២០២០ នេះ និងសហភាពអឺរ៉ុបបានដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ (EBA) ពីកម្ពុជា កាលពីខែសីហា ក្រុមហ៊ុនត្រូវពិនិត្យមើលទីផ្សារថ្មីជំនួស និងវិធីសាស្ត្រថ្មីៗក្នុងការធ្វើអាជីវកម្មដើម្បីទ្រទ្រង់ប្រតិបត្តិការរបស់ខ្លួនឱ្យមានការប្រកួតប្រជែង។
ជាភ័ព្វសំណាងសម្រាប់ JIE WEI វិធីសាស្ត្រធ្វើពិពិធកម្មរបស់ពួកគេទៅក្នុងទីផ្សារអាមេរិក និងកាណាដាទទួលបានភាគលាភល្អ។
តើអ្នកណាដែលគិតដល់ថាជំងឺកូវីដ-១៩ បានធ្វើឱ្យក្រុមហ៊ុនអាជីវកម្មរបស់យើងនៅតែមានអ្នកត្រូវការ ជាពិសេសនៅពេលមានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចបែបនេះ?
«ទោះជឿ ឬមិនជឿ ការផលិតខោអាវគេងបានជួយឱ្យអាជីវកម្មរបស់យើងនៅដំណើរការធម្មតា។ ក្នុងអំឡុងពេលនៃការរីករាលជំងឺកូវីដ១៩ ប្រជាជនភាគច្រើនបានស្នាក់នៅក្នុងផ្ទះ ហើយតម្រូវការខោអាវគេងបានកើនឡើងជាលំដាប់។
លោក Raymond មានប្រសាសន៍ថា៖ «ជាលទ្ធផល អ្នកបញ្ជាទិញផ្ទាល់ពីយើងគឺមានហាង Target និង Walmart ដែលបានស្នើសុំឱ្យយើងផលិត និងនាំចេញនូវខោអាវគេងយប់នៅក្នុងបរិមាណដ៏ច្រើនសម្រាប់ទីផ្សារសហរដ្ឋអាមេរិក និងរហូតដល់ទីផ្សារកាណាដា»។
ចំពោះបញ្ហាប្រឈមដែលសហភាពអឺរ៉ុបដក EBA ផ្នែកខ្លះពីកម្ពុជាសម្រាប់លោក Raymond មានទំនុកចិត្តថាជាមួយនឹងកិច្ចខិតខំប្រឹងប្រែង និងមានផែនការធ្វើពិពិធកម្មអាជីវកម្មទៅក្នុងទីផ្សារដែលចំណេញច្រើន ហើយនៅពេលអនាគត JIE WEI អាចនឹងពឹងផ្អែកតិចទៅលើទីផ្សារអឺរ៉ុប។
លោកបានបន្ថែមថា៖ «ការព្រួយបារម្ភចម្បងសម្រាប់យើងជាមួយទីផ្សារអឺរ៉ុប គឺចាប់ពីខែសីហា ឆ្នាំ ២០២០ ពន្ធនាំចូលនឹងត្រូវអនុវត្តលើ ៤០ ប្រភេទគឺ ២៥ ប្រភេទសម្រាប់សម្លៀកបំពាក់ ៩ ប្រភេទសម្រាប់ស្បែកជើង និង ៦ ប្រភេទសម្រាប់កាបូប។ ជាមួយនឹងការយកពន្ធលើការបញ្ជាទិញនឹងធ្វើឱ្យការនាំចេញរបស់យើងថយចុះ។
«ការកាត់បន្ថយចំណាយប្រតិបត្តិការអាចជាជម្រើសមួយផ្សេងទៀតដែលយើងអាចពិចារណាប្រសិនបើយើងមានគម្រោងផ្តោតជាថ្មីម្តងទៀតនៅលើទីផ្សារអឺរ៉ុប ប៉ុន្តែសម្រាប់ពេលនេះ យើងក៏នឹងស្វែងរកដំណោះស្រាយ និងឱកាសផ្សេងទៀតដែលអាចកាត់បន្ថយការបាត់បង់សក្តានុពលនៅទីផ្សារសហភាពអឺរ៉ុប»។
ទោះយ៉ាងណាក៏ដោយសម្រាប់ JIE WEI ការផលិតសម្លៀកបំពាក់សម្រាប់គេងយប់ច្បាស់ណាស់រងផលប៉ះពាល់ ស្របពេលដែលមានភាពមិនប្រាកដនៃឧស្សាហកម្មកាត់ដេរនៅទូទាំងពិភពលោក៕