នាយកដ្ឋន​ពន្ធ​របស់​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រឹងប្រែង​បង្កើត និង​ដាក់​ឲ្យ​ទាញ​យក​ប្រើប្រាស់​ជា​សាធារណៈ​នូវ​កម្មវិធី​ស្មាតហ្វូន​ ១ ដែល​អនុញ្ញាត​ឲ្យ​សហគ្រិន​នានា​ក្នុង​ប្រទេស​កម្ពុជា​ធ្វើការ​បញ្ជាក់​ភាព​ពិត​លើ​លិខិត​សវនកម្ម​ដែល​ពួកគេ​បាន​ទទួល ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការពង្រឹង​អភិបាលកិច្ច​ល្អ និង​ការពារ​ការបោកប្រាស់​ហិរញ្ញវត្ថុ​។

កម្មវិធី​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ទាញ​យក​មកប្រើប្រាស់​ជា​ផ្លូវការ​នៅលើ Play Store និង Apple Store នៅ​ដើម​ខែ​នេះ​នូវ​កម្មវិធី GDT Audit Check សម្រាប់​ជួយ​ដល់​បណ្តា​អ្នក​ជាប់ពន្ធ​ដើម្បី​បញ្ជាក់​ថា ឯកសារ​ពន្ធ​ដែល​ពួកគេ​បាន​ទទួល​ជា​ឯកសារ​ពិត​ដែរ​ឬ​អត់​? កម្មវិធី​នេះ​ប្រើប្រាស់​បច្ចេកវិទ្យា​ដែល​ប្រើ​កាមេរ៉ា​ទូរស័ព្ទ​ស្កេន​លើ QR Code ដែល​ត្រូវ​បាន​បោះ​ទៅ​លើ​ឯកសារ​។ QR Code នេះ​អាច​ឲ្យ​ស្កេន​លឿន និង​មាន​សមត្ថភាព​ផ្ទុក​ទិន្នន័យ​ខ្ពស់​ជាង Bar Code ធម្មតា​ដែល​ជា​ទូទៅ​ត្រូវ​បាន​បោះពុម្ព​លើ​ទំនិញ​។

លោក គង់ វិបុល ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ឲ្យ​ដឹងថា ការបង្កើត​កម្មវិធី​ស្មាតហ្វូន​នេះ​ឡើង​គឺជា​ការបំពេញ​នូវ​កម្មវត្ថុ​មួយ​ដើម្បី​លើក​កម្ពស់​អភិបាលកិច្ច​ក៏​ដូចជា​សុវត្ថិភាព​ពន្ធដារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លោក​បាន​ពន្យល់​ថា៖ «​កម្មវិធី​នេះ​នឹង​ជួយ​យើង​លើក​កម្ពស់​តម្លាភាព​នៃ​សេវេកម្ម​របស់​យើង ដោយ​ផ្ទៀងផ្ទាត់​លិខិត​ឯកសារ​ឧទ្ទេសនាម​ជាមួយ​នឹង​ទិន្នន័យ​ព័ត៌មាន​របស់​សហគ្រាស​នៅ​ក្នុង System របស់​យើង​»​។

លោក គង់ វិបុល បន្ត​ថា​៖ «​ដូច្នេះ​ហើយ​វា​ជួយ​ការពារ​អ្នក​ជាប់​ពន្ធ​ពី​ជន​បោកប្រាស់​ទាំងឡាយ​ដែល​ក្លែង​ធ្វើ​ជា​ក្រុម​មន្ត្រី​របស់​យើង ហើយ​យក​ឯកសារ​ក្លែងក្លាយ​ទៅ​ឆរ​បោក​ប្រាក់​របស់​ពួកគាត់​»​។

បន្ទាប់ពី​ទាញ​យក​កម្មវិធី​មក​លើ​ស្មាតហ្វូន​រួច​អ្នក​ជាប់​ពន្ធ​ត្រូវ​បាន​តម្រូវ​ឲ្យ​បង្កើត​គណនី​ជាមុនសិន​។ ដំណើរការ​ចុះ​ឈ្មោះ​ទាមទារ​ព័ត៌មាន​របស់​អ្នក​ប្រើប្រាស់ និង​សហគ្រិន​របស់​ពួកគេ​រួម​ទាំង​លេខ​ទូរស័ព្ទ និង​លេខ​សម្គាល់​អ្នក​ជាប់ពន្ធ​ដែល​ត្រូវ​បាន​ចុះបញ្ជី និង​ធ្វើ​បច្ចុប្បន្នភាព​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ​។

នេះ​មិនមែន​ជា​លើក​ទី​ ១ ​ទេ​ដែល​អាជ្ញាធរ​ពន្ធ​កម្ពុជា​បាន​ប្រើប្រាស់​កម្មវិធី​ស្មាតហ្វូន​ដើម្បី​ជួយ​ទៅ​ដល់​អ្នក​ជាប់ពន្ធ​។ អគ្គនាយកដ្ឋាន​ពន្ធដារ​ក៏​ធ្លាប់​បាន​បង្កើត​កម្មវិធី​ស្មាតហ្វូន​ដែល​មាន​មុខងារ​ជា​ឧបករណ៍​គណនា​ពន្ធ ប្រក្រតិទិន​ពន្ធ និង​បណ្តាញ​សង្គម Live-Chat ដែល​អនុញ្ញាត​ឲ្យ​ប្រជាជន​ទំនាក់ទំនង​ដោយ​ផ្ទាល់​ជាមួយ​មន្ត្រី​ពន្ធដារ​។

លោក គង់ វិបុល បាន​ឲ្យ​ដឹង​ថា​នាយកដ្ឋាន​ព័ត៌មានវិទ្យា​នៃ​ស្ថាប័ន​របស់​លោក​កំពុង​តែ​ធ្វើការ​អភិវឌ្ឍ​កម្មវិធី​ស្មាតហ្វូន​បន្ថែម​ទៀត​ដែល​ក្នុង​នោះ​រួមមាន​ទាំង​កម្មវិធី​ដែល​អាច​ឲ្យ​អ្នក​ជាប់ពន្ធ​បង់ពន្ធ​តាមរយៈ​ប្រព័ន្ធ​ទូរស័ព្ទ​ស្មាតហ្វូន​ផង​ដែរ​។

លោក​និយាយ​ថា៖ «​យើង​មាន​អ្នក​ជំនាញ​វ័យក្មេង​ដ៏​ពូកែៗ​ជាច្រើន​ដែល​អាចបង្កើត​កម្មវិធី​ដ៏​មាន​ប្រយោជន៍​ជាច្រើន​ដែល​នឹង​អាច​ជួយ​យើង​សម្រេច​បាន​នូវ​អភិបាលកិច្ច​ដ៏ល្អ​ប្រសើរ​។ យើង​កំពុង​តែ​ធ្វើ​គ្រប់​យ៉ាង​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​ធានា​នូវ​តម្លាភាព​ល្អ និង​ទំនុក​ចិត្ត​របស់​អ្នក​បង់ពន្ធ​»៕