ការឈានចូលក្នុងទីផ្សារកម្ពុជារបស់បណ្តាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតជាច្រើន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងនោះមានក្រុមហ៊ុនព្រូដិនសលកម្ពុជា ដែលបានចូលតាំងពីឆ្នាំ ២០១៣ មក គឺជាការបង្ហាញពីការកើនឡើងនូវភាពជឿជាក់របស់ប្រតិបត្តិករធានារ៉ាប់រងអាយុជីវិតទៅលើសេដ្ឋកិច្ចរបស់កម្ពុជា។
ជាក្បួនក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត តែងតែធ្វើការវិនិយោគដោយមានការប្រុងប្រយ័ត្នខ្ពស់នៅក្នុងប្រទេសទាំងឡាយណាដែលក្រុមហ៊ុនធ្វើអាជីវកម្មហើយវិនិយោគលក្ខណៈយូរអង្វែងទៅលើទ្រព្យធនដែលអាចផ្តល់ចំណូលជាក់លាក់ និងមានស្ថិរភាព ឧទាហរណ៍ដូចជាមូលបត្ររដ្ឋាភិបាល ឬមូលបត្រនៃសាជីវកម្មណាដែលមានកេរិ៍្តឈ្មោះល្អ។ នេះដើម្បីធានាថា ក្រុមហ៊ុននឹងមានសមត្ថភាពហិរញ្ញវត្ថុគ្រប់គ្រាន់ ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនជូនចំពោះអតិថិជន។
ចាប់តាំងពីក្រុមហ៊ុនព្រូដិនសល បានចាប់ផ្តើមអាជីវកម្មជាលើកដំបូងរបស់ខ្លួននៅកម្ពុជាក្នុងឆ្នាំ ២០១៣ មក យើងបានតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើប្រភេទទ្រព្យធនបែបថ្មី ដែលក្រុមហ៊ុនអាចវិនិយោគបានក្នុងនោះរាប់បញ្ចូលទាំងទីផ្សារសញ្ញាបណ្ណសាជីវកម្មទើបចាប់កំណើតដែលក្រុមហ៊ុនធំៗក្នុងស្រុកមួយចំនួន កំពុងតែប្រើប្រាស់ជាប្រភពដើម្បីស្វែងរកដើមទុនបន្ថែម តាមរយៈការបញ្ចេញលក់នូវសញ្ញាបណ្ណរបស់ខ្លួន។
យើងក៏បានកត់សម្គាល់ឃើញផងដែរថា កាលពីពេលថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសថា នឹងសាកល្បងកម្មវិធីសញ្ញាបណ្ណរដ្ឋាភិបាលរបស់ខ្លួន ក្នុងគោលបំណងដើម្បីបញ្ចេញលក់សញ្ញាបណ្ណរបស់រដ្ឋជាប្រាក់រៀលខ្មែរ នៅត្រឹមឆ្នាំ ២០២២ ឬឆ្នាំ ២០២៣។
ទីផ្សារសញ្ញាបណ្ណរបស់រាជរដ្ឋាភិបាល ដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាឱ្យប្រាក់រៀលខ្មែរ ទទួលបាននូវចំណាត់ថ្នាក់អន្តរជាតិមួយក្នុងទីផ្សាររូបិយប័ណ្ណបរទេស និងចាប់ផ្តើមកាត់បន្ថយការប្រើប្រាស់ប្រាក់ដុល្លារជាបណ្តើរៗ ដែលនឹងធ្វើឱ្យកម្ពុជាគ្រប់គ្រងគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ខ្លួនបានទាំងស្រុង។
រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីលើកកម្ពស់ការចាយប្រាក់រៀលខ្មែរនៅក្នុងប្រទេស។ រាជរដ្ឋាភិបាលក៏បានគាំទ្រដល់ការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ រាប់បញ្ចូលទាំងការទូទាត់ផ្សេងៗដោយមិនប្រើប្រាស់ក្រដាសប្រាក់ ដែលនឹងជំរុញឱ្យមានការប្រើប្រាស់ប្រាក់រៀលកាន់តែទូលំទូលាយ។
សញ្ញាណទាំងនេះបង្ហាញឱ្យឃើញថា ប្រទេស កម្ពុជា កំពុងតែចាប់ផ្តើមក្លាយខ្លួនជាទីផ្សារហិរញ្ញវត្ថុប្រកបដោយបទពិសោធ និងភាពចាស់ទុំច្រើនជាងមុន តាមរយៈការបង្កើតឱ្យមានប្រភេទទ្រព្យហិរញ្ញវត្ថុអាយុកាលយូរអង្វែង និងមានស្ថិរភាពខ្ពស់។ ទន្ទឹមគ្នានេះដែរ ទីផ្សារហិរញ្ញវត្ថុកម្ពុជា ក៏នឹងទទួលបាននូវចលនាសាច់ប្រាក់មានលំហូរសស្រោកសស្រាំជាងមុន។
យើងមានជំនឿយ៉ាងមុតមាំថា ដំណើរការពិពិធកម្ម (ការធ្វើឱ្យមានកាន់តែច្រើនបែបផ្សេងៗគ្នា) នៃទ្រព្យហិរញ្ញវត្ថុដែលអាចវិនិយោគបាននៅក្នុងប្រទេស កម្ពុជា នឹងកាន់តែឈានទៅមុខ ហើយយើងក៏ចង់ឃើញការឈានទៅមុខបែបនេះមាននៅក្រៅប្រទេស កម្ពុជា ផងដែរ។
ជាឧទាហរណ៍ យើងអាចវិនិយោគបានលើទ្រព្យហិរញ្ញវត្ថុរបស់រតនាគារជាតិនៃសហរដ្ឋអាមេរិក (US Treasuries) ដែលយើងនឹងរឹតតែមានសុវត្ថិភាពបន្ថែមទៀតលើការថែរក្សា និងសន្សំលុយ។ នៅពេលការវិវត្តនេះឈានដល់ដំណាក់កាលមួយ ដែលការវិនិយោគអាចធ្វើទៅបានទាំងនៅក្នុង និងក្រៅប្រទេស នោះវានឹងជួយសម្រួល និងធ្វើឱ្យមានតុល្យភាពលើដំណើរការពិពិធកម្មទ្រព្យហិរញ្ញវត្ថុ។
ក្រុមហ៊ុនព្រូដិនសល ស្វាគមន៍ចំពោះការវិវត្តថ្មីនេះ ហើយពួកយើងនឹងប្រើប្រាស់ចំណេះដឹងដែលយើងមានតាមរយៈបទពិសោធជាង ១៧១ ឆ្នាំ ដើម្បីគាំទ្រយុទ្ធសាស្ត្រពង្រីកទីផ្សារហិរញ្ញវត្ថុរបស់រដ្ឋាភិបាលកម្ពុជា។ បទពិសោធរបស់យើង គឺមានទាំងនៅទីផ្សារដែលមានការអភិវឌ្ឍខ្ពស់ និងទីផ្សារកំពុងអភិវឌ្ឍន៍ដូចប្រទេស កម្ពុជា នេះ៕
ដោយលោក David Nutman អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងព្រូដិនសលកម្ពុជា