ខាងក្រោមនេះគឺជាភោជនីយដ្ឋានល្បីៗ មួយចំនួនទៀតដែលមានបម្រើជូននូវអាហារមានឱជារសឆ្ងាញ់ៗអមជាមួយនឹងបរិយាកាសដ៏ត្រកាលត្រជាក់អារម្មណ៍ និងជាប់ចំណាត់ថ្នាក់ជាបណ្តាភោជនីយដ្ឋានកំពូលៗរបស់រាជធានីភ្នំពេញ។
ភោជនីយដ្ឋាន Le Royal
Le Royal ដែលជាភោជនីយដ្ឋានដ៏ប្រណីតបំផុតមួយក្នុងសណ្ឋាគារ Raffles Hotel Le Royal ផ្ទាល់តែម្តងនោះ គឺជាភោជនីយដ្ឋានដែលបង្កប់នូវមន្តស្នេហ៍ឆក់យកអារម្មណ៍ភ្ញៀវដែលបានទៅទីនោះ ហើយជាកន្លែងដ៏ប្រណីតមួយដោយស្ថិតក្នុងអគារពីសម័យអាណានិគមបារាំង និងបានតុបតែងបែបសម័យបុរាណផងដែរ។
កន្លែងពិសាអាហារធំទូលាយជាមួយនឹងការតុបតែងគ្រឿងសង្ហារិមដ៏ស្រស់ស្អាតបំផុតរួមនឹងអំពូលព្យូរពីពិតានដ៏ធំ និងពិតានដែលត្រូវបានគូរដោយផ្ទាល់ដៃរបស់វិចិត្រករដ៏ល្បីឈ្មោះមួយរូបទៀតផង។
រីឯ មុខម្ហូបដែលមានទាំងអាហាររបស់បារាំងសុទ្ធសាធ និងអាហារប្រពៃណីខ្មែរពិតៗ មានឱជារសឆ្ងាញ់ដក់ជាប់ក្នុងចិត្តអ្នកពិសាផងនោះ ត្រូវបានចម្អិនយ៉ាងសម្រិតសម្រាំងប្រកបដោយគុណភាពខ្ពស់ និងមានសោភ័ណភាពទាក់ភ្នែកគួរឲ្យចង់ទទួលទានផងដែរ។
សណ្ឋាគារ Raffles Hotel Le Royal
លេខ៩២ រុក្ខវិថី
ទូរស័ព្ទ ៖ ០២៣ ៩៨១ ៨៨៨
ភោជនីយដ្ឋាន Do Forni
មុខម្ហូបដែលមានបម្រើជូនក្នុងភោជនីយដ្ឋាន Do Forni នេះគឺមានរសជាតិឆ្ងាញ់គ្រប់ម៉ាត់ និងប្លែកពីភោជនីយដ្ឋានដទៃផងដែរ ហើយត្រូវបានស្គាល់ថា ជាភោជនីយដ្ឋានអាហារអុីតាលីឆ្ងាញ់ផុតលេខក្នុងរាជធានីភ្នំពេញ។
ម្ហូបអាហារទាំងអស់ត្រូវបានចម្អិនដោយចុងភៅអុីតាលី ដោយប្រើនូវស្នាដៃចម្អិនយ៉ាងចំណានមកពីប្រទេសកំណើតរបស់ខ្លួន និងបត់បែនគ្រប់រដូវកាលថែមទៀតផង។ ម្ហូបទាំងអស់ត្រូវបានចម្អិនដោយប្រើគ្រឿងផ្សំស្រស់ៗបំផុត ប្រកបដោយភាពសម្រិតសម្រាំង អមដោយបរិយាកាសកន្លែងទទួលទានស្អាតគួរឲ្យស្លុងអារម្មណ៍ ហើយរឹតតែពិសេសនោះ គឺចង្ក្រានគ្មានជញ្ជាំងដែលអ្នកទៅទទួលទានអាចមើលឃើញនូវការចម្អិនអាហារដ៏ចំណានរបស់ចុងភៅ និងជញ្ជាំងកញ្ចក់ក្បែរអាងហែលទឹកផងដែរ។
រីឯ ស្រាវិញគឺសុទ្ធតែមានរសជាតិស៊ីគ្នាទៅនឹងអាហារដែលបម្រើជូននៅទីនេះជាទីបំផុត ហើយមានច្រើនជាង៦០មុខ សម្រាប់ជ្រើសរើសរួមទាំងប្រភេទស្រារបស់អុីតាលី ដែលមានគុណភាពខ្ពស់ និងរសជាតិឆា្ងញ់ពិសាថែមទៀតផង។
សណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ
លេខ២៦ មហាវិថីព្រះសុធារស
ទូរស័ព្ទ៖ 023 999 200
ភោជនីយដ្ឋានក្រវាញ
ភោជនីយដ្ឋានក្រវាញគឺជាភោជនីយដ្ឋានដែលត្រូវបានរចនាតុបតែងឡើងជាមួយនឹងម៉ូដខ្មែរបុរាណ និងសម័យបញ្ចូលគ្នាដ៏ប្រណីត។
ភោជនីយដ្ឋានក្រវាញមានបម្រើជូននូវអាហារខ្មែរ និងអាហារដែលបម្រើជូនខ្សែរាជវង្សរបស់ខ្មែរ ដោយត្រូវបានចម្អិន និងតុបតែងយ៉ាងទាក់ទាញ ព្រមទាំងអាហារប្រពៃណីជាទីពេញនិយមបំផុត ក៏ដូចជាអាហារឆ្ងាញ់ៗរបស់ខ្មែរដែលមហាជនភាគច្រើនមិនបានដឹង និងមិនទាន់បានភ្លក្សផងដែរ។
អាហារនៅក្រវាញមានរសជាតិពិសេសប្លែកគេ ហើយត្រូវបានរៀបចំចម្អិនប្រកបដោយគុណភាពខ្ពស់ ដោយប្រើតែគ្រឿងផ្សំស្រស់ៗបំផុតក្នុងប្រទេសខ្មែរផ្ទាល់តែម្តង ដែលអ្នកពិសាមិនអាចបំភ្លេចបាន។
អគារ១១២ វិថីសុធារស ក្បែរមហាវិថីព្រះសីហនុ ទូរស័ព្ទ៖០១២ ៥៣៩ ៩៧៧
អគារលេខ៦៧ ផ្លូវលេខ៤៥០ ក្បែរផ្សារទួលទំពូង
ទូរស័ព្ទ៖ ០១២ ៣១៩ ១១១
ភោជនីយដ្ឋានខេម៉ា
ទីតាំងទាំង២របស់ភោជនីយដ្ឋានខេម៉ាមានកិត្តិស័ព្ទល្បីរន្ទឺដោយសារតែតម្លៃម្ហូបអាហារដ៏សមរម្យ ប៉ុន្តែឱជារសម្ហូបអាហារឆ្ងាញ់គួរឲ្យភ្ញាក់ផ្អើល ដែលជាភោជនីយដ្ឋានបារាំងលំដាប់កំពូលមួយ។
ម្ហូបអាហារដែលត្រូវបានចម្អិន និងតុបតែងប្រកបដោយភាពច្នៃប្រឌិតពិសេសគឺមានទាំងអាហារបារាំង និងអាហារអឺរ៉ុបផងដែរ ដែលត្រូវបានចម្អិនដោយផ្ចិតផ្ចង់ និងមានគុណភាពខ្ពស់។ ភោជនីយដ្ឋាននេះក៏មានហាងនំប៉័ងមួយ និងហាងលក់សាច់មួយក្នុងនោះស្រាប់ផងដែរ ព្រមទាំងម្ហូបអាហារដែលធ្វើដោយផ្ទាល់ដៃសម្រាប់ការខ្ចប់ទៅពិសាខាងក្រៅទៀតផង។
រីឯ តម្លៃវិញគឺពិតជាសមរម្យគួរឲ្យចាប់អារម្មណ៍ ហើយអាហារប៊ូហ្វេពេលព្រឹកវិញគឺជាការផ្តល់ជូនដ៏លេចធ្លោមួយមិនគួររំលងសម្រាប់អ្នករស់នៅក្នុងទីក្រុងដ៏ស្រស់ស្អាតនេះទេ។
ភោជនីយដ្ឋានខេម៉ា ផ្លូវប៉ាស្ទ័រ (Khema Pasteur)
ស្ថិតក្នុងសណ្ឋាគារអរុណរះជាន់ផ្ទាល់ដី អគារលេខ១៦៣ ផ្លូវលេខ៥១
ទូរស័ព្ទ៖ ០២៣ ២១៣ ៩៦៩
ភោជនីយដ្ឋានខេមាក្បែរប្រៃសណីយ៍ (Khema la Poste)
លេខ៤១ ផ្លូវលេខ១៣ (កែងផ្លូវលេខ៩៨)
ទូរស័ព្ទ៖ ០១៥៨៤១៨៨៨
ភោជនីយដ្ឋានទន្លេបាសាក់
ជាមួយនឹងទីតាំងចំនួន ២ ក្នុងទីក្រុងភ្នំពេញ ភោជនីយដ្ឋានទន្លេបាសាក់គឺជាកន្លែងពិសាអាហារប៊ូហ្វេដ៏ល្បីល្បាញ់យ៉ាងខ្លាំងដែលរួមមាននូវអាហារបែបអាស៊ីដែលមានរសជាតិឈ្ងុយឆ្ងាញ់ដល់ទៅជាង ២០០ មុខ។
បើទោះជាមានកៅអីសម្រាប់បម្រើភ្ញៀវដល់ទៅរាប់រយនាក់ក្តី ក៏ភោជនីយដ្ឋានមួយនេះមានភ្ញៀវជាក្រុមៗ និងគ្រួសារចូលពេញៗមិនដែលខាន ដើម្បីទៅពិសាសាច់អាំង គ្រឿងសមុទ្រ និងអាហារសម្រាប់អ្នកញ៉ាំតែបន្ថែមដែលមានរសជាតិឆ្ងាញ់ពិសាផងដែរ។
រីឯ តម្លៃវិញអាចនិយាយបានថាសមរម្យបំផុត បើយើងគិតដល់ទាំងគុណភាព និងជម្រើសអាហារប៊ូហ្វេយ៉ាងច្រើនមុខផងនោះ។
អគារលេខ ១៧៧ មហាវិថីម៉ៅសេទុង ក្បែរផ្សារទួលទំពូង
ទូរស័ព្ទ៖ ០២៣ ២១០ ០១៩
អគារលេខ៥៣៤ មហាវិថីព្រះមុនីវង្ស ក្បែរស្ពានអាកាសក្បាលថ្នល់
ទូរស័ព្ទ៖ ០៨១ ៩១៣ ៨៨៨