ការអប់រំពីដំបូងដើម្បីធ្វើជាម្ចាស់ការលើការគ្រប់គ្រងប្រាក់គឺមានសារៈសំខាន់ណាស់ក្នុងការបង្កើតចំណេះ ដឹងផ្នែកហិរញ្ញវត្ថុដល់ប្រជាជនហើយនេះជាគឺជាអ្វីដែលប្រជាជនកូរ៉េខាងត្បូងបានធ្វើកាលពីទសវត្សរ៍ឆ្នាំ ១៩៦០នៅពេលពួកគេបានចាប់ផ្ដើមកសាងឡើងវិញនូវសេដ្ឋកិច្ចដែលបែកបាក់របស់ពួកគេ។
រដ្ឋាភិបាលត្រូវបានកំណត់លើការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ប្រទេសនេះនិងជាវិធានការមួយក្នុងចំណោមវិធានការជាច្រើនដែលបានចាប់ផ្ដើមដើម្បីបំផុសឲ្យមានការសន្សំប្រាក់តាមធនាគារក្នុងចំណោមសាធា រណៈជនហើយគំនិតនេះត្រូវបានប្រើប្រាស់តាមសាលានៅទូទាំងប្រទេស។
យើងត្រូវការការផ្លាស់ប្តូរឥរិយាបថហើយយើងចាំបាច់ត្រូវចាប់ផ្ដើមក្នុងដំណាក់កាលដំបូង។ក្រៅពីការ យល់ ដឹងគឺយើងត្រូវធ្វើវា។ការយល់ដឹងនិងការធ្វើគឺជារឿងពីរផ្សេងគ្នា។នៅពេលខ្ញុំចាប់ផ្ដើមគណនីសន្សំប្រាក់ដំបូងរបស់ខ្ញុំគឺខ្ញុំកំពុងរៀននៅថ្នាក់ទី ៤ និងមានអាយុ ១០ ឆ្នាំ»។
លោក Shin Chang Moo ប្រធានធនាគារ Phnom Penh Commercial Bank (PPCBank) បានបន្ថែមថា៖ «នៅក្នុងប្រទេសកូរ៉េ (នៅពេលនោះ) មានយុទ្ធនាការសង្គមដ៏រឹងមាំមួយ «សិស្សម្នាក់សៀវភៅធនាគារមួយក្បាល» ដើម្បីជំរុញឲ្យមានការសន្សំប្រាក់នៅធនាគារហើយនេះគឺជាបទបញ្ជា។សាលារៀននិងធនាគារពាណិជ្ជបានធ្វើការងារជាមួយគ្នា»។
នៅក្នុងបទសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្ដិ៍លោក Shin បានរៀបរាប់យ៉ាងច្បាស់អំពីប្រវត្ដិជោគជ័យរបស់ប្រទេសកូរ៉េខាងត្បូងនិងរបៀបដែលវាបានជួយក្នុងការបង្កើនការសន្សំប្រាក់របស់ប្រទេសនេះនិងរបៀបដែលទីបំផុតប្រទេសនេះបានប្រែក្លាយទៅជាប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនៅអាស៊ី។
គោលនយោបាយសមហេតុផលមួយដែលបានផ្ដល់ដល់ប្រទេសនេះគឺការផ្សព្វផ្សាយ «ធនាគារតាមសាលារៀន» ដែលបានជំរុញឲ្យមានការសន្សំប្រាក់។ «នៅពេលនោះប្រាក់ចំណូលក្នុងមនុស្សម្នាក់ៗរបស់យើងមិនដល់ ១០០ ដុល្លារនោះទេនិងអនុបាតប្រាក់បញ្ញើរបស់ប្រទេសនេះមានប្រហែល ៦ ភាគរយប៉ុណ្ណោះកាលពីពាក់កណ្ដាលទសវត្សរ៍ឆ្នាំ ១៩៦០។ប៉ុន្តែអនុបាតប្រាក់បញ្ញើកាលពីទសវត្សរ៍ឆ្នាំ ១៩៨០ បានកើនឡើងដល់ជាង ៣០ ភាគរយ។
លោក Shin មានមោទនភាពក្នុងអំឡុងកិច្ចសម្ភាសន៍នៅការិយាល័យកណ្ដាលដ៏ទំនើបរបស់លោកនៅក្នុងទីក្រុងភ្នំពេញថា៖ «វាគឺជាគំនិតផ្ដួចផ្ដើមដ៏រឹងមាំមួយដោយក្រសួងអប់រំធនាគារកណ្ដាលរបស់ប្រទេសកូរ៉េក្រសួងហិរញ្ញវត្ថុ និងការិយាល័យទំនាក់ទំនងសាធាណៈរបស់ប្រទេសនេះហើយវាទទួលបានជោគជ័យយ៉ាងខ្លាំង»។
ប្រទេសកម្ពុជាអាចមិនមានស្ថានភាពសង្គមឬសេដ្ឋកិច្ចដូចគ្នានឹងប្រទេសកូរ៉េខាងត្បូងប៉ុន្តែប្រទេសនេះមានភាពដូចគ្នាមួយចំនួនការកសាងសេដ្ឋកិច្ចរបស់ខ្លួនបន្ទាប់ពីអសិ្ថរភាពរយៈពេលវែង ការបង្កើតការងារ ការ កាត់បន្ថយភាពក្រីក្រការលើកកម្ពស់ការអប់រំ និងការពង្រឹងប្រព័ន្ធហិរញ្ញវត្ថុរបស់ខ្លួនជាដើម។
ជាឧទាហរណ៍ធនាគារជាតិនៃកម្ពុជាកំពុងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុយ៉ាងសកម្មក្នុងចំណោមសាធារណៈជនដើម្បីធានាឲ្យប្រាកដថាអតិថិជនមានជំនាញត្រឹមត្រូវដើម្បីគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេនៅពេលអនាគតបានច្បាស់លាស់។
វេទិកាស្តីពីចំណេះដឹងផ្នែកហិរញ្ញវត្ថុនឹងត្រូវធ្វើឡើងនៅផ្សារទំនើបអ៊ីអន២សែនសុខនៅថ្ងៃទី ២៣ ខែមេសានេះគឺជាគំរូមួយពីរបៀបដែលធនាគារកណ្ដាលកំពុងព្យាយាមក្នុងការអប់រំសាធារៈជនអំពីជំនាញផ្នែកហិរញ្ញវត្ថុ។
លោកថ្លែងថា៖ «យើងបានពឹងផ្អែកលើការនាំចេញដូចជាវាយនភ័ណ្ឌមួកសក់ក្លែងក្លាយស្បែកជើងនិងបានពឹងផ្អែកយ៉ាងខ្លាំងលើជំនួយបរទេស»។
លោកបន្តថា៖ «ដូច្នេះមានស្ថានភាពដូចគ្នាមួយចំនួននិងស្ថានភាពខុសគ្នាមួយចំនួន។ខ្ញុំមិនប្រាកដថាករណីរបស់ប្រទេសកូរ៉េអាចអនុវត្តបានចំពោះស្ថានភាពរបស់ប្រទេសកម្ពុជាដែរឬទេប៉ុន្តែយើងអាចកែប្រែវានិងអនុវត្តចំពោះស្ថានភាពរបស់ប្រទេសកម្ពុជាបាន។
នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័សដូចកម្ពុជាជាពិសេសជាកន្លែងមានប្រជាជនវ័យក្មេងច្រើនដូច្នេះចំណេះដឹងលើការគ្រប់គ្រងហិរញ្ញវត្ថុគឺវាមានសារៈសំខាន់ក្នុងការធ្វើឲ្យមានការសម្រេច ចិត្តផ្នែកហិរញ្ញវត្ថុល្អប្រសើរដូចជាការវិនិយោគការខ្ចីប្រាក់ការសន្សំប្រាក់ឬការបង្កើតទ្រព្យសម្បតិ្ត។
ជាសង្ខេបបុគ្គលមួយរូបត្រូវមានលទ្ធភាពក្នុងការសម្រេចចិត្តដោយប្រុងប្រយ័ត្ននៅពេលជាប់ពាក់ព័ន្ធជាមួយប្រាក់ដើម្បីចៀសវាងការធ្លាក់ចូលទៅក្នុងអន្ទាក់បំណុល។
ដោយសារតែទីផ្សារហិរញ្ញវត្ថុកាន់តែស្មុគស្មាញខ្លាំងដោយមានការចូលមកនូវផលិតផលធនាគារថ្មីៗ (ដូចជាផែនការវិនិយោគ កាតឥណទាន និងកាតឥណពន្ធ) និងការចូលមកនៃបច្ចេកវិទ្យាហិរញ្ញវត្ថុមូលដ្ឋានដ៏រឹងមាំមួយនៅក្នុងការអប់រំផ្នែកហិរញ្ញវត្ថុត្រូវតែយកចិត្តទុកដាក់។ អវិជ្ជាផ្នែកហិរញ្ញវត្ថុអាចជាគ្រោះថ្នាក់មួយជាពិសេសសម្រាប់និស្សិតទើបរៀនចប់សាកលវិទ្យាល័យថ្មីៗដែលចូលក្នុងកម្លាំងពលកម្ម។
ក្រៅពីនេះកម្រិតខ្ពស់នៃចំណេះដឹងផ្នែកហិរញ្ញវត្ថុអាចជំរុញឲ្យមានលទ្ធភាពក្នុងការទទួលបានហិរញ្ញវត្ថុគ្រប់គ្នាដោយហេតុនេះសាធារណៈជនអាចមានលទ្ធភាពក្នុងការទទួលបានប្រភពហិរញ្ញវត្ថុតម្លៃទាបនិងធនធានហិរញ្ញវត្ថុប្រកបដោយផ្លែផ្កា។
លោក Shin លើកឡើងថា៖ «ចំណេះដឹងផ្នែកហិរញ្ញវត្ថុជួយលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ។ធនាគារពាណិជ្ជត្រូវតែសកម្មក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុនិងបរិយាប័ន្នហិរញ្ញវត្ថុ។នៅទីបំផុតវាក៏នឹងផ្ដល់អត្ថប្រយោជន៍ដល់ធនាគារផងដែរហើយយើងនឹងមានចំណែកទីផ្សារកាន់តែធំ»៕