ការរៀនសូត្រ​ក្នុង​ការសម្រេចចិត្ត​ប្រកប​ដោយ​ការទទួល​ខុសត្រូវ​ផ្នែក​ហិរញ្ញវត្ថុ ចាប់តាំងពី​វ័យក្មេង​បាន​ជួយ​ឲ្យ​លោក ឡាយ ឈុនហួរ ដែល​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន City Rice Import Co., LTD ក្លាយ​ជា​ពាណិជ្ជករ​ដ៏ជោគជ័យ​មួយរូប​។

ថ្លែង​មក​កាន់​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​លោក​ ឡាយ ឈុនហួរ បាន​ថ្លែង​ថា​លោក​បាន​រៀនសូត្រ​អំពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ពី​ឪពុកម្ដាយ​របស់​លោក​ដែល​ជា​អ្នក​លក់​គុយទាវ ហើយ​ក្រោយ​មក​ក្លាយ​ជា​ពាណិជ្ជករ​លក់​អង្ករ​។

លោក​លើកឡើង​ថា​៖ «​ពីដំបូង​ខ្ញុំ​រៀន​អំពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ពី​ឪពុកម្ដាយ​របស់ខ្ញុំ​។ ដោយ​បាន​កើត​នៅក្នុង​គ្រួសារ​មួយ​ដែល​បាន​ជាប់ទាក់ទង​នឹង​ការធ្វើ​អាជីវកម្ម យើង​បាន​បង្រៀន​អំពី​ហិរញ្ញវត្ថុ​ និង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​នៅ​កម្រិត​មូលដ្ឋាន​»​។

ប៉ុន្តែ​យុវជន​ ឈុនហួរ ​យល់​ឃើញ​ថា​លោក​ចង់​អភិវឌ្ឍ​ជំនាញ​ហិរញ្ញវត្ថុ​របស់​លោក​ថែម​បន្តិចទៀត បន្ទាប់ពី​ការរៀន​ជំនាញ​បឋម​នៅ​ផ្ទះ​។

លោក ​ឈុនហួរ ​ដែល​មាន​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​អាជីវកម្ម​ (MBA) ពី​សាកលវិទ្យាល័យ California State University ទីក្រុង Long Beach ដែល​សិក្សា​លើ​មុខវិជ្ជា​ហិរញ្ញវត្ថុ​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​បាន​រៀនចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ នៅក្នុង​សាលារៀន​អាជីវកម្ម​ក្នុង​អំឡុង​ថ្នាក់​ឧត្តមសិក្សា​ និង​ក្រោយ​ឧត្តមសិក្សា​»​។

លោក​បន្ត​ថា​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​បាន​ជួយ​ឲ្យ​លោក​បង្កើត​​ និង​កសាង​គ្រប់​ដំណាក់​កាល​នៃ​អាជីវកម្ម​របស់​លោក​។

លោក​ ឈុនហួរ ​សង្កត់​ធ្ងន់​ថា​៖ «​វា​ជា​ផ្នែក​មួយ​ដែល​មាន​សារៈសំខាន់​ខ្លាំង​បំផុត​ក្នុង​ការធានា​ភាពជោគជ័យ​របស់​ក្រុមហ៊ុន​។ ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដើរតួនាទី​ដ៏សំខាន់​ក្នុង​ការបង្កើត​អាជីវកម្ម​ដំបូង​របស់​ខ្ញុំ​ការជួញដូរ​អង្ករ ហើយ​ខ្ញុំ​គិតថា​អាជីវកម្ម​ណា​មួយ​ក៏ដោយ​ត្រូវការ​ចំណេះដឹង​នេះ ដើម្បី​ភាព​ជោគជ័យ​និង​ប្រកប​ដោយ​ស្ថិរភាព​»​។

ខណៈ​ដែល​អាជីវកម្ម​កាន់តែ​រីកចម្រើន​ និង​កើនឡើង ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​បាន​បន្ត​ដើរតួនាទី​ដ៏សំខាន់​នៅក្នុង​កំណើន​នេះ​។

លោក​ ឈុនហួរ ​បន្ថែម​ថា​៖ «​យើង​បាន​រីកចម្រើន​ចាប់​តាំងពី​មិន​ទាន់​មាន​នរណា​ម្នាក់​កាលពី​ឆ្នាំ​ ២០១១ នៅពេល​ក្រុមហ៊ុន City Rice ត្រូវ​បាន​បង្កើត​ឡើង​ជា​លើកដំបូង ហើយ​នៅពេល​នេះ​យើង​បាន​ក្លាយ​ជា​រោងចក្រ និង​ក្រុមហ៊ុន​នាំចេញ​ឈាន​មុខ​គេ​ធំ​បំផុត​លំដាប់​ទី​ ២ ​កាលពី​ឆ្នាំ​ ២០១៨ បើ​គិតពី​ការលក់​។ ចំណេះដឹង​នៅក្នុង​វិស័យ​នេះ​បាន​ជួយ​ពួកយើង​ក្នុង​ការបង្កើត​ផែនការ​ហិរញ្ញវត្ថុ​ដែល​បាន​ចៀស​ផុត​ពី​វិបត្តិ​ណា​មួយ​នៅក្នុង​លំហូរ​សាច់ប្រាក់​របស់​យើង និង​បង្កើត​កំណើន​ប្រកប​ដោយ​ស្ថិរភាព​ក្នុង​រយៈពេល​ខ្លី​ និង​រយៈពេល​វែង​»​។

នៅពេល​ចាប់ផ្ដើម​អាជីវកម្ម​ថ្មី​មួយ ឬ​ការពង្រីក​អាជីវកម្ម​មួយ​ដែល​មាន​ស្រាប់ ភាគច្រើន​ដៃគូ​ ឬ​បុគ្គល​នោះ​ប្រហែល​ជា​គិតដល់​ការខ្ចី​បុល​។

លោក​ ឈុនហួរ ​ឲ្យ​ដឹង​ទៀត​ថា​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​អាច​ជួយ​ដល់​ប្រជាជន​ឲ្យ​យល់​ដឹង​ពី​សារៈសំខាន់ និង​ភាពត្រឹមត្រូវ​នៃ​ការសង​ប្រាក់​កម្ចី​ត្រឡប់​ទៅ​វិញ​ឲ្យ​ទាន់​ពេលវេលា​ និង​ពេញលេញ​។ លោក​បញ្ជាក់​ថា​លោក​បាន​រៀន​ពី​គ្រួសារ​របស់​លោក​នូវ​ទស្សនវិជ្ជា​ដ៏មាន​សារៈសំខាន់​នៅពេល​ខ្ចីប្រាក់​។

លោក​ថ្លែង​ថា​៖ «​យើង​ត្រូវ​បាន​បង្រៀន​តាំងពី​ក្មេង​ថា​កម្ចី​មិនមែន​ជា​ប្រាក់​របស់​យើង​នោះ​ទេ​។ វា​ជា​កាតព្វកិច្ច និង​ការប្ដេជ្ញាចិត្ត​មួយ​។ ការយល់ដឹង​ពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ដូចជា​ការចំណាយ​ជា​ថវិកា ការគ្រប់គ្រង​គណនេយ្យ​ដែល​អាច​ទទួល​យក​បាន និង​គណនេយ្យ​ដែល​អាច​ទូទាត់​បាន​មាន​សារៈសំខាន់​ទាំងអស់​សម្រាប់​ម្ចាស់​ក្រុមហ៊ុន​។ លំហូរ​សាច់ប្រាក់​គឺជា​សរសៃឈាម​របស់​ក្រុមហ៊ុន​។ យើង​ចាំបាច់​ត្រូវ​គ្រប់គ្រង​លំហូរ​សាច់ប្រាក់​ឲ្យ​បាន​ល្អ​ជានិច្ច​ដើម្បី​សង​កម្ចី​ទាន់​ពេលវេលា​»​។

លោក​ ឈុនហួរ ​បាន​ឲ្យ​ដឹងថា​ខណៈ​ដែល​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​កំពុង​កើនឡើង​នៅក្នុង​ប្រទេស​កម្ពុជា​ចំនួន​ប្រជាជន​ដែល​យល់ដឹង​ពី​ហិរញ្ញវត្ថុ​នៅតែ​មាន​ចំនួន​តិច​នៅ​ឡើយ​។ លោក​បន្ត​ថា​ខណៈ​ដែល​វា​អាច​មាន​លទ្ធភាព​ក្នុង​ការរកប្រាក់ និង​រស់នៅ​ក្នុង​ជីវិត​មួយ​ល្អប្រសើរ ហើយ​បើ​មិន​មាន​ការយល់ដឹង​ផ្នែក​ហិរញ្ញវត្ថុ​នោះ​នឹង​មិន​មាន​លទ្ធភាព​ក្នុង​ការបង្កើត​ ឬ​ធ្វើឲ្យ​រីកចម្រើន​ដល់​ក្រុមហ៊ុន​របស់​លោក​បាន​ទេ​។

លោក​លើក​ឡើង​ថា​៖ «​ជានិច្ចកាល​យើង​អាច​រកប្រាក់​បាន ប៉ុន្តែ​ដើម្បី​ធ្វើឲ្យ​ក្រុមហ៊ុន​រីកចម្រើន​ដល់​កម្រិត​ណា​មួយ​នោះ យើង​ចាំបាច់​ត្រូវ​មាន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​»​។

លោក​ ហួរ ​ថ្លែង​ថា​៖ «​យើង​ត្រូវតែ​មាន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដោយ​មិន​គិតពី​អាជីវកម្ម​អ្វី​ដែល​យើង​ចង់​ធ្វើ​នៅពេល​អនាគត​នោះទេ​។ សម្រាប់​យុវវ័យ​មាន​មធ្យោបាយ​ជាច្រើន​ក្នុង​ការរៀនសូត្រ មាន​ទាំង​វគ្គ​ខ្លី ឬ​ទោះបី​ជា​អាន​សៀវភៅ​ស្ដីពី​ហិរញ្ញវត្ថុ​ក៏ដោយ​។ វា​ជា​ជំនាញ​មួយ​ដែល​កំណត់​ថា​អ្នក​ចាំបាច់​ត្រូវ​ហ្វឹកហាត់​ដោយ​ខ្លួនឯង ប្រសិន​បើ​អ្នក​ចង់​ធ្វើឲ្យ​រីកចម្រើន​អ្វី​ក៏ដោយ​ឲ្យ​តែ​អ្នក​ចង់​ធ្វើ​នៅពេល​អនាគត​»៕