ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជាបានចាប់ផ្តើម «កម្មវិធីជួបសិស្សនិស្សិត» ចាប់តាំងពីឆ្នាំ ២០១២ មកម្ល៉េះ។ តាមរយៈកម្មវិធីនេះក្រុមការងារស្ថានទូត ជប៉ុនជួបជាមួយសិស្សវិទ្យាល័យ ឬនិស្សិតសាកលវិទ្យាល័យ និង បង្ហាញពីវប្បធម៌ប្រពៃណីជប៉ុន។ រហូតមកដល់ពេលនេះកម្មវិធីជួបសិស្សនិស្សិតត្រូវបានរៀបចំឡើងនៅវិទ្យាល័យ និងសាកលវិទ្យាល័យច្រើនជាង ៥០ ទូទាំងប្រទេសកម្ពុជាព្រមទាំងនៅស្ថានទូតជប៉ុនផងដែរ។
តោះស្វែងយល់ពីខ្លឹមសារនៃកម្មវិធី!
អំឡុងរយៈពេល ១ ម៉ោងកន្លះទៅ ២ ម៉ោងសិស្សនិស្សិតនឹងស្វែងយល់ពីទេសភាពដ៏អស្ចារ្យនៅទីតាំងផ្សេងៗក្នុងប្រទេសជប៉ុនតាមរយៈវីដេអូឯកសារខ្លី និងបានស្តាប់បទបង្ហាញពីប្រទេសជប៉ុន ប្រវត្តិ ទំនាក់ទំនងមិត្តភាពជប៉ុន-កម្ពុជាអាហារូបករណ៍រដ្ឋាភិបាលជប៉ុនព្រមទាំងបានសាកល្បងដកស្រង់បទពិសោធជាក់ស្តែងពីទំនៀមទម្លាប់វប្បធម៌ជប៉ុនដូចជា ការស្លៀកសម្លៀកបំពាក់ប្រពៃណីសម្រាប់រដូវក្តៅ «យូកាតា» ការសរសេរអក្សរផ្ចង់ជប៉ុន «ស្យូដូ» សិល្បៈបត់ក្រដាស «អូរីហ្គាមី» និងការសាកល្បងឆ្លើយសំណួរងាយៗស្តីពីប្រទេសជប៉ុនជាដើម។
សិស្សនិស្សិតបានបង្ហាញនូវទឹកមុខចង់ដឹងអំពីប្រទេសដែលនៅឆ្ងាយពីខ្លួន និង សម្តែងចេញនូវក្តីរំភើបរីករាយជាមួយនឹងសកម្មភាពគួរឲ្យចាប់អារម្មណ៍។ បទពិសោធទាំងនេះមិនត្រឹមតែជាឱកាសទទួលបានចំណេះដឹងពីប្រទេសជប៉ុនប៉ុណ្ណោះទេថែមទាំងជាកត្តាជំរុញឲ្យពួកគាត់គិតអំពីជំនាញ ឬមុខរបររបស់ពួកគាត់នាពេលអនាគតថែមទៀតផង។
តើកម្មវិធីជួបសិស្សនិស្សិតបន្ទាប់ទៀតធ្វើនៅកន្លែងណា?
ស្ថានទូតជប៉ុនបើកទទួលពាក្យស្នើសុំពីសាលានីមួយៗ ឬក្រុមសិស្សនិស្សិតដែលមានសមាជិកលើសពី ៣០ នាក់សម្រាប់ការរៀបចំកម្មវិធីនេះ។ ជាក់ស្តែងកម្មវិធីខ្លះបានធ្វើឡើងអាស្រ័យតាមការដាក់ពាក្យស្នើសុំ និងខ្លះទៀតត្រូវបានជ្រើសរើសដោយស្ថានទូតជប៉ុនផ្ទាល់ និងរួមសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា។
កម្មវិធីភាគច្រើនត្រូវបានរៀបចំជាមួយស្ថាប័នដៃគូ ដូចជា សមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន (JAC) ជាដើម។ តាមរយៈកម្មវិធីបែបនេះសមាជិក JAC និងស្ថានទូតជប៉ុនទៅដល់វិទ្យាល័យដែលសមាជិកនោះបានបញ្ចប់ការសិក្សាដើម្បីអាចឲ្យគាត់ចែករំលែកនូវបទពិសោធការរស់នៅ និងការសិក្សានៅប្រទេសជប៉ុនព្រមទាំងជំនាញរបស់ខ្លួនទៅកាន់សិស្សប្អូន។
ស្ថានទូតជប៉ុនទន្ទឹងរង់ចាំជួបសិស្ស និស្សិតកម្ពុជាច្រើនរូបទៀតនៅតាមសាលារៀន សាកលវិទ្យាល័យ ឬនៅស្ថានទូតជប៉ុនដើម្បីបណ្តុះចំណងមិត្តភាពរវាងជប៉ុន និងកម្ពុជា។
តោះសាកល្បងដាក់ពាក្យដើម្បីទទួលយកបទពិសោធថ្មីៗ។
ពាក្យស្នើសុំ៖ https://www.kh.emb-japan.go.jp/files/000415099.pdf
សម្រាប់ការដាក់ពាក្យស្នើសុំសូមផ្ញើទៅកាន់អ៊ីមែល៖ «info.jpn@pp.mofa.go.jp»