
សិស្សានុសិស្សចូលរួមក្នុងការពិភាក្សាដេញដោលដ៏រស់រវើកនៅ NGS។ រូបថតសហការី
វិទ្យាល័យព្រះស៊ីសុវត្ថិគឺជាសាលារដ្ឋដែលនាំមុខគេនៅក្នុងទីក្រុងភ្នំពេញ ហើយថ្មីៗនេះវិទ្យាល័យក៏បានដាក់បញ្ចូលនៅកម្មវិធីសិក្សា សាលារៀនជំនាន់ថ្មី (NGS) សម្រាប់សាលានេះ។
ថ្វីបើសាលារៀនជំនាន់ថ្មីនេះទើបតែមានអាយុកាលជាង ៣ ឆ្នាំក៏ពិតមែន ប៉ុន្តែវាបានផ្តល់ផលប្រយោជន៍ដល់លទ្ធផលនៃការសិក្សារបស់សិស្សានុសិស្សកម្ពុជា។ យើងបានទាក់ទងសាកសួរ នាយករងសាលា លោក សម្យ កំសាន្ត តាមប្រព័ន្ធសារអេឡិចត្រូនិក ដើម្បីស្វែងយល់បន្ថែមពីសាលារៀនជំនាន់ថ្មីនេះ និងពីវិធីនៃការគ្រប់គ្រងសិស្សនៃសាលារៀនជំនាន់ថ្មីក្នុងការរៀបចំខ្លួនឈានជើងផ្លាស់ប្តូរទៅកាន់ការអប់រំនៅកម្រិតមធ្យមសិក្សា។
តាមរយៈការប្រើប្រាស់នូវប្រព័ន្ធអធិការកិច្ចដែលប្រសើរជាងមុន ដើម្បីធានាឲ្យបាននូវការសិក្សាដែលមានប្រសិទ្ធភាពជាមួយ និងអភិបាលកិច្ចល្អ តម្លាភាព គណនេយ្យភាព និងការចូលរួម សិស្សានុសិស្សទាំងអស់ត្រូវបានផ្តល់ជូននូវឱកាសដែលប្រសើរជាងមុនសម្រាប់ការទទួលភាពជោគជ័យខាងផ្នែកសិក្សា។
សាលារៀនជំនាន់ថ្មីបានផ្តល់ជូននូវការរៀនបំប៉នដោយឥតគិតថ្លៃទៅដល់សិស្ស ដែលមានតម្រូវការពិសេសដែលនេះវានឹងជួយដល់ការធ្វើទំនើបកម្មបរិយាកាសនៃការសិក្សា និងវាថែមទាំងធានាបានថានឹងគ្មានសិស្សណាម្នាក់នឹងត្រូវបានទុកចោលនោះទេពោលគឺពួកគេទទួលបានការអប់រំប្រកបដោយសមធម៌។
ឧបសគ្គនៃការផ្លាស់ប្តូរនៅក្នុងសាលាជំនាន់ថ្មីគឺស្តែងឲ្យឃើញនៅក្នុងការសម្របខ្លួនរបស់សិស្សជាមួយនិងប្រភេទគរុកោសល្យថ្មី ការផ្លាស់ប្ដូរទៅកាន់ការសិក្សាការគិតបែបស៊ីជម្រៅ កំណើនម៉ោងនៃការបង្រៀន និងរៀន និងការផ្លាស់ប្ដូរនូវផ្នត់គំនិតរបស់សិស្សម្នាក់ៗ។
ការផ្លាស់ប្ដូរថ្មីៗទាំងនេះបានដើរតួជាកត្តាដែលបង្កឲ្យមានការព្រួយបារម្ភដល់ក្រុមសិស្សដែលទើបនឹងទទួលបានការអប់រំមួយនេះ។ ដំបូងសិស្សានុសិស្សនឹងមានអារម្មណ៍ប្លែកបន្តិចចំពោះមុខវិជ្ជា និងបន្ទប់សិក្សា។ ជាងនេះទៅទៀតក៏មានភាពខុសគ្នានៃប្លង់អង្គុយក្នុងបន្ទប់រៀនរបស់សិស្ស។ តែទោះជាយ៉ាងណាក៏ដោយទាំងនេះគឺជាគ្រឿងបរិក្ខារសិក្សាស្តង់ដាលំដាប់ពិភពលោក ហើយសិស្សអាចសម្របខ្លួនពួកគេបានយ៉ាងរហ័សទៅនឹងបរិស្ថានជុំវិញ។

យើងព្យាយាមឱ្យធ្វើឲ្យការសិក្សាកម្រិតមធ្យមសិក្សាពោរពេញដោយគ្រឿងបរិក្ខារសិក្សាល្អៗ។ រូបថតសហការី
សិស្សខ្លះបានសម្រេចចិត្តចំណាយពេលនៅសាលារៀនរាប់ម៉ោងថែមទៀត ដោយសារតែពួកគេមានអារម្មណ៍ល្អ និងយល់ថាខ្លួនមានសេរីភាពក្នុងការរៀនសូត្រ និងអាចទាញយកផលប្រយោជន៍ជាច្រើនមានដូចជា បណ្ណាល័យថ្មី ការប្រើប្រាស់សេវាអ៊ីនធឺណិតដោយឥតគិតថ្លៃ និងបន្ទប់សិក្សាថ្មីសម្រាប់សិស្សរៀន និងធ្វើកិច្ចការផ្សេង។
ដើម្បីក្លាយខ្លួនជាសិស្សសាលារៀនជំនាន់ថ្មីគឺពិតជាមានការប្រកួតប្រជែងខ្ពស់។ វាតម្រូវឲ្យសិស្សធ្វើតេស្តប្រឡងចូលដែលវិញ្ញាសាតេស្ត រួមមានមុខវិជ្ជា ដូចជា គណិតវិទ្យា អក្សរសាស្ត្រខ្មែរ វិទ្យាសាស្ត្រ ព្រមទាំងការគិតស៊ីជម្រៅ។ គុណសម្បត្តិនៅពេលដែលសិស្សបានប្រឡងជាប់ចូលរៀននៅក្នុងសាលារៀនជំនាន់ថ្មីនេះពិតជាមានគុណសម្បត្តិជាច្រើនដូចជា ការបង្រៀនដែលមានស្ដង់ដាខ្ពស់ វិធីបង្រៀន និងរៀន ផ្អែកទៅលើការដោះស្រាយបញ្ហា ការប្រើប្រាស់ខួរក្បាល គំនិតច្នៃប្រឌិត និងការសិក្សាជាមួយក្រុមដែលមានវិជ្ជាជីវៈ។
លើសពីនេះទៅទៀត សិស្សទទួលបានឱកាសក្នុងការចូលរួមប្រឡងថ្នាក់ជាតិ និងអន្តរជាតិជាច្រើនដែលទាំងអស់នេះសុទ្ធសឹងតែជាគុណប្រយោជន៍។ ប៉ុន្តែលទ្ធផលនៃសហគ្រិនភាព គំនិតច្នៃប្រឌិត ការគិតស៊ីជម្រៅ ចំណេះដឹងពហុវប្បធម៌ សុទ្ធតែជាគុណតម្លៃដែលបានមកពីការខិតខំប្រឹងប្រែង ហើយទាំងនោះនឹងក្លាយជាគុណតម្លៃនៃការរីកចម្រើនរបស់សិស្សានុសិស្ស។

នាយករងសាលា លោក សម្យ កំសាន្ត. រូបថតសហការី
សាលារៀនជំនាន់ថ្មីតែងដើរមុនបញ្ហាប្រឈមរបស់សិស្សានុសិស្សតាមរយៈការលើកទឹកចិត្តសិស្សឲ្យរក្សានូវតម្លាភាព និងគណនេយ្យភាពគឺប្ដេជ្ញាចិត្តក្នុងការសម្រេចគោលដៅរបស់ពួកគេ ហើយដើម្បីធ្វើបែបនោះគឺត្រូវរក្សាឲ្យបាននូវភាពស្មើគ្នា និងយុត្តិធម៌។
កត្តាសំខាន់បំផុតក្នុងការផ្លាស់ប្ដូរដោយរលូននោះគឺការរក្សាឲ្យបាននូវទំនាក់ទំនងល្អឲ្យបានធំទូលាយរវាងសិស្ស មាតាបិតាសិស្ស និងគ្រូបង្រៀន។ មាតាបិតាសិស្ស ដើរតួនាទីយ៉ាងសំខាន់នៅក្នុងដំណើរការអប់រំរបស់សិស្សនុសិស្សទាំងអស់។ ជំនួបរវាងគ្រូបង្រៀន និងមាតាបិតាសិស្ស និងការប្រើប្រាស់នូវបណ្តាញសង្គមផ្សេងៗគឺជាមធ្យោបាយទំនាក់ទំនងដែលជានិច្ចជាកាលត្រូវបានបើកចំហយ៉ាងទូលាយ។
សាលារៀនជំនាន់ថ្មីបានផ្តល់ឲ្យយើងនូវច្បាប់ទម្លាប់ល្អៗជាច្រើននៅពេលយើងឈានជើងចូលការអប់រំនៅកម្រិតមធ្យមសិក្សា។ យើងត្រូវចងចាំក្នុងចិត្តថា គុណភាពមិនមែនជាការសម្រុះសម្រួល ទោះបីជាវាជាគុណភាពនៃគ្រឿងបរិក្ខារ គ្រូបង្រៀន កម្មវិធីសិក្សា ឬក៏ទីតាំងសាលារៀន។ ទី ២ ចំណេះដឹងមិនអាចទទួលបានដោយងាយៗនោះទេ ប៉ុន្តែយើងត្រូវតែសន្សំវាបន្តិចម្ដងៗ។
ចំណែកឯសិស្សានុសិស្សវិញ ពួកគេត្រូវតែដឹងថា ការអប់រំនៅកម្រិតមធ្យមសិក្សាគឺមានការទាមទារខ្ពស់ខាងផ្នែកអប់រំ ប៉ុន្តែបើពួកគេខិតខំប្រឹងប្រែងនោះ ពួកគេនឹងទទួលបាននូវលទ្ធផលជាច្រើនឥតគណនា នៅពេលអនាគត។ ចំណុចចុងក្រោយនោះគឺពួកគេគួរតែព្យាយាមធ្វើការរៀនសូត្រដែលប្រកបទៅដោយបរិយាកាស សប្បាយរីករាយ ពីព្រោះវាជាពេលវេលានៃការលូតលាស់ផ្នែករាងកាយ និងផ្លូវចិត្ត៕