លោក លីម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា (CCC) បានឲ្យដឹងថា វិធានការនេះនឹងជំរុញឲ្យមានការប្រើប្រាស់រូបិយវត្ថុជាតិភ្លាមៗ។
ប្រសិនបើយើងដាក់បទប្បញ្ញត្តិមួយដែលតម្រូវឲ្យប្រជាជនត្រូវចាយប្រាក់រៀលខ្មែរសម្រាប់ការទិញទំនិញក្នុងតម្លៃក្រោម ៤០០ ០០០ រៀល (១០០ ដុល្លារ) ការចរាចររូបិយវត្ថុក្នុងស្រុកនៅក្នុងសេដ្ឋកិច្ចនឹងកើនឡើងយ៉ាងខ្លាំង។
លោកថ្លែងថា៖ «ខ្ញុំជឿជាក់ថាប្រជាជនកម្ពុជានឹងសប្បាយរីករាយក្នុងការអនុវត្តសារាចរនេះ ដោយសារតែគ្រប់គ្នានិយាយថា ពួកគេសេ្នហាមាតុភូមិ និងស្រឡាញ់ប្រទេសកម្ពុជា។ ដូច្នេះដើម្បីបណ្ដុះគំនិតមោទនភាពជាតិពួកគេនឹងគាំទ្រផែនការរូបិយវត្ថុជាតិ»។
លោកបន្តថាតម្លៃប្រាក់រៀលមានស្ថិរភាពអស់រយៈពេលជាង ១ ទសវត្សរ៍ហើយវាដល់ពេលសម្រាប់រដ្ឋាភិបាលក្នុងការអនុវត្តការប្រើប្រាស់រូបិយវត្ថុជាតិជាចាំបាច់ដែលចាប់ផ្ដើមជាមួយនឹងការទូទាត់តូចៗដូចជាការទិញទំនិញ និងសេវាដែលមានតម្លៃក្រោម ៤០០ ០០០ រៀលជាដើម។
លោក ហេង ឲ្យដឹងថាប្រសិនបើប្រជាជន ១០ លាននាក់ក្នុងចំណោមប្រជាជនកម្ពុជា ១៦ លាននាក់ចំណាយប្រហែល ៤០០ ០០០ រៀលក្នុង ១ ខែលើការទិញទំនិញនឹងមានរូបិយវត្ថុជាតិ ៤ ទ្រីលានរៀល (១ ប៊ីលានដុល្លារ) ចរាចរប្រចាំខែនៅក្នុងសេដ្ឋកិច្ច។
លោកបន្ថែមថាកម្ពុជាទទួលភ្ញៀវទេសចរបរទេសប្រហែល ៦ លាននាក់ក្នុង ១ ឆ្នាំហើយពួកគេនឹងត្រូវការប្តូររូបិយប័ណ្ណរបស់ពួកគេជាប្រាក់រៀលដែលនឹងចាក់បញ្ចូលរូបិយវត្ថុជាតិកាន់តែច្រើនទៅក្នុងសេដ្ឋកិច្ច។
លោក ហេង បញ្ជាក់ថាមិនមានតួលេខពិតប្រាកដនៃចំណែកប្រាក់រៀលនៅក្នុងសេដ្ឋកិច្ចនោះទេ ប៉ុន្តែលោកបានឲ្យដឹងថាចំណែកទីផ្សាររបស់ប្រាក់រៀលនៅតែតូច។ ប្រាក់ដុល្លារអាមេរិកត្រូវបានប្រើប្រាស់ភាគច្រើនសម្រាប់ការទូទាត់ទ្រង់ទ្រាយធំ និងភាគច្រើនគឺវិស័យនាំចូល និងនាំចេញ។
លោកបន្តថាមានកំណើននិន្នាការនៃការប្រើប្រាស់ប្រាក់រៀលនៅក្នុងសេដ្ឋកិច្ចដោយសារតែការកែទម្រង់ពន្ធរបស់រដ្ឋាភិបាលដែលតម្រូវឲ្យអ្នកជាប់ពន្ធត្រូវធ្វើការទូទាត់ជារូបិយវត្ថុក្នុងស្រុក។
ក្រៅពីនេះសារាចរដែលតម្រូវឲ្យប្រជាជនត្រូវបង់វិកយបត្រដូចជាថ្លៃអគ្គិសនី និងទឹកជាប្រាក់រៀលគឺជាការរួមចំណែកដ៏សំខាន់ផ្សេងទៀតក្នុងការបង្កើនតម្រូវការប្រាក់រៀលផងដែរ។
លោក ហេង បានលើកឡើងថាសារាចរចេញដោយធនាគារជាតិនៃកម្ពុជា (NBC) ដែលតម្រូវឲ្យគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ត្រូវបង្កើនសមាមាត្រកម្ចីជាប្រាក់រៀលរហូតដល់ ១០ ភាគរយនៃសំពៀតឥណទានសរុបរបស់ពួកគេត្រឹមចុងឆ្នាំ ២០១៩ នេះ គឺកំពុងបង្កើនការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក។
លោកថ្លែងថា៖ «វានឹងមានការពិបាកពីដំបូងនៅពេលប្រជាជនត្រូវបានតម្រូវឲ្យប្រើប្រាស់ប្រាក់រៀល ប៉ុន្តែប្រជាជនកម្ពុជាគួរតែដឹងថា វាជាកាតព្វកិច្ចរបស់ពួកគេក្នុងការប្រើប្រាស់រូបិយវត្ថុជាតិ»។ លោកបន្ថែមថាក្រុមហ៊ុនរបស់លោកបើកប្រាក់ខែបុគ្គលិកជាប្រាក់រៀលទោះបីជាប្រាក់ចំណូលរបស់លោកជាប្រាក់ដុល្លារក៏ដោយ។ លោកបញ្ជាក់ថា៖ «ខ្ញុំបានមើលឃើញនិន្នាការកើនឡើងខ្លាំងនៃសកម្មភាពសេ្នហាជាតិលើ Facebook ក្នុងចំណោមយុវជន។ ពួកគេកំពុងគាំទ្រដល់ប្រទេសនេះយ៉ាងសកម្ម។ ខ្ញុំជឿជាក់ថា ប្រសិនបើពួកគេត្រូវបានតម្រូវឲ្យប្រើប្រាស់ប្រាក់រៀលដើម្បីចំណាយសម្រាប់ការទិញទំនិញ និងសេវាកម្មពួកគេនឹងគាំទ្រវិធានការនេះហើយនឹងរីករាយក្នុងការធ្វើដូច្នេះផងដែរ»។
ដោយសារតែប្រទេសកម្ពុជាគឺជាសេដ្ឋកិច្ចពឹងផ្អែកលើប្រាក់ដុល្លារយ៉ាងខ្លាំង NBC បានកំណត់ជម្រើសគោលនយោបាយដើម្បីធ្វើឲ្យមានស្ថិរភាពអត្រាប្តូរប្រាក់។ រហូតមកដល់ពេលនេះការប្រើប្រាស់ប្រាក់រៀលក្នុងការទិញប្រាក់ដុល្លារ និងធ្វើការផ្លាស់ប្តូរចំពោះទុនបម្រុងកាតព្វកិច្ចដើម្បីធ្វើឲ្យមានស្ថិរភាពអត្រាប្តូរប្រាក់គឺជាដំណោះស្រាយដ៏សំខាន់ដែលបានប្រើដោយ NBC ។
របាយការណ៍ប្រចាំឆ្នាំរបស់ NBC បង្ហាញថានៅចន្លោះខែមករា និងខែធ្នូឆ្នាំ ២០១៨ ធនាគារកណ្ដាលបានចាក់បញ្ចូលប្រាក់រៀលមានតម្លៃ ៨៧៥ លានដុល្លារទៅក្នុងសេដ្ឋកិច្ចតាមរយៈការទិញប្រាក់ដុល្លារពីទីផ្សារដើម្បីធ្វើឲ្យអត្រាប្តូរប្រាក់មានស្ថិរភាព។
លោកបន្ថែមថាកម្ពុជាអាចរក្សាអត្រាប្តូរប្រាក់ប្រកបដោយស្ថិរភាពធៀបនឹងប្រាក់ដុល្លារក្នុងតម្លៃជាមធ្យម ៤០៥០ រៀលក្នុង ១ ដុល្លារ៕