ជូនចំពោះអ្នកអានកាសែតភ្នំពេញប៉ុស្តិ៍
ខណៈដែលប្រទេសសិង្ហបុរីរំឭកខួបលើកទី ៥៣ ទិវាបុណ្យជាតិសិង្ហបុរី យើងខ្ញុំសូមគោរព និងសូមកោតសរសើរចំពោះចំណង មិត្តភាព និងការគាំទ្រពីដៃគូ និងមិត្តភក្តិទាំងក្នុងតំបន់ និងអន្តរជាតិហើយបើគ្មានការចូលរួមពីពួកគេទេសិង្ហបុរីក៏មិនអាចសម្រេចបានដូចពេលនេះដែរ។
អាស៊ាន
ជាពិសេសគឺប្រទេសសិង្ហបុរីទទួលបានអត្ថប្រយោជន៍ពីសន្តិភាព និងស្ថិរភាពដែលអាស៊ានបានផ្តល់ឲ្យដល់រដ្ឋជាសមាជិករបស់ខ្លួន និងនៅក្នុងតំបន់ទាំងមូល។
ក្នុងនាមជាប្រទេសដែលជឿជាក់យ៉ាងមុតមាំទៅលើអាស៊ានក្នុងឆ្នាំ ២០១៨ នេះគឺមានសារៈសំខាន់ខ្លាំងណាស់ ហើយវាមិនមែនពិសេសត្រឹមតែជាប្រធានអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការកត់សម្គាល់នៃដំណើររយៈពេល ៥០ ឆ្នាំលើកដំបូងរបស់អាស៊ានផងដែរ។
តាមរយៈភាពរឹងមាំ និងការច្នៃប្រឌិត ប្រទេសសិង្ហបុរីក្នុងនាមជាប្រធាន អាស៊ានឆ្នាំ ២០១៨ នេះបានធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋជាសមាជិកអាស៊ាន (AMS) និងដៃគូសន្ទនាដទៃទៀតដើម្បីចាប់ផ្តើមគម្រោងជាច្រើនដែលធ្វើឱ្យកិច្ចសហប្រតិបត្តិការភាពច្នៃប្រឌិតកាន់តែស៊ីជម្រៅ និងពង្រឹងភាពរឹងមាំរួមរបស់យើងដើម្បីឆ្លើយតបចំពោះការគំរាមកំហែង និងបញ្ហាប្រឈមឆ្លងដែន។
គំនិតផ្តួចផ្តើមដ៏សំខាន់មួយគឺការបង្កើតគម្រោងបណ្ដាញទីក្រុងឆ្លាតវៃអាស៊ាន ( ASCN ) ដែលបានមើលឃើញថារដ្ឋសមាជិក អាស៊ាន (AMS) និងដៃគូសន្ទនាបានសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីកាត់បន្ថយការបង្អាក់ដល់បច្ចេកវិទ្យាថ្មីៗ ខណៈដែលមានការបង្កើនការច្នៃប្រឌិតឆ្លាតវៃដើម្បីផ្លាស់ប្តូរថា តើទីក្រុង និងប្រជាជនរបស់យើងត្រូវដោះស្រាយជាមួយនឹងបញ្ហាប្រឈមនាពេលអនាគតបែបណា។ (សម្រាប់ព័ត៌មានបន្ថែមស្តីអំពីគម្រោង ASCN សូមអានអត្ថបទខាងក្រោម)
ទំនាក់ទំនងទ្វេភាគី សិង្ហបុរី - កម្ពុជា
ចំពោះទំនាក់ទំនងទ្វេភាគី ប្រទេសកម្ពុជាគឺជាមិត្តដ៏យូរអង្វែងរបស់សិង្ហបុរីហើយក៏ជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលទទួលស្គាល់ឯករាជ្យរបស់ប្រទេសសិង្ហបុរីនៅឆ្នាំ ១៩៦៥ ផងដែរ។ ទំនាក់ទំនងទ្វេភាគីនេះត្រូវបានកំណត់ដោយការផ្លាស់ប្តូរទស្សនកិច្ចជាទៀងទាត់ទាំងផ្នែកនយោបាយ ពាណិជ្ជកម្ម និងសង្គម។
ក្នុងឆ្នាំកន្លងទៅ ឯកឧត្តម Vivian Balakrishnan រដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរីបានធ្វើដំណើរបំពេញទស្សនកិច្ចលើកដំបូងរបស់លោកមកកាន់ប្រទេសកម្ពុជានៅក្នុងខែតុលាឆ្នាំ ២០១៧ ស្របពេលដែលឯកឧត្តមបណ្ឌិត Ayabac Ibrahim រដ្ឋមន្ត្រីក្រសួងគមនាគមន៍ និងព័ត៌មានក៏បានធ្វើទស្សនកិច្ចទៅកាន់ខេត្តសៀមរាបក្នុងខែវិច្ឆិកា/ធ្នូ ក្នុងឆ្នាំ ២០១៧ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ានលើកទី ១៧។
ចំពោះប្រទេសកម្ពុជាវិញ យើងបានស្វាគមន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានអញ្ចើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣២ កាលពីខែមេសា ឆ្នាំ ២០១៨។ យើងក៏បានស្វាគមន៍ផងដែរសមាជិក ២ រូបដែលបានទៅចូលរួមកម្មវិធីផ្លាស់ប្តូរបទពិសោធ «Lee Kuan Yew Exchange Fellows» ទៅកាន់ប្រទេសសិង្ហបុរី គឺនាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការរងកងទ័ពជើងគោកលោក ហ៊ុន ម៉ាណែត (មិថុនា ២០១៨) និងសមាជិករដ្ឋសភាឯកឧត្តម ហ៊ុន ម៉ានី (មករាឆ្នាំ ២០១៨)។
ហើយកាលពីដើមសប្តាហ៍នេះទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប្រាក់ សុខុន និងរដ្ឋមន្ត្រីក្រសួងអប់រំ ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន បានអញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំអាស៊ាននៅសិង្ហបុរីផងដែរ។
យើងកំពុងទន្ទឹងរង់ចាំស្វាគមន៍សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់កិច្ចប្រជុំកំពូល អាស៊ានលើកទី ៣៣ និងកិច្ចប្រជុំ កំពូលពាក់ព័ន្ធនៅខែវិច្ឆិកា ឆ្នាំ ២០១៨ និងក៏ទន្ទឹងរង់ចាំឯកឧត្តម ប្រាក់ សុខុន នាពេលឆាប់ៗខាងមុខនេះសម្រាប់ដំណើរទស្សនកិច្ចជាលើកដំបូងរបស់គាត់។
យើងនឹងបន្តឃើញចំនួនពាណិជ្ជកម្ម និងប្រតិភូរបស់សិង្ហបុរីមកកាន់ប្រទេសកម្ពុជាកើនឡើងដើម្បីស្វែងយល់អំពីឱកាសសហការគ្នា និងដើម្បីផលប្រយោជន៍ទៅវិញទៅមកជាមួយដៃគូទាំងក្នុង និងក្រៅប្រទេសដែលបានឈានដល់ចំណុចជោគជ័យជាច្រើន។
នេះគឺជា ភ័ស្តុតាងដ៏រឹងមាំមួយដែលបានបង្ហាញអំពីទំនុកចិត្តរបស់ពួកគេទៅលើសក្ដានុពលសេដ្ឋកិច្ច និង អនាគតរបស់ប្រទេសកម្ពុជាក៏ដូចជាសន្តិភាព និងស្ថិរភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។ ចំពោះផ្នែកសង្គមវិញមានក្រុមការងារជាច្រើនដែលរាប់ចាប់ពីក្រុមគ្រូពេទ្យ និងសិស្សនិស្សិតរហូតដល់អង្គការស្ម័គ្រចិត្តនានាបានបន្តបង្កើនការចូលរួមកិច្ចការសហគមន៍របស់ពួកគេនៅក្នុងប្រទេសកម្ពុជា។
ទំនាក់ទំនងសេដ្ឋកិច្ច
ទំនាក់ទំនងសេដ្ឋកិច្ចរបស់យើងគឺរីកលូតលាស់រឹងមាំ។ ប្រទេសសិង្ហបុរីគឺជាដៃគូពាណិជ្ជកម្មមួយក្នុងចំណោមដៃគូពាណិជ្ជកម្មធំៗទាំង ៥ របស់ប្រទេសកម្ពុជាដែលមានទំហំទឹកប្រាក់ជាង ៣ ពាន់លានដុល្លារនៅក្នុងការធ្វើពាណិជ្ជកម្មសរុបក្នុងឆ្នាំ ២០១៧។ មានក្រុមហ៊ុនសិង្ហបុរីជាច្រើនទៀតបានបង្ហាញវត្តមានរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។
កំណើននេះវាបានជំរុញឱ្យប្រទេសសិង្ហបុរីក្លាយជាវិនិយោគិនបរទេសធំជាងគេលំដាប់ទី ២ របស់កម្ពុជានៅក្នុងឆ្នាំ ២០១៧ ជាមួយនឹងទំហំទឹកប្រាក់ជាង ២៥០ លានដុល្លារនៅក្នុងការវិនិយោគលើទ្រព្យសកម្មថេរដែលត្រូវបានអនុម័ត។ ជារួមការវិនិយោគលើទ្រព្យសកម្មថេររបស់សិង្ហបុរីនៅក្នុងប្រទេសកម្ពុជាបានឈានដល់ចំនួន ១,២ ពាន់លានដុល្លារគិតត្រឹមចុងឆ្នាំ ២០១៧។
កម្មវិធីសហប្រតិបត្តិការសិង្ហបុរី
ប្រទេសសិង្ហបុរីក៏បានធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជាផងដែរលើកម្មវិធីកសាងសមត្ថភាព និងការចែករំលែកបទពិសោធអភិវឌ្ឍន៍។ កម្មវិធីទាំងនេះជាចម្បងត្រូវបានធ្វើតាមរយៈកម្មវិធីសហប្រតិបត្តិការសិង្ហបុរី (SCP) ចាប់តាំងពីឆ្នាំ ១៩៩២ មក។ រួមមានវគ្គសិក្សា និងសិក្ខាសាលាជាទៀងទាត់ដូចជាវគ្គបណ្តុះបណ្តាល រដ្ឋបាលសាធារណៈ ការអភិវឌ្ឍសេដ្ឋកិច្ច ការសម្របសម្រួលពាណិជ្ជកម្ម ការគ្រប់គ្រងគ្រោះមហន្តរាយ សុវត្ថិភាពអាកាសចរណ៍ ការសរសេរសំណើគម្រោង និងវគ្គភាសាអង់គ្លេសជាដើម។
រហូតមកដល់ពេលនេះ មានមន្ត្រីកម្ពុជាជាង ៨៥០០ នាក់បានចូលរួមវគ្គហ្វឹកហ្វឺននៅមជ្ឈមណ្ឌលបណ្តុះបណ្តាលកម្ពុជា-សិង្ហបុរី (CSTC) នៅក្នុងរាជធានីភ្នំពេញដែលធ្វើឲ្យចំនួនមន្ត្រីសរុបដែលបានទទួលការបណ្តុះបណ្តាលក្រោមកម្មវិធីសហប្រតិបត្តិការសិង្ហបុរី SCP កើនដល់ជាង ១៣ ៥០០ នាក់។
យើងកំពុងស្វែងយល់ និងបង្កើនការចែករំលែកបទពិសោធការអភិវឌ្ឍ តាមរយៈការធ្វើបច្ចុប្បន្នភាព CSTC របស់យើងទៅក្នុងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី (CSCC) ថ្មី។ មជ្ឈមណ្ឌល CSCC សម្លឹងទៅរកការពង្រីកជំនួយបច្ចេកទេសរបស់យើងដល់កម្ពុជានឹងផ្តល់នូវវិធីសាស្ត្រថ្មីសម្រាប់ការកសាងសមត្ថភាពដែលវាមានលើសពីការបង្រៀននៅសាលា។
ប្រទេសសិង្ហបុរីសង្ឃឹមថានឹងអាចចែករំលែកបទពិសោធរបស់យើង ហើយជាមួយគ្នាក៏នឹងរៀនពីបទពិសោធរបស់កម្ពុជាផងដែរ។
នៅក្នុងឱកាសដ៏រីករាយនេះខ្ញុំសូមឆ្លៀតឱកាសនេះអរគុណដល់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជាចំពោះចំណងមិត្តភាពដ៏យូរអង្វែង និងកក់ក្តៅដែលបានបង្ហាញដល់ប្រទេសសិង្ហបុរី។ ខ្ញុំសូមជូនពរដល់ប្រជាជនកម្ពុជា និងសិង្ហបុរីក៏ដូចជាមិត្តភក្តិរបស់សិង្ហបុរីទាំងអស់ សូមជួបតែសុខភាពល្អ វិបុលសុខ និង ជោគជ័យគ្រប់ភារកិច្ច៕