ចាប់​តាំងពី​ពេល​ដែល​ខ្ញុំ​មក​បំពេញ​ការងារ​ជា​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា​ក្នុង​ខែ​មិថុនា ឆ្នាំ​ ២០១៧ ​មក​ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ទំនាក់ទំនង​ដ៏រឹងមាំ​ និង​ជ្រាលជ្រៅ​រវាង​ប្រទេស​បារាំង និង​កម្ពុជា​។

តាំងពី​ពេល​នោះ​មក​ខ្ញុំ​បាន​ខិតខំ​ពង្រឹង​ចំណង​ទាក់ទង​រវាង​ប្រទេស​យើង​ទាំង​ ២ ហើយ​ប្រទេស​បារាំង​ស្ថិត​នៅ​ក្បែរ​ប្រទេស​កម្ពុជា​ជានិច្ច ដើម្បី​ជួយ​ឲ្យ​ប្រទេស​នេះ​ទទួល​បាន​ការអភិវឌ្ឍ​ប្រកប​ដោយ​ភាព​សុខដុម និង​បរិយាប័ន្ន​។

ការផ្លាស់ប្តូរ​សេដ្ឋកិច្ច​រវាង​ប្រទេស​យើង​ទាំង​ ២ ​មាន​លក្ខណៈ​រឹងមាំ​ដោយ​មាន​ទំហំ​ជាង​ ១ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៧​។

ក្រុមហ៊ុន​បារាំង​ធំៗ​មាន​ដូចជា​ក្រុមហ៊ុន​ Vinci ក្រុមហ៊ុន​តូតាល់ ហើយ​ថ្មីៗ​នេះ​មាន​ធនាគារ BRED ក្រុមហ៊ុន Pernaud Ricard ក្រុមហ៊ុន Decathlon បាន​ចូល​មក​វិនិយោគ​នៅ​កម្ពុជា ហើយ​ចូលរួម​ចំណែក​ដោយ​ផ្ទាល់​ក្នុង​ការ​រីកលូតលាស់​នៃ​ប្រទេស​នេះ​។

ក្នុង​រយៈពេល​ ២៥ ​ឆ្នាំ ហិរញ្ញប្បទាន​ជាង​ ៥០០ ​លាន​ដុល្លារ​ត្រូវ​បាន​ផ្តល់​ដោយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ (AFD) ក្នុង​គោលដៅ​លើក​ស្ទួយ​ការរីកចម្រើន​ប្រកប​ដោយ​គុណភាព​របស់​កម្ពុជា​។ បច្ចុប្បន្ន​ជាមួយ​ការផ្តល់​ហិរញ្ញប្បទាន​ប្រមាណ​ ១០០ ​លាន​ដុល្លារ​អាមេរិក​ក្នុង​ ១ ​ឆ្នាំ ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​គាំទ្រ​វិស័យ​អាទិភាព​ជាច្រើន ជាពិសេស​វិស័យ​ទឹកស្អាត អគ្គិសនី​កសិកម្ម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

ការគាំទ្រ​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​ក៏​មាន​ន័យ​ថា​ជា​ការ​គាំទ្រ​ការបណ្តុះបណ្តាល​ថ្នាក់​ឧត្តមសិក្សា​ដល់​និស្សិត​កម្ពុជា​ផង​ដែរ ហើយ​នេះ​គឺជា​ចំណុច​អាទិភាព​មួយ​របស់​យើង​។ បារាំង​គឺជា​ប្រទេស​គោលដៅ​ធំ​ទី​ ៣ ​សម្រាប់​និស្សិត​កម្ពុជា​ដែល​ចង់​បន្ត​ការសិក្សា​នៅ​បរទេស​។

ប៉ុន្តែ​និស្សិត​កម្ពុជា​ក៏​អាច​សិក្សា​ប្រព័ន្ធ​អប់រំ​បែប​បារាំង​ផង​ដែរ​នៅ​ប្រទេស​កម្ពុជា​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ឧត្តមសិក្សា​រវាង​ប្រទេស​យើង​ទាំង​ ២​។ យើង​មាន​មោទនភាព និង​សូម​ថ្លែង​អំណរគុណ​ដល់​យុវជន​កម្ពុជា​ដែល​បាន​ជ្រើសរើស​ប្រទេស​បារាំង​ដើម្បី​ទទួល​បាន​ការបណ្តុះបណ្តាល​។

ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​វប្បធម៌​វិញ​ចំណង​ទាក់ទង​រវាង​ប្រទេស​យើង​ទាំង​ ២ ​ក៏​មាន​លក្ខណៈ​រឹងមាំ និង​ជ្រាលជ្រៅ​ផង​ដែរ​ដោយ​ចាក់​ប្ញស​នៅក្នុង​ប្រវត្តិសាស្ត្រ​។

នៅ​ឆ្នាំ​នេះ ​យើង​នឹង​ប្រារព្ធ​ខួប​ ២៥ ​ឆ្នាំ​នៃ​ការបង្កើត​គណៈកម្មាធិការ​អន្តរជាតិ​ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ (ICC-Angkor)​។ គណៈកម្មាធិការ​នេះ​ត្រូវ​បាន​បង្កើតឡើង​បន្ទាប់ពី​មាន​ការដាក់បញ្ចូល​រមណីយដ្ឋាន​អង្គរ​នៅ​ក្នុង​បញ្ជី​​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ ក្រោម​ការជួយ​ជ្រោមជ្រែង​ពី​ប្រទេស​បារាំង​។ រហូត​ដល់​បច្ចុប្បន្ន​ប្រទេស​បារាំង និង​ជប៉ុន​គឺជា​សហប្រធាន​គណៈកម្មាធិការ​នេះ​។

សព្វថ្ងៃ​យើង​ខិតខំ​ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ​ទាំង​នេះ ដើម្បី​ទុក​អោយ​ប្រជាពលរដ្ឋ​កម្ពុជា និង​ភ្ញៀវទេសចរ​បរទេស​ទាំង​ក្នុង​ពេល​បច្ចុប្បន្ន និង​អនាគត​អាច​គយគន់​ប្រាសាទ​បុរាណ​ដ៏ស្រស់​សោភា​ជាយូរ​អង្វែង​តរៀង​ទៅ​។

កិច្ចសហប្រតិបត្តិការ​វប្បធម៌​រវាង​ប្រទេស​យើង​ទាំង​ ២ ​មិន​ត្រឹម​តែ​ផ្តោត​លើ​ការអភិរក្ស​សម្បត្តិ​បេតិកភណ្ឌ​ទាំង​ឡាយ​ប៉ុណ្ណោះ​ទេ គឺ​ផ្តោត​លើ​ការលើកស្ទួយ​សិល្បករ​សហសម័យ​កម្ពុជា​ផង​ដែរ​តាមរយ:​ការ​រៀបចំ​ពិព័រណ៍​ស្នាដៃ​របស់​ពួកគេ​នៅ​វិទ្យាស្ថាន​បារាំង​ប្រចាំ​កម្ពុជា ឬ​នៅ​ស្ថានទូត​បារាំង​ជាដើម​។

ប្រជាជន​កម្ពុជា​ជាច្រើន​រួម​ទាំង​សិល្បករ​ទាំងនោះ​មួយ​ចំនួន​ទទួល​បាន​ការបណ្តុះ​បណ្តាល​នៅ​ប្រទេស​បារាំង​។ បច្ចុប្បន្ន​ពួកគេ​គឺជា​ស្ពាន​តភ្ជាប់​ប្រទេស​យើង​ទាំង​ ២ ដោយសារ​ពួកគេ​ពាំនាំ​យក​មក​ជាមួយ​នូវ​អ្វី​ដែល​ពួកគេ​បាន​ស្វែង​យល់​ពី​ប្រទេស​បារាំង​។

ទំនាក់ទំនង​ដ៏ជ្រាលជ្រៅ​រវាង​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ ២ ​បាន​ធ្វើឱ្យ​ទំនាក់ទំនង​បារាំង-កម្ពុជា​មាន​លក្ខណពិសេស​។ ពួកគេ​គឺជា​សសរទ្រូង​នៃ​ទំនាក់ទំនង​សេដ្ឋកិច្ច និង​វប្បធម៌​នៃ​ប្រទេស​យើង​ទាំង​ ២​។ យើង​កំពុង​រួម​គ្នា​បង្កើត​ភាព​ជា​ដៃគូ​ដ៏ពិតប្រាកដ​មួយ​រវាង​ប្រទេស​យើង​ទាំង​ ២​។

ខ្ញុំ​សូម​ជូនពរ​ដល់​លោក​អ្នក​គ្រប់​គ្នា​ទទួល​បាន​ភាព​រីករាយ​ក្នុង​ឱកាស​នៃ​ការ​ប្រារព្ធ​បុណ្យជាតិ​បារាំង​។ ទិវា​នេះ​គឺជា​ឱកាស​មួយ​ផង​ដែរ​ដើម្បី​ឆ្លុះបញ្ចាំង​ពី​គុណ​តម្លៃ​របស់​យើង ហើយ​ខ្ញុំ​សូម​រំឭក​អំពី​ពាក្យពេចន៍​ដ៏​ពីរោះ​នៃ​បាវចនា​ជាតិ​បារាំង​គឺ សេរីភាព សមភាព និង​ភាតរភាព​។

ជយោ​ប្រទេស​បារាំង ជយោ​ប្រទេស​កម្ពុជា​!

ដោយសារ​ពេល​នេះ​ជា​រដូវកាល​ប្រកួត កីឡា​បាល់ទាត់​ពិភពលោក​នៅ​ប្រទេស​រុស្ស៊ី ខ្ញុំ​សូម​បញ្ចប់​សារ​នេះ​ជាមួយ​កីឡា​បាល់ទាត់​៖ ខំប្រឹង​ឡើង​ក្រុម​ជម្រើស​ជាតិ​បារាំង!