ជនរួមជាតិ និង​មិត្តភក្តិ​ទាំងឡាយ​ជា​ទីនឹករឭក

ថ្ងៃនេះ ជា​ថ្ងៃ​រំឭក​ខួប​អនុស្សាវរីយ៍​នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ក្នុង​ឱកាស​ដ៏សែន​ឱឡារិក និង​ឧត្តុង្គឧត្តម​នេះ ខ្ញុំ​សូម​តំណាង​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា សម្តែង​គារវកិច្ច​ដោយស្មោះ​ជូន​ចំពោះ​បុគ្គលិក​នៃ​សហគ្រាស​ចិន​ក្នុងប្រទេស​កម្ពុជា គ្រូបង្រៀន​ភាសា​ចិន និង​អ្នកស្ម័គ្រចិត្ត​ចិន​ក្នុងប្រទេស​កម្ពុជា និស្សិត​ចិន​ក្នុង​ប្រទេស​កម្ពុជា និង​ព្រមទាំង​ប្រជាជន​ចិន​នៅក្នុង​ប្រទេស​កម្ពុជា និង​សូម​ថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​ជូន​ចំពោះ​មិត្តភក្តិ​កម្ពុជា​គ្រប់​មជ្ឈដ្ឋាន​ដែល​តែង​យក​ចិត្ត​ទុកដាក់ និង​គាំទ្រ​ដល់​ការអភិវឌ្ឍ​របស់​ប្រទេស​ចិន និង​បាន​ចូលរួម​ជា​កម្លាំង​ជំរុញ​មិត្តភាព​ជា​ប្រពៃណី​រវាង​ចិន និង​កម្ពុជា​!

កាលពី ៧១ ឆ្នាំ​មុន ស្ថិតក្រោម​ការដឹកនាំ​របស់​គណបក្ស​កុម្មុយនីស្ត​ចិន ប្រជាជន​ចិន​ទូទាំង​ប្រទេស​បាន​ឆ្លងកាត់ និង​ពុះពារ​រាល់​ឧបសគ្គ​ដ៏កាចសាហាវ​បាន​ផ្តួលរំលំ​ចក្រពត្តិនិយម សក្ដិភូមិនិយម និង​មូលធន​និយម ការិយាធិបតេយ្យ​បាន​យ៉ាង​ជោគជ័យ​ដែល​ប្រៀបដូចជា​ភ្នំ​ដ៏ធ្ងន់​ចំនួន​ ៣ ​ធំៗ និង​សម្រេច​បាន​បដិវត្តន៍​ប្រជាធិបតេយ្យ​និយម​ថ្មី​ផងដែរ​។ ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​បង្ហាញ​ឱ្យឃើញ​ពី​ការក្រោក ឈរ​ឡើង​នៃ​ប្រជាជន​ចិន​ចាប់​តាំងពី​ពេល​នោះមក ហើយ​ប្រជាជន​ចិន​បាន​ដើរ​លើ​មាគ៌ា​សម្រេច​នូវ​ភាពរុងរឿង​ដ៏អស្ចារ្យ​យ៉ាង​ធំ​ទូលំទូលាយ​។

រយៈពេល ៧១ ​ឆ្នាំ​នេះ​ក្រោម​ការដឹកនាំ​របស់​គណបក្ស​កុម្មុយនីស្ត​ចិន ប្រជាជន​ចិន​បាន​ខិតខំ​ប្រឹងប្រែង​ដោយ​ផ្ទាល់​ខ្លួន បាន​ជម្នះ​រាល់​ឧបសគ្គ និង​រាល់​ការលំបាក​បាន​ឆ្លង​ផុត​រាល់​រនាំង និង​ឧបសគ្គ​ពីមួយ​ទៅមួយ​បាន​បង្កើត​សមិទ្ធផល​ធំៗ និង​ល្បីៗ​ជាច្រើន​គួរឱ្យ​កត់សម្គាល់​។ ប្រជាជន​ចិន​សម្រេច​បាន​សម្ទុះ​ដ៏លឿន​មហិមា បំផុត​ក្នុង​ការក្រោក​ឈរឡើង​សម្បូរ​ហូរហៀរ​ឡើង និង​ដ៏ខ្លាំងក្លា​។

នា​ឆ្នាំ​នេះ ប្រទេស​ចិន​នឹង​កសាង​សង្គម​ដែល​ប្រជាជន​មាន​ជីវភាព​ធូរធារ​បង្គួរ​គ្រប់​ជ្រុងជ្រោយ​សម្រេច​បាន​នូវ​គោលដៅ​ ១០០ ​ឆ្នាំ​ទី​ ១​។ ប្រទេស​ចិន​ នាពេល​បច្ចុប្បន្ននេះ​កាន់តែ​ខិតជិត​ទៅ​រក​ការសម្រេចបាន​នូវ​គោលដៅ​នៃ​ភាពរីកចម្រើន​ដ៏មហិមា​ជាង​ពេល​ណាៗ​ទាំងអស់​។

មិត្តភក្តិ​ទាំងអស់​ជា​ទីរាប់អាន​នា​ដើម​ឆ្នាំ​ ២០២០ មាន​ការផ្ទុះ​ឡើង​នូវ​ជំងឺ​វីរុស​កូវីដ​ ១៩​។ ការប្រឈមមុខ​ជាមួយ​នឹង​ជំងឺ​វីរុស​ដ៏កាច​សាហាវ​មួយ​នេះ ក្រោម​ការដឹកនាំ​ដ៏រឹងមាំ​របស់​គណបក្ស​កុម្មុយនីស្ត​ចិន​ដែល​មាន​ឯកឧត្តម Xi Jinping ជា​ស្នូល​យើង​តែងតែ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​យក​ប្រជាជន​ជាធំ បានចាប់ផ្តើម​សង្គ្រាម​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​នឹង​ជំងឺ​វីរុស​មួយ​នេះ​ដែល​បាន​ចូលរួម​ដោយ​ប្រជាជន​ចិន​។ ប្រទេស​ចិន​ទទួលបាន​សមិទ្ធផល​ផ្លែផ្កា​យុទ្ធសាស្ត្រ​សំខាន់ៗ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​វីរុស​ក្នុង​រយៈពេល​ដ៏ខ្លី ហើយ​ធានា​បាន​អាយុជីវិត សុខភាព និង​សុវត្ថិភាព​ប្រជាជន​ចិន​យ៉ាង​មាន​ប្រសិទ្ធភាព និង​ជា​គំរូ​ដ៏ល្អ​សម្រាប់​កិច្ច​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​វីរុស​ជា​សកល​មួយ​នេះ​។

ប្រទេស​ចិន​នៅ​អំឡុង​ពេល​បំពេញ​ការងារ​ទប់ស្កាត់​នឹង​ជំងឺ​វីរុស​បាន​ផ្តួចផ្តើម​យ៉ាងសកម្ម​ក្នុង​ការកសាង​សហគមន៍​សុខាភិបាល​សម្រាប់​មនុស្ស​ជាតិ​រួម បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​និង​ចូលរួម​ក្នុង​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​វីរុស​មួយ​នេះ​ជា​អន្តរជាតិ នេះ​បាន​បង្ហាញ​ឱ្យឃើញ​ពី​ការទទួល​ខុសត្រូវ​របស់​ចិន​ដែលជា​ប្រទេស​មហាអំណាច​។

ប្រទេស​ចិន​ បានផ្តល់​ជំនួយ​ជាង ២ ពាន់​លាន​ដុល្លារ​អាមេរិក​ ដល់​សហគមន៍​អន្តរជាតិ​។ រដ្ឋាភិបាល​ចិន​នឹង​អនុវត្ត​ការប្តេជ្ញាចិត្ត​ដ៏អស្ចារ្យ​របស់​ឯកឧត្តម ប្រធានាធិបតី​ចិន Xi Jinping ក្នុង​កិច្ចចាត់ទុក​វ៉ាក់សាំង​ចិន ជា​ផលិតផល​សាធារណៈ​អន្តរជាតិ និង​ការរួមចំណែក​របស់​ចិន ដើម្បី​សម្រេច​បាន​នូវ​លទ្ធភាព​ទទួល​យក​បាន និង​ការទទួលខុសត្រូវ​លើ​វ៉ាក់សាំង​កូវីដ​១៩​សម្រាប់​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍​។

ប្រឈមមុខ​នឹង​ការតេស្ត​សាកល្បង​នៃ​ជំងឺ​វីរុស​មួយ​នេះ និង​បរិយាកាស​អន្តរជាតិ​ដ៏ស្មុគស្មាញ​ និង​ផ្លាស់ប្តូរ​ឥតឈប់ឈរ ប្រទេស​ចិន​បាន​រៀបចំ​គម្រោង​ជំរុញ​កិច្ចទប់ស្កាត់​នឹង​ជំងឺ​វីរុស និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​បាន​ជំរុញ​យ៉ាងខ្លាំង​នូវ​គំរូ​ថ្មី​ដែល​ផ្តោត​សំខាន់​លើ​វដ្ត​ក្នុង​ប្រទេស​ជាតិ​ជា​គោល និង​ការជំរុញ​គ្នា​ទៅវិញទៅមក​វដ្ត​ទ្វេដង​ក្នុង​ប្រទេស​ និង​អន្តរជាតិ និង​បាន​ជំរុញ​កិច្ចស្តារ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម និង​ទទួល​បាន​សមិទ្ធផល​ជាក់ស្តែង​ជាច្រើន​គួរឲ្យ​កត់សម្គាល់​។

យោងតាម​តួលេខ​បង្ហាញ​ឱ្យ​ឃើញ​ថា ក្នុង​ត្រីមាស​ទី​២ ​នា​ឆ្នាំនេះ GDP របស់​ប្រទេស​ចិន​ បាន​កើនឡើង ៣,២ % បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ​បាន​ព្យាករ​ថា ប្រទេស​ចិន ​នឹង​ក្លាយ​ជា​តួ​សេដ្ឋកិច្ច​សំខាន់​តែ​ ១ ​គត់​ដែល​អាច​រក្សាបាន​នូវ​កំណើន​សេដ្ឋកិច្ច​វិជ្ជមាន​ពេញ​ ១ ​ឆ្នាំ​ ២០២០ ហើយ​យើង​ពិតជា​មាន​មោទនភាព​យ៉ាងខ្លាំង​។

មិត្តភក្តិ​ទាំងឡាយ​ជា​ទីរាប់អាន​ឆ្នាំ​នេះ​គឺជា​ខួប​អនុស្សាវរីយ៍​លើក​ទី​ ១០ នៃ​ការបង្កើត​កិច្ចសហប្រតិបត្តិការភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ចិន​ និង​កម្ពុជា ហើយ​ក៏​ជា​ខួប​អនុស្សាវរីយ៍​លើក​ទី​ ១ នៃ​ការចុះហត្ថលេខា​អនុវត្ត​ផែនការ​សកម្មភាព​កសាង​សហគមន៍​ជោគវាសនា​រួម​រវាង​ប្រទេស​ទាំង​ ២ ​ផងដែរ​។ ប្រឈមមុខ​ជាមួយ​នឹង​ជំងឺ​វីរុស ប្រទេស​ចិន​ និង​កម្ពុជា រដ្ឋាភិបាល​ និង​ប្រជាជន​ទាំង​ ២ ​ប្រទេស​តែង​ពួតដៃ​គ្នា ពុះពារ​រាល់​ការលំបាក បង្កើត​បាន​ជា​គំរូ​ដ៏ប្រពៃ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​វីរុស​លើ​ឆាក​អន្តរជាតិ​។ ក្នុងអំឡុង​ពេល​នៃ​ការផ្ទុះ​ឡើង​នូវ​ជំងឺ​វីរុស​កូវីដ​-១៩ មួយ​នេះ​ភាគី​ទាំង​ ២ ​បាន​បង្កើត​រួម​គ្នា​នូវ​កិច្ចការ​ទី​ ១ ​ជាច្រើន​។

សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺជា​ប្រមុខ​រដ្ឋាភិបាល​បរទេស​ទី​ ១ ​ដែល​បាន​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​ចិន​។ ជំនួយ​សម្ភារ​ទប់ស្កាត់​នឹង​ជំងឺ​វីរុស​លើក​ដំបូង​ដែល​ទីក្រុង Wuhan ខេត្ត Hubei ប្រទេស​ចិន​ ទទួល​បាន​គឺ​មកពី​ប្រទេស​កម្ពុជា​។ រដ្ឋាភិបាល​ចិន និង​កងទ័ព​ចិន​បាន​បញ្ជូន​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ទប់ស្កាត់​នឹង​ជំងឺ​វីរុស​លើកដំបូង​គេ​ក្នុង​តំបន់​ ឬ​សកលលោក​គឺ​មកកាន់​ប្រទេស​កម្ពុជា​។ កិច្ចចរចា​ពាណិជ្ជកម្ម​សេរី​រវាង​ចិន​ និង​កម្ពុជា ជាកិច្ចចរចា​ពាណិជ្ជកម្ម​សេរី​ទី​ ១ ​ត្រូវ​បាន​បញ្ចប់​ដោយ​តាមរយៈ Video Conference​។

សមយុទ្ធ​ “​នាគ​មាស ២០២០” គឺជា​លំ​ហាត់​រួមគ្នា​តែ​ ១ គត់​ដែល​ធ្វើ​ឡើង​ដោយ​ភាគី​ចិន​ជាមួយ​នឹង​កងទ័ព​ភាគី​កម្ពុជា​។ កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​អន្តររដ្ឋាភិបាល​រវាង​ចិន​ និង​កម្ពុជា​លើក​ទី​៥ ជា​កិច្ចប្រជុំ​កិច្ចសហប្រតិបត្តិការ​យន្តការ​ទ្វេភាគី​កម្រិត​កំពូល​ទី​ ១ ​ដែល​រៀបចំ​រវាង​ចិន​ និង​ប្រទេសជិតខាង​។ ភាពជាក់ស្តែង​ជាច្រើន​រាប់មិនអស់​ត្រូវបាន​បង្ហាញ​ឱ្យឃើញ​ពី​មិត្តភាព​ជា​ប្រពៃណី​រវាង​ចិន​ និង​កម្ពុជា​ត្រូវបាន​កែលម្អ​ថែម​មួយកម្រិត​ទៀត បន្ទាប់ពី​ឆ្លងកាត់​ការដុសខាត់​នៃ​ជំងឺ​វីរុស​មួយ​នេះ​។

មិត្តភក្តិ​ទាំងអស់​ជា​ទីរាប់អាន ពិភពលោក​នាពេល​បច្ចុប្បន្ននេះ​កំពុង​ឆ្លងកាត់​ការផ្លាស់ប្តូរ​យ៉ាងខ្លាំង​ដែល​មិន​ធ្លាប់មាន​ក្នុង​ ១ ​សតវត្សរ៍​នេះ​។ ​ពិភពលោក​កំពុង​ឈរ​នៅ​ចំណុច​ចាប់ផ្តើម​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​។ ជោគវាសនា​របស់​មនុស្សជាតិ​មាន​ទំនាក់ទំនង​ស្អិតល្មួត​ដែល​ពុំ​ធ្លាប់មាន​ដូច​សព្វថ្ងៃនេះ​ទេ​។

ប្រទេស​ចិន​ នឹង​បន្ត​ពង្រីក​ការបើកចំហ​ទៅកាន់​ពិភពលោក​ខាងក្រៅ រួបរួមសាមគ្គី​គ្នា​ជាមួយ​បណ្តា​ប្រទេស​ក៏ដូចជា​ប្រទេស​កម្ពុជា​ ផងដែរ ពង្រីក​សមិទ្ធផល​កិច្ចសហប្រតិបត្តិការ​ជោគជ័យ​រួមគ្នា​កាន់តែ​ធំ​។ ប្រទេស​ចិន​ នឹង​ដើរតួ​ជា​អ្នកអនុវត្ត​ពហុភាគី​និយម បន្ត​ជំរុញ​ការកសាង​សហគមន៍​ជោគវាសនា​រួម​សម្រាប់​មនុស្សជាតិ​គ្រប់រូប សម្រេច​បានការ​សាមគ្គី​គ្នា និង​ភាព​រីកចម្រើន​កាន់តែ​ធំ​សម្រាប់​សង្គម​មនុស្សជាតិ​!

សូម​ជូនពរ​ប្រទេស​ចិន និង​កម្ពុជា រីកចម្រើន​ថ្កុំថ្កើន និង​អភិវឌ្ឍ ប្រជាជន​រស់នៅ​ដោយ​សុខក្សេមក្សាន្ត​!

សូម​ជូនពរ​មិត្តភាព​ចិន​ និង​កម្ពុជា​ដែល​ប្រៀប​ដូច​បងប្អូន យូរអង្វែង​ជា​អមតៈ​!