ជំនាញ​ទន់ និង​ជំនាញ​រឹង​រួមផ្សំ​ជាមួយ​គ្នា​បង្កើត​បាន​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការអប់រំ​ទាំងអស់​។ ជំនាញ​រឹង សំដៅ​ទៅលើ​ជំនាញ​បច្ចេកទេស ចំណែកឯ​ជំនាញ​ទន់​វិញ​នៅតែ​ពិបាក​ឱ្យ​និយមន័យ​ជាក់លាក់​មួយ​នៅ​ឡើយ​។ តាមពិត​ទៅ ប៉ុន្តែ​មិន​ជា​ផ្លូវការ​ទេ ជំនាញ​ទន់​ទាំងនោះ​សំដៅ​ទៅ​លើ​ជំនាញ​ខាង​ផ្នែក​ទំនាក់ទំនង​។ យើង​មិន​អាច​វាយតម្លៃ​ជំនាញ​ទន់​តាមរយៈ​ការប្រឡង​មួយ ឬ​ក៏​តាម​ចំណោទ​ខ្លីៗ​នោះទេ ប៉ុន្តែ​ជំនាញ​ទាំង​នោះ​ជួយ​កំណត់​ថា​យើង​ជា​មនុស្ស​បែបណា​។

លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែល​ជា​ស្ថាបនិក​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ​បាន​ថ្លែង​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ដើម្បី​ជួយ​ឱ្យ​យើង​យល់​កាន់តែច្បាស់​ថា​អ្វីខ្លះ​ជា​ជំនាញ​ទន់​នោះ និង​ពី​របៀប​ដែល​សាលារៀន អន្ដរទ្វីប អាមេរិកាំង កំពុង​បង្ហាត់បង្រៀន​សិស្ស​របស់ខ្លួន​នូវ​ជំនាញ​ទន់​ទាំងអស់​នោះ​ព្រោះ​ជំនាញ​ទន់​ទាំងអស់​នោះ​បាន​ជួយ​លើក​កម្ពស់​កម្ពុជា​ឱ្យ​បាន​ល្អប្រសើរ​លើស​មួយ​កម្រិត​ទៀត​។

មុន​ពេល​ដែល​យើង​អាច​ជជែក​ថា​ហេតុ​អ្វី​បាន​ជា​ជំនាញ​ទន់​មាន​សារៈសំខាន់ លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បាន​ដាក់​និយមន័យ​របស់​ជំនាញ​ទន់ និង​ជំនាញ​រឹង​សម្រាប់​យើង​ទាំងអស់​គ្នា​។ «​ជំនាញ​រឹង គឺជា​ជំនាញ​មុខរបរ​បច្ចេកទេស​។ អ្នក​ចូលរៀន​នៅ​មហាវិទ្យាល័យ ហើយ​អ្នក​ទទួល​បាន​សញ្ញាបត្រ​។ ទាំងនោះ​ហើយ​ដែល​ជា​ជំនាញ​រឹង​របស់​អ្នក​ដែល​និយាយ​ឱ្យ​ចំ​ទៅ​គឺជា​ជំនាញ​ដែល​អ្នក​ត្រូវការ​ក្នុង​ការបំពេញ​ការងារ​របស់​អ្នក​»​។ លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ​បន្ត​ថា​៖ «​ចំណែកឯ​ជំនាញ​ទន់​គឺ​មិន​សូវ​ជា​អាច​មើល​ឃើញ​នឹង​ភ្នែក​ប៉ុន្មាន​នោះ​ទេ ហើយ​ក៏​មិន​ត្រូវ​បាន​ឱ្យ​និយមន័យ​ច្បាស់លាស់​នោះ​ដែរ​។ យើង​ក៏​មិនអាច​វាយតម្លៃ​ជំនាញ​ទន់​ទាំង​នោះ​បានដែរ ព្រោះ​ជាធម្មតា​ពួកវា​មាន​មកពី​កំណើត​ដែល​ជា​រឿយៗ​ពួកវា​កើត​ចេញ​ពី​ការហ្វឹកហាត់​ និង​ការអភិវឌ្ឍ​ខ្លួនឯង​។ វា​គឺជា​ដំណើរការ​វែងឆ្ងាយ​នៅក្នុង​ខ្សែជីវិត​របស់​យើង​»​។

នៅពេល​យើង​ឃើញ​និយមន័យ​នេះ វា​ប្រហែល​ជា​ការងាយ​ណាស់​ក្នុង​ការមិន​ឱ្យ​តម្លៃ​ទៅលើ​សារៈសំខាន់​របស់​ជំនាញ​ទន់ ខណៈ​ដែល​ជំនាញ​រឹង​នឹង​ចេញ​ផល​នៅក្នុង​ការងារ​ដែល​យើង​កំពុង​តែ​ធ្វើ និង​យើង​អាច​រកប្រាក់​ចំណូល​ពី​ជំនាញ​រឹង​ទាំងអស់​នោះ​។

លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ​ពន្យល់​ថា​៖ «​ជំនាញ​ទន់​គឺជា​ជំនាញ​ទំនាក់ទំនង គុណ​លក្ខណៈ​ផ្ទាល់​ខ្លួន​ជា​ប្រភេទ​នៃ​ឥរិយាបថ​ដែល​អ្នក​ត្រូវការ​នៅពេល​អ្នក​ជួប​ប្រាស្រ័យ​ជាមួយ​មនុស្ស ដើម្បី​រស់ និង​ដើម្បី​ធ្វើការ​ឱ្យ​បាន​ប្រសើរ​ឡើង​នៅឯ​កន្លែង​ធ្វើការ ជាពិសេស​ពួកគេ​សំដៅ​ទៅ​លើ​ជំនាញ​ទន់​ទាំងនេះ​ថា​មាន​សារៈសំខាន់​ណាស់​នៅ​កន្លែង​ការងារ​។ ប្រសិន​បើ​អ្នក​អាច​មាន​ទំនាក់ទំនង​បាន​ល្អ​នៅ​កន្លែង​ការងារ​អ្នក​នឹង​អាច​បំពេញ​ការងារ​បាន​ល្អ​ជាង​មុន​ជាមួយ​នឹង​មិត្ត​រួម​ការងារ​របស់​អ្នក អ្នក​នឹង​អាច​ធ្វើ​ការងារ​បាន​ល្អ​នៅក្នុង​ក្រុម​របស់​អ្នក អ្នក​នឹង​អាច​បំពេញ​ការងារ​បាន​ល្អ​ជាង អ្នក​នឹងមាន​វិន័យ​ជាង​មុន​ថែម​ទៀត​ផង​»​។

ទាំងនេះ​គឺជា​គុណសម្បតិ្ត​ដែល​ជួយ​ឱ្យ​អ្នក​អាច​ទទួលបាន​ការដំឡើង​ឋានៈ ឡើង​ប្រាក់ខែ និង​ទទួល​បាន​ភាពជោគជ័យ​ខ្ពស់​ជាមួយ​កម្រិត​ទៀត ប្រសិន​បើ​អ្នក​អាច​អភិវឌ្ឍន​ជំនាញ​ទន់​ទាំងនោះ​បាន​ល្អ​ត្រឹមត្រូវ​។

ជាការពិត​ណាស់ វា​មាន​ផល​ពិបាក​មួយ​នៅក្នុង​ការបង្រៀន​អំពី​អ្វី​មួយ​នោះ ដែល​យើង​មិន​អាច​វាស់​ស្ទង់​បាន​។ គ្មាន​រង្វាស់​កម្រិត​ច្បាស់លាស់ វា​អាច​នឹង​ពិបាក​ក្នុង​ការស្វែងយល់ ឬ​ធ្វើការ​ប៉ាន់ស្មាន​ពី​របៀប​ដែល​សិស្ស​អភិវឌ្ឍ​ខ្លួនគេ​។

នៅ​សាលារៀន អន្ដរទ្វីប អាមេរិកាំង​លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ពន្យល់​ថា​៖ «​ជំនាញ​ទន់​គឺ​មិន​អាច​បង្រៀន​បាន​ទេ ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​ដាក់បញ្ចូល​ជា​ផ្នែក​មួយ​នៃ​កម្មវិធីសិក្សា​ដែល​ដំណើរការ​រៀនសូត្រ​ពី​វា​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅក្នុង​មុខវិជ្ជា​រៀន​របស់​សិស្ស​។ ការចូលរួម​នៅក្នុង​ថ្នាក់រៀន​នឹង​ជួយ​សិស្ស​ឱ្យ​មាន​ភាពជឿជាក់ មាន​ភាព​ជឿជាក់​ក្នុង​ការចូលរួម​ជាមួយ​នឹង​អ្វីមួយ និង​ដាក់ខ្លួន​ពួកគេ​ឱ្យ​ជាប់ទាក់ទង​ជាមួយ​នឹង​អ្វី​មួយ​»​។

ភាពជឿជាក់​ផ្ទាល់ខ្លួន​ និង​ជំនឿ​ជាក់​ទៅ​លើ​សមត្ថភាព​របស់​ពួកគេ​គឺជា​មធ្យោបាយ​មួយ​នៃ​ការអភិវឌ្ឍន​ជំនាញ​ទន់​។ យើង​អាច​មើល​ឃើញ​លទ្ធផល​នៅពេល​ដែល​សិស្ស​មាន​អារម្មណ៍​ល្អ​ធម្មតា​ក្នុង​ការបញ្ចេញ​នូវ​គំនិត​របស់​ពួកគេ ឬ​ក្នុង​ការឆ្លើយ​សំណួរ​ផ្សេងៗ​។ ដូច​ដែល​លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បាន​លើក​ឡើង​ហើយ​ថា ជំនាញ​ទន់​ជួយ​លើក​ទឹកចិត្ត​សិស្ស​ និង​បង្កើត​នូវ​ថាមពល​នៃ​ការចូលរួម​ដោយសារ​តែ​ការចូលរួម​បន្តិច​ម្ដងៗ​នឹង​ផ្ដល់​ដល់​សិស្ស​នូវ​សមត្ថភាព​ក្នុង​ការទាក់ទង​។

លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បញ្ជាក់​ថា៖ «​កាលពី​ ១០ ​ឬ ​១៥ ​ឆ្នាំ​មុន​ក្នុង​ប្រទេស​កម្ពុជា​ប្រព័ន្ធ​អប់រំ​គឺ​ពឹង​ផ្អែកលើ​គ្រូ​ខ្លាំងណាស់​ដោយ​គ្រូ​ជា​អ្នក​បង្រៀន ចំណែកឯ​សិស្ស​គឺជា​អ្នក​ស្ដាប់​។ ​សិស្ស​រក្សា​ភាព​ស្ងៀមស្ងាត់ រហូត​ដល់​ចំណុច​មួយ​ដែល​ពួកគេ​មិន​មាន​សេចក្ដី​ក្លាហាន​គ្រប់គ្រាន់​ក្នុង​ការលើកដៃ ឬ​ឡើង​ទៅ​លើ​វេទិកា និង​ធ្វើ​បទបង្ហាញ​។ ដូច្នេះ​ជំនាញ​ទន់​ និង​លទ្ធភាព​ក្នុង​ការបង្ហាញ​ពី​ខ្លួន​ពួកគេ​ផ្ទាល់​ក៏​មិន​មាន​វត្តមាន​នោះ​ដែរ​»​។

នាពេល​បច្ចុប្បន្ន​នេះ​អ្វីៗ​បាន​ប្រែប្រួល​ហើយ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ក៏​ព្រោះ​តែ​នៅក្នុង​សាលារៀន​ផ្សេងៗ​ដូចជា សាលារៀន អន្ដរទ្វីប អាមេរិកាំង​ជាដើម របៀប​ថ្មី​ត្រូវ​បាន​អភិវឌ្ឍន​ឡើង​ជាមួយ​នឹង​ការផ្ដល់​អទិភាព​ទៅ​លើ​ការបណ្ដុះបណ្ដាល​នូវ​ជំនាញ​ទន់​។

លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ​បាន​ឱ្យ​ជា​ឧទាហរណ៍​មួយ​ពី​របៀប​ដែល សាលារៀន អន្ដរទ្វីប អាមេរិកាំង​បាន​បង្ហាត់បង្រៀន​នូវ​ចំណេះដឹង​ផ្នែក​ជំនាញ​ទន់​ទៅ​ឱ្យ​សិស្ស​របស់​ខ្លួន​គឺ «​គ្រូ​នឹង​ឱ្យ​សិស្ស​ក្រោកឈរ ជជែក ប្រាស្រ័យ​ទាក់ទង​គ្នា​ជាមួយ​សិស្ស​ផ្សេងៗ​ទៀត ដូច្នេះ​ដំណើរការ​នោះ​គឺជា​ជំនាញ​រឹង ប៉ុន្តែ​អ្នក​នឹង​មាន​អារម្មណ៍​ថា​អ្នក​មាន​សមត្ថភាព​ក្នុង​ការធ្វើ​ធម្មតា​នូវ​ការប្រាស្រ័យ​ទាក់ទង​គ្នា និង​មាន​អារម្មណ៍​ស៊ាំ​ជាមួយ​នឹង​វា នោះ​ហើយ​គឺជា​ជំនាញ​ទន់​មួយ​។ វា​ពិតជា​ពិបាក​ក្នុង​ការវាស់ស្ទង់​ហើយ​វា​មិន​អាច​មើលឃើញ​ច្បាស់​ទៀតផង​។ ជំនាញ​ទន់​គឺជា​អ្វី​មួយ​ដែល​អ្នក​ទទួល​បាន​ពី​ដំណើរការ​នៃ​ការប្រាស្រ័យ​ទាក់ទង​គ្នា​ទាំង​នោះ​»​។

នៅក្នុង​ន័យ​ថា​វា​គឺជា​ពេលវេលា​ដ៏ល្អ​បំផុត​ដើម្បី​ចាប់ផ្ដើម​រៀន​ជំនាញ​ទន់ លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ​បាន​ផ្ដល់​ជា​អនុសាស្ត្រ​ថា​៖ «​ជាធម្មតា​គួរតែ​ចាប់ផ្ដើម​រៀន​ឱ្យបាន​កាន់​តែ​ឆាប់​កាន់តែ​ល្អ វា​មិន​ដែល​លឿន​ពេក​នោះទេ​ដើម្បី​ដាក់​បញ្ចូល​ក្នុង​ចិត្ត​របស់​កុមារ​ជាមួយ​នឹង​គោលការណ៍​អស់​ទាំង​នេះ​»​។

ដូច្នោះ​ការទទួល​បាន​នូវ​ជំនាញ​ទន់​គឺជា​ដំណើរការ​ពេញ​មួយជីវិត​។ លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ​បញ្ជាក់​ថា​៖ «​បើ​អ្នក​កាន់តែ​ឱ្យ​សិស្ស​បាន​រៀន​ពី​ជំនាញ​នេះ​បាន​កាន់តែ​ឆាប់ អ្នក​នឹង​មាន​សិស្ស​ច្រើន​ឡើងៗ​ចូលរួម​បាន​កាន់​ល្អប្រសើរ​»​។

នៅ​សាលារៀន អន្ដរទ្វីប អាមេរិកាំង​ការបង្រៀន​នូវ​ជំនាញ​ទន់​គឺ​មិន​ត្រឹមតែ​នៅក្នុង​ថ្នាក់រៀន​នោះទេ ប៉ុន្តែ​វា​គឺជា​ផ្នែក​មួយ​នៃ​កម្មវិធីសិក្សា​ទាំង​មូល​តែម្ដង ដែល​អាច​ជួយ​លើកកម្ពស់​ការបំពេញ​កិច្ចការ​របស់​សិស្ស ជួយ​ពង្រឹង​ភាពជឿជាក់​របស់​សិស្ស​ និង​ដែល​សំខាន់​ចុងក្រោយ​នោះ​វា​នឹង​ជួយ​បង្កើន​គុណភាព​ជីវិត​របស់​ពួកគេ​។