នេះគឺជាពេលវេលាដែលត្រូវជំរុញរបៀបវារៈប្រាក់រៀលរបស់រដ្ឋាភិបាល ខណៈសូចនាករម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបានឆ្លុះបញ្ចាំងថា ទីផ្សារបច្ចុប្បន្នបានត្រៀមខ្លួនរួចរាល់សម្រាប់រជ្ជកាលរូបិយប័ណ្ណជាតិ។
បច្ចុប្បន្នប្រទេសកម្ពុជាចរាចររូបិយវត្ថុចំនួន ២ គឺប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក ដែលកំពុងដំណើរការស្របគ្នា ដើម្បីគាំទ្រដល់អាជីវកម្ម និងពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានរយៈពេលជិត ៣ ទសវត្សរ៍កន្លងមកនេះ។
ប៉ុន្តែសេដ្ឋកិច្ចដែលគ្របដណ្តប់ដោយឥទ្ធិពលប្រាក់ដុល្លារមួយនេះ អាចរាំងស្ទះដល់ប្រសិទ្ធភាពនៃការដាក់ចេញនូវគោលនយោបាយរូបិយវត្ថុរបស់កម្ពុជាឲ្យបានទូលំទូលាយ ខណៈជោគវាសនាប្រាក់ដុល្លារអាមេរិកគឺពឹងផ្អែកលើធនាកគារកណ្តាលអាមេរិក។
ធនាគារ និងក្រុមអ្នកជំនាញបាននិយាយថា ប្រទេសកម្ពុជាពេលនេះបានត្រៀមខ្លួនរួចរាល់ក្នុងការទម្លាក់ឥទ្ធិពលប្រាក់ដុល្លារ ពីព្រោះស្ថិរភាពប្រាក់រៀលរឹងមាំគឺអាចទប់ស្កាត់ភាពរង្គោះរង្គើសេដ្ឋកិច្ចបាន។
អគ្គនាយកធនាគារអេស៊ីលីដា លោកបណ្ឌិត អ៊ិន ចាន់នី បានឲ្យកាសែតភ្នំពេញប៉ុស្តិ៍ដឹងថា៖ «លក្ខខណ្ឌទីផ្សារគឺមានសារៈសំខាន់ណាស់។
មានគោលនយោបាយរូបិយវត្ថុល្អមានកំណើនសេដ្ឋកិច្ចល្អក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះគឺបង្ហាញថាប្រាក់រៀលមានស្ថិរភាពបើធៀបនឹងរូបិយប័ណ្ណដទៃនៅក្នុងតំបន់ដោយប្រាក់រៀលមិនមានការប្រែប្រួលខ្លាំងហើយអតិផរណាក៏មានកម្រិតទាបទាំងនេះគឺជាចំនុចសំខាន់»។
សេដ្ឋកិច្ចកម្ពុជាមានកំណើនដ៏គួរឱ្យកត់សម្គាល់ក្នុងរយៈពេលជិតពីរទសវត្សរ៍មកនេះដោយកើនឡើងក្នុងរង្វង់ ៧ ភាគរយហើយអត្រាអតិផរណាមានចំនួន ៣,២ ភាគរយ (ឆ្នាំ ២០១៨) ខណៈឱនភាពគណនីចរន្តមានប្រមាណ ១០ ភាគរយ និងប្រាក់បម្រុងបរទេសមានចំនួន ១១ ពាន់លានដុល្លារ ចំណែកឯអត្រាប្តូរប្រាក់រៀលគឺមានស្ថេរភាពដោយក្នុងមួយដុល្លារស្មើ ៤០៥០ រៀល។
ទាំងនេះគឺជាសញ្ញាមួយចំនួនដែលបង្ហាញថាសេដ្ឋកិច្ចកម្ពុជាបានត្រៀមខ្លួនរួចរាល់សម្រាប់ប្រាក់រៀលដើម្បីក្លាយជារូបិយវត្ថុតែមួយគត់ ដោយសារតែបច្ចុប្បន្នប្រាក់រៀលកំពុងស្ថិតនៅក្នុងលំដាប់ទី ២ បន្ទាប់ពីប្រាក់ដុល្លារ។
ធនាគារជាតិនៃកម្ពុជា (NBC) កំពុងព្យាយាមលើកម្ពស់ការប្រើប្រាស់ប្រាក់រៀលនៅក្នុងទីផ្សារហិរញ្ញវត្ថុដើម្បីកសាងទំនុកចិត្តបន្ថែមលើប្រាក់រៀល។
ធនាគារកណ្តាលបានចាត់វិធានការជាច្រើន ដើម្បីលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិឲ្យបានកាន់តែទូលំទូលាយដូចជាតម្រូវឲ្យធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ត្រូវមានឥណទានជារូបិយវត្ថុជាតិយ៉ាងតិច ១០ ភាគរយនៃសំពៀតឥណទានសរុបរបស់ខ្លួនយ៉ាងយូរត្រឹមដំណាច់ឆ្នាំ ២០១៩ ហើយការទូទាត់ផ្សេងៗដូចជាការបង់ពន្ធ និងបង់វិកយបត្រផ្សេងៗត្រូវទូទាត់ជាប្រាក់រៀល។ ចំពោះការធ្វើអាជីវកម្ម និងទំនិញតាំងលក់នៅតាមផ្សារទំនើបត្រូវបិទស្លាកតម្លៃជាប្រាក់រៀលផងដែរ។
លោកបណ្ឌិត ចាន់នី បន្ថែមថា៖ «សំខាន់ណាស់សម្រាប់ប្រទេសកម្ពុជាដែលមានរូបិយវត្ថុផ្ទាល់ខ្លួន ពីព្រោះវាជាអធិបតេយ្យជាតិ និងជាអត្តសញ្ញាណរបស់យើង ហើយវាក៏ជាមោទនភាពជាតិផងដែរ»។
ប៉ុន្តែទោះយ៉ាងណាក៏ដោយវាមិនងាយស្រួលនោះទេពីព្រោះប្រាក់ដុល្លារបានចាក់ឫសយ៉ាងជ្រៅនៅក្នុងសេដ្ឋកិច្ចកម្ពុជាទៅហើយ។
បច្ចុប្បន្នប្រតិបត្តិការជាច្រើននៅតែធ្វើឡើងដោយប្រាក់ដុល្លារនៅឡើយ ហើយប្រមាណ ៩០ ភាគរយនៃឥណទានកម្ចីរបស់ធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុគឺជាប្រាក់ដុល្លារ ខណៈប្រាក់ឈ្នួលនៅក្នុងវិស័យឯកជនក៏ត្រូវបានទូទាត់ជាប្រាក់ដុល្លារ។ ជាឧទាហរណ៍ប្រាក់ខែរបស់កម្មករកម្មការិនីកាត់ដេរប្រមាណ ៧០ ម៉ឺននាក់ក៏ជាប្រាក់ដុល្លារផងដែរ។
ប្រាក់ដុល្លារនៅតែជារូបិយប័ណ្ណដែលពេញនិយមបំផុតក្នុងវិស័យអចលនទ្រព្យ (ទិញ/លក់) ហើយសូម្បីតែការលក់ទំនិញរាយតាមដងផ្លូវ ឬតាមកន្លែងផ្សេងៗ ប្រាក់ដុល្លារនៅតែមានប្រជាប្រិយភាព។
លោកបណ្ឌិត ចាន់នី ថ្លែងថា៖ «បញ្ហាប្រឈមគឺថាជាង ៨០ ភាគរយនៃចរាចរសាច់ប្រាក់នៅក្នុងប្រទេសកម្ពុជាគឺជាប្រាក់ដុល្លារអាមេរិកហើយយើងមិនមែនជាប្រទេសតែមួយដែលប្រឈមនឹងបញ្ហានេះទេ គឺមានបណ្តាប្រទេសផ្សេងទៀតក៏ដូចយើងដែរ [ប្រព័ន្ធរូបិយប័ណ្ណ ២]»។
លោកបន្ថែមថា៖ «គួរតែមានវិធីសាស្ត្រខាងចិត្តសាស្ត្រ និងវិធីសាស្ត្រទីផ្សារដែលរដ្ឋាភិបាលកម្ពុជាកំពុងធ្វើនឹងទទួលបានជោគជ័យដែលមិនមែនជាការចេញច្បាប់ដើម្បីបង្ខំ។ ខ្ញុំគិតថាវិស័យធុរកិច្ចសំខាន់ៗនឹងទទួលយកប្រាក់រៀលជាបណ្តើរៗ។ រហូតមកដល់ពេលនេះខ្ញុំកត់សម្គាល់ឃើញថា ការគាំទ្រប្រាក់រៀលខ្មែរពីសាធារណជនកើនឡើង»។
ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០១៧ ធនាគារជាតិនៃកម្ពុជាបានបញ្ចេញសាច់ប្រាក់ប្រមាណពីរពាន់ពាន់លានរៀល (៤៨៨ លានដុល្លារ) ទៅក្នុងសេដ្ឋកិច្ចពោលគឺកើនឡើងចំនួន ១៨ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០១៦ ដែលវាជាសញ្ញាបញ្ជាក់ថាតម្រូវការប្រាក់រៀលកំពុងកើនឡើង។
ទន្ទឹមនឹងនេះដែរលោក នាក់ សមសែន ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន Nuppun Research and Consulting ឲ្យដឹងថាការប្រើប្រាស់ប្រាក់រៀលមានការកើនឡើងនៅក្នុងទីផ្សារជាពិសេសនៅតាមទីក្រុង។
លោកថ្លែងថា៖ «កាលពីមុននៅតាមផ្សារទំនើប ឬភោជនីយដ្ឋានលំដាប់ខ្ពស់ គេដាក់ស្លាកតម្លៃទំនិញជាប្រាក់ដុល្លារអាមេរិកតែប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នពួកគេដាក់ទាំង ២ គឺទាំងប្រាក់ដុល្លារ និងប្រាក់រៀលហើយនៅកន្លែងខ្លះគឺគេដាក់ស្លាកតម្លៃជាប្រាក់រៀលតែមួយប៉ុណ្ណោះ»។
លោកបន្តថា៖ «ការប្រើប្រាស់ប្រាក់រៀលក៏បង្ហាញមោទនភាពជាតិផងដែរ។ នេះជាពេលវេលាដ៏សមស្របដែលប្រជាពលរដ្ឋខ្មែរត្រូវលើកកម្ពស់ប្រាក់រៀល ប៉ុន្តែរាជរដ្ឋាភិបាលត្រូវធ្វើជាបណ្តើរៗដោយសារតែប្រាក់រៀលត្រូវបានលុបបំបាត់ចោលទាំងស្រុងនៅក្នុងរបបប៉ុលពត ហើយប្រាក់រៀលបានធ្លាក់ចុះយ៉ាងខ្លាំងនៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ នៅពេលដែលប្រទេសកម្ពុជាផ្លាស់ប្តូរពីសេដ្ឋកិច្ចផែនការទៅរកសេដ្ឋកិច្ចទីផ្សារសេរី»។
លោកបន្តថាប្រសិននៅកម្ពុជាគេប្រើតែប្រាក់រៀលនោះធនាគារជាតិនៃកម្ពុជានឹងមានជម្រើសច្រើនជាងមុនដើម្បីអនុវត្តគោលនយោបាយរូបិយវត្ថុរបស់ខ្លួនជាមួយគោលនយោបាយសារពើពន្ធដែលដាក់ចេញដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
លោកបញ្ជាក់ថា៖ «ដោយសារតែសេដ្ឋកិច្ចបច្ចុប្បន្នមានទំនោរលើការប្រើប្រាស់ប្រាក់ដុល្លារទើបធ្វើឲ្យជម្រើសនៃការអនុវត្តន៍គោលនយោបាយរូបិយវត្ថុនៅមានកម្រិតខ្លាំង។
លោក សមសែន បន្ថែមថា៖ «សម្រាប់ពេលនេះជំហានបន្ទាប់រដ្ឋាភិបាលអាចជំរុញឲ្យមានការគិត និងគណនាថ្លៃផ្សេងៗចេញជាប្រាក់រៀល។ ឥឡូវនេះមនុស្សភាគច្រើនគិតចេញជាប្រាក់ដុល្លារអាមេរិក។ រដ្ឋាភិបាលអាចសាកជំរុញលើកទឹកចិត្តដល់វិស័យឯកជនឲ្យផ្តល់ប្រាក់ខែដល់បុគ្គលិករបស់ពួកគេជាប្រាក់រៀល»៕