ធនាគារជាតិ​នៃ​កម្ពុជា​ (NBC) ​កំពុង​ដឹកនាំ​របៀបវារៈ​ប្រាក់រៀល​ដើម្បី​លើក​កម្ពស់​រូបិយវត្ថុ​ជាតិ​។ ឯកឧត្ដម ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ចែករំលែក​ទស្សនៈ​របស់​ឯកឧត្ដម​ស្ដីពី​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ​។

តើ​តម្លៃពិត​របស់​ប្រាក់រៀល​នៅពេល​បច្ចុប្បន្ន​មាន​ស្ថានភាព​ដូចម្ដេច​ដែរ​? តើ​ឯកឧត្ដម​វាយតម្លៃ​រូបិយវត្ថុ​ជាតិ​ធៀប​នឹង​រូបិយប័ណ្ណ​បណ្ដា​ប្រទេស​ជា​ដៃគូ​នៅ​តំបន់​អាស៊ាន​ដូចម្ដេច​ដែរ​?

ប្រាក់រៀល​មាន​ស្ថិរភាព​អស់​រយៈពេល​ជាង​ ២ ​ទសវត្សរ៍​ដោយ​មាន​តម្លៃ​ប្រហែល ៤០៥០ ​រៀល​ក្នុង​ ១ ​ដុល្លារ​អាមេរិក​។ ប្រាក់រៀល​ត្រូវ​បាន​ចុះបញ្ជី​នៅ​ទីផ្សារ​អន្តរ​ធនាគារ​នៅ​ខេត្ត Guang Xi Zhuang ប្រទេស​ចិន​កាលពី​ខែ​កញ្ញា ឆ្នាំ​ ២០១៧​។ លើស​ពី​នេះ​អត្រា​ប្តូរ​ប្រាក់រៀល​បាន​ដាក់​បង្ហាញ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​នៃ​ទីផ្សារ​អន្តរជាតិ ជាពិសេស​ទូរទស្សន៍ Bloomberg និង​កម្មវិធី​ពាណិជ្ជកម្ម FX របស់​ធនាគារពាណិជ្ជ​ក្នុង​តំបន់​។

ទោះបី​មាន​កិច្ចខិតខំ​ប្រឹងប្រែង​ពី NBC ក្នុង​ការលើក​កម្ពស់​ការប្រើប្រាស់​ប្រាក់រៀល​កាន់តែ​ទូលំទូលាយ​នៅក្នុង​សេដ្ឋកិច្ច​ក្នុង​ស្រុក​ក្ដី ក៏​ប្រទេស​កម្ពុជា​នៅតែ​ជា​សេដ្ឋកិច្ច​ពឹងផ្អែក​ខ្លាំង​លើ​ប្រាក់​ដុល្លារ​។ ហេតុអ្វី​បាន​ជា​ប្រាក់រៀល​មិន​ទទួល​បាន​ការចាប់អារម្មណ៍​គ្រប់គ្រាន់​?

ទំនុកចិត្ត​លើ​ប្រាក់រៀល​បាន​ធ្លាក់​ចុះ​ដោយសារ​តែ​ប្រវត្តិសាស្ដ្រ​ដ៏ច្របូកច្របល់​របស់​ប្រទេស​កម្ពុជា​។ បន្ទាប់ពី​ការរំដោះ​ប្រទេស​នៅ​ថ្ងៃ​ ៧ ខែ​មករា ឆ្នាំ​ ១៩៧៩ ធនាគារកណ្ដាល​ត្រូវ​បាន​បង្កើតឡើង​ចាប់ពី​បាតដៃ​ទទេ ហើយ​ប្រាក់រៀល​ត្រូវ​បាន​ចាក់​បញ្ចូល​ទៅក្នុង​សេដ្ឋកិច្ច នៅពេល​ដែល​មិន​មាន​រូបិយវត្ថុ​ដែល​មាន​ស្រាប់​ទាល់តែ​សោះ ហើយ​សេដ្ឋកិច្ច​បាន​ស្ថិត​ក្នុង​ប្រព័ន្ធ​ដោះដូរ​។

នៅពេល​នោះ​លំហូរ​ចូល​យ៉ាង​គំហុក​នៃ​ប្រាក់​ដុល្លារ​អាមេរិក​ទៅក្នុង​សេដ្ឋកិច្ច បន្ទាប់ពី​ការធ្វើ​សេរីភារូបនីយកម្ម​សេដ្ឋកិច្ច​មិន​ត្រូវ​បាន​រំពឹងទុក និង​ហួស​ពី​ការគ្រប់គ្រង​របស់​អាជ្ញាធរ​រូបិយវត្ថុ​។ ទិសដៅ​ដ៏សំខាន់​នៃ​គោលនយោបាយ ក្នុង​ការលើកកម្ពស់​ប្រាក់រៀល​ខ្មែរ​នឹង​ស្តារ​ទំនុកចិត្ត​សាធារណជន និង​បង្កើន​តម្រូវការ​ទីផ្សារ​ជា​បន្តបន្ទាប់​សម្រាប់​ប្រាក់រៀល​។

មាន​ការកត់សម្គាល់​ថា​ប្រជាជន​កម្ពុជា​ស៊ាំ​នឹង​ការរក​ប្រាក់ និង​ការចំណាយ​ជា​ប្រាក់​ដុល្លារ​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​ហើយ ដូច្នេះ​ដើម្បី​ផ្លាស់ប្តូរ​ឥរិយាបថ និង​ផ្នត់គំនិត​នេះ​គឺ​​មាន​ការពិបាក​យ៉ាង​ខ្លាំង និង​ត្រូវការ​ពេលវេលា​។

ប៉ុន្តែ​យើង​សង្កេត​ឃើញ​ថា​មាន​កំណើន​ការប្រើប្រាស់​ប្រាក់រៀល​។ យោង​តាម​ការអង្កេត​រួម​ដោយ NBC និង JICA អនុបាត (Ratio) ប្រាក់រៀល​ខ្មែរ​ជា​ប្រាក់ចំណូល និង​ការចំណាយ​របស់​គ្រួសារ និង​សហគ្រាស​បាន​កើនឡើង​បន្តិចបន្តួច​នៅ​ចន្លោះ​ឆ្នាំ​ ២០១៤ និង​ឆ្នាំ​ ២០១៧​។

គំរូ​នៃ​ការប្រើប្រាស់​ប្រាក់​ដុល្លារ​អាមេរិក​ចង្អុល​បង្ហាញ​និន្នាការ​ ២ គឺ​សេដ្ឋកិច្ច​ជនបទ​ដែល​ពឹង​ផ្អែកលើ​ប្រាក់រៀល និង​សេដ្ឋកិច្ច​ទីក្រុង​ដែល​ជំរុញ​ដោយ​ប្រាក់​ដុល្លារ​។ តើ NBC នឹង​ធ្វើឲ្យ​គម្លាត​ដ៏ធំ​នេះ​រួម​តូច​ដូចម្ដេច ដើម្បី​លើកកម្ពស់​ប្រាក់​រៀល​?

តាមពិត NBC បាន​ចាត់​វិធានការ​ផ្សេងៗ ដើម្បី​លើកកម្ពស់​ការប្រើប្រាស់​ប្រាក់រៀល​នៅក្នុង​សេដ្ឋកិច្ច​នេះ​។ ទី​ ១ NBC តម្រូវ​ឲ្យ​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ត្រូវ​មាន​យ៉ាង​ហោចណាស់ ១០ ​ភាគរយ​នៃ​សំពៀត​ឥណទាន​របស់​ពួកគេ​ជា​ប្រាក់រៀល​ត្រឹម​ចុង​ឆ្នាំ​ ២០១៩​។ តាមរយៈ​វិធានការ​នេះ​គ្រឹះសា្ថន​ធនាគារ​ និង​ហិរញ្ញវត្ថុ​ដែល​ប្រតិបត្តិការ​នៅ​តំបន់​ទីក្រុង​នឹង​ត្រូវ​តែ​ផ្ដល់​កម្ចី​ដល់​អតិថិជន​របស់​ពួកគេ​ជា​ប្រាក់រៀល​។

ទី​ ២ NBC កំពុង​អភិវឌ្ឍ​ប្រព័ន្ធ​ផ្ទេរប្រាក់​រហ័ស និង​សុវត្ថិភាព​ដែល​ជំរុញ​ការទូទាត់​ជា​ប្រាក់រៀល​មាន​តម្លៃ​កាន់តែ​ទាប និង​កាន់តែ​រហ័ស​។ ទី​ ៣ NBC កំពុង​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​តាមរយៈ​ប្រព័ន្ធ QR កូដ​ឆ្លងកាត់​ព្រំដែន ដែល​ម្ចាស់​គណនី​ធនាគារ​ជា​ប្រាក់រៀល​ខ្មែរ​អាច​ធ្វើការ​ទូទាត់​តាមរយៈ QR កូដ​នៅក្នុង​ប្រទេស​ដែល​បាន​យល់ព្រម​។ ទី​៤ NBC កំពុង​រួម​ចំណែក​ក្នុង​ការអនុវត្ត​ប្រកាស​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ទាំងអស់​ត្រូវ​បង្ហាញ​តម្លៃ​ទំនិញ និង​សេវា​របស់​ពួកគេ​ជា​ប្រាក់រៀល​។

ការលើក​ឡើង​ខាង​លើ​នេះ​ឆ្លុះបញ្ចាំង​ថា ឧស្សាហកម្ម​ជាច្រើន​ត្រូវ​បាន​បែងចែក​មិន​ស្មើគ្នា និង​ធនធាន​សេដ្ឋកិច្ច​ត្រូវ​បាន​បែងចែក​មិន​ស្មើ​គ្នា​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។ តើ​ឯកឧត្ដម​យល់​យ៉ាង​ណា​ដែរ​?

វិសមភាព​នៃ​ចំណូល ឬ​ទ្រព្យសម្បត្តិ​ក្លាយ​ជា​បាតុភូត​សកល​ដែល​គ្រប់​ប្រទេស​កំពុង​ប្រយុទ្ធ​ប្រឆាំង​។

ក្រៅពី​ប្រាក់​ដុល្លារ​ ប្រាក់​យ៉ន់​ចិន ប្រាក់​បាត​ថៃ និង​ប្រាក់​ដុង​វៀតណាម​ក៏​កំពុង​ស្ថិត​ក្នុង​ការចរាចរ​នេះ​ផងដែរ ជាពិសេស​នៅ​តំបន់​តាម​ព្រំដែន​។ តើ NBC មានការ​បារម្ភ​ចំពោះ​រូបិយប័ណ្ណ​ទាំង​នោះ​ដែរ​ឬ​ទេ​?

ចរាចរ​រូបិយប័ណ្ណ​បរទេស​នៅក្នុង​ប្រទេស​កម្ពុជា​គឺជា​ការបារម្ភ​របស់​យើង ហើយ​យើង​កំពុង​ធ្វើ​ការងារ​ក្នុង​ការលើក​កម្ពស់​ការប្រើប្រាស់​រូបិយវត្ថុ​ជាតិ និង​បង្កើន​សមាមាត្រ​ប្រាក់រៀល​នៅក្នុង​សេដ្ឋកិច្ច​។

ការពឹងផ្អែក​ខ្លាំង​លើ​ប្រាក់​ដុល្លារ​អាមេរិក​អាច​ធ្វើឲ្យ​ប្រទេស​កម្ពុជា​ងាយ​ទទួលរងគ្រោះ​ដោយសារ​ការប្រែប្រួល​របស់​រូបិយប័ណ្ណ​បរទេស ហើយ​ប្រាក់​ដុល្លារ​គឺជា​រូបិយប័ណ្ណ​ដែល​ងាយ​ប្រែប្រួល​មួយ​។ តើ​មាន​យន្តការ​រូបិយវត្ថុ និង​អត្រា​ប្តូរប្រាក់​ប្រកប​ដោយ​ប្រសិទ្ធភាព ដើម្បី​ជម្នះ​ការប្រែប្រួល​បែប​នោះ​នៅក្នុង​ទីផ្សារ​ដែរ​ឬ​ទេ​?

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ យើង​បាន​ជ្រើសរើស​អនុវត្ត​របប​អត្រា​ប្ដូរប្រាក់​អណ្ដែត​អាច​គ្រប់គ្រង​បាន​។ ហើយ​ភ្ជាប់​វា​ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​កម្ពុជា​។ NBC បាន​ប្រមូល​បង្គរ​ទុនបម្រុង​ជា​រូបិយប័ណ្ណ​បរទេស ដើម្បី​ធ្វើ​អន្តរាគមន៍​នៅក្នុង​ទីផ្សារ​ប្តូរប្រាក់​។

ដោយ​សម្គាល់​ពី​វេទយិតភាព (Sensivity) នៃ​ការជំរុញ​ផែនការ​ប្រាក់រៀល NBC បាន​ចាត់​វិធានការ​ទន់​ដែល​ជា «​ការបញ្ចុះ​បញ្ចូល​សតិអារម្មណ៍​» ជាជាង «​វិធានការ​រដ្ឋបាល​»​។ តើ​វិធានការ​នេះ​មាន​ប្រសិទ្ធភាព និង​បាន​នាំយក​លទ្ធផល​គួរ​ឲ្យ​ចង់​បាន​ដែរ​ឬ​ទេ​?

ផ្អែក​តាមរបៀបវារៈ​គោល​នយោបាយ NBC កំពុង​ព្យាយាម​ក្នុង​ការលើក​កម្ពស់​ការប្រើប្រាស់​ប្រាក់រៀល​តាមរយៈ​វិធានការ​ផ្សេងៗ​។ យោង​តាម​ការអង្កេត​ដោយ NBC និង JICA អនុ​បាត​ប្រាក់រៀល​នៅ​ក្នុង​ប្រាក់ចំណូល និង​ការចំណាយ​របស់​គ្រួសារ និង​សហគ្រាស​បាន​កើនឡើង​បន្តិច​នៅ​ចន្លោះ​ឆ្នាំ​ ២០១៤ ដល់​ឆ្នាំ ២០១៧​។ លើស​ពី​នេះ​ការប្រើប្រាស់​ធនប័ត្រ​ដែល​មាន​តម្លៃ​ចារិក​ខ្ពស់​កំពុង​កើនឡើង​។

ក្នុង​ចំណោម​ធនប័ត្រ​ ១១ ​ប្រភេទ​ក្នុង​ចរាចរណ៍ យើង​បាន​កត់សម្គាល់​ឃើញ​ថា តម្រូវការ​ធនប័ត្រ ៥០០០ ​រៀល ១០ ០០០ ​រៀល និង ៥០ ០០០ ​រៀល កំពុង​ទទួល​បាន​ការពេញនិយម​កាន់តែ​ខ្លាំង​ពី​សាធារណៈជន​លើស​ពី​ធនប័ត្រ​ដែល​មាន​តម្លៃ​ចារិក​ទាប​។ នេះ​បង្ហាញ​ថា​ប្រាក់រៀល​ក្លាយ​ជា​មធ្យោបាយ​ទូទាត់​ប្រចាំ​ថ្ងៃ​។

ពលរដ្ឋ​វ័យក្មេង​កម្ពុជា​ចាប់ផ្ដើម​មាន​គំនិត​ជាតិនិយម​។ តើ​ឯកឧត្ដម​យល់​ថា រដ្ឋាភិបាល​អាច​ធ្វើ​មូលន័យកម្ម​លើ​ពលរដ្ឋ​វ័យក្មេង​ដើម្បី​ជំរុញ​ការប្រើប្រាស់​ប្រាក់រៀល​ដែល​ជា​និមិត្តរូប​នៃ​មោទនភាព​ជាតិ​ដែរ​ឬ​ទេ​?

ការលើក​កំពស់​ការយល់ដឹង​របស់​ប្រជាជន ជាពិសេស​ក្មេងៗ​ជំនាន់​ក្រោយ​លើ​ប្រាក់រៀល​គឺជា​ទិសដៅ​កំណត់​មួយ​ក្នុង​ចំណោម​ទិសដៅ​កំណត់​គោលនយោបាយ​ជាច្រើន​របស់ NBC ។ អាស្រ័យ​ហេតុ​នេះ​យើង​កំពុង​ធ្វើការងារ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ដាក់​បញ្ចូល​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ជា​មុខវិជ្ជា​មួយ​សិក្សា​នៅ​សាលា​ដើម្បី​បង្កើន​ចំណេះដឹង​អំពី​ប្រាក់​ដល់​សិស្សានុសិស្ស​។

មុខវិជ្ជា​នេះ​នឹង​ត្រូវ​ដាក់ចេញ​ទូទាំង​ប្រទេស​នៅ​ដំណាក់កាល​ទី​ ១ ​នៃ​គម្រោង​មុខវិជ្ជា​សិក្សា​នៅ​សាលារៀន​ក្នុង​ប្រទេស​កម្ពុជា​។

យុទ្ធនាការ «​ទិវា​ប្រាក់រៀល​» ដែល​ជា​ធម្មតា​ប្រារព្ធ​ធ្វើ​នៅ​ខួប​នៃ​ការដាក់​ប្រាក់រៀល​ឲ្យ​ចរាចរ​ឡើង​វិញ​ដែល​ត្រូវ​នឹង​រៀងរាល់​ថ្ងៃទី​​ ២០ ​ខែ​មីនា​ត្រូវ​បាន​រៀបចំ​ឡើង​នៅតាម​ទីកន្លែង​ផ្សេងៗ​ដែល​រួមមាន​សាកលវិទ្យាល័យ និង​ផ្សារ​ទំនើប​ជាដើម​។

ប្រព័ន្ធ​រូបិយប័ណ្ណ​ ២ បាន​ផ្ដល់​អត្ថប្រយោជន៍​ដល់​ការកសាង​ជាតិ រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​បាន​ទាក់ទាញ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​ចាំបាច់​ជាច្រើន​។ ប៉ុន្តែ​តើ​នេះ​ជា​គំរូ​ប្រកប​ដោយ​ស្ថិរភាព និង​គោលនយោបាយ​រូបិយវត្ថុ​ដ៏ប្រុងប្រយ័ត្ន​ក្នុង​រយៈពេល​វែង ជាពិសេស​ប្រសិន​បើ​មាន​បញ្ហា​សេដ្ឋកិច្ច​ដែរ​ឬ​ទេ​?

ពិត​ហើយ ដុល្លា​រូបនីយកម្ម​គឺជា​ឧបសគ្គ​នៃ​ការអនុវត្ត​គោលនយោបាយ​រូបិយវត្ថុ​ដូចជា​តួនាទី​ជា​អ្នក​ឲ្យ​ខ្ចី​ចុងក្រោយ​របស់​ធនាគារកណ្ដាល​។ តួនាទី​នេះ​អាច​ធានា​ធនាគារ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ក្នុង​ការមាន​សន្ទនីយ​ភាព​ប្រាក់រៀល​គ្រប់គ្រាន់ និង​ជា​លទ្ធផល ពួកគេ​អាច​ផ្ដល់​កម្ចី​ជា​ប្រាក់រៀល​ខ្មែរ ដល់ SME ឬ​គ្រួសារ​នៅ​តំបន់​ជនបទ​។ នៅក្នុង​រយៈកាល​វែង ដុល្លា​រូបនីយកម្ម​អាច​ប៉ះពាល់​សេដ្ឋកិច្ច​ទាំងមូល​។

នេះ​គឺជា​មូលហេតុ​ដែល​យើង​ព្យាយាម​យ៉ាង​ខ្លាំង​ក្នុង​ការលើក​កម្ពស់​ប្រាក់រៀល​តាម​មធ្យោបាយ​ជាច្រើន ប៉ុន្តែ​ការអនុវត្ត​នីតិវិធី​រដ្ឋបាល​អាច​បង្អាក់​លំហូរ FDI ។ ដូច្នេះ​យើង​ចាំបាច់​ត្រូវ​ប្រុងប្រយ័ត្ន​មុន​ពេល​ប្រើប្រាស់ គោលនយោបាយ​ដោយសារ​តែ​យើង​កំពុង​ស្ថិត​ក្នុង​តម្រូវការ FDI ដើម្បី​ការអភិវឌ្ឍ​ប្រកប​ដោយ​ស្ថិរភាព​។

ការប្រើប្រាស់​រូបិយវត្ថុ​របស់​ប្រទេស​ណាមួយ​ពិត​ជា​បង្កើន​អធិបតេយ្យ​ជាតិ​ដរាបណា​ករណី​នោះ​មិន​ដូចជា​ករណី​ប្រទេស​កម្ពុជា​ដែល​ប្រាក់​ដុល្លារ​ស្ថិត​នៅ​ស្អិតរមួត​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​។ សូម​ឯកឧត្ដម​អត្ថាធិប្បាយ​អំពី​បញ្ហា​នេះ​​ការធ្វើ​ដុល្លា​រូបនីយកម្ម​បាន​ចាប់ផ្ដើម​តាំងពី​ដើម​ទសវត្សរ៍​ឆ្នាំ ១៩៩០ ដូច្នេះ​វា​ស្ទើរតែ​ ៣ ​ទសវត្សរ៍​មក​ហើយ​។ វា​បាន​ចាក់ឫស​ក្នុង​ផ្នត់​គំនិត​របស់​ប្រជាជន​កម្ពុជា​រួច​ទៅ​ហើយ វា​ត្រូវការ​ពេលវេលា និង​កិច្ចខិតខំ​ប្រឹងប្រែង​រួម​ដើម្បី​លើក​កម្ពស់​ការប្រើប្រាស់​រូបិយវត្ថុ​ជាតិ​។ អាស្រ័យ​ហេតុ​នេះ​យើង​បាន​បង្កើន​ការយល់ដឹង​របស់​សាធារណជន​ជាប្រចាំ​តាមរយៈ​សៀវភៅ វីដេអូ និង​ថែម​ទាំង​យុទ្ធនាការ​។

ឧទាហរណ៍ ដើម្បី​ប្តូរ​ក្រដាស​ប្រាក់​ថ្មី​ដល់​សាធារណជន ជាពិសេស​ក្នុង​អំឡុង​បុណ្យ​ចូលឆ្នាំ​ខ្មែរ និង​បុណ្យ​ភ្ជុំបិណ្ឌ យើង​រៀបចំ​ទិវា​ប្រាក់រៀល ដើម្បី​ប្រារព្ធ​ខួប​នៃ​ការ​ឲ្យ​ចរាចរ​ប្រាក់​រៀល​ឡើងវិញ​រៀងរាល់​ឆ្នាំ​។ នៅពេល​នេះ​សាធារណៈជន​មាន​ការយល់ដឹង​កាន់តែ​ច្រើន​អំពី​តួនាទី​ប្រាក់រៀល​នៅក្នុង​សេដ្ឋកិច្ច ហើយ​យើង​អាច​មើល​ឃើញ​ទំនុកចិត្ត​កាន់តែ​រឹងមាំ​លើ​ប្រាក់រៀល​ព្រមទាំង​កំណើន​តម្រូវការ​ប្រាក់​រៀល​ពី​សាធារណជន​។

រដ្ឋាភិបាល​បាន​ដាក់​ឲ្យ​ដំណើរការ​ផ្សារ​មូលបត្រ​កម្ពុជា​កាលពី​ឆ្នាំ​ ២០១១ ​ដើម្បី​អភិវឌ្ឍ​ទីផ្សារ​មូលធន​។ តើ​ផ្សារមូលបត្រ​នេះ​បាន​រួម​ចំណែក​ដូចម្ដេច​ដែរ​រហូត​មក​ដល់​ពេល​នេះ​?

NBC បាន​យល់​ព្រម​រួចហើយ​ចំពោះ​ការចេញ​ផ្សាយ​​មូលបត្រ​បំណុល​សាជីវកម្ម​ជា​ប្រាក់រៀល​ដោយ​ធនាគារ និង MFIs​។ ថ្មីៗ​នេះ​មាន​ហត្ថាកសិករ ហើយ​នៅ​ពេល​ខាង​មុខ​នឹង​​មាន LOLC (Cambodia Plc)​។

តាម​ការប៉ាន់ស្មាន តើ​នឹង​មាន​ការខាតបង់​ប្រចាំ​ឆ្នាំ​ប៉ុន្មាន​ដោយសារ​សេដ្ឋកិច្ច​ពឹង​ផ្អែក​លើ​ប្រាក់​ដុល្លារ​?

ការប្រើប្រាស់​រូបិយប័ណ្ណ​បរទេស​បណ្ដាល​ឲ្យ​មាន​ការចំណាយ​ច្រើន ដូចជា​ការខាតបង់​ប្រាក់​ចំណេញ​គោលនយោបាយ​រូបិយវត្ថុ​មិន​មាន​ប្រសិទ្ធភាព​ការកម្រិត​សមត្ថភាព​ធនាគារ​កណ្ដាល​ក្នុង​ការអនុវត្ត​មុខងារ​របស់​ខ្លួន​។ តាមន័យ​រូបិយវត្ថុ​លទ្ធភាព​ការខាតបង់​ប្រាក់​ចំណេញ​គឺ​ចន្លោះ​ពី​ ០,១ ​ភាគរយ ទៅ​ ០,៥ ​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP)​។ នេះ​បើ​យោង​តាម​ការសិក្សា​ដោយ Duma (​ឆ្នាំ​ ២០១១)​។

តើ​ឯកឧត្ដម​បារម្ភ​អំពី​ការខាតបង់​ប្រាក់​ចំណេញ​ដោយសារ​តែ​និន្នាការ​បច្ចុប្បន្ន​ដែរ​ឬ​ទេ​?

ដូច​បាន​លើក​ឡើង​ពី​មុន​រួចហើយ ដុល្លា​រូបនីយកម្ម​បណ្ដាល​ឲ្យ​មាន​ការចំណាយ​។ នៅក្នុង​បរិបទ​បច្ចុប្បន្ន​ការរក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ក៏​មាន​សារៈសំខាន់​ផង​ដែរ​។

តើ​ឯកឧត្ដម​មើល​ឃើញ​ការ​បង្កើត​ជា​ក្រុម​ពាណិជ្ជកម្ម​ដូចជា​អាស៊ាន ជា​ឧបសគ្គ​រារាំង​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការលើក​កម្ពស់​ប្រាក់រៀល​របស់​ខ្លួន​ដែរ​ឬ​ទេ​?

ខ្ញុំ​មិន​គិត​ថា​ការ​បង្កើត​ជា​ក្រុម​ពាណិជ្ជកម្ម​បង្អាក់​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​យើង​ក្នុង​ការលើក​កម្ពស់​ប្រាក់រៀល​ទេ​។ ផ្ទុយ​ទៅ​វិញ​យើង​នឹង​អាច​លើកកម្ពស់​រូបិយវត្ថុ​របស់​យើង​ក្នុង​ការទូទាត់ និង​សំណង​តាមរយៈ​កិច្ចព្រមព្រៀង​ផ្សេងៗ​។

តើ​ទីផ្សារ​នេះ​បាន​ត្រៀម​ហើយ​ឬ​នៅក្នុង​ការទទួល​យក​ប្រាក់​រៀល​? សូម​ឯកឧត្ដម​ពន្យល់​ឲ្យ​ក្បោះក្បាយ​បាន​ទេ​?

បាទ ប្រសិន​បើ​ភាគ​ទុនិក​ជា​បុគ្គល​កំពុង​មាន​បំណង​ធ្វើ​ដូច្នេះ​។ នៅក្នុង​ករណី​នេះ អត្រា​ប្តូរប្រាក់​បច្ចុប្បន្ន​របស់​យើង​ផ្ដល់​អត្ថប្រយោជន៍​សម្រាប់​ទីផ្សារ​នេះ ដែល​មាន​ន័យ​ថា វា​មិន​ខុស​គ្នា​ខ្លាំង​នោះ​ទេ ទោះបី​ជា​ពួកគេ​ចំណាយ​ជា​ប្រាក់​ដុល្លារ ឬ​ប្រាក់រៀល​ក៏ដោយ​។ ធនាគារជាតិ​នៃ​កម្ពុជា​កំពុង​ព្យាយាម​ក្នុង​ការបង្កើន​ការយល់ដឹង​របស់​សាធារណជន​ស្ដីពី​ការប្រើប្រាស់​ប្រាក់រៀល ហើយ​ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា ប្រជាជន​របស់​យើង​នឹង​ទុកចិត្ត និង​បន្ត​គាំទ្រ​រូបិយវត្ថុ​ជាតិ​របស់​យើង​៕