កាល​ពី​ជាង​មួយ​ទសវត្សរ៍​មុន​ ​នៅ​ពេល​ដែល​ក្រុមហ៊ុន​ផលិតកម្ម​របស់​ជប៉ុន​សម្លឹង​មើល​ប្រទេស​កម្ពុជា ក្នុង​នាម​ជា​គោលដៅ​វិនិយោគ​ថ្មី​ ការិយាល័យ​អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​របស់​ជប៉ុន (JETRO) ក៏​ត្រូវ​បាន​ស្ថាបនា​ឡើង​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ប្រមូល​នូវ​ស្ថិតិ​វិនិយោគ និង​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​សកម្មភាព​វិនិយោគ​របស់​ជប៉ុន ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក Masashi Kono ប្រធាន​តំណាង​ឲ្យ​ការិយាល័យ JETRO នៅ​ភ្នំពេញ​បាន​ថ្លែងថា JETRO រាជធានី​ភ្នំពេញ មាន​តួនាទី ដើម្បី​ក្លាយ​ជា​ស្ពាន​ត​ភ្ជាប់​មួយ​រវាង​ប្រទេស​ជប៉ុន និង​កម្ពុជា ដោយ​គាំទ្រ​វិនិយោគិន​សក្តានុពល​ជប៉ុន​ពី​ប្រទេស​ជប៉ុន ដើម្បី​បង្កើត​អាជីវកម្ម​នៅ​កម្ពុជា ​ដោយ​ធ្វើ​ឲ្យ​មាន​ការ​ធ្វើ​ទំនាក់​ទំនង​ជំនួញ​ជាមួយ​ក្រុមហ៊ុន​កម្ពុជា ថែម​ទាំង​ធ្វើ​ការ​រាយការណ៍​រាល់​ឆ្នាំ ហើយ​និង​ការ​ធ្វើ​របាយ​ការណ៍​សេដ្ឋកិច្ច​ជា​ប្រចាំ​ខែ​ឆ្នាំ។

លោក​បាន​បន្ថែម​ថា ក្រុមហ៊ុន​ជប៉ុន​ត្រូវ​ការ​ព័ត៌មាន​ទាក់ទង​នឹង​ស្ថានភាព​វិនិយោគ ដើម្បី​ប្រៀប​ធៀប​គ្នា​រវាង​ប្រទេស​នីមួយៗ ដែល​ពួកគេ​មាន​ចំណាប់​អារម្មណ៍​ទៅ​លើ មុន​ពេល​ធ្វើការ​សម្រេច​ចិត្ត​ក្នុង​ការ​វិនិយោគ​ពិត​ប្រាកដ។

លោក​បាន​បន្ត​ថា​៖ «JETRO ប្រមូល​ផ្តុំ​ព័ត៌មាន​អំពី​ការ​វិនិយោគ​សេដ្ឋកិច្ច​ច្បាប់ ហិរញ្ញវត្ថុ និង​ព័ត៌មាន​លើ​គ្រប់​វិស័យ​ទាំង​អស់​ហើយ​យើង​ផ្តល់​ព័ត៌មាន​ទាំង​នោះ​ដល់​វិនិយោគិន​សក្តានុពល​នៅ​ជប៉ុន ដើម្បី​គាំទ្រ​ដល់​ការ​វិនិយោគ​របស់​ពួកគេ»។

លោក​បន្ថែមថា បន្ទាប់ពី​ការិយាល័យ​រាជធានី​ភ្នំពេញ​របស់ JETRO ត្រូវ​បាន​ស្ថាបនា​ឡើង JETRO បាន​ធ្វើជា​លេខាធិការ​នៃ​សមាគម​អាជីវកម្ម​ជប៉ុន​នៅ​កម្ពុជា (JBAC) ហើយ​លោក Masashi គឺជា​អគ្គលេខាធិការ​របស់ JBAC ផងដែរ។ «បន្ទាប់​ពី​ពួកគេ​បាន​តាំងទី​ស្នាក់ការ​នៅ​កម្ពុជា JETRO បាន​គាំទ្រ​ពួកគេ​តាមរយៈ JBAC​។ យើង​រៀបចំ​សិក្ខា​សាលា​ក្រុម​ការងារ​កិច្ច​ប្រជុំ និង​រៀបចំ​កិច្ច​ប្រជុំ​វិស័យ​ឯកជន និង​រដ្ឋ​ ២ ដង​ក្នុង​មួយ​ឆ្នាំ។ ការ​ប្រជុំ​នេះ គឺ​មាន​ការ​អនុញ្ញាត​ឲ្យ​ចូលរួម​ដោយ​ប្រទេស​ជប៉ុន​តែប៉ុណ្ណោះ»។

យោងតាម​លោក Masashi បាន​ឲ្យ​ដឹងថា ការ​បើក​ការិយាល័យ​របស់ JETRO នៅ​ទីក្រុង​ភ្នំពេញ គឺជា​បំណង​ប្រាថ្នា​ដ៏​មុតមាំ​មួយ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ចាប់​តាំង​ពី​ដំណាក់​​កាល​ដំបូង​ បន្ទាប់​ពី​កិច្ច​ព្រម​ព្រៀង​រវាង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា និង​ជប៉ុន នៅ​ខែ​វិច្ឆិកា​ឆ្នាំ ២០០៩ ក្នុង​កិច្ច​ប្រជុំ​កំពូល​ កម្ពុជា-ជប៉ុន។

នៅ​ពេល​ដែល JETRO បាន​បើក​ដំណើរការ​នៅ​ឆ្នាំ​ ២០១០ ចំនួន​សមាជិក​របស់ JBAC មាន​ចំនួន​ប្រហែល ៥០ ​នាក់ ប៉ុន្តែ​បច្ចុប្បន្ន​សមាជិក​ទាំង​អស់​មាន​ជាង ២៥០ ​នាក់។

លោក Masashi បាន​និយាយថា មាន​ក្រុមហ៊ុន​ជប៉ុន​ប្រហែល១ ៥០០​ក្រុមហ៊ុន ត្រូវ​បាន​ចុះបញ្ជី​នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​អំឡុង​ឆ្នាំ​ ២០១០ ដល់​ឆ្នាំ​ ២០១៧។

ឧស្សាហកម្ម​ដែល​ពឹង​ផ្អែក​យ៉ាងខ្លាំង​លើ​កម្លាំង​ហត្ថពល​កម្ម ដូចជា​សម្លៀក​បំពាក់ និង​ស្បែកជើង មាន​ភាព​ទាក់​ទាញ​ដល់​វិនិយោគិន​បរទេស​ជាច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ទោះជា​យ៉ាងណា​ក៏​ដោយ​ការបង្កើន​ការ​វិនិយោគ​របស់​ជប៉ុន​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​កម្ពុជា ដោយ​ការ​វិនិយោគ​ពី​ប្រទេស​ជប៉ុន​ជាច្រើន​បាន​ជួយ​ឲ្យ​ប្រទេស​កម្ពុជា​ផ្លាស់ប្តូរ​ពី​សេដ្ឋកិច្ច ដែល​ពឹង​ផ្អែក​លើ​កម្លាំង​ហត្ថពលកម្ម​ហួស​ហេតុ​ទៅ​ជា​ប្រទេស​មួយ​ដែល​ផ្តោត​សំខាន់​លើ​វិស័យ​ផលិតកម្ម​ទៅវិញ។

ក្រៅពី​រោងចក្រ​កាត់ដេរ​ ក្រុម-ហ៊ុន​ជប៉ុន​ធំៗ​ជាច្រើន​បាន​បង្កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​អំឡុង​ពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ។

មជ្ឈមណ្ឌល​ថែទាំ​សុខភាព Sunrise Healthcare Service Co., ជា​មន្ទីរពេទ្យ​ជប៉ុន​ដំបូង​គេ​នៅ​កម្ពុជា បាន​វិនិយោគ​ទឹក​ប្រាក់​ប្រមាណ ៣៥ ​លាន​ដុល្លារ ត្រូវ​បាន​បើក​ដំណើរការ​នៅ​ឆ្នាំ ២០១៦។

ផ្សារ​ទំនើប Aeon Mall ដែលជា​ផ្សារ​ទំនើប​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា ត្រូវ​បាន​វិនិយោគ​ទឹក​ប្រាក់​ចំនួន ២០៥ ​លាន​ដុល្លារ​ ត្រូវ​បាន​បើក​ជា​ផ្លូវការ​នៅ​ក្នុង​​រាជធានី​ភ្នំពេញ និង​កំពុង​តែ​ត្រៀម​បើក​សាខា​ទី​ ២ នៅ​ក្នុង​ទីក្រុង​នេះ។

ក្រុមហ៊ុន Minebea Sumitomo និង Ajinomoto បាន​បង្កើត​រោងចក្រ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​រួច​ស្រាប់​ទៅ​ហើយ។

យោងតាម​តួលេខ​របស់ CDC ការ​វិនិយោគ​របស់​ ជប៉ុន នៅ​កម្ពុជា​ក្នុង​រយៈពេល ២៥ ​ឆ្នាំ រហូតដល់​ខែ ឧសភា ​ឆ្នាំ ២០១៧ សរុប​មក​មាន​ ចំនួន ១,៥០ ​ពាន់​លាន​ដុល្លារ​ដែល​ភាគ​ច្រើន​បាន​កកើត​ឡើង​ បន្ទាប់​ពី​​ឆ្នាំ​ ២០១០។ ចាប់​ពី​ឆ្នាំ ១៩៩៤ ដល់​ឆ្នាំ​ ២០១០ ចំនួន​ទឹក​​ប្រាក់​សរុប គឺមាន​ត្រឹម​តែ ២៣៦,៥០ ​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ។

ការ​បង្កើន​ការវិនិយោគ​ពី​ជប៉ុន​ទៅ​ប្រទេស​ កម្ពុជា ក្នុង​រយៈពេល ៧ ​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​ជួយ​ពន្លឿន​ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​​ប្រទេស​ទាំង ២ ដោយ​មាន​កម្ពុជា​កំពុង​តែមាន​សំណល់​អតិរេក​ដ៏​ខ្ពស់។

ខណៈ​ពេល​ដែល​ពាណិជ្ជកម្ម​ទ្វេភាគី​នៃ​កម្ពុជា ​និង​ជប៉ុន មាន​ចំនួន ៣៦៦ ​លាន​ដុល្លារ នៅ​ក្នុង​ឆ្នាំ​ ២០១០ តួលេខ​របស់​Jetro បាន​បង្ហាញថា ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង ២ ​បាន​ឈាន​ដល់ ១,៦១ ​ពាន់​លាន​ដុល្លារ នៅ​ក្នុង​ឆ្នាំ ២០១៧។ ក្នុង​នោះ​ការ​នាំ​ចេញ​របស់​កម្ពុជា ​ទៅ​កាន់​ប្រទេស​ជប៉ុន ​មាន​ចំនួន​ទឹក​លុយ ១,២៦ ​ពាន់​លាន​ដុល្លារ។

ខណៈ​ពេល​ដែល​វិនិយោគិន​ជនជាតិ​ជប៉ុន ​ជាច្រើន​បាន​ដាក់​ការ​វិនិយោគ​របស់​ខ្លួន​នៅ​ក្នុង​វិស័យ​ផលិតកម្ម និង​សេវាកម្ម​នៅ​ប្រទេស​កម្ពុជា លោក Masashi បាន​ថ្លែង​ថា វិស័យ​កសិកម្ម​នៅ​កម្ពុជា​ក៏​ជាទី​តាំង​ដ៏​ល្អ​មួយ​សម្រាប់​ អាជីវកម្ម​របស់​ជប៉ុន ​នា​ពេល​អនាគត​ផងដែរ។

លោក​ថ្លែង​ថា៖ «យើង​យល់​ឃើញ​ថា វិស័យ​កសិកម្ម​មាន​សក្តានុពល​ច្រើន​ជាង​គេ​បំផុត»។

ដោយ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ ១៩៥៨ ដើម្បី​លើក​កម្ពស់​ការ​នាំ​ចេញរ​បស់​ជប៉ុន ​ទៅ​កាន់​ប្រទេស​ដទៃ​ទៀត អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​របស់​ជប៉ុន (JETRO) បាន​សហការ​ជា​ដៃគូ​ជាមួយ​រដ្ឋាភិបាល​ជប៉ុន ដើម្បី​លើក​កម្ពស់​ការ​ធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​ទៅ​វិញ​ទៅ​មក​រវាង​ប្រទេស​ជប៉ុន និង​ពិភព​លោក​ទាំង​មូល៕