តើ​ទស្សនវិស័យ​សម្រាប់​ចំណូល​សាជីវកម្ម​របស់​ធនាគារ​ហ្វីលីព​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆមាស​ទី​ ១ ​នៃ​ឆ្នាំ​នេះ​យ៉ាង​ដូចម្តេច​ដែរ​?

លទ្ធផល​ហិរញ្ញវត្ថុ​របស់​ធនាគារ​ហ្វីលីព​ក្នុង​រយៈពេល​ ៥ ​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​មាន​លក្ខណៈ​ល្អប្រសើរ​គួរ​ឲ្យ​កត់សម្គាល់ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨​។ ប្រាក់ចំណេញ​សុទ្ធ​របស់​យើង​មុន​ពេល​បង់ពន្ធ​បាន​កើនឡើង​លើស​ ៨០ ​ភាគរយ​គិត​ចាប់ពី​ខែ​មករា​រហូត​ដល់​ខែ​ឧសភា​ឆ្នាំ​ ២០១៩ ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​ ២០១៨​។

ហេតុផល​សម្រាប់​ការផ្លាស់ប្តូរ​ដ៏សំខាន់ៗ​នៃ​ចំណូល​នេះ​គឺ​ដោយសារ​តែ​កំណើន​សេដ្ឋកិច្ច​នៅតែ​កើនឡើង​ជា​បន្តបន្ទាប់​នៅក្នុង​ប្រទេស​ដែល​ធ្វើឱ្យ​អតិថិជន​កាន់តែ​ច្រើន​ស្នើសុំ​ប្រាក់កម្ចី​ដើម្បី​យក​ទៅ​ពង្រីក​អាជីវកម្ម​របស់​ពួកគេ ហើយ​ក៏​មាន​ការកើនឡើង​នូវ​ការផ្តល់​ប្រាក់កម្ចី​បុគ្គល​ផង​ដែរ​ដោយសារ​តែ​ប្រជាពលរដ្ឋ​ដែល​មាន​ចំណូល​មធ្យម​កំពុង​កើនឡើង​។

ដើម្បី​បំពេញ​តម្រូវការ​ដែល​កំពុង​កើនឡើង​ពី​ប្រជាពលរដ្ឋ​ដែល​មាន​ចំណូល​មធ្យម ធនាគារ ហ្វីលីព​បាន​ពង្រីក​អាជីវកម្ម​ធនាគារ​បុគ្គល​របស់​ខ្លួន​តាមរយៈ​ការដាក់ចេញ​នូវ​ផលិតផល​កម្ចី​បុគ្គល​ដែល​ជា​ប្រាក់កម្ចី​ត្រូវ​បាន​ផ្តល់​ជូន​ដោយ​មិន​ចាំបាច់​តម្រូវ​ឱ្យ​មាន​វត្ថុ​បញ្ចាំ​ ឬ​ធានា​នឹង​ទទួល​បាន​ឆាប់រហ័ស ហើយ​ដើម្បី​គាំទ្រ​ការប្រើប្រាស់​ប្រាក់​រៀល​កាន់តែ​ច្រើន​នោះ​យើង​ក៏​ផ្តល់​ជូន​នូវ​អត្រា​ការប្រាក់​ទាប​ប្រសិន​បើ​អ្នកស្នើសុំ​ប្រាក់​កម្ចី​យក​ជា​ប្រាក់រៀល​បើ​ប្រៀបធៀប​នឹង​ប្រាក់​ដុល្លារ​។ ឧទាហរណ៍​កម្ចី​ជា​ប្រាក់រៀល​អត្រា​ការប្រាក់​ ១៥ ​ភាគរយ​ក្នុង​មួយ​ឆ្នាំ និង​ ១៦ ​ភាគរយ​បើ​កម្ចី​ជា​ប្រាក់​ដុល្លារ​។

កាលពី​ពេល​ថ្មីៗ​នេះ​យើង​ក៏​បាន​ចាប់ផ្តើម​ការផ្ដល់​ប្រាក់​កម្ចី​រថយន្ត​ផង​ដែរ​ជាមួយ​នឹង​ប្រូម៉ូសិន​អត្រា​ការប្រាក់​ត្រឹម​តែ​ ៩​ ​ភាគរយ​ប៉ុណ្ណោះ​ក្នុង​ ១ ​ឆ្នាំ ហើយ​រយៈពេល​បង់ប្រាក់​មាន​រហូត​ដល់​ ៨ ​ឆ្នាំ​រួម​ជាមួយ​ការធានា​រ៉ាប់រង​ទាំង​ស្រុង​ដោយ​ឥតគិតថ្លៃ​ដើម្បី​ជួយ​សម្រួល​ដល់​អតិថិជន​ក្នុង​ការទិញ​រថយន្ត​ក្តី​សុបិន​របស់​ពួកគេ​។

តើ​វិស័យ​សំខាន់ៗ​អ្វី​ខ្លះ​ដែល​ទទួល​បាន​ចំណូល​កើនឡើង ឧទាហរណ៍​វិស័យ​ធនាគារ វិស័យ​សំណង់ វិស័យ​ម្ហូបអាហារ​ និង​ភេសជ្ជៈ វិស័យ​កាស៊ីណូ ឬ​វិស័យ​កាត់ដេរ​?

យើង​គិត​ថា វិស័យ​ទាំងអស់​ដែល​បាន​លើកឡើង​ខាង​លើ​នឹង​មាន​ការរីកចម្រើន​ប្រសិន​បើ​សេដ្ឋកិច្ច​កម្ពុជា​នៅ​បន្ត​កើនឡើង​ក្នុង​រង្វង់​ ៧ ​ភាគរយ​។

តើ​ការ​ព្យាករ​ចំណូល​សម្រាប់​ឆមាស​ទី​ ២ ​ក្នុង​ឆ្នាំ​នេះ​យ៉ាង​ដូចម្តេច​ដែរ​?

យើង​យល់​ថា សេដ្ឋកិច្ច​នឹង​រក្សា​បាន​នូវ​កំណើន​រឹងមាំ​នៅ​ក្នុង​ឆ្នាំនេះ​។ សម្រាប់​ធនាគារ ហ្វីលីព​យើង​បាន​ព្យាករ​ថា​ចំណូល​របស់​យើង​នឹង​កើនឡើង​ខ្លាំង​នៅ​ឆមាស​ទី​ ២ ​ក្នុង​ឆ្នាំ​នេះ ដោយសារ​យើង​បាន​បញ្ចូល​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្រេឌីត​ដែល​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដ៏ធំ​បំផុត​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​នៅក្នុង​ឆមាស​ទី​ ២ ​នៃ​ឆ្នាំ​ខាង​មុខ​នេះ​។

បន្ទាប់ពី​ការរួម​បញ្ចូល​គ្នា​សាខា​របស់​ធនាគារ​ហ្វីលីព​ដែល​បច្ចុប្បន្ន​មាន​ចំនួន​ ៦ ​សាខា​នៅក្នុង​រាជធានី​ភ្នំពេញ​នឹង​កើនឡើង​រហូត​ដល់​ ៨៩ ​សាខា​ដែល​គ្របដណ្តប់​ស្ទើរ​តែ​គ្រប់​ខេត្ត​ក្រុង​។ យើង​នឹង​ក្លាយ​ជា​ធនាគារ​ធំ​បំផុត​លំដាប់​ទី​ ៣ ​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​សាខា​ច្រើន​ជាង​គេ​។

តើ​អាជីវកម្ម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដំណើរការ​យ៉ាង​ដូចម្តេច​ដែរ​នៅក្នុង​ឆ្នាំនេះ​?

អតិថិជន​របស់​យើង​ស្ទើរតែ​ទាំងអស់​ដែល​បាន​ទទួល​ប្រាក់កម្ចី​ពី​យើង​ដើម្បី​យក​ទៅ​ពង្រីក​អាជីវកម្ម​របស់​ពួកគេ​គឺជា​ប្រជាពលរដ្ឋ​ខ្មែរ​។ ទិន្នន័យ​ស្តីពី​ការសង​ប្រាក់​មិន​ទាន់​ពេលវេលា​ពី​អតិថិជន​របស់​ធនាគារ​ទាំងអស់​គឺ​មាន​តិច​ជាង​ ១ ​ភាគរយ​នៃ​ផលប​ត្រក​ម្ចី​សរុប​របស់​ធនាគារ​។ ចំណុច​នេះ​គឺ​បាន​បង្ហាញ​ថា​អាជីវកម្ម​របស់​ពួកគេ​កំពុង​ដំណើរការ​ទៅ​យ៉ាង​រលូន​។

ទន្ទឹម​នឹង​នេះដែរ​យើង​នៅ​តែ​បន្ត​ទទួល​បាន​ការស្នើសុំ​កម្ចី​សម្រាប់​យក​ទៅ​បើក​អាជីវកម្ម​ពី​អតិថិជន​ថ្មី និង​អតិថិជន​ចាស់​ដើម្បី​យក​ទៅ​ពង្រីក​អាជីវកម្ម​របស់​ពួកគេ ដែល​វា​ឆ្លុះបញ្ចាំង​អំពី​ទំនុកចិត្ត​របស់​អតិថិជន​ទាំងនោះ​នៅក្នុង​ពេល​ដែល​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​កំពុង​មាន​ស្ថិរភាព​នេះ​៕