
ទិដ្ឋភាពសន្និសីទស្តីពី «តើយុទ្ធសាស្ត្រ Indo-Pacific នឹងទៅរបត់ណា?»កាលពីខែកញ្ញាឆ្នាំនេះ។ រូបថត សុប្រាជ្ញ
នៅលើពិភពលោកសព្វថ្ងៃនៅមានការប្រទាញប្រទង់គ្នារវាងមហាអំណាចខាងកើតរួមមានចិន និងរុស្ស៊ី និងខាងលិចមានអាមេរិក ជប៉ុន និងសហគមន៍អឺរ៉ុប។
បើនិយាយពីស្ថាប័នអភិវឌ្ឍន៍អន្តរជាតិធំៗដូចជា ធនាគារពិភពលោក (WB) គឺប្រធានភាគច្រើនត្រូវបានគេមើលឃើញថា ជាជនជាតិមកពីតំបន់អាមេរិក ឬក៏អ្នកទទួលឥទ្ធិពលពីអាមេរិកដែរ ខណៈមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ថ្នាក់ដឹកនាំមាននិន្នាការជាជនជាតិមកពីខាងអឺរ៉ុបស្របពេលដែលជប៉ុនក៏ត្រូវបានកត់សម្គាល់ថាមានឥទ្ធិពលខ្លាំងលើធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
នៅក្នុងបរិបទនេះចិនដែលមិនសូវមានឥទ្ធិពលអីនឹងគេក៏ខំនាំប្រទេសនៅអាស៊ីមួយចំនួន និងនៅជុំវិញពិភពលោកបានសមាជិក ៦៨ ប្រទេសដោយបង្កើតបានស្ថាប័នមួយកាលពីចុងឆ្នាំ ២០១៦ ដែលស្រដៀងគ្នានឹងធនាគារពិភពលោកដែរតែនៅអាស៊ីពោលគឺជាស្ថាប័នធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ី (AIIB) ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង។
សម្រាប់អាស៊ានការប្រឈមមុខនឹងការប្រកួតប្រជែងរវាងអាមេរិក និងចិនទាំងឥទ្ធិពលនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសន្តិសុខក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ សូម្បីកិច្ចប្រជុំអាស៊ានម្តងៗក៏មានប្រទេសមហាអំណាចចូលរួម ASEAN +3 មានថែមទាំងចិន ជប៉ុន និងកូរ៉េខាងត្បូង និង ASEAN +6 បូកនឹងឥណ្ឌា អូស្ត្រាលី និងនូវែលសេឡង់ក៏មាន ហើយមានទាំងកិច្ចប្រជុំពិសេសផ្សេងរវាងអាស៊ាន និងអាមេរិកទៀតផង។
ទន្ទឹមនឹងនេះដែរកាលពីថ្មីៗនេះក៏មានការបង្កើតយុទ្ធសាស្ត្រឈ្មោះកិច្ចប្រជុំពិសេសដាច់ដោយឡែកពីគ្នាក្នុងការទាញយកឥទ្ធិពលដូចជា ចិនផ្តួចផ្តើមបង្កើត Lancang-Mekong Cooperation (LMC) សហប្រតិបត្តិការឡានឆាង និងមេគង្គដែលមានចិន និងប្រទេសអាស៊ាន ៥ ទៀតដែលមានផ្លូវទឹកតភ្ជាប់តែ ១ គឺមានប្រទេសមីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម។
កិច្ចប្រជុំដំបូងនៅខែមីនាឆ្នាំ ២០១៦ ក្នុងប្រទេសឡាវ ដើម្បីដោះស្រាយបញ្ហានយោបាយ សន្តិសុខ ការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មឲ្យមានចីរភាព និងការផ្លាស់ប្តូរវប្បធម៌សង្គម រវាងពលរដ្ឋ និងពលរដ្ឋជាដើម។
ជាងនេះទៀតប្រទេសចិនមិនសូវមាត់កប៉ុន្មានទេ តែប្រឹងប្រែងធ្វើច្រើនដើម្បីដណ្តើមឥទ្ធិពលក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អាស៊ីបូព៌ា រហូតដល់ទ្វីបអាហ្វ្រិកតាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ និងផ្លូវមួយ (BRI) បញ្ជ្រាបយ៉ាងរឹងមាំក្នុងប្រទេសអាស៊ានខ្លះ និងអាចមានការគំរាមកំហែងសន្តិសុខទីតាំងភូមិសាស្ត្រដល់តំបន់សមុទ្រឥណ្ឌាទៀតដូច កាលពីឆ្នាំទៅ រដ្ឋាភិបាលស្រីលង្កា បានផ្ដល់សិទ្ធិផ្ដាច់មុខឲ្យចិនគ្រប់គ្រងកំពង់ផែមួយ ៩៩ ឆ្នាំ ខណៈប្រទេសនេះអត់លុយដោះបំណុលទៅចិននោះ។
នៅពេលចិនបានទីតាំងកំពង់ផែស្រីលង្កាហើយដំណើរការខ្សែក្រវាត់មួយ និងផ្លូវមួយរបស់ចិនកាន់តែប្រសើរឡើងតាមរយៈទីតាំងកំពង់ផែនោះដែលលយចេញមកក្រៅល្វឹងល្វើយងាយស្រួលនាវាចេញចូលចតដោយសេរី។
ឥឡូវនេះចូលដល់ការយកយុទ្ធសាស្ត្រចាស់ដែលឥណ្ឌាបង្កើតឡើងតាំងពីឆ្នាំ ២០១១ គឺ Indo-Pacific មកពង្រឹងឲ្យច្បាស់គឺប្រើពាក្យថាគំនិតផ្តួចផ្តើមថ្មី «Free and Open Indo-Pacific (FOIP)» ដោយមានប្រទេស ៤ ចូលរួមដំបូងគឺឥណ្ឌា ជប៉ុន អូស្ត្រាលី និងអាមេរិក ដើម្បីទប់ទល់ជាមួយនឹងការរីករាលដាលនៃអំណាចចិនតាមរយៈខ្សែក្រវាត់មួយ និងផ្លូវមួយក្នុងតំបន់សមុទ្រចិន និងសមុទ្រឥណ្ឌា។
ម្យ៉ាងទៀតសព្វថ្ងៃនេះក្នុងចំណោមថ្នាក់ដឹកនាំប្រទេសទាំង ៤ នោះមានលោកប្រធានាធិបតី ដូណាល់ត្រាំ និងលោកនាយករដ្ឋមន្ត្រី ជប៉ុន អាបេ កំពុងខិតខំខ្លាំងជាងគេក្នុងការបញ្ចុះបញ្ចូលប្រទេសនៅអាស៊ីប៉ាស៊ីហ្វិកជាលក្ខណៈប្រទេស និង ប្រទេសក្តី និងជាមួយសមាជិកអាស៊ានក្តីដើម្បីពង្រឹងយុទ្ធសាស្ត្រតាមរយៈកិច្ចប្រជុំញឹកញាប់ទាំងក្នុងកម្រិតរដ្ឋមន្ត្រីការបរទេសក៏មាន ហើយឲ្យតែមានកិច្ចប្រជុំអាស៊ានម្ដងៗប្រទេសទាំង ៤ ហ្នឹងក៏លើកឡើងដែរដើម្បីរៀបចំយុទ្ធសាស្ត្រទប់ទល់នឹងភាពផ្ដាច់មុខពីចិនក្នុងការរក្សាសន្តិសុខ នយោបាយ ទំនាក់ទំនងពាណិជ្ជកម្មឲ្យកាន់តែរឹងមាំ។
ទាក់ទងនឹងករណីនេះសូម្បីតែកម្ពុជាក៏ត្រូវបាននាយរដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ បញ្ចុះបញ្ចូលជាទ្វេភាគីស្និទ្ធស្នាលតាមរយៈការអបអរសាទរខួបកំណើតដោយមានកាត់នំខួបកំណើត ហើយលោក អាបេ ថែមទាំងបានច្រៀងជូនពរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំទៅនៅទីក្រុងតូក្យូផង (Kyodo,Aug8, 2017)។
សកម្មភាពលោក អាបេ ពេលនោះគឺទំនងជាចង់ឲ្យកម្ពុជាគាំទ្រគំនិតផ្តួចផ្តើម Indo-Pacific នេះផងដែរ។
មិនតែប៉ុណ្ណោះការប្រជុំថ្នាក់តំបន់រវាងអ្នកការទូត អ្នកស្រាវជ្រាវ សាស្ត្រាចារ្យ អ្នកជំនាញខាងទំនាក់ទំនងអន្តរជាតិ និងអ្នកសារព័ត៌មានជាន់ខ្ពស់ដែលជាក្រុមប្រឹក្សាផ្តល់យោបល់ទៅរដ្ឋាភិបាល (Think Tanks) ក៏ត្រូវបានវេទិកា Indo-Pacific អញ្ជើញញឹកញាប់មកជជែកវែកញែករកយុទ្ធសាស្ត្រ និងបញ្ហាប្រឈមរឿង Indo-Pacific ហ្នឹងដែរ។
ដូចកាលពីខែមុននេះខ្ញុំចូលរួមប្រជុំថ្នាក់តំបន់ស្តីពី តើយុទ្ធសាស្ត្រ Indo-Pacific នឹងទៅរបត់ណា? ដែលរៀបចំដោយអង្គការ CICP នៅភ្នំពេញ និងកាលពីសប្តាហ៍មុនខ្ញុំក៏បានចូលរួមកិច្ចប្រជុំតុមូលជាមួយអ្នកសារព័ត៌មានជាន់ខ្ពស់លើកទី ៧ របស់ស្ថាប័ន ERIA នៅទីក្រុងសិង្ហបុរីស្តីពីការប្រឈមចំពោះមុខសមាគមអាស៊ាន និង Indo-Pacific គឺបានលើកពីកង្វល់អាចប៉ះពាល់នឹងបញ្ហាសន្តិសុខ នយោបាយ និងសេដ្ឋកិច្ចក្នុងតំបន់ផងដែរ។
ដោយសារ Indo-Pacific នៅមិនទាន់មានរចនាសម្ព័ន្ធ និងយុទ្ធសាស្ត្រច្បាស់លាស់នៅឡើយនោះ ជាហេតុធ្វើឲ្យប្រទេសជាសមាជិកអាស៊ានមួយចំនួនរួមទាំងកម្ពុជា ឡាវ មីយាន់ម៉ា ម៉ាឡេស៊ី ថៃ វៀតណាម និងហ្វីលីពីនជាដើមនៅមិនទាន់ជ្រះស្រឡះថា តើការចូលរួមជាមួយនឹង Indo-Pacific អាចធ្វើបានកម្រិតណា?
ជាការកត់សម្គាល់ប្រទេសអាស៊ានទាំងនោះភាគច្រើនត្រូវបានគេមើលឃើញថា ស្ថិតនៅក្រោមឥទ្ធិពលពីចិនជាពិសេសកម្ពុជាដែលមានទំនាក់ទំនងស្អិតល្មួតជាមួយនឹងមហាយក្សចិនខ្លាំងដូចជា ការខកខានចេញសេចក្តីថ្លែងការណ៍រួម (Joint Communique) រឿងសមុទ្រចិនខាងត្បូងកាលពីប្រជុំអាស៊ានក្នុងឆ្នាំ ២០១២ នៅរាជធានីភ្នំពេញជាដើម។
តែផ្ទុយទៅវិញប្រទេសដែលមានទំនាស់ជាមួយចិនធ្លាប់បានចំអកឲ្យកម្ពុជាកាលនោះដូចជា វៀតណាម ហ្វីលីពីន និងម៉ាឡេស៊ីក៏បែរទៅជាមានទំនាក់ទំនងរកស៊ីល្អជាមួយចិនទៅវិញ បើទោះបីជាចិនពង្រីកលេណដ្ឋានកងទ័ពនៅលើដែនកោះដែលមានទំនាស់ក៏ដោយ។
ម្យ៉ាងវិញទៀតការបោះឆ្នោតនៅកម្ពុជាថ្មីៗនេះក៏ត្រូវបានប្រទេសចិនគាំទ្រយ៉ាងពេញទំហឹងចំពោះលទ្ធផលការបោះឆ្នោតពី គ.ជ.ប ដែលបក្សកាន់អំណាចបន្តការដឹកនាំប្រទេសតទៅទៀត។
តាមរយៈមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានចេញរបាយការណ៍ឆ្នាំ ២០១៧ អំពីបំណុលរបស់កម្ពុជាជំពាក់ប្រទេសចិនដែលយកមកកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពានទំនប់វារីអគ្គិសនីនោះគឺមានទំហំទឹកប្រាក់បំណុលប្រមាណជា ៧០ ភាគរយនៃបំណុលសរុប ៦,៨ ពាន់លានដុល្លារដែលនេះក៏ស្របទៅនឹងគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ និងផ្លូវមួយរបស់ចិនផងដែរ។
អ៊ីចឹងហើយបានជាកិច្ចប្រជុំលើកយកបញ្ហារៀបចំយុទ្ធសាស្ត្រ Indo-Pacific ឡោមព័ទ្ធដើម្បីកាត់បន្ថយអំណាចរបស់ប្រទេសចិនពោលគឺមិនចង់ឲ្យមានប្រទេសណាមួយធ្វើជាម្ចាស់ (Dominate) នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនោះទេ។
រីឯរដ្ឋសមាជិកអាស៊ានដែលទទួលផលប្រយោជន៍ច្រើនពីប្រទេសចិនក៏ញញើតញញើមក្នុងការចូលរួមជាមួយនឹងយុទ្ធសាស្ត្រ Indo-Pacific នេះដែរ គឺអាចប្រឈមនឹងគ្រោះថ្នាក់រវាងយុទ្ធសាស្ត្រទាំង ២ គឺខ្សែក្រវាត់មួយ និងផ្លូវមួយរបស់ចិន និងយុទ្ធសាស្ត្រ Indo-Pacific ប្រសិនបើភាពតានតឹងប្រទាញប្រទង់អំណាចគ្នានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ ឬក៏អាចធ្លាក់ទៅសង្គ្រាមត្រជាក់ (Cold War) ក៏ថាបាន។
ទោះបីជាយ៉ាងណាក្នុងកិច្ចប្រជុំពិគ្រោះយោបល់ទាំង ២ កម្រិតអ្នកជំនាញទំនាក់ទំនងអន្តរជាតិ និងអ្នកសារព័ត៌មានជាន់ខ្ពស់នេះក៏បានលើកឡើងពីអត្ថន័យនៃពាក្យដែលប្រើនៅក្នុងយុទ្ធសាស្ត្រ Indo-Pacificគឺ «សេរី Free» មានន័យថាសេរីភាពគ្មានការបង្ខិតបង្ខំពីប្រទេសណាមួយ និងប្រជាពលរដ្ឋមានសេរីភាព។
រីឯពាក្យថា «ការបើកទូលាយ Open» គឺការបើកទូលាយទូទៅ ការបើកទូលាយឲ្យនាំទំនិញចេញចូល ការបើកទូលាយវិនិយោគ និងពាណិជ្ជកម្ម។ កិច្ចប្រជុំចង់ឲ្យមានយុទ្ធសាស្ត្រ Free and Open Indo-Pacific ជាក់លាក់ និងមានយន្តការច្បាស់លាស់ និងដំណើរការអនុវត្តយុទ្ធសាស្ត្រ។
ការព្រួយបារម្ភគឺសមាជិកអាស៊ានគួរតែស្ថិតនៅកណ្តាលសិន (Centralization) និងធ្វើទំនាក់ទំនងរវាងប្រទេស និងប្រទេស និងសមាជិករដ្ឋអាស៊ាន និង Indo-Pacific។
មានការលើកឡើងមកជជែកដោយឲ្យបន្តមានការតភ្ជាប់គ្នា(Connectivity) រវាងសមាជិកអាស៊ានជាមួយនឹងប្រទេសចិន និងសមាជិកអាស៊ាន ជាមួយ Indo-Pacific ដោយធ្វើយ៉ាងណាឲ្យមានសន្តិសុខ នយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្មនៅក្នុងតំបន់៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com