ជា​រៀងរាល់​ឆ្នាំ​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​តែងតែ​រៀបចំ​ប្រារព្ធ​ពិធី និង​ចូលរួម​បុណ្យ​ទន្លេ បុណ្យ​សមុទ្រ និង​បុណ្យ​អុំទូក បើ​អ្នក​កូន​កាត់​ចិន​វិញ​ គេ​ធ្វើ​ដល់​ទៅ​សែន​ក្បាល​ទឹក​ទៀត​ផង​។

សកម្មភាព​ទាំង​នេះ ​ក្នុង​ទស្សនទាន​ចម្បង ​គឺ​ការ​ធ្វើ​បុណ្យ​ឲ្យ​ទឹក​ការ​សម្តែង​នូវ​ការ​ថ្លែង​អំណរគុណ​ដល់​ទឹក​ដែល​បាន​ផ្តល់​នូវ​សេចក្តី​សុខ និង​សុខភាព​ដល់​មនុស្ស​ជាតិ សត្វ និង​ជីវ​ចម្រុះ ដោយ​គ្រាន់​​តែ​​ប្តូរ​ប្រធានបទ​ខុសៗ​គ្នា​ ដើម្បី​ថែ​រក្សា​បរិស្ថាន និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ។

កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​បុណ្យ​សមុទ្រ​​ត្រូវ​បាន​ធ្វើ​នៅ​ខេត្ត​កំពត ក្រោម​ប្រធានបទ​ ​«ទីក្រុង​ស្អាត ឆ្នេរ​ល្អ ទេសចរណ៍​រុងរឿង»​ និង​បុណ្យ​ទន្លេ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ខេត្ត​កំពង់ឆ្នាំង​កាល​ពី​ខែ​មីនា​ ឆ្នាំ ២០១៩​ ក្រោម​ប្រធាន​បទ ​«​ទន្លេ​នៃ​ជីវិត​សុភមង្គល និង​កំណើន​ទេសចរណ៍​»។ មិន​ថា​តែ​ប្រទេស ​កម្ពុជា ​ទេ ដោយសារ​នៅ​លើ​ពិភព​លោក​ពី ១ ​ឆ្នាំ ​ទៅ ​១ ​ឆ្នាំ មាន​ប្រជាជន​ចេះ​តែ​កើន​ឡើង​ជា​លំដាប់​មក​ទល់​ពេល​នេះ​ គឺ​មាន​ចំនួន​ដល់​ទៅ​ ៧,៧ ​ពាន់​លាន​នាក់ (​UNFPA, 2019) ឯ​ការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ ​ក៏​ចេះ​តែ​មាន​ការ​កើន​ឡើង​ដែរ​ ជា​ពិសេស​ទឹក​​ដែល​ជា​តម្រូវ​ការ​ចាំបាច់​បំផុត​សម្រាប់​មនុស្ស​ម្នាក់ៗ​។

អ៊ីចឹង​ហើយ​បាន​ជា​មាន​ការ​រៀបចំ​ពិធី​បុណ្យ​ទឹក​បួងសួង​តាម​ប្រពៃណី សាសនា និង​វប្បធម៌ ដើម្បី​ឲ្យ​មាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់​។ ការ​ធ្វើ​បុណ្យ​បែប​នេះ​មិន​គ្រាន់​តែ​ជា​វិធីសាស្ត្រ ដើម្បី​លើក​គុណ​ប្រយោជន៍​របស់​ទឹក​នោះ​ទេ តែ​ជាក់​ស្តែង​វិញ តើ​កម្ពុជា​ត្រូវ​ធ្វើ​ដូច​ម្តេច ដើម្បី​ចូលរួម​ចំណែក​រក្សា​តុល្យភាព​នៃ​ទឹក និង​ការ​ប្រើប្រាស់​ដោយ​ចេះ​សន្សំ​សំចៃ​ទឹក​?

បច្ចុប្បន្ន​របប​ទឹក​ទន្លេ​មេគង្គ​ មាន​លក្ខណៈ​កាន់​​តែ​ប្រែប្រួល​ខ្លាំង​ពេល​ទឹក​ឡើង​ជន់​លិច​ទប់​​មិន​ឈ្នះ ដល់​ស្រក​សឹង​តែ​ដល់​បាត​ក្រោម នៅ​តាម​ដង​ទន្លេ ដោយសារ​តែ​ប្រទេស​ដែល​នៅ​ខាង​លើៗ ​ដូច​ជា ចិន និង​ឡាវ មាន​ការ​ប្រើប្រាស់​ខ្លាំង​ទៅ​លើ​ទំនប់​វារីអគ្គិសនី ចំណែក​ឯ​កម្ពុជា និង​វៀតណាម​ក៏​មាន​ចំណែក​ខ្លះ​​​ដែរ​ ធ្វើ​ទំនប់​វារីអគ្គិសនី​ នៅ​ទន្លេ​សេសាន និង​ស្រែ​ពក ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​​របប​ទឹក​ទន្លេ​មេគង្គ​នៅ​ក្នុង​ស្រុក​​ផង​ដែរ។​

បើ​ទោះបី​មាន​ការ​ប្រជុំ​នៅ​ក្នុង​តំបន់​ប្រទេស​ដែល​​នៅ​ជាប់​​ដង​ទន្លេ​មេគង្គ ចំពោះ​បញ្ហា​ទំនប់​វារីអគ្គិសនី​នេះ​ក៏​ដោយ ក៏​​នៅ​តែ​ដោះស្រាយ​មិន​ចេញ​ឲ្យ​ជ្រះ​ស្រឡះ​នៅ​ឡើយ​ទេ​។ តែ​ផល​នៃ​ការ​ប៉ះពាល់​នៅ​​ទន្លេ​មេគង្គ ​គឺ​មាន​កាន់​​តែ​ច្រើន​​ទៅៗ​ នេះ​បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ របស់​សាស្ត្រាចារ្យ​ Stephen Darby ​នៃ​សាកល​វិទ្យាល័យ​សៅថាំតុន​ នៃ​ប្រទេស ​អង់គ្លេស ​ពី​ឆ្នាំ ​២០១៣-២០១៩។

ម្យ៉ាង​ទៀត​ផល​ប៉ះពាល់​មក​លើ​​របប​ទឹក​ទន្លេ​មេគង្គ​នេះ ក៏​មក​ពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដោយ​ឈ្មួញ​ទុច្ចរិត គឺ​កាប់​មិន​ត្រឹមត្រូវ​ទៅ​តាម​​ស្តង់ដា​បច្ចេកទេស​​​របស់ (REDD+) ដែល​គម្រប​ព្រៃ​ឈើ ដើរ​តួនាទី​សំខាន់​​ក្នុង​ការ​កាត់​បន្ថយ​នូវ​ឧស្ម័ន​កាបូនិច​ផង និង​ទាក់​ទាញ​ទឹក​ភ្លៀង​ផង​ ដើម្បី​ធ្វើ​ឲ្យ​មាន​តុល្យភាព​នៃ​ទឹក​ផង​ដែរ។

ជាង​នេះ​ទៅ​ទៀត ​គឺ​កម្ពុជា​មាន​បឹង​ទន្លេសាប ​១ ​ដ៏​ធំ​មហិមា ហើយ​ល្បី​នៅ​លើ​ពិភព​លោក ដោយសារ​ទឹក​បឹង​នេះ អាច​ហូរ​ចូល​ទប់​ទឹក​ជំនន់​ពី​ទន្លេ​មេគង្គ​ផង​ និង​ទឹក​មក​ពី​ដៃ​ព្រែក និង​ស្ទឹង​នានា​ ដែល​ហូរ​ចាក់​ចូល​ក្នុង​ទន្លេ​ទៅ​តាម​ធម្មជាតិ​​ផង​។

តែ​នៅ​ឆ្នាំ​ខ្លះ ក៏​ទប់​មិន​ជាប់​ជន់​​លិច​នៅ​ខេត្ត​ជាប់​នឹង​បឹង​ទន្លេ​សាប​នេះ​ដែរ ហើយ​ឥឡូវ​នេះ​នៅ​ខែ​ប្រាំង​វិញ កន្លែង​​ខ្លះ​គឺ​គោក ធ្វើ​ដំណើរ​តាម​ទឹក​មិន​បាន​ផង ជា​ពិសេស​នៅ​ឆ្នុក​ទ្រូ ដែល​ជា​កន្លែង​ភ្ជាប់​ចូល​ទឹក​បឹង​ទន្លេ​សាប និង​កន្លែង​គោក​ខ្លះ ​គឺ​បណ្តាល​មក​ពី​ប្រជាពលរដ្ឋ​​ដែល​រស់នៅ​លើ​ទឹក​បោះ​ចោល​កាក​​សំណល់​រឹង​ចូល​ទៅ​ក្នុង​ទឹក​ទន្លេ និង​បណ្តាល​មក​ពី​ការ​ហូរ​តាម​ទឹក​នូវ​សំណល់​ប្លាស្ទិក​​ពី​ទឹក​ស្ទឹង ព្រែក និង​តាម​ដៃ​ទន្លេ​នៅ​កកកុញ​បាត​បឹង​ទន្លេ​សាប​ ធ្វើ​ឲ្យ​ទឹក​បឹង​ទន្លេ​សាប​កាន់​តែ​រាក់​ទៅៗ។ បញ្ហា​ទឹក​រាក់​នេះ គឺ​មិន​មែន​បណ្តាល​មក​ពី​ការ​ប្រែប្រួល​អាកាស​ធាតុ​នោះ​ទេ បណ្តាល​មក​ពី​ទង្វើ​របស់​មនុស្ស​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន និង​ធម្មជាតិ​។

បច្ចុប្បន្ន​នៅ​ពេល​ដែល​មាន​ការ​​ប្រើប្រាស់​ទឹក​កាន់​តែ​ច្រើន​តម្លៃ​​ទឹក​ក៏​កាន់​តែ​ឡើង​ថ្លៃ​ផង​ដែរ​។ ហេតុដូច​នេះ​ ដើម្បី​ឲ្យ​មាន​តុល្យភាព​​ក្នុង​ការ​ប្រើប្រាស់ និង​តម្រូវ​ការ​ទឹក​នេះ និង​បញ្ចៀស​ទឹក​ជំនន់ រាជ​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ទាំង​អស់​គ្នា គួរ​តែ​គិត​គូរ​រក​ដំណោះ​ស្រាយ​នូវ​ការ​សន្សំ​សំចៃ​ទឹក​ ជា​ជាង​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​។

សម្រាប់​រដ្ឋាភិបាល​វិញ មាន​ក្រសួង​ដែល​ធ្វើ​ការ​ជាមួយ​នឹង​ទឹក​មាន​ដល់​ទៅ ៧ ​ក្រសួង ហើយ​ពេល​ខ្លះ​ ធ្វើ​ការ​ជាន់​គ្នា​ក៏​មាន​ដែរ ​ដូចជា​ប្រឡាយ​ទឹក​ម្តង​ថា ក្រសួង​ធនធាន​ទឹក​ជា​អ្នក​គ្រប់គ្រង​ខ្លះ​ថា ការងារ​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ​។ តែ​ទឹក​នៅ​តែ​មាន​បញ្ហា ដែល​ខ្លះ​មាន​ច្រើន​ជ្រុល និង​ពេល​ខ្លះ​​ខ្វះ​ជ្រុល​ទៅ​វិញ ដែល​បញ្ហា​នេះ​សាមី​ក្រសួង​ទទួល​ខុស​ត្រូវ​នៅ​ដែន​សមត្ថកិច្ច​របស់​ខ្លួន​​គួរណាស់​តែ​មាន​ទិស​ដៅ​ផ្លាស់ប្តូរ​យុទ្ធសាស្រ្ត​របស់​ខ្លួន​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទឹក​នេះ​។

ឧទាហរណ៍​បញ្ហា​របប​ទឹក​ទន្លេ​មេគង្គ បើ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​បូម​ខ្សាច់​ គឺ​ត្រូវ​ត្រួត​ពិនិត្យ និង​កំណត់​ទីតាំង​កន្លែង​ដែល​ត្រូវ​​បូម​ឲ្យ​បាន​ច្បាស់​លាស់​ ហើយ​កន្លែង​ខ្លះ​ត្រូវ​ស្តារ​ចេញ និង​ការ​បង្វែរ​ទឹក​ឲ្យ​ហូរ​ចូល​ទៅ​តាម​ដៃ​ព្រែក ដើម្បី​ស្តុក​ទឹក​យក​​ទៅ​ប្រើប្រាស់​ពេល​ទឹក​ស្រក​ទៅ​វិញ​ នឹង​ត្រូវ​​បិទ​ទ្វារ​ទឹក​ទប់​យក​​ទុក​ប្រើប្រាស់។

លើស​ពី​នេះ​គឺ​​ត្រូវ​ធ្វើ​ការ​​ស្តារ​ឡើង​វិញ​​ នូវ​ស្ទឹង​បឹង​បួ និង​ប្រឡាយ​​ចាស់ៗ​ព្រម​ទាំង​សង់​ទំនប់​ ទប់​​​ទឹក​ទុក​សម្រាប់​ស្រោច​ស្រព ​និង​ប្រើប្រាស់​ឲ្យ​បាន​គ្រប់​រដូវ​​។ រីឯ​ទឹក​ទន្លេសាប​វិញ ​គឺ​មាន​តែ​ធ្វើ​យុទ្ធនាការ​ស្តារ​អាង​បឹង​ទន្លេសាប​យក ​ដើម្បី​ស្តុក​ទឹក​ប្រើ​ឲ្យ​បាន​ច្រើន និង​យក​ដី​ល្បាប់​មក​ធ្វើ​ជី​សម្រាប់​ពលរដ្ឋ​នៅ​ជុំវិញ​ទន្លេ​សាប​ផង​ ហើយ​ប្រមូល​សំរាម​សំណល់​រឹង​ចេញ​វិញ​ផង។ ជា​ពិសេស​កង​វិស្វកម្ម និង​កម្លាំង​កងទ័ព​ ដែល​សល់​ពេល​ច្រើន ក៏​អាច​ចូលរួម​ចំណែក​ស្តារ​ទន្លេ​នេះ​ដែរ ជា​ជាង​នៅ​តែ​បន្ទាយ​ហាត់​ហើយ​សម្រាក​។

សម្រាប់​ប្រជាពលរដ្ឋ​វិញ ក៏​មាន​តួនាទី​ថែ​រក្សា និង​សន្សំ​សំចៃ​ផង​ដែរ ​គឺ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ទឹក​ដោយ​ខ្ជះខ្ជាយ បញ្ឈប់​ការ​បោះ​សំណល់​រឹង​ចូល​​ទៅ​ក្នុង​ទឹក​ស្ទឹង ទន្លេ បឹងបួ និង​សមុទ្រ​ជា​ដើម​៕​​

ចូលរួម​ផ្តល់​យោបល់​តាមរយៈ​ soprach.ton​g@phnompenhpost.com