ដោយសារ​តែ​និន្នាការ​នៃ​ការប្រើប្រាស់​គ្រឿងសម្អាង​កើនឡើង​ខ្ពស់​នៅ​លើ​ពិភពលោក មិន​ថា​អ្នក​មាន​សម្បុរ​ស ឬ​ខ្មៅ​នោះ​ទេ អ្នក​ស្បែក​ស​ចង់​បាន​ឲ្យ​ស្បែក​ម៉ដ្ឋ​រលោង​បន្ថែម​ទៀត ឯ​អ្នក​សម្បុរ​ខ្មៅ​វិញ ចង់​ឲ្យ​ស​ស្រអែម និង​ស្បែក​​រលោង​បន្ថែម​ទៀត​ដែរ​។

ខ្លះ​ប្រញាប់​ចង់​ស​លឿន​ពេក​ទៅ​បកស្បែក​យក​តែ​ម្តង​ដោយ​មិន​គិត​ពី​ថវិកា​ចំណាយ​ប៉ុន្មាន​នោះ​ទេ ដូច​តារាចម្រៀង​ប៉ុប ម៉ៃឃើល ជេកសុន (Michael Jackson) បាន​បកស្បែក​ខ្មៅ​ឲ្យ​ទៅ​ជា​ស​ដោយ​ប្រើ​ផលិតផល​សម្អាង​ (Cosmetics) បន្ថែម​ទៀត​ដើម្បី​ទ្រទ្រង់​ការកែ​សម្ផស្ស​ស្បែក​ពណ៌​ស ក្រោយ​មក​លោក​ក៏​បាន​ស្លាប់ ដោយសារ​តែ​មហារីក​ស្បែក​កាលពី​ឆ្នាំ​ ២០០៩​។

បើ​ទោះបី​ជា​មាន​គ្រឿងសម្អាង​មួយ​ចំនួន​ធ្វើឲ្យ​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​អាច​ឲ្យ​ស្លាប់​បាន​ក៏ដោយ ក៏​មនុស្ស​នៅ​តែ​ព្យាយាម​ប្រើ​ផលិតផល​សម្អាង​ទាំង​នោះ​ដែរ​។ កាលពី​ឆ្នាំ ២០១១ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ឲ្យ​ដឹង​ថា គ្រាន់តែ​ប្រទេស​នីហ្សេរីយ៉ា​តែ​មួយ​ស្ត្រី​ប្រហែល ៧៧ ភាគរយ​មាន​ជាង​ ៦០ ​លាន​នាក់​កំពុង​ប្រើប្រាស់​ផលិតផល​ធ្វើឲ្យ​ស្បែក​ស​ជា​ទៀងទាត់​។

ប៉ុន្តែ​បច្ចុប្បន្ន​នេះ​អ្នក​ជំនាញ​វេជ្ជសាស្ត្រ​ថ្លែង​ថា នៅ​អាហ្វ្រិក​ជា​ទ្វីប​ដែល​មាន​ច្បាប់​ធូររលុង​ទំនោរ​ខុស​ទំនង​លាប​ឡេ​ខាត់​ស្បែក​នេះ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ចំពោះ​សុខភាព​ទៅវិញ​។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ចេញ​ផ្សាយ​ដើម​ខែ​នេះ​។

មិន​ខុស​ពី​ប្រជាពលរដ្ឋ​អាហ្វ្រិក​នោះ​ទេ ស្ត្រី​នៅ​ស្រុក​ខ្មែរ​បច្ចុប្បន្ន​នេះ​ភាគច្រើន​ក៏​កំពុង​ឈ្លក់​វង្វេង​ទៅ​នឹង​ការកែ​សម្ផស្ស ប្រើ​ឡេ​លាប​ស្បែក​ឲ្យ​ស និង​ឲ្យ​រលោង អ្នក​ខ្លះ​ទៀត​រហូត​ដល់​ចង់​ឲ្យ​ប្តី ឬ​ក៏​ដៃគូ​រួមភេទ​ពេញ​ចិត្ត​ទៀត​នោះ គឺ​ប្រើ​ថ្នាំ​លេប ឬ​ក៏​លាប​លើ​ប្រដាប់ភេទ​ដើម្បី​ឲ្យ​តឹង​ណែន​ល្អ​។

តែ​ផលិតផល​សម្អាង​ខ្លះ​ដែល​មាន​លក់​នៅក្នុង​ហាង​ដែល​បាន​ចុះ​បញ្ជី​ត្រឹមត្រូវ ដែល​មាន​តម្លៃ​ថ្លៃ​សម្រាប់​អ្នកមាន និង​អ្នក​ធូរធារ​មាន​លទ្ធភាព​អាច​ទិញ​បាន​។ សម្រាប់​អ្នកក្រ​វិញ​មិន​បាន​ទិញ​គ្រឿងសម្អាង​ដែល​មាន​គុណភាព​ចុះ​បញ្ជិកា​ត្រឹមត្រូវ​នោះ​ទេ​គឺ​ទិញ​តាម​អនឡាញ​ (Online) ដែល​មិន​បាន​ចុះ​បញ្ជិកា​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​ត្រឹមត្រូវ និង​ថ្នាំ​ដែល​លក់​នោះ​ទៀត​សោត​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​លក់​ដោយ​ក្រសួង​សុខាភិបាល​នោះ​ទេ​។

ជា​រឿយៗ​ក្រសួង​សុខាភិបាល និង​ក្រសួង​ព័ត៌មាន​តែងតែ​ចេញ​សេចក្តី​ប្រកាស​រួម​ក្នុង​ការ​បញ្ឈប់​ការផ្សាយ​ពាណិជ្ជកម្ម​នៅលើ​កញ្ជាក់​ទូរទស្សន៍​ជា​ប្រភេទ​គ្រឿងសម្អាង​ការបោកប្រាស់​ពលរដ្ឋ មិនមាន​លក្ខណៈ​ចុះ​បញ្ជិកា​ត្រឹមត្រូវ​។

កាលពី​សប្តាហ៍​មុន​ក្រសួង​សុខាភិបាល​បាន​ចេញ​បម្រាម​ទៅ​លើ​ប្រភេទ​ឡេលាប​ស្បែក​ផលិតផល Glutaone 600 និង Firmax ដែល​កំពុង​ដាក់​លក់​តាម Facebook ព្រោះ​ផលិតផល​សម្អាង​នេះ​មិន​ចុះ​បញ្ជិកា​ត្រឹមត្រូវ​នោះ​ទេ​។ ក្រសួង​បាន​បញ្ជាក់​ពី​ផលប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើប្រាស់​ធ្ងន់ធ្ងរ​ពី​ការប្រើ​ថ្នាំលាប​ខុស​ច្បាប់​នេះ និង​បង្ហាញ​ពី​គណនី Facebook របស់​អ្នក​លក់​ចែកចាយ​ទៀត​។

បើ​តាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ​របស់​ក្រសួង​សុខាភិបាល​ឲ្យ​ថ្នាំពេទ្យ​ដែល​មិន​មាន​ចុះ​បញ្ជិកា​ដែល​ចេញ​ដោយ​ក្រសួង​ឱសថ​ហួស​កាលបរិច្ឆេទ និង​ឱសថ​ដែល​មិន​បាន​បង់ពន្ធ​ជូន​រដ្ឋ គឺ​មាន​ន័យ​ថា​ជា​ឱសថ​ខុស​ច្បាប់​ទាំងអស់​គឺ​ក្រសួង និង​អាជ្ញាធរ​ពាក់ព័ន្ធ​មាន​សិទ្ធិ​រឹបអូស​យក​កម្ទេចចោល​ទាំងអស់​។

ដូច​កាលពី​ថ្មីៗ​នេះ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​បាន​កម្ទេច​ផលិតផល​ក្លែងក្លាយ​ជាង ១០០ តោន​ដូចជា​ថ្នាំពេទ្យ​គ្រឿងសម្អាង ចំណី​អាហារ​មាន​គីមី ឬ​ក៏​ហួស​កាលកំណត់ និង​ផលិតផល​ខុស​ច្បាប់​ផ្សេងៗ​ទៀត​។ កាលពី​ឆ្នាំ​ទៅ​សមត្ថកិច្ច​បាន​ចូល​ឆ្មក់​ទីតាំង​ស្តុក​ទុក និង​ផលិត​គ្រឿងសម្អាង​ក្លែងក្លាយ​ដោយ​រឹបអូស​បាន​សម្ភារ​រាប់សិប​តោន​ក្នុង​សង្កាត់​ទួលស្វាយព្រៃ​ទី​ ១ ខណ្ឌ​ចំការមន​។

ស្រប​ពេល​ម្នាក់ៗ​កំពុង​តែ​យក​ចិត្ត​ទុកដាក់​គិតគូរ​ពី​រឿង​ស្ថិរភាព​នយោបាយ បន្ទាប់ពី​ការបោះឆ្នោត​នេះ​ផង អ្នក​រកស៊ី​ខុស​ច្បាប់ និង​អ្នកប្រព្រឹត្ត​បទល្មើស​ក៏​ចេះ​តែ​ប្រឹង​ឆ្លៀត​ឱកាស​ក្នុង​ការ​លក់ដូរ ឬក៏​គេចពន្ធ​ខុស​ច្បាប់​ផង​ដែរ​។

ជាពិសេស​គឺ​ការ​ចន្លោះ​ប្រហោង​នៃ​ការលក់​ផលិតផល​ខុស​ច្បាប់​តាម​អនឡាញ​ដែល​ច្បាប់​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ (E-commerce) មិនទាន់​អនុម័ត​នៅ​ឡើយ​ផង គឺ​អ្នក​លក់​ចេះ​តែ​លក់​ម៉ាសេរី​នៅលើ​ហ្វេសប៊ុក​ដោយ​គ្មាន​អ្នក​ត្រួតពិនិត្យ និង​បង្ក្រាប​ទាល់តែ​សោះ​។ អ៊ីចឹង​ហើយ​បាន​ជា​ពេល​ខ្លះ​នៅ​ពេល​ទិញ​របស់របរ​ពី​ផលិតផល​តាម​អនឡាញ​នេះ​គឺ​នៅ​ពេល​គ្រោះថ្នាក់​ដល់​អាយុជីវិត និង​សុខភាព​មិន​ដឹង​ទៅ​រក​មុខ​អ្នកលក់​នៅឯណា​នោះ​ទេ ហើយ​ក៏​មិន​ដឹង​ថា​ផលិតផល​នោះ​សុទ្ធ ឬ​ក៏​មិន​សុទ្ធ​ផង​ដែរ ព្រោះ​មិន​ដឹង​ទីតាំង​ពិតប្រាកដ និង​យក​មក​ឲ្យ​ដល់​ផ្ទះ​ទៀត​ផង​កាន់តែ​ស្រួល​រីឯ​អ្នក​ផ្សាយ​ពី​ផលិតផល​សម្អាង​វិញ​គឺ​យក​សុទ្ធតែ​មនុស្ស​ស្រី​ស្អាតៗ​យក​មក​បញ្ចុះបញ្ចូល​អ្នក​ទិញ​ផលិតផល​របស់​ពួកគេ​។

សំណួរ​សាមញ្ញ​ថា បើ​ពួកគេ​ផ្សព្វផ្សាយ​ពី​ផលិតផល​ក្លែងក្លាយ និង​ប៉ះពាល់​សុខភាព​ដាក់​លក់​តាម Facebook គឺ​សមត្ថកិច្ច​ហាក់បី​ដូចជា​ធ្វើ​មិន​ដឹង​មិន​ឮ​? ផ្ទុយ​ទៅវិញ ប្រសិន​បើ​មាន​គណនី​ណា​មួយ​ធ្វើឲ្យ​ប៉ះពាល់​មុខមាត់​បក្ស​ ឬ​ក៏​រាជរដ្ឋាភិបាល​គឺ​រកឃើញ​ភ្លាម​? ហេតុអ្វី​ក៏​មិន​ធ្វើ​អន្តរាគមន៍​ឲ្យ​ដូច​គ្នា​តែ​ម្តង​ទៅ​? ព្រោះ​ការលក់​តាម​អនឡាញ​ទាំងនេះ​មិន​ត្រឹម​តែ​លក់​ផលិតផល​ក្លែងក្លាយ​នោះ​ទេ គឺ​ថែម​ទាំង​ធ្វើឲ្យ​គ្រោះថ្នាក់​ដល់​សុខភាព និង​អាយុជីវិត និង​គេចវេះ​មិន​បង់ពន្ធ​ជូន​រដ្ឋ​ទៀត​ផង​។

ហេតុ​ដូចនេះ​ហើយ​រដ្ឋាភិបាល​គួរតែ​ប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​គ្រប់គ្រង​លើ​ការលក់​ផលិតផល​ដែល​ខុស​ច្បាប់ និង​ធ្វើឲ្យ​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​។ ចំណែក​ប្រជាពលរដ្ឋ​វិញ​មិន​ត្រូវ​ទិញ​ផលិតផល​សម្អាង​ណា ដែល​មិន​មាន​ទីតាំង និង​ម៉ាក​ផលិតផល​នាំចូល​ចុះ​បញ្ជិកា​ត្រឹមត្រូវ​នោះ​ទេ​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com