
ស្ត្រីសង្ស័យលួចទូរស័ព្ទដែលគេចាប់វ៉ៃ និងកោរសក់ថ្មីៗនេះ។ ហ្វេសប៊ុក
ថ្មីៗកន្លងមកនេះមានការឆ្លើយឆ្លងគ្នាក្នុងបណ្តាញសង្គមហ្វេសប៊ុក សារព័ត៌មាន និងនៅលើកញ្ចក់ទូរទស្សន៍ក្តីរវាងករណី ២ ដែលទើបតែកើតមានកាលពីខែមុន ចំពោះការព្រួតវ៉ៃ (Mob killing) លើស្ត្រីម្នាក់ដែលត្រូវបានអ្នកផ្សារព្រៃទានៅក្នុងសង្កាត់ចោមចៅ រាជធានីភ្នំពេញចោទគាត់ថា បានលួចទូរស័ព្ទចំនួន ១ គ្រឿង។
ការព្រួតវ៉ៃទៅលើស្ត្រីដែលគេចោទថា ចោរនោះមើលទៅអាក្រក់មើលណាស់ដោយបុរសៗជាជនដៃដល់ហ្នឹងថែមទាំងថតរូបបង្ហោះបន្តផ្ទាល់តាមហ្វេសប៊ុករបស់គាត់ទៀតផង។
ការវ៉ៃដំគាត់ប៉ុណ្ណឹងហើយនៅតែមិនអស់ចិត្ត ក៏ស្រាប់តែនាំគ្នាចាប់កោរសក់ស្ត្រីនោះទៀត ដែលមើលទៅមានលក្ខណៈហួសហេតុ មិនសមទៅហ្នឹងតម្លៃទូរស័ព្ទកញ្ចាស់ដែលគាត់លួចនោះទេដែលតាមស្មានតម្លៃលក់យ៉ាងច្រើនបាន ១០ ម៉ឺនរៀលប៉ុណ្ណោះ។
ប៉ុន្តែការព្រួតគ្នាវាយដំនេះបានក្លាយទៅជាអំពើព្រៃផ្សៃមួយដែលមិនខុសអ្វីនឹងការប្រឆាំងមនុស្សជាតិឡើយ ហើយប្រសិនបើគាត់មានផ្ទៃពោះផងគឺដឹងតែរលូតគភ៌មិនខាន ព្រោះធាក់ផង ជាន់ផង បើទោះជាស្ត្រីដែលគេចោទថាចោរនោះប្រឹងសំពះសុំអង្វរ និងមានអ្នកដើរផ្សារប្រាប់ថាប៉ុណ្ណឹងបានហើយក៏ដោយ ក៏បុរសៗ និងស្ត្រីដៃដល់ទាំងនោះនៅតែនាំគ្នាធាក់ថែមដោយឌឺដាក់អ្នកថានោះទៀតផង។
មិនតែប៉ុណ្ណោះ អ្នកដែលចូលរួមព្រួតវ៉ៃគាត់នោះបន្ថែមថា ការចាប់ចោរស្ត្រីលួចទូរស័ព្ទលើកនេះគឺទូរស័ព្ទបាត់ពីលើកមុនៗក៏វាហ្នឹងលួចដែរ។
ការចោទប្រកាន់មកលើស្ត្រីដែលជាចោរនេះគឺប្រៀបដូចជាការឆ្លើយតបទៅនឹងទ្រឹស្តីរបស់ទស្សនវិទូសូក្រាតនៅក្នុងសៀវភៅទស្សនវិជ្ជាថ្នាក់វិទ្យាល័យដែលបានលើកឡើងថា៖ «ម្ចាស់ហាលខោអាវ បាត់ម្តងខោ ម្តងអាវ សឹងតែរាល់ដង តែមានថ្ងៃមួយគាត់ចាប់ចោរលួចខោអាវរបស់គាត់ ហើយទស្សនវិទូរូបនោះលើកឡើងថា តើការបាត់ខោអាវរបស់គាត់ដែលហាលមុនៗហ្នឹងគឺជាចោរតែម្នាក់ហ្នឹងដែរ ឬជាអ្នកលួចនោះ?»។ នេះហើយគឺជាបញ្ហាដែលមានលក្ខណៈស្រពេចស្រពិលរួចនាំគ្នាចោទ ហើយក៏សន្មតដោយពន្យុះបន្ថែមថា ទូរស័ព្ទដែលបាត់ពីមុនមកគឺចោរស្ត្រីហ្នឹងជាអ្នកលួចដែរ ហើយក៏ព្រួតគ្នាវ៉ៃតាមរបៀបសម្រេចក្ដីដោយតុលាការមហាជនដែលនេះគឺពិតជាគ្រោះថ្នាក់បំផុត។
ក្រោយមកបាន ១ ថ្ងៃសមត្ថកិច្ចបានចាប់អ្នកដៃដល់ ៤ នាក់មានបុរស និងស្ត្រីម្នាក់ផងដែរ តែក្រោយមកបានដោះលែងវិញ។
ការធ្វើទារុណកម្មលើស្ត្រីជាចោរដោយបុរសៗ ១ ក្រុមដែលពេញកម្លាំងបែបនេះគឺមានលក្ខណៈមិនស័ក្តិសមនឹងទោសរបស់គាត់នោះទេ ផ្ទុយទៅវិញវាបានជះឥទ្ធិពលចំពោះសង្គមខ្លាំងណាស់នៅពេលមានការផ្សាយបន្តផ្ទាល់ដោយបុរសដែលចូលវាយដំលើស្ត្រី និងកោរសក់នេះត្រូវបានគេយកទៅមើលតាមហ្វេសប៊ុកពេញពិភពលោកនោះ។ គេអាចបកស្រាយបានថា ប្រទេសកម្ពុជាហាក់ដូចជាគ្មានការអនុវត្តច្បាប់ទម្លាប់នោះទេ? ហើយក៏គ្មានស្ថាប័នទាំងរដ្ឋ ទាំងអង្គការ និងទាំងឯកជនដែលធ្វើការជាមួយនឹងយេនឌ័រ និងលើកស្ទួយដល់សិទ្ធិស្ត្រីណាមួយហ៊ានចេញមុខមកថ្កោលទោសចំពោះអំពើឃោរឃៅរបស់បុរសដៃដល់មកលើស្ត្រីដែលគេចោទថាបានលួចទូរស័ព្ទនេះដែរ។
ប៉ុន្តែបើនឹកភ្នកទៅដល់ករណីស្ត្រីចិនម្នាក់ដែលបើករថយន្តម៉ាកឡិចស៊ីស ៣០០ ទៅបំបុកបុរស ២ នាក់ដែលស្ត្រីនោះចោទពួកគេថាបានឆក់ទូរស័ព្ទគាត់ដោយគាត់ថាមានភ័ស្តុតាងលើប្រព័ន្ធ GPS ក្នុងទូរស័ព្ទគឺនៅពេលបុកភ្លាមស្ត្រីជនជាតិចិននោះគ្មានរត់ទៅណាទេ ហើយពេលតុលាការកោះហៅក៏គាត់ចូលខ្លួនទៅដែរ តែអ្វីដែលចម្លែកនោះគឺបុរសម្នាក់ក្នុងចំណោម ២ នាក់ដែលស្ត្រីចិននោះចោទថាចោរបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យសង្គ្រោះបន្ទាន់។
រីឯ តុលាការមហាជនគឺគ្មានឃើញហ៊ានប្រើហិង្សាទេ ដោយគ្រាន់តែទៅឈរក្បែរស្ត្រីចិននោះក៏មិនហ៊ានផង? មិនត្រឹមតែប៉ុណ្ណោះគឺពួកគេថែមទាំងចោទបុរស ២ នាក់នោះទៅវិញថា ស័ក្ដិសមហើយគេបុកឆក់ខ្សែក ទូរស័ព្ទ និងកាបូបគេដួលស្លាប់ក៏មាន របួសក៏មានហើយអ្នកខ្លះទៅជាសរសេរសរសើរស្ត្រីចិននោះថា ហ៊ានតាមបុកបុរសជាចោរនោះទៀតផង។
ករណីនេះ សុទ្ធតែមិនទាន់ច្បាស់លាស់ដោយនៅស្រពេចស្រពិលដូចគ្នា ចុះហេតុអ្វីបានជាមិនហ៊ានទៅចាប់វាយដំលើស្ត្រីចិនដូចស្ត្រីចោរលួចទូរស័ព្ទនៅផ្សារព្រៃទា? ឬក៏ខ្លាចគេថា រើសអើងជាតិសាសន៍? តម្លៃទូរស័ព្ទដែលត្រូវបានចោរឆក់នេះមានប្រមាណតែ ២០០០ ដុល្លារសោះ តែបែរជាមិនស័ក្តិសមទៅនឹងអាយុជីវិតរបស់បុរសជាជនជាតិខ្មែរម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ធ្ងរទៅវិញ។
យ៉ាងណាក្ដីស្ត្រីចិននោះកំពុងតែកា្លយទៅជាជនជាប់ចោទដោយត្រូវប្រឈមមុខនឹងជាប់ពន្ធនាគារហូតដល់ ២០ ឆ្នាំ ប្រសិនបើតុលាការរកឃើញថាគាត់មានចេតនាប៉ុនប៉ងមនុស្សឃាតនោះ។
ការលើកឡើងនេះមិនមែនមានន័យថាជាការលើកទឹកចិត្តឲ្យមនុស្សបញ្ចេញកំហឹងវាយដំឲ្យដូចគ្នាទេគឺគ្រាន់តែចង់បង្ហាញលក្ខណៈករណីស្ត្រី ២ នាក់ដែលត្រូវបានគេឲ្យតម្លៃខុសគ្នា ជារួមមានន័យថាបើខ្លាស៊ីគោបាត់គេមើលមិនឃើញទេ តែបើឆ្មាលួចត្រីអាំងតែ ១ កន្ទុយ គេចាប់បានវាយគ្នាចង់ងាប់ចង់រស់។
សរុបមកវិញដើម្បីកុំឲ្យជនជាប់ចោទក្លាយជាដើមចោទ រីឯជនដើមចោទហ្នឹងក្លាយទៅជាជនរងគ្រោះ ដោយសារការចោទប្រកាន់ហើយនាំគ្នាប្រើហិង្សា ពិសេសប្រព្រឹត្តចំពោះស្ត្រីដែលគេចោទថា ចោរដែលការប្រព្រឹត្តរបស់គាត់មានតម្លៃមិនស័ក្ដិសមនឹងការធ្វើទារុណកម្មពីមហាជននោះ គួរចៀសវាងឲ្យខាងតែបាននូវអំពើឃោរឃៅបែបនេះដែលអ្នកនាំគ្នាវ៉ៃដំទាំងនោះបានក្លាយជាជនរងគ្រោះទៅវិញ។
ជាក់ស្តែងដូចជាករណីលោក បណ្ឌិត ស៊ុយ សារ៉េត ដែលត្រូវគេនាំគ្នាព្រួតវ៉ៃយ៉ាងដំណំដោយចោទថា បានបើករថយន្តបុកគេហើយបើកគេចជាដើមគឺជនដៃដល់ដែលវាយដំបន្លំលួចរបស់ជនរងគ្រោះនេះបានក្លាយទៅជាជនជាប់ចោទដោយពួកគេត្រូវបានសមត្ថកិច្ចតាមចាប់បញ្ជូនទៅតុលាការទាំងអស់៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com