ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ឃើញថាសមត្ថកិច្ចទាំងប៉ូលិស ទាំងកងរាជអាវុធហត្ថ ទាំងប៉ូលិសបង្កប់ស្លៀកពាក់ស៊ីវិល មានសកម្មភាពបង្ក្រាបយ៉ាងសស្រោកសស្រាំដូចជាការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស បទល្មើសប្លន់ប្រដាប់អាវុធ អំពើឃាតកម្ម ការបន្លំធ្វើជាសមត្ថកិច្ច និងការបាញ់បោះសេរីជាដើម ដើម្បីឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែង និងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។
គ្រាន់តែរបាយការណ៍បូកសរុបលទ្ធផលការងាររបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសក្នុងឆ្នាំ ២០១៩ និងលើកទិសដៅការងារបន្ដ ឆ្នាំ ២០២០ បានបង្ហាញថានៅឆ្នាំ ២០១៩ កម្លាំងកងរាជអាវុធហត្ថបានធ្វើការបង្ក្រាបបទល្មើសចំនួន ២៣៩៨ ករណីតែនៅរបាយការណ៍ប៉ូលិសទៀតមិនទាន់បញ្ចេញនៅឡើយ។
តែការបង្ក្រាបនៅពេលដែលជនល្មើសតដៃមើលទៅដូចជាមិនសូវស្វាហាប់ ដោយឈរព្រោងព្រាតគឺកាន់កាំភ្លើងច្រងេងច្រងាង ដូចជាមិនមានផែនការត្រៀមយុទ្ធសាស្ត្រប្រយុទ្ធឲ្យជាក់លាក់សោះ។ ដូចករណីបង្ក្រាបនៅខណ្ឌទួលគោកដែលជនល្មើសបាញ់តដៃចេញពីក្នុងផ្ទះ សំណង់កន្លុកកន្លៀត តដៃសមត្ថកិច្ចដែលច្រូងច្រាងពេញមានទាំងសម្លៀកបំពាក់ឯកសណ្ឋាន កាំភ្លើងវែង មានទាំងស៊ីវិលបង្កប់សុទ្ធតែកាំភ្លើងខ្លី ខ្លះពាក់មួកសុវត្ថិភាព ដើរចូលលុកលុយស្វែងរកជនល្មើសដែលនៅសល់គឺហាក់បីដូចជាដណ្តើមស្នាដៃរៀងៗខ្លួន។ ម្យ៉ាងវិញទៀតមើលទៅដូចការឡោមព័ទ្ធចាប់ឈូឆរៗរបស់សមត្ថកិច្ចហ្នឹង ខ្លាចតែរាលកៃកាំភ្លើង ប៉ះតែគ្នាឯងហ្នឹង។
រីឯអ្នកកាសែតថតរូបបន្តផ្ទាល់ មិនដឹងជាខាងណាខាងណីខ្លះទេ មើលទៅប្រសេចប្រសាចនៅក្បែរជាមួយសមត្ថកិច្ចគឺកាន់ទូរស័ព្ទផ្សាយបន្តផ្ទាល់តាមហ្វេសប៊ុកហើយអត្ថាធិប្បាយបណ្តើរបង្ហាញទីតាំងកន្លែងកើតហេតុច្បាស់ និងបង្ហាញទីកន្លែងសមត្ថកិច្ចកំពុងបង្ក្រាបហ្នឹងច្បាស់ មើលទៅដូចជាពិបាកភ្នែកដល់ហើយ។
ក្នុងករណីផ្សាយបន្តផ្ទាល់ជាប់រហូតបែបនេះក៏អាចមានផលប៉ះពាល់ដល់សមត្ថកិច្ចផងដែរ។ ចុះបើជនល្មើសដែលកំពុងតដៃជាមួយហ្នឹងប៉ូលិស ហើយក៏កំពុងមើលការផ្សាយបន្តផ្ទាល់តាមហ្វេសប៊ុកដែរ អ៊ីចឹងឃើញសមត្ថកិច្ចនៅកន្លែងណាៗច្បាស់ក្រឡែតហ្នឹង។ ករណីបន្តផ្ទាល់បែបនេះគឺបង្កការលំបាកដល់សមត្ថកិច្ចធ្វើការទៅវិញទេហើយអ្នកផ្សាយហ្នឹងក៏មិនមានសុវត្ថិភាពផងដែរ។
ចំពោះការផ្សាយបន្តផ្ទាល់របស់អ្នកសារព័ត៌មានអន្តរជាតិវិញគឺគេធ្វើការថតតែ ១ ដងទេ ហើយចាក់ផ្សាយឡើងវិញទៅមកបន្តផ្ទាល់ពីសកម្មភាពរបស់សមត្ថកិច្ចប្រតិបត្តិរួចហើយ មិនបន្តផ្ទាល់ទាំងស្រុងប្រាប់ទីតាំងរបស់ប៉ូលិសរហូតដែលអាចធ្វើឲ្យគ្រោះថ្នាក់ដល់ប៉ូលិសនោះទេ។ ពោលគឺគេរកទីតាំងថតពីចម្ងាយ កន្លែងកើតហេតុ មិនចូលទៅនៅជាមួយសមត្ថកិច្ចទេ។ ចំណុចនេះអ្នកកាសែតក្នុងស្រុក គួរតែស្វែងយល់ដោយខ្លួនឯងទាក់ទងទៅនឹងសុវត្ថិភាពផ្ទាល់ខ្លួន និងសមត្ថកិច្ច។
ចំពោះសកម្មភាពអន្តរាគមន៍បង្ក្រាបវិញគឺបញ្ជូនមន្ត្រីនគរបាលដែលមានការខ្វះខាតសមត្ថភាពក្នុងការចុះបង្ក្រាបក្នុងករណីជនល្មើសតដៃនេះគឺត្រូវបណ្តុះបណ្តាលហ្វឹកហាត់បន្ថែម ដើម្បីកុំឲ្យចូលទៅទាំងកម្រោលឆ្វេចឆ្វាចមិនថា នរណាជាសមត្ថកិច្ច នរណាជាជនល្មើសនោះទេ។
សូម្បីតែទាហានក៏គេនៅតែហ្វឹកហាត់បន្ថែមហើយធ្វើសមយុទ្ធដើម្បីកុំឲ្យវាស្ពឹកស្រពន់ និងទទួលបានបទពិសោធថ្មីៗផងជាមួយគ្នានេះដែរកាលពីសប្តាហ៍មុននៅអាកាសយានដ្ឋានភ្នំពេញអន្តរជាតិ ក៏មានការហ្វឹកហាត់បន្ថែមពីរបៀបធ្វើអន្តរាគមន៍ក្នុងករណីមានឧបទ្ទេវហេតុកើតឡើង តើត្រូវសង្គ្រោះបន្ទាន់របៀបដូចម្តេច។
ជាងនេះទៅទៀតពេលទំនេរមន្ត្រីប៉ូលិសក៏ដូចជាមន្ត្រីប៉េអឹមពីថ្នាក់ជាតិ ដល់មន្ត្រីប៉ុស្តិ៍គឺគួរបើកមើលកុនបែបស៊ើបអង្កេត ដូចជារឿងជេមស្បន 007 រឿងកុម្ម៉ង់ដូពិសេស ជាពិសេសរឿងហុងកុងដែលមានប៉ូលិសស៊ើបអង្កេត និងអន្តរាគមន៍ល្អៗយ៉ាងហោចណាស់ក៏ចាប់តាក់ទិកដូចជាការប្រកាសតាមម៉េក្រូតូចឲ្យជនល្មើសប្រគល់ខ្លួន ឲ្យសមត្ថកិច្ចដើម្បីសម្រាលទោសជាជាងបាញ់តដៃជាមួយសមត្ថកិច្ចដែលអាចគ្រោះថ្នាក់ដល់អាយុជីវិត។
យ៉ាងណាមិញ បើមើលទៅការការបង្ក្រាបជាក់ស្តែងរបស់ប៉ូលិសនៅប្រទេសជឿនលឿន តើគេបង្ក្រាប ឡោមព័ទ្ធ ដាក់ពង្រាយគ្នាដូចម្តេច? ការដែលមន្ត្រីដែលជាសមត្ថកិច្ចមើលចំណុចល្អៗបែបនេះ ជាជាងចំណាយពេលមើលតែហ្វេសប៊ុក និងដើរហូបតែគ្រឿងស្រវឹង ចូលខារ៉ាអូខេ ពេលខ្លះអាចបាញ់បោះតាមហាងទៀត។
ឥឡូវនេះចូលដល់មានសកម្មភាពសមត្ថកិច្ចក្លែងក្លាយដែលមានឯកសណ្ឋានជាប៉ូលិសដែលសម្លុតគម្រាមពលរដ្ឋ ឬក៏កៀបស៊ីយុវជនក៏មានដែរ ដែលត្រូវបានគេបង្ហោះតាមហ្វេសប៊ុក។ ករណីហ្នឹងមិនដឹងជានរណាជាសមត្ថកិច្ចពិតប្រាកដទេ ពេលប្រយុទ្ធតដៃគ្នានេះ នេះក៏ជាបញ្ហាថ្មីៗផងដែរ ដែលសមត្ថកិច្ចត្រូវតែធ្វើបច្ចុប្បន្នភាពក្នុងការអន្តរាគមន៍ជួយរំដោះជនរងគ្រោះ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com