ខណៈដែលកន្លែងលេងល្បែងស៊ីសងនៅកាស៊ីណូមានការកើនឡើងដូចផ្សិត ងាកទៅណាក៏ឃើញកន្លែងល្បែងដែរនៅទីក្រុងសំខាន់ជាប់ព្រំដែនដែលគិតមកទល់បច្ចុប្បន្នកំពុងប្រតិបត្តិការមានចំនួន ៤២ កាស៊ីណូរួចទៅហើយ (World Casino, 2018 )។
នេះមិនទាន់បូកបញ្ចូលកាស៊ីណូរបស់ក្រុមហ៊ុនចិនដែលកំពុងសាងសង់ព្រោងព្រាតនៅតាមឆ្នេរខេត្តព្រះសីហនុនៅឡើយទេដែលធ្វើឲ្យពលរដ្ឋទីនោះមួយចំនួនរស់នៅមិនកើតក៏សម្រេចចិត្តលក់ដីធ្លី ផ្ទះសំបែងទៅឲ្យក្រុមហ៊ុនចិនស្ទើរគ្មានសល់ ខណៈដីកំពុងឡើងថ្លៃស្រាប់ផង។
កាស៊ីណូដែលធំជាងគេនៅចំកណ្តាលបេះដូងរាជធានីភ្នំពេញគឺណាហ្គាវើលកំពុងពង្រីកសាខាអគារដ៏ខ្ពស់ស្កឹមស្កៃក្បែរគ្នានៅសងខាងរាជពុទ្ធសាសនបណ្ឌិត្យ សូម្បីតែស្ថាប័នរដ្ឋសភាជាតិ ក្រសួងការបរទេស និងក្រសួងបរិស្ថានក៏នៅក្បែរក្លៀកកាស៊ីណូណាហ្គាវើលដែរ។
គ្រាន់តែប្រាក់ចំណូលបានមកពីការលេងល្បែងស៊ីសងភ្នាល់គ្នានេះ ធ្វើឲ្យកាស៊ីណូណាហ្គា រីកធំធាត់រកស៊ីចេញពីកប៉ាល់នៅលើទឹកមកនៅលើគោករហូតសល់លុយសង់អគារ ២ ធំៗ បើមើលពីមាត់ទន្លេមុខវាំងគឺបាំងស្ថាប័នរដ្ឋដែលនៅជុំវិញចង់អស់។ គ្រាន់តែទឹកប្រាក់ដែលលេងចាក់ភ្នាល់កន្លែងភ្ញៀវ VIP នៅកាស៊ីណូណាហ្គាវើលនេះក្នុង ១ ឆ្នាំ ២០១៧ កន្លងទៅមានទឹកប្រាក់ដល់ ២១ ពាន់លានដុល្លារច្រើនជាងផលទុនក្នុងស្រុកសរុប (GDP) ស្រុកខ្មែរសរុបចំនួន ២០ ពាន់លានដុល្លារឆ្នាំ ២០១៦ ទៅទៀត (WB,-2017)។
រីឯចំណូលសុទ្ធរបស់ក្រុមហ៊ុនណាហ្គាខបសរុប ២៥៥ លានដុល្លារទាំងនៅក្រៅប្រទេសទៀតគឺកើនឡើង ៣៩ ភាគរយ។ នេះបើតាមទិន្នន័យពីទីក្រុងហុងកុងដែលក្រុមហ៊ុនមេរបស់ណាហ្គាខបលេងភាគហ៊ុននៅទីនោះ ដូច្នេះបង្ហាញថារបាយការណ៍ហិរញ្ញវត្ថុនៅឆ្នាំ ២០១៧ កន្លងទៅនេះពិតទាំងអស់។
មុខរបរកាក់កបនេះកម្រឃើញមានល្បីថាកាស៊ីណូណាមួយបើកហើយបះជើងដោយសារការលេងភ្នាល់គ្នាណាស់ វាលែងតែរដ្ឋាភិបាលអនុវត្តច្បាប់កាស៊ីណូដែលចែងឲ្យសាងសង់ឆ្ងាយពីទីក្រុង ២០០ គីឡូម៉ែត្រ ឬបញ្ជាឲ្យបិទកាស៊ីណូតូចៗ និងកន្លែងចាក់បាល់ទាត់ Cambo-Six តូចៗតែម្តង។ ដូចកាលពីឆ្នាំ ២០០៨ បន្ទាប់ពីមរណភាពលោក ហុក ឡងឌី គឺរដ្ឋាភិបាលបង្ក្រាបឲ្យបិទ ទាំងអស់ ទុកតែណាហ្គាខបមួយទេ ព្រោះច្បាប់ហ្នឹងកើតក្រោយកាស៊ីណូមួយនេះ។ ម្យ៉ាងច្បាប់ហ្នឹងចេញមកហាក់បីដូចជាការពារឲ្យក្រុមហ៊ុនណាហ្គាខបតែ ១ ផ្តាច់មុខតែម្តងនៅភ្នំពេញ។
រីឯការកំណត់នៃច្បាប់ហ្នឹងថាល្បែងស៊ីសងនៅកាស៊ីណូបង្កើតឡើងសម្រាប់តែជនបរទេសមានប៉ាស្ព័រលេងនោះបើទៅមើលក្នុងណាហ្គាវើលវិញសុទ្ធតែខ្មែរចូលលេងភ្លេចបាយ ភ្លេចទឹក ភ្លេចប្រពន្ធកូនអស់ ខណៈខ្លះទៀតលែងលះប្តី-ប្រពន្ធផិតក្បត់គ្នា មានស្រី-មានប្រុសរៀងៗខ្លួនដោយមានទាំងលក់ដីធ្លីផ្ទះសំបែង និងខំប្រឹងពុករលួយ។ ដោយសារតែលេងល្បែងស៊ីសងនៅកាស៊ីណូហ្នឹងមានឧកញ៉ាៗខ្លះមានកាស៊ីណូផ្ទាល់ខ្លួនហើយក៏មកលេងចាញ់នៅកាស៊ីណូណាហ្គាវើលនេះចង់ខ្សោះខ្លួនដែរ។
រីឯជនបរទេសមកលេងវិញគឺភាគច្រើនជនជាតិចិនដែលពេលខ្លះមិនត្រឹមតែប៉ះពាល់លុយកាក់ផ្ទាល់ខ្លួននោះទេគឺថៅកែរោងចក្រជាជនជាតិចិនខ្លះ ញៀននឹងល្បែងពេកទៅចាញ់អស់រួចក៏នាំគ្នារត់ចោលរោងចក្រដោយបានបន្សល់ទុកឲ្យកម្មករអត់ប្រាក់ខែ នាំគ្នាចេញបាតុកម្មពេញផ្លូវព្រោងព្រាត។
ចំណែកឯទ្រព្យសម្បត្តិដែលនៅសល់គឺសុទ្ធតែជារបស់ជួលដូចជា ទីកន្លែងរោងចក្រ និងម៉ាស៊ីនដេរជាដើម។ នេះជាបញ្ហាដែលបើកឲ្យលេងល្បែងស៊ីសងនៅកណ្តាលទីក្រុងដែលងាកចូលលេងៗ ហើយផលចំណេញបានទៅក្រុមហ៊ុនណាហ្គាខប និងបង្កើតការងារបុគ្គលិកតែប៉ុណ្ណោះ តែផលប៉ះពាល់សង្គមមានច្រើនជាង ហើយគ្មានស្ថាប័នណា ឬក៏អ្នកស្រាវជ្រាវណាមកសិក្សាពីផលប៉ះពាល់នោះទេ។
រីឯ រដ្ឋទទួលលុយពីណាហ្គាខបបង់ពន្ធសរុបប្រចាំឆ្នាំ ២០១៦ តែ ១៥ លានដុល្លារទេ និងការទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន (CSR) មានសកម្មភាពមួយចំនួនតូចបង្ហាញឲ្យឃើញពីគុណសម្បត្តិដូចជា ជួយកាកបាទក្រហមកម្ពុជា ជួយកីឡាករជម្រើសជាតិទៅលេងក្រៅប្រទេសខ្លះ និងក្រុមបាល់ទាត់ណាហ្គាវើលជាដើម។
ដោយសារការកើនឡើងចំនួនកាស៊ីណូព្រោងព្រាតនេះទើបធ្វើឲ្យបង្កើនប្រាក់ចំណូលជាតិបាន ៤៨ លានដុល្លារនៅក្នុងឆ្នាំ ២០១៦ បើប្រៀបធៀបនឹងឆ្នាំ ២០១៥ គឺមានការកើនឡើង ៤០ ភាគរយ (MEF, 2017)។
កំណើនពីប្រាក់ចំណូលនេះ បើប្រៀបធៀបទៅនឹងវិស័យកសិកម្មជាឆ្អឹងខ្នងរបស់ប្រទេសដែលរដ្ឋាភិបាលតែងតែលើកឡើងមានកំណើនប្រចាំឆ្នាំប្រមាណតែ ១ ភាគរយទេនៅពេលវិស័យនេះមាន ២៦,៧ ភាគរយនៃផលទុនក្នុងស្រុកសរុប (GDP) ២០ ពាន់លានដុល្លារឆ្នាំ ២០១៦ (WB, 2017)។
កំណើនចំណូលជាតិពីវិស័យកសិកម្មដែលមានតាំងពីផលដំណាំផង កសិឧស្សាហកម្មផង ត្រីផង និងកាប់ឈើលក់ទៀតផង ក៏នៅគាំងទ្រឹង ឬក៏កំណើនស្ពឹកនេះ ក៏ដោយសារតែកម្ពុជាការនាំចេញពឹងលើតម្រូវការពីបរទេស ដូចជា ការនាំចេញស្រូវ ស្វាយ កៅស៊ូ និងម្រេច ជាដើម។
ជាពិសេសប្រទេសជិតខាង ថៃ និងវៀតណាម ប្រសិនបើឈ្មួញមិនទិញ ឬក៏ទម្លាក់តម្លៃទៀតផង ធ្វើឲ្យកសិករបាក់ទឹកចិត្តលែងចង់ប្រកបរបរនេះតទៀតសុខចិត្តមកធ្វើបុគ្គលិកកាស៊ីណូ និងធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសជិតខាងបើទោះបីជាលំបាកលំបិន បែកបាក់គ្រួសារក៏សុខចិត្តទៅដែរ។
នេះក៏មកតែពីការលើកស្ទួយវិស័យកសិកម្មកាន់តែរយាលដៃដែរ ហើយគ្មានការកែច្នៃវត្ថុធាតុដើមក្នុងស្រុកទៅលក់ទីផ្សារក្នុងស្រុក និងក្រៅស្រុក និងរដ្ឋយកចិត្តទុកដាក់បន្តិចបន្តួចពីការរកទីផ្សារជូនកសិករ។
ឥឡូវនេះគឺកាន់តែស្រួលមែនទែនហើយដែលការនាំចូលផលិតផលកសិកម្មពីវៀតណាមដោយគ្រាន់តែដឹកមកទម្លាក់នៅផ្សារដើមគ ហើយតម្លៃថោកជាងផលិតផលក្នុងស្រុកទៀតដើម្បីកុំឲ្យលំបាកទៅរកទិញដែលសូម្បីគល់ស្លឹកគ្រៃ ជីរ ខ្ទឹម ដាំក្រោយផ្ទះបានហូបសោះ ក៏ទិញពីប្រទេសគេដែរ។
ហេតុដូចនេះហើយកុំសង្ឃឹមថា ការយកវិស័យកសិកម្មជាអាទិភាពសម្រាប់ចំណូលជាតិនោះគឺទៅលែងរួចក្នុងពេលឆាប់ៗនេះហើយ ហើយបើដាក់ជាអាទិភាពគឺគ្រាន់តែល្អមើលទេ និងអាចគ្រាន់តែបោកភ្នែកពលរដ្ឋក៏ថាបាន។
ប៉ុន្តែការពិត និន្នាការរបស់រដ្ឋាភិបាលកំពុងពង្រឹង និងពង្រីកវិស័យកាស៊ីណូទៅរកកន្លែងបនល្បែងដូចនៅទីក្រុងម៉ាកាវ ពិសេសគឺឆ្នេរកំពង់សោមលែងជាកន្លែងឆ្នេរដ៏ស្រស់ស្អាតនៅលើពិភពលោកទៀតហើយ ហើយភ្ញៀវទេសចរបរទេសក៏លែងចង់ទៅលេងនៅទីនោះដែរគឺងាកទៅណាក៏ជនជាតិចិនរញ៉េរញ៉ៃ និងសំណង់កាស៊ីណូសណ្ឋាគារ និងរីហ្សតរបស់ក្រុមហ៊ុនចិនស្ទើរទាំងអស់។
ជាទស្សនទានទូទៅ គឺទាំងរដ្ឋាភិបាលចិន និងពលរដ្ឋចិនចាត់ទុកការសាងសង់នៅកំពង់សោមគឺទំនើបដូចនៅទីក្រុង Shenzhen នៃប្រទេសចិនផងដែរ។ គ្រាន់តែការហោះហើរពី ៥ ទិសដៅផ្សេងគ្នាពីចិនមកព្រលានយន្តហោះកងកេងនៅខេត្តព្រះសីហនុផ្ទាល់ ពួកគេនាំគ្នាសម្រុកមកទាំងស្របច្បាប់ទាំងខុសច្បាប់ ហើយចិនខ្លះមកធ្វើជាជើងកាងប្រៀបដូចពួកម៉ាហ្វីយ៉ា កាប់ចាក់គ្នាពេញកំពង់សោម ប៉ូលិសចាប់បញ្ជូនទៅវិញមិនឈ្នះ ខណៈដែលខ្លះបើកឡានបុកខ្មែរស្លាប់រួចបោះលុយឲ្យចប់គ្នាក៏មាន។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺជនជាតិចិនបើកឡានស្លាកលេខខេមរភូមិន្ទ ហើយមានកាំភ្លើងកាន់ទៀត តើពួកគេមានតួនាទីអ្វីដែរនៅក្នុងក្រសួងការពារជាតិនោះ? ចិនខ្លះទៀតមកដណ្តើមការងាររកស៊ីសូម្បីតែលក់ម្ហូបធ្វើឲ្យអ្នកលក់ខ្មែរត្អូញត្អែរពីការលក់លែងដាច់ហើយខ្មែរខ្លះបើបបួលគ្នាទៅលេងសមុទ្រម្នាក់ៗហាក់ដូចជាញ៉ាកអត់ចង់ទៅកម្សាន្តតែម្តងក៏មាន៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com