ចាប់តាំងពី​ជំងឺ​កូវីដ​ ១៩ (COVID-19) ​បាន​រីករាលដាល​ពាសពេញ​ផ្ទៃ​ពិភពលោក អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាស​ថា ជំងឺ​រាតត្បាត​ជា​សកល​មួយ​នេះ មាន​អ្នក​បន្ត​ឆ្លង​កើនឡើង​រហូត​ដល់​ជាង​ ៥,៦ ​លាន​នាក់ អ្នកស្លាប់​មាន​ជាង​ ៣៥ ​ម៉ឺន​នាក់​គិត​ត្រឹម​ថ្ងៃទី​ ២៧ ឧសភា​ ២០២០​។ ចំណែក​នៅ​កម្ពុជា​រលក​ឆ្លង​ទី​ ១ ​ដែល​មាន​ ១២២ ​នាក់​ ទើបបាន​បញ្ចប់​ដោយសារ​បាន​ព្យាបាល​ជាសះស្បើយ​ទាំង​ ១២២ ​នាក់​គិត​ត្រឹម​ថ្ងៃ​ ១៦ ​ឧសភា ​កន្លងទៅ​។

តែមាន​ការភ្ញាក់ផ្អើល​ជាថ្មី បន្ទាប់ពី​ផ្ទុះ​ជំងឺ​កូវីដ ​១៩ ​ថ្មី​ ២ ​ករណី​កាលពី​ចុងសប្តាហ៍​មុន​ធ្វើឲ្យ​មានការ​រឹតបន្តឹង​ជាច្រើន​ដើម្បី​ទប់​ទល់នឹង​បញ្ហា​នេះ​។

ចំពោះ​ការរកស៊ី​ជួញដូរ និង​ការងារ​វិញ​គឺ​ក្នុង​រយៈពេល​ជិត​ ៦ ​ខែ​ដំបូង​នៃ​ឆ្នាំនេះ​បាន​ជួប​ការរាំងស្ទះ​តែ​គ្រប់​វិស័យ​ដោយ​មាន​ក្រុមហ៊ុន​ខ្លះ​បិទទ្វារ​បណ្តោះអាសន្ន ក្រុមហ៊ុន​ខ្លះទៀត​ក៏​ក្ស័យធន ជាពិសេស​ក្រុមហ៊ុន​ទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន និង​រោងចក្រ​កាត់ដេរ​បាន​រង​ផលប៉ះពាល់​ខ្លាំងជាងគេ ដោយសារ​ការឆ្លង​ជំងឺ​កូវីដ ​១៩ ទូទាំង​សកលលោក​។ ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ប្រទេស​នីមួយៗ​បាន​រិះរក​វិធានការ​រៀងៗ​ខ្លួន​។

ដោយឡែក​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បម្រុង​ទឹកប្រាក់​រហូត​ដល់​ ៨ ​រយលាន​ដុល្លារ សម្រាប់​រយៈពេល​ ៦ ​ខែ​ដំបូង​នៃ​ផលប៉ះពាល់​សេដ្ឋកិច្ច​ពី​ជំងឺ​កូវីដ​ ១៩​។ ​ឧទាហរណ៍​សម្រាប់​កម្មករ​ដែល​រោងចក្រ​ពួកគេ​ផ្អាក​បណ្តោះអាសន្ន​គឺ​បើ​ក្នុង​ប្រព័ន្ធ រដ្ឋ​បាន​ជួយ​ចេញ​ ៤០ ​ដុល្លារ និង​ថៅកែ​ជួយ​ចេញ​ ៣០ ​ដុល្លារ​ ក្នុង​ ១ ​ខែ​។

រីឯ​អ្នក​នៅក្រៅ​ប្រព័ន្ធ​ដូចជា ពលករ​ចំណាកស្រុក​មកពី​ថៃ​ប្រមាណ​ជា​ ៩ ​ម៉ឺន​នាក់​ថ្មីៗ​គឺ​ក្រសួង​មហាផ្ទៃ និង​អាជ្ញាធរ​ដែនដី​មិន​ទាន់​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅវិញ​ទេ​ហើយ​បាន​បន្ត​បិទ​ទាំង​ច្រករបៀង​ផង​ដោយសារ​ប្រទេស​ជិតខាង​នៅមាន​ការឆ្លង​កូវីដ​១៩ និង​មាន​ការរឹតបន្តឹង​នៅឡើយ​។ ​ទោះជា​យ៉ាងណា​រដ្ឋ​មាន​ថវិកា​ ៣០០ ​លាន​ដុល្លារ សម្រាប់​ដោះស្រាយ​បញ្ហា​នេះ​តាមរយៈ​កិច្ចគាំពារ​សង្គម តែ​កញ្ចប់​ថវិកា​នេះ​រួមបញ្ចូល​ទាំង​ការធ្វើ​បច្ចុប្បន្នភាព​នូវ​បណ្ណ​ក្រីក្រ​ និង​បញ្ហា​ស្បៀងអាហារ​ដែល​ចាប់ផ្តើម​ពី​ចុងខែ​ឧសភា​នេះ រហូត​ដល់​ដំណាច់ឆ្នាំ​។ ​

រីឯ​វិស័យ​កសិកម្ម​ក៏​រដ្ឋាភិបាល​បាន​យកចិត្ត​ទុកដាក់​ផងដែរ​ក្នុងអំឡុង​ពេលនេះ​ដោយ​ទប់ស្កាត់​ការនាំចូល​កសិផល​ខុសច្បាប់​ដើម្បី​ការពារ​តម្លៃ​កសិផល​ក្នុងស្រុក និង​បើកឱកាស​ឲ្យ​ផលិតករ​ក្នុង​ស្រុក និង​ការផ្តល់​ទឹកប្រាក់​រហូត​ដល់​ ៥០ ​លាន​ដុល្លារ ​ដល់​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ ​និង​កសិកម្ម​ដើម្បី​ផ្តល់​កម្ចី​មាន​ការប្រាក់​ទាប​ក្នុង​គោលដៅ​បង្កើត​ការងារ​បន្ថែម​។ ​

ជាមួយ​នេះ​ដែរ​កាលពី​ថ្ងៃ​ទី​ ២៦ ​ខែ​ឧសភា ​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​បាន​ដាក់​វិធានការ​បន្ថែម​ជុំ​ទី​ ៤ សំដៅ​ជួយ​ដល់​វិស័យ​ឯកជន និង​កម្មករ​និយោជិត​ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដើម្បី​ស្តារ និង​ជំរុញ​សេដ្ឋកិច្ច​ឡើងវិញ​។ ក៏ប៉ុន្តែ​វិធានការ​នេះ​ហាក់​ជួយ​បានតែ​ក្នុង​ប្រព័ន្ធ​ដែល​មាន​ស្រាប់ តែ​ផ្នែក​គាំពារ​សង្គម​ខាងក្រៅ​ប្រព័ន្ធ​ដូចជា​នៅ​​មាន​ការយឺតយ៉ាវ​ដោយ​មិនទាន់​ឆ្លើយតប​នឹង​តម្រូវការ​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​សេដ្ឋកិច្ច​ឡើយ​។

បើ​ផ្អែកលើ​កម្រិត​នៃ​ការឆ្លង​ជំងឺ​កូវីដ ​១៩​ គឺ​កម្ពុជា​ទប់ស្កាត់​បាន​ល្អ​ដោយ​ជើង​ទី​ ១ មាន​ការចម្លង​យឺត​ហើយ​ភាគច្រើន​គឺ​នាំចូល​ពី​ខាងក្រៅ​។ ​តែ​ការរាំងខ្ទប់​ចំពោះ​ការធ្វើ​ចំណាកស្រុក​នៅ​តែ​ជា​បញ្ហា​ខាងក្នុង​នៅឡើយ​ខណៈ​នៅ​សប្តាហ៍​មុន​សមត្ថកិច្ច​ថៃ​បាន​ចាប់បញ្ជូន​ពលករ​ខ្មែរ​ឲ្យ​ត្រឡប់​វិញ​ជាង​ ១០០ ​នាក់ បន្ទាប់ពី​ពួកគាត់​លួច​​ឆ្លងដែន​តាម​ច្រករបៀង​ទៅ​រក​ការងារ​ធ្វើ​ដោយសារ​ខ្វះខាត​ជីវភាព​ខ្លាំងពេក​ក៏​ដាច់ចិត្ត​លួច​ធ្វើ​ចំណាកស្រុក​។

ការទប់ស្កាត់​មិន​ឲ្យ​ពលរដ្ឋ​ឆ្លងកាត់​ព្រំដែន​នេះ​គឺជា​ដំណោះស្រាយ​មួយ​​ល្អ​ហើយ​សម្រាប់​បញ្ហា​សុខភាព តែ​បញ្ហា​សេដ្ឋកិច្ច​ប្រចាំថ្ងៃ​មិនទាន់​បាន​ដោះស្រាយ​នៅឡើយ​ទេ​។ ​ដូច្នេះ​រដ្ឋ​គួរ​ពន្លឿន​ការទម្លាក់​ថវិកា​បម្រុង​ ៣០០ ​លាន​ដុល្លារ ដើម្បី​គាំពារ​សង្គម​ និង​វិស័យ​កសិកម្ម​បន្ថែម​ ៥០ ​លាន​ដុល្លារ​ទៅតាម​ផែនការ ដើម្បី​ដោះស្រាយ​បញ្ហា​មួយគ្រា​សិន ជាពិសេស​គឺ​ការផ្តល់​ស្បៀង​ចាំបាច់​ដើម្បី​រស់​រួមមាន​បន្លែ​គ្រាប់ពូជ​ត្រី​មាន់​ទា​ជ្រូក​ជាដើម​​ព្រោះ​ពេលនេះ​អាកាសធាតុ​ដូចជា​ក្តៅ​ផង​អ៊ីចឹង​ពលរដ្ឋ​តាម​ជនបទ​ជួប​ការលំបាក​សព្វគ្រប់ ហើយ​ជាពិសេស​ទៀត​នោះ​គឺ​រឿង​ប្រឡាយទឹក​ដែល​ត្រូវ​តភ្ជាប់​ទន្លេ​ ឬ​ក៏​ស្ទឹង​ដែល​ជា​តម្រូវការ​បំផុត​របស់​ប្រជាកសិករ ហើយ​នេះ​​ជា​បញ្ហា​ដែល​ត្រូវ​ប្រើប្រាស់​ថវិកា​ឲ្យ​​ចំ​គោលដៅ​។

រីឯ​ករណីយកិច្ច​របស់​ក្រុមហ៊ុន​គឺ​ការពង្រើក​ផលិតភាព និង​បង្កើន​ការងារ​ដល់​និយោជិត​អាច​ដំណើរការ​ទៅ​បាន​ក៏​អាស្រ័យ​លើ​ការគាំទ្រ​ពី​រដ្ឋ​ដូចជា ការបន្ថយ​ការយកពន្ធ និង​កាតព្វកិច្ច​ផ្សេងៗ​ដែល​រដ្ឋ​កំពុង​តែ​ជួយ​ក្នុង​ជុំ​ទី​ ៤ ​នេះ​។ ក៏ប៉ុន្តែ​រដ្ឋ​ត្រូវ​ជួយ​បង្ហាត់បង្រៀន​បន្ថែម​លើ​ការកែច្នៃ និង​វេចខ្ចប់​ដើម្បី​ឲ្យ​មាន​គុណភាព​ខ្ពស់​ក៏ដូចជា​ការជួយ​រក​ទីផ្សារ​សម្រាប់​ផលិតផល​កសិកម្ម និង​ផលិតផល​កសិឧស្សាហកម្ម ព្រោះ​មន្ត្រី​បច្ចេកទេស​សុទ្ធតែ​បាន​ទទួល​ការបណ្តុះបណ្តាល​ជំនាញ​ជាក់លាក់​រួចហើយ​មុន​ពេល​ក្លាយ​ខ្លួន​ជា​មន្ត្រី​ពេញសិទ្ធិ​នោះ​។ ​

ចំណុច​ដ៏ល្អ​មួយ ​គឺ​គ្រាន់តែ​ការនាំចេញ​កៅស៊ូ​មាន​ការកើនឡើង​ ១៣ ​ភាគរយ​ក្នុង​រយៈពេល​ ៤ ​ខែ​ដំបូង​ធៀប​នឹង​ឆ្នាំមុន​។ ​អ៊ីចឹង​កាលណា​ការនាំចេញ​ច្រើន​តម្រូវការ​កម្លាំង​ពលកម្ម​បន្ថែម​ច្រើន​ដែរ​ដែល​នេះ​ជាការ​ចូលរួម​ចំណែក​កាត់បន្ថយ​ផលប៉ះពាល់​ជីវភាព​គ្រួសារ​ស្រប​ពេល​ដែល​អង្ករ​ចាប់ផ្ដើម​នាំចេញ​បណ្តើរៗ​ឡើងវិញ​។

ម្យ៉ាងទៀត​ផលិតផល​ខ្លះ រដ្ឋ​ត្រូវ​តែ​ជួយ​ឲ្យ​អស់ពី​សមត្ថភាព​ក្នុង​ការ​រក​ដំណោះស្រាយ​ដូចជា​ផ្លែស្វាយ​នៅ​សល់គរ និង​មាន​តម្លៃ​ទាប​ពេក ខណៈ​តម្លៃ​ដំឡូងមី​ក៏​យ៉ាប់​ខ្លាំង​ណាស់ដែរ​។

ករណី​នេះ​មិនមែន​គ្រាន់​តែ​ថ្នាក់ដឹកនាំ​ពី​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ដើរ​ទស្សនកិច្ច​បន្តិចបន្តួច​តាម​ចម្ការ​ ឬ​រង​បន្លែ​របស់​ពលរដ្ឋ​ហើយ​ថត​រាយការណ៍​តាម​ប្រព័ន្ធ​ព័ត៌មាន​ថា បាន​ធ្វើ​នោះទេ​។ ​បើ​មើល​គំរូ​ប្រទេស​ជិតខាង​គឺ​រដ្ឋ​គេ​យកចិត្ត​ទុកដាក់​ខ្លាំងណាស់​ទៅលើ​វិស័យ​កសិកម្ម និង​ការកែច្នៃ​ផលិតផល​គឺ​គេ​ចាប់ផ្ដើម​តាំងពី​ការរៀបចំ​ប្រព័ន្ធ​ធារាសាស្ត្រ​គឺ​ទឹក​ទៅ​​ដល់​កន្លែង​ដំណាំ​កសិកម្ម សូម្បីតែ​កូនភ្នំ​ជ្រលង​ភ្នំ ក៏​គេ​ដាំ​បន្លែ​បានដែរ​ដូច​នៅ​ខេត្ត​ដាឡាត់​ប្រទេស​វៀតណាម ហើយ​រដ្ឋ​គេ​ហ៊ាន​ទិញ​ផលិតផល​កសិកម្ម​ដូចជា នៅ​ប្រទេស​ថៃ​​គេ​ហ៊ាន​ទិញស្រូវ​ពី​ពលរដ្ឋ​ដើម្បី​ទប់ទល់​នឹង​ការបន្ទាប​តម្លៃ​នៅ​ទីផ្សារ​។

ចំណែក​អ្នកមាន​ទ្រព្យសម្បតិ្ត​សេដ្ឋីៗ​ឧកញ៉ា​អ្នកធំៗ​តារាៗ​ដែល​សល់​លុយ​ច្រើន​ក៏​គួរ​មាន​កាតព្វកិច្ច​មាន​ចិត្ត​មាន​ថ្លើម​ក្នុង​ដំណាក់កាល​ជំងឺ​កូវីដ ​១៩ ​ផង ដោយ​ត្រូវ​ចូលរួម​ជួយ​គាំទ្រ​រដ្ឋ​​ និង​រក​ដំណោះស្រាយ​ទៅតាម​ផ្នែក​នីមួយៗ​ឲ្យ​អស់ពី​លទ្ធភាព​ដូចជា ការស្រូប​យក​កម្លាំង​ពលកម្ម​ក្នុង​ក្រុមហ៊ុន​កសិកម្ម​ឲ្យ​បាន​ច្រើនជាង​មុន ដូចជា​ការផ្តល់​ជា​អាហារ​ ឬ​ក៏​ស្បៀង​ដល់​អ្នកក្រីក្រ​ ឬ​មួយ​ក៏​ផ្តល់​ការងារ​ដល់​ពលករ​មកពី​ថៃ​ឲ្យ​ទទួល​បាន​កម្រៃ​អាច​​រស់​បាន​មួយគ្រា​សិន​ក្នុង​កាលៈទេសៈ​​លំបាក​នេះ​ដូចជា ការងារ​ចាក់ដី​លើក​ផ្លូវ ការជួល​សម្អាត​ទីធ្លា​ចម្ការ​ធំៗ​ជាដើម​ជា​ជាង​ចាំតែ​កេងប្រវ័ញ្ច​ពី​អ្នកក្រ​ដោយ​ដើរ​មើល​តែ​ប្លង់ដី​ស្រែចម្ការ​ហើយ​បបួល​អ្នកស្រែ​ឲ្យ​លក់​ដី​ ឬ​ក៏​ដីចម្ការ​ថោកៗ​រួច​ទិញ​ទុក​លក់​ឡើងថ្លៃ​ក្រោយ​ពេល​ចប់​បញ្ហា​កូវីដ​១៩​នោះ​។

រីឯ​តារាៗ​ខ្លះ​គួរ​ផ្អាក​ការបង្ហោះ​រូបភាព​បង្អួត​ទ្រព្យ​លើ​បណ្ដាញ​សង្គម​សិន ព្រោះ​ឥរិយាបថ​បែបនេះ​ដូចជា មិន​សមស្រប​នឹង​ស្ថានភាព​ដែល​រដ្ឋាភិបាល និង​ពលរដ្ឋ​ភាគច្រើន​ក្នុង​ពិភពលោក​កំពុង​ជួប​វិបត្តិ​នោះឡើយ​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com