ពាក្យចាស់បុរាណតែងតែដំណាលតៗគ្នា «ចុះទឹកក្រពើ ឡើងលើខ្លា ចូលព្រៃបន្លា ចូលផ្សារប៉ូលិស!» ឃ្លានេះយកមកប្រើនាពេលស្ថានភាពបច្ចុប្បន្នគឺឆ្លើយតបទៅនឹងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ១៩ និងការរឹតបន្តឹងច្បាប់ចរាចរណ៍រួមទាំងការធ្វើឆៀកធ្វើស្លាកលេខ ធ្វើបណ្ណបើកបរថ្មី និងការផាកពិន័យជាដើម ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស។
តែនៅពេលអនុវត្តច្បាប់ចរាចរណ៍ក្នុងសប្តាហ៍ទី ១ ឃើញថា មានការប្រទាំងប្រទើសគ្នាមនុស្សបែរជាខ្លាចការផាកពិន័យខុសច្បាប់ជាលុយច្រើនៗលែងខ្លាចជំងឺកូវីដ១៩ដែលជាជំងឺកាចសាហាវកំពុងរាតត្បាតជាសកលមានអ្នកឆ្លងជំងឺនេះដល់ទៅជាង ៣,៧ លាននាក់ ហើយមានអ្នកស្លាប់ជិត ៣០ ម៉ឺននាក់ដែរ។ តែសម្រាប់ទិន្នន័យនៅស្រុកខ្មែរ មានអ្នកឆ្លងជំងឺកូវីដ១៩នេះតែ ១២២ នាក់ ប៉ុន្តែបានជាសះស្បើយជិតអស់ហើយ ហើយក៏គ្មានអ្នកស្លាប់ដែរ។
៣ សប្តាហ៍ហើយ គ្មានអ្នកឆ្លងថ្មីទេ តើមកពីការគ្រប់គ្រងការឆ្លងជំងឺ និងគ្មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នេះបានល្អបានជាពលរដ្ឋខ្មែរបែរជានាំគ្នាលែងខ្លាចជំងឺកូវីដ១៩? តែផ្ទុយទៅវិញប្រជាពលរដ្ឋនាំគ្នាផ្អើលភ្លូកទឹកភ្លូកដីទៅធ្វើឆៀកឡាន ធ្វើបណ្ណបើកបរថ្មី ទាំងស្លាកលេខ ផ្ទេរកម្មសិទ្ធិយានយន្តនៅមុនថ្ងៃចាប់ផ្តើមអនុវត្តច្បាប់ទី ១ ខែឧសភា ឆ្នាំ ២០២០ ហើយមកទល់ពេលនេះក៏នៅតែមានអ្នកធ្វើច្រើនបន្តកន្ទុយគ្នាឥតឈប់ឈរ។ ការដែលទៅធ្វើដូចទឹកបាក់ទំនប់ដូច្នេះគឺមានហានិភ័យខ្ពស់ណាស់ ចំពោះការឆ្លងតាមផ្លូវដង្ហើមជំងឺកូវីដ-១៩ ដែលមិនគួរបង្កើតឲ្យមានព្រឹត្តិការណ៍ ២ ក្នុងពេលដំណាលគ្នានោះទេ។
ជាក់ស្តែងក្រសួងមហាផ្ទៃបានប្រកាសក្នុងការចាប់ផ្តើមមុនការអនុវត្តច្បាប់ចរាចរណ៍ថ្មីដែលមានការផាកពិន័យគុណ ៣ ឬគុណ ៤ នៃតម្លៃចាស់តាំងពីជាង ១ ខែមុន ដើម្បីឲ្យអ្នកបើកបរយានយន្តដែលមិនមានលក្ខណសម្បតិ្តគ្រប់គ្រាន់ក្នុងការបើកបរមានឱកាសមកធ្វើឆៀកថ្មី បណ្ណបើកបរថ្មី ឬក៏ធ្វើស្លាកលេខថ្មីទៅតាមដំណើរ។ តែឥរិយាបថរបស់អ្នកបើកបរមួយចំនួនវិញ មិនបានយកចិត្តទុកដាក់លើការផ្សព្វផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងមហាផ្ទៃទេ បើទោះបីជាផ្សព្វផ្សាយគ្រប់រូបភាពទាំងច្បាប់ និងទាំងសារអប់រំមានតាមរយៈកាសែត វិទ្យុ ទូរទស្សន៍ តាមព័ត៌មានអនឡាញបណ្តាញសង្គមហ្វេសប៊ុក និង Messenger។
ជាងនេះទៅទៀតក្រសួងសាធារណការធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ចល័តក៏មានពីថ្ងៃទី ៤ ដល់ថ្ងៃទី ៨ ឧសភា ហើយការដាក់ពាក្យធ្វើឆៀកហ្នឹងក៏មាននៅតាមអនឡាញបានទៀត https://-techinspection.mpwt.gov.kh ។ រីឯពលរដ្ឋមួយចំនួនដែលមានកាតព្វកិច្ចត្រូវបំពេញតម្រូវការចាំបាច់សម្រាប់យានយន្តរបស់ខ្លួនចាំដល់ពេលទឹកជិតដល់ច្រមុះ ជិតដល់កាលកំណត់ និងថ្ងៃអនុវត្តច្បាប់បាននាំគ្នាស្វះស្វែងរកទៅធ្វើឆៀក ធ្វើបណ្ណបើកបរថ្មី និងធ្វើស្លាកលេខថ្មី កន្លែងខ្លះក៏បានដាក់គម្លាតសង្គមដូចនៅផ្សារទំនើបអ៊ីអន តែក៏នៅតែណែនលាយឡំគ្នាជាមួយអ្នកទៅផ្សារ។ រីឯកន្លែងខ្លះគឺឈរបញ្ជ្រៀតគ្នាតែម្តង លែងខ្វល់ពីការឆ្លងជំងឺកូវីដ១៩។
ដូចគ្នានេះដែរគឺនៅពេលប្រតិបត្តិការរបស់ប៉ូលិសផាកនៅតាមដងផ្លូវនៅតាមបណ្តាប៉ុស្តិ៍ផាកពិន័យមួយចំនួនធំ ទាំងមន្ត្រីប៉ូលិសទាំងអ្នកបើកបរយានយន្តចុះមកបង់លុយនៅអង្គុយ និងឈរនៅជិតៗគ្នាមិនបានពាក់ម៉ាស់ការពារការឆ្លងជំងឺកូវីដ១៩នោះទេទៅតាមអ្វីដែលរាជរដ្ឋាភិបាលបានដាក់ចេញវិធានការណែនាំកុំឲ្យនៅជុំៗគ្នាច្រើនដែលទាំងអង្គការសុខភាពពិភពលោកទាំងក្រសួងសុខាភិបាលកំពុងតែព្រួយបារម្ភទៅលើការចម្លងរលកថ្មីរបស់មេរោគកូវីដ-១៩នេះ ដែលកម្ពុជាងាយនឹងរងគ្រោះដោយសារភាពផុយស្រួយនៃការចម្លងក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ។
គិតចាប់ពីថ្ងៃទី ៣០ ខែមេសា មកដល់ថ្ងៃនេះបើតាមទិន្នន័យរបស់នាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការបានបង្ហាញថា ក្នុង ១ ថ្ងៃៗមានយានយន្តពី ៣ ពាន់ ទៅ ៤ ពាន់គ្រឿងជាមធ្យមបានចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) នៅទូទាំងប្រទេស។ រីឯម្ចាស់យានយន្តពី ៥៥០ ទៅ ៦០០ នាក់ ជាមធ្យមបានមកធ្វើបណ្ណបើកបរនៅផ្សារអ៊ីអន ១ និងអ៊ីអន ២។
រីឯយានយន្តល្មើសតាំងពីថ្ងៃទី ១ ដល់ ៦ ខែ ឧសភាមានចំនួន ១២ ៧៣២ គ្រឿង ដែលមានរថយន្ត ២ ៨១៧ គ្រឿង និងម៉ូតូចំនួន ៩ ៩១៥ គ្រឿង។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ។ ការដែលមន្ត្រីនរគបាលប្រឹងប្រែងក៏មានរង្វាន់លើកទឹកចិត្តជាភាគរយនៃទឹកប្រាក់ផាកពិន័យនេះដែរគឺ ៧០ ភាគរយ បានទៅមន្ត្រីនគរបាលចរាចរណ៍ឈរជើងផ្ទាល់ និង ២៥ ភាគបានទៅអង្គភាពនគរបាលពាក់ព័ន្ធ និងមានតែ ៥ ភាគរយទេចូលរដ្ឋ។
ការអនុវត្តច្បាប់ចរាចរណ៍នេះមានផលប៉ះពាល់មួយផ្នែកទៅលើវិធានការនៃការទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩ ដ៏កាចសាហាវដែលកំពុងតែរឹតបន្តឹងទៅលើការជួបជុំគ្នាដូចជាការធ្វើឆៀករថយន្ត ស្លាកលេខ បណ្ណបើកបរថ្មី និងកន្លែងប៉ុស្តិ៍គោលដៅផាកពិន័យជាដើម ព្រោះរដ្ឋមានការចំណាយថវិកាជាតិច្រើនទៅលើអ្នកជំងឺកូវីដ ១៩ ដែលក្រសួងសុខាភិបាលបានថ្លែងក្នុងសន្និសីទកាសែតពីជំងឺកូវីដ១៩ថា ក្នុងអ្នកជំងឺកូវីដ ១៩ ម្នាក់ ចំណាយពីដើមដល់ចប់ទៅផ្ទះវិញនៃការព្យាបាលជាមធ្យម ២ ០០០ ដុល្លារ ហើយបរទេសវិញគឺឡើងដល់ ២ ៥០០ ដុល្លារជាមធ្យម អាស្រ័យទៅលើរយៈពេលការស្នាក់នៅហូបចុក និងចំណាយធ្វើតេស្តរកមេរោគកូវីដ១៩។
ហេតុដូច្នេះហើយដំណោះស្រាយអន្តរកាលរក្សាគម្លាតសង្គមប្រឆាំងនឹងជំងឺកូវីដ ១៩ នេះការអនុវត្តច្បាប់គួរតែមានលក្ខខណ្ឌបន្ធូរបន្ថយចំណុចខ្លះ កុំឲ្យជាន់គ្នាទៅនឹងវិធានការឆ្លើយតបជំងឺកូវីដ១៩ ដែលរាជរដ្ឋាភិបាលបានដាក់ចេញរួចហើយនោះគឺ ទី១- រាល់ការផាកពិន័យនៅនឹងកន្លែងទាំងមន្ត្រីសមត្ថកិច្ចអនុវត្តច្បាប់ទាំងអ្នកត្រូវបង់ពិន័យគឺត្រូវពាក់ម៉ាស់ទាំងអស់គ្នា។ ទី២- ពន្យារការផាកពិន័យនៅនឹងកន្លែងប៉ុស្តិ៍គោលដៅចំពោះបណ្ណឆៀកឡាន និងបណ្ណបើកបរ ដើម្បីផ្តល់ឱកាសឲ្យអ្នកបើកធ្វើបណ្ណទាំងនេះរយៈ ១ ខែកុំឲ្យប្រជ្រៀតគ្នាទៀត។ ទី៣- ក្រសួងសាធារណការគួរតែបង្កើតការដាក់ពាក្យណាត់ជួបតាមអនឡាញ ឬក៏ចាប់យកលេខរៀងដើម្បីកំណត់ម៉ោងពេលជាក់លាក់ឲ្យសាមីខ្លួនម្ចាស់យានយន្តទៅធ្វើកុំឲ្យជាន់ពេលគ្នា ឬ ក៏សម្រុកទៅធ្វើដំណាលគ្នាដូចការណាត់ជួបទៅធ្វើវីសាទៅបរទេសដែរ។ ទី៤- ក្រសួងសាធារណការបង្កើតកន្លែងធ្វើបណ្ណទាំងនេះឲ្យបានច្រើនកន្លែងជាងហ្នឹង ដើម្បីរក្សាគម្លាតសង្គមនាពេលបច្ចុប្បន្ននេះ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com