ខណៈពិភពលោកកំពុងមមាញឹកប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺឆ្លងតាមផ្លូវដង្ហើមបង្កដោយមេរោគកូរ៉ូណាថ្មី (2019-nCoV) ដែលផ្ទុះឡើង (outbreak) ដំបូងនៅទីក្រុងវូហាននៃប្រទេសចិន ក៏មានអ្នកឆ្លៀតកេងយកប្រយោជន៍ពីវិបត្តិនេះផងដែរ ខណៈមកទល់ពេលនេះនៅចិនមានអ្នកជំងឺឆ្លងដល់ទៅ ៤០ ១៧១ ករណី។ រីឯអ្នកស្លាប់បានកើនឡើងដល់ ៩០៨ នាក់ និងអ្នកព្យាបាលឲ្យជាសះស្បើយមាន ៣ ២៨១ នាក់ស្របពេលដែលប្រទេសជាង ៣០ នៅលើពិភពលោកកំពុងឆ្លងមេរោគនេះ។
ដោយឡែកនៅប្រទេសកម្ពុជាគឺទើបតែមានបុរសជាតិចិនវ័យ ៦០ ឆ្នាំម្នាក់ប៉ុណ្ណោះដែលក្រុមគ្រូពេទ្យកម្ពុជារកឃើញឆ្លងមេរោគផ្លូវដង្ហើមនេះ ខណៈក្រុមគាត់ធ្វើដំណើរពីទីក្រុងវូហានប្រទេសចិនជាប្រភពនៃជំងឺនេះមកស្នាក់នៅខេត្តព្រះសីហនុតាំងពីថ្ងៃទី ២៧ ខែមករាមកនោះ តែមកទល់ពេលនេះគ្រូពេទ្យកម្ពុជាបានព្យាបាលជាសះស្បើយ និងទើបបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យវិញ កាលពីថ្ងៃម្សិលមិញ។
ទោះជាយ៉ាងណា អ្វីដែលកំពុងក្លាយជាបញ្ហាលេចធ្លោនោះគឺឈ្មួញក៏ដូចជា អ្នករកស៊ី ក្រុមហ៊ុនខ្លះ បែរជាឆ្លៀតឱកាសកេងប្រវ័ញ្ចពីជនងាយរង ឬក៏ជនងាយរងគ្រោះដោយបំផុសដើម្បីលក់ដំឡើងថ្លៃទ្វេជា ២ ឬ ៣ ដងនៃតម្លៃធម្មតានូវផលិតផលសម្ភារ ឬក៏ប្រដាប់ការពារជំងឺឆ្លងមេរោគកូរ៉ូណាថ្មីនេះទៅវិញ ដូចជាដំបូងឡើយមើមខ្ទឹមស ក្រោយមកទៀតម៉ាស់ការពារច្រមុះ និងមាត់ ទឹកថ្នាំសម្រាប់លាង អាល់កុល និងស្រោមដៃជាដើម។ល។
ជុំវិញករណីនេះ ខ្ញុំបានសាកសួរតាំងពីកន្លែងឱសថស្ថានស្តង់ដាជាមួយនឹងយីហោធំៗរហូតដល់អ្នកលក់រាយតាមផ្ទះដើម្បីរកមូលហេតុថាអ្វីទៅដែលធ្វើឲ្យទំនិញទាំងនេះ មានការឡើងថ្លៃខ្លាំងម្ល៉េះ? សម្រាប់មើមខ្ទឹមសនោះ ផ្អើលឡើងថ្លៃតែថ្ងៃដំបូងៗទេ តែក្រោយមកក៏ស្ងាត់ទៅវិញ។ តែសម្រាប់ម៉ាស់ដែលជាតម្រូវការភ្លាមៗនោះបានលក់អស់ពីស្តុកសឹងតែគ្រប់ហាង ហើយខ្លះថា ការដំឡើងថ្លៃនោះគឺមកពីក្រុមហ៊ុនដើមចេញបញ្ជីតម្លៃថ្មី អ៊ីចឹងអ្នកលក់ក៏ដាក់តម្លៃថ្មីដែរ គឺពីមុន ១ ប្រអប់ ៥០ ម៉ាស់ តម្លៃតែ ៣ ដុល្លារ តែតម្លៃថ្មីឡើងដល់ ៦ ដុល្លារអាមេរិក។
ដូចគ្នានេះដែរទឹកថ្នាំលាងដៃការពារមេរោគ ១ ដបតូចក៏ឡើងថ្លៃពី ២,៥ ដុល្លារ ដល់ជិត ៥ ដុល្លារ ខណៈអាល់កុលកន្លះលីត្រដែលពីមុនថ្លៃតែ ២ ០០០ រៀលក៏ឡើងដល់ ៤ ០០០ រៀលដែរ។ ចំណែកហេតុផលរបស់អ្នកលក់រាយវិញ ពួកគេថាបើគង់តែតម្លៃហ្នឹងឡើងថ្លៃខ្ពស់ដដែល គឺពួកគេក៏ដំឡើងមុនឲ្យហើយទៅព្រោះគង់តែទិញចូលឡើងថ្លៃដដែល។ ប៉ុន្តែក៏នៅមានអ្នកលក់រាយមួយចំនួនតូចអះអាងថាលក់ក្នុងធម្មតាដែរ ដោយពួកគាត់បានប្រកាន់នូវក្រមសីលធម៌ជាអ្នកលក់ដែលមិនចង់ចំណេញហួសហេតុពីតម្រូវការសម្រាប់សុខភាពនោះ។
ជាការកត់សម្គាល់ ឥរិយាបថរបស់ឈ្មួញដែលរកស៊ីចាំតែកេងចំណេញពីព្រឹតិ្តការណ៍ករណីសង្គ្រោះបន្ទាន់ ឬក៏ការទប់ស្កាត់ជំងឺបន្ទាន់ៗណាមួយគឺសឹងតែក្លាយជាទម្លាប់អាក្រក់ទៅហើយ ខណៈគេកំពុងមានតម្រូវការចាំបាច់នោះ។ ករណីឆ្លៀតឱកាសបែបនេះ ពេលខ្លះអាជ្ញាធរឃាត់មិនស្តាប់ ក៏រាជរដ្ឋាភិបាលជួយដោះស្រាយបានខ្លះទៅ ដូចជាករណីថ្លៃរថយន្តឈ្នួលខ្ពស់នៅថ្ងៃបុណ្យចូលឆ្នាំខ្មែរ និងភ្ជុំបិណ្ឌជាដើម គឺសាលារាជធានីបានបញ្ចេញរថយន្តក្រុងដឹកអ្នកដំណើរទៅតាមបណ្តាខេត្តមិនយកតម្លៃដើម្បីកាត់បន្ថយការចំណាយថ្លៃខ្ពស់ហួសហេតុលើតាក់ស៊ី ឬរថយន្តឈ្នួលរបស់ក្រុមហ៊ុនឯកជន។
មានករណីខ្លះទៀតគេនាំគ្នាបង្អើលជាពាក្យចចាមអារ៉ាមទៅ ដើម្បីលក់ទំនិញរបស់ខ្លួនឲ្យដាច់ដូចកាលពីជំងឺសារស៍ (SARS) នៅឆ្នាំ ២០០៣ នាំគ្នាផ្អើលថា បបរសណ្តែកបាយអាចការពារជំងឺសារស៍ក៏នាំគ្នាផ្អើលហូបទាំងយប់សម្រេចសម្រួចទៅអត់មានបានជួយអ្វីទាំងអស់ ឯតម្លៃសណ្តែកបាយកាលនោះឡើងថ្លៃ ៣ ដង ហើយពេលយប់រកអត់មានទៀត។ បន្ទាប់មកទៀតផ្អើលករណីជាន់គ្នាស្លាប់ជាង ៣០០ នាក់នៅលើស្ពានកោះពេជ្រក៏ផ្អើលថា នៅមានគេមកយកជីវិតបន្តទៀតទាល់តែសែនចេកណាំវ៉ានៅមុខផ្ទះទើបបញ្ចៀសបាន ធ្វើឲ្យតម្លៃចេកកាលនោះថ្លៃក្នុង ១ ស្និតឡើងដល់ជាង ១ ម៉ឺនរៀល ខណៈមុនពេលបំផុសតម្លៃត្រឹមតែ ២ ០០០ រៀលប៉ុណ្ណោះ។
ស្រដៀងគ្នានេះ ការឆ្លៀតឱកាសដំឡើងថ្លៃតាមចិត្តនេះក៏មានផងដែរ ដូចនៅកន្លែងផ្ញើម៉ូតូ ឡានឯកជន តាមមន្ទីរពេទ្យមួយចំនួនលើអ្នកទៅកំដរអ្នកជំងឺដែលចេញចូលយ៉ាងហោចណាស់ ៥ ទៅ ១០ ដង ១ ថ្ងៃ ខណៈគ្រួសារកំពុងក្រហើយមានទុក្ខនោះ។ ជាក់ស្ដែងគ្រាន់តែព្រឹត្តិការណ៍បាល់ទាត់ថ្នាក់អន្តរជាតិគឺកន្លែងផ្ញើឯកជនខាងក្រៅពហុកីឡដ្ឋានជាតិអូឡាំពិកគ្រាន់តែថ្លៃផ្ញើម៉ូតូ ១ គ្រឿងឡើងដល់ ១ ដុល្លារ។
ការបង្កើតទម្លាប់អាក្រក់ឆ្លៀតដំឡើងតម្លៃបែបនេះហាក់បីដូចជាហួសហេតុពេក ហើយប្រសិនបើមានការអនុវត្តរឹតបន្តឹងទៅបែរជាថា គេធ្វើបាបអ្នករកស៊ីជំនួញតូចតាច។ ដូចនៅប្រទេសកូរ៉េខាងត្បូងទើបតែចេញច្បាប់ ១ កាលពីថ្ងៃទី ៤ ខែកុម្ភៈឆ្នាំនេះ ដើម្បីធ្វើអន្តរាគមន៍ទប់ទល់នឹងការរីករាលដាលនៃមេរោគកូរ៉ូណាឆ្លងតាមផ្លូវដង្ហើម ដោយអនុវត្តចំពោះជនណាដែលទិញម៉ាស់ និងទឹកថ្នាំលាងដៃសម្លាប់មេរោគយកទៅស្តុកទុកដើម្បីលក់ដំឡើងថ្លៃតាមចិត្តនោះគឺត្រូវពិន័យជាទឹកប្រាក់ជាង ៤ ម៉ឺនដុល្លារអាមេរិក និងត្រូវជាប់គុករហូតដល់ទៅ ២ ឆ្នាំ។ នេះបើតាមសារព័ត៌មាន The Korean Herald ដែលបានចុះកាលពីថ្ងៃទី ៥ ខែកុម្ភៈថ្មីៗនេះហើយរដ្ឋាភិបាលកូរ៉េចាប់ផ្តើមអនុវត្តពីថ្ងៃទី ៥ ខែកុម្ភៈ រហូតដល់ថ្ងៃទី ៣០ ខែមេសាឆ្នាំ ២០២០។
បើតាមបទពិសោធដ៏ល្អនេះដើម្បីដោះស្រាយមួយគ្រាសិនរាជរដ្ឋាភិបាល គួរតែចេញច្បាប់មួយបន្ទាន់ដែរ ដើម្បីទប់ស្កាត់នូវការទិញម៉ាស់ និងទឹកថ្នាំលាងដៃសម្លាប់មេរោគកុំឲ្យឈ្មួញក៏ដូចជា ក្រុមហ៊ុនចេះដំឡើងថ្លៃស្រេចតែនឹងចិត្ត ពីព្រោះបើប្រកាសហាមតែមាត់ ដូចជាអ្នកលក់ដូរបែបឱកាសនិយមមិនស្តាប់សោះ ខណៈម្នាក់ៗកំពុងតែបារម្ភ និងរៀបចំបង្ការពីជំងឺកើតចេញពីមេរោគថ្មីដែលមិនទាន់មានវ៉ាក់សាំងការពារ និងថ្នាំព្យាបាលនេះ។ កាលពីសប្តាហ៍មុនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាទិញម៉ាស់ពីរោងចក្រ និងជំរុញឲ្យបង្កើនការផលិត ដោយរដ្ឋជាអ្នកទទួលខុសត្រូវក្នុងការទិញដើម្បីរៀបចំបង្ការ និងទប់ទល់នឹងមេរោគកូរ៉ូណាថ្មីនេះ។
រីឯឈ្មួញរកស៊ីជាលក្ខណៈក្រុមហ៊ុនក៏ដូចជា អ្នកលក់រាយវិញក៏គួរតែមានសមានចិត្តជួយជាតិឡើងវិញក្នុងការរក្សានូវតម្លៃទំនិញឲ្យដូចធម្មតា ខណៈដែលពលរដ្ឋកំពុងជួបវិបត្តិ ឬក៏បញ្ហាបន្ទាន់ៗ ឬក៏ព្រឹត្តិការណ៍អ្វីមួយកើតឡើងមិនថាឡើយថ្នាក់ជាតិ ឬក៏ថ្នាក់អន្តរជាតិនោះទេ។ បច្ចុប្បន្ននេះដោយសារតែមេរោគកូរ៉ូណានេះកំពុងរីករាលដាលយ៉ាងរហ័សធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្មសូម្បីតែទីផ្សារភាគហ៊ុនក៏ធ្លាក់ចុះលឿន ប្រេងឆៅក៏ធ្លាក់ថ្លៃនៅត្រឹមតែ ៥៥ ដុល្លារក្នុង ១ បារ៉ែលដែលតម្លៃធម្មតា ៦០ ដុល្លារក្នុង ១ បារ៉ែល។ នេះបើតាមរយៈទីភ្នាក់ងារ Bloomberg ដែលបានចុះផ្សាយកាលពីថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២០៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com