នៅ​ពេល​ឃើញ​ទិន្នន័យ​ ឬ​ក៏​ការ​ព្យាករ​ប្រៀបធៀប​គ្នា​ពី​ ១ ​ឆ្នាំ ទៅ​ ១ ​ឆ្នាំ​បង្ហាញ​ថា​ភ្លៀង​ឆ្នាំ​នេះ​ថយ​ចុះ តែ​កម្ពស់​ទឹកភ្លៀង​មាន​ការ​កើនឡើង​។ ​

ឆ្នាំ​នេះ​មាន​ករណី​បទល្មើស​គ្រឿងញៀន​ថយ​​ចុះ​តែ​ចំនួន​អ្នក​ប្រើប្រាស់​គ្រឿងញៀន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ ឬ​ក៏​ឆ្នាំ​នេះ​ចំនួន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ថយ​ចុះ តែ​អ្នក​ស្លាប់​កើនឡើង​។ ​ក្នុង​នាម​ជា​​មន្ត្រី​អនុវត្ត​កម្មវិធី​ជាតិ​នីមួយៗ​​តើ​បកស្រាយ​ ឬ​ក៏​យល់​ឃើញ​យ៉ាង​ដូចម្តេច​នៅ​ពេល​ឃើញ​ទិន្នន័យ​ឡើង​ចុះ​បែប​នេះ ផ្អែក​​លើ​អ្វី​? ​ថា​តើ​ការ​អនុវត្ត​របស់​ខ្លួន​​បាន​ជោគជ័យ​ដូចមេ្តច​ដែរ​?

ជាក់ស្តែង​តាម​តួលេខ​គ្រោះថ្នាក់​ចរាចរណ៍​នៃ​ក្រសួង​មហាផ្ទៃ​បង្ហាញ​ថា​នៅ​ឆ្នាំ​មុន​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ៣៥៣១ ​លើក​ថយ​ចុះ​ ៦៩ ​លើក បើ​ធៀប​នឹង​ឆ្នាំ​ ២០១៦ ខណៈ​អ្នក​ស្លាប់​មាន​ ១៧៨០ ​នាក់​កើន​លើស​ឆ្នាំ​ ២០១៦ ចំនួន​ ៦៣ ​នាក់​។ ​

ទោះ​ជា​ឃើញ​លទ្ធផល​បែប​នេះ​ក្ដី​ក៏​សមត្ថកិច្ច​អនុវត្ត​ច្បាប់​នៅ​តែ​ព្រងើយ​កន្តើយ​មិន​ផាក​ពិន័យ​លើ​អ្នក​បើកបរ​មិន​អនុវត្ត​តាម​ច្បាប់​ដែល​អាច​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​ជីវិត​បាន​ដូចជា​ការ​ជិះ​បញ្ច្រាស​​ទិស ការ​ជិះ​មិន​ពាក់​មួយ​សុវត្ថិភាព ម៉ូតូ​មិន​ដាក់​កញ្ចក់ ឆែក​គ្រឿង​ស្រវឹង និង​បើកបរ​លើស​ល្បឿន​ជាដើម​។

ទាល់​តែ​ករណី​មាន​ការ​ជិះ​បញ្ច្រាស​ទិស​នៅ​មុខ​ភូមិគ្រឹះ​លោក​នាយក​រដ្ឋមន្ត្រី​ជិត​វិមាន​ឯករាជ្យ ហើយ​លោក​គំរាម​ដក​តំណែង​អភិបាល​ខណ្ឌ​ដូនពេញ​ទើប​ស្អែក​ឡើង​នាំ​គ្នា​ទាំង​ប៉ូលិស ទាំង​ក្រុម​សណ្តាប់​ធ្នាប់​រត់​ខ្វែង​ដៃ​ខ្វែង​ជើង​គ្នា​ចាប់​ម៉ូតូ និង​ម៉ូតូ​កង់​ ៣ ​យក​ទៅ​ធ្វើ​កិច្ចសន្យា​នៅ​ស្នងការដ្ឋាន​រាជធានី​។ ​​

ជាមួយ​គ្នា​នេះ​​ សមត្ថកិច្ច​ចម្រុះ​ក៏​ចាំ​ស្ទាក់​ចាប់​អ្នក​បើកបរ​ម៉ូតូ​អត់​ពាក់មួក​សុវត្ថិភាព អត់​កញ្ចក់ និង​យានយន្ត​ដែល​ជិះ​បញ្ច្រាស​ទិស​តាម​ផ្លូវ​ផ្សេងៗ រីឯ​លោក​ស្នងការ​រាជធានី​ក៏​បាន​ដាក់​វិធានការ​ខ្លាំង​លើ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ទូទាំង​រាជធានី​ភ្នំពេញ​ផង​ដែរ​។

ការ​ដែល​នាំ​គ្នា​ឈូឆរ​អនុវត្ត​ច្បាប់​ចរាចរណ៍​បែប​នេះ​គឺ​គេ​ហៅ​​ថា​ «​អនុវត្ត​តាម​អនុសាសន៍​ជា​ជាង​អនុវត្ត​ច្បាប់​» ​ដែល​សព្វ​ថ្ងៃ​កំពុង​ពេញ​និយម បើ​មិន​អនុវត្ត​ដូច្នេះ​ទេ​អាច​ពិបាក​រក​កន្លែង​ខ្លាញ់​ឈរ​ជើង​នៅ​បាន​យូរ​។

តាមពិត​ការ​មិន​ផាក​ពិន័យ ចំពោះ​អ្នក​បើកបរ​ខុស​ច្បាប់​បែប​នេះ​មិនមែន​ទើប​តែ​កើតឡើង​បច្ចុប្បន្ន​ទេ​គឺ​តាំង​ពី​មាន​ភាព​តានតឹង​ផ្នែក​នយោបាយ​ក្រោយពី​ការ​ប្រកាស​លទ្ធផល​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ឆ្នាំ​ ២០១៣ ​មក​ម្ល៉េះ​។ ​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ប្រជាប្រិយភាព​បក្ស​កាន់​អំណាច​គឺ​ថ្នាក់​លើ​ឲ្យ​ផ្អាក​ការ​ផាក​ពិន័យ​ចំពោះ​ការ​បើកបរ​ខុស​ច្បាប់​មួយ​រយៈ​សិន មិនមែន​សុខៗ​មន្ត្រី​ប៉ូលិស​ចរាចរណ៍​ថ្នាក់​ក្រោម​នាំ​គ្នា​ឈប់​ផាក​នោះ​ទេ​។ នេះ​ក៏​ «​អនុវត្ត​តាម​អនុសាសន៍​ថ្នាក់ដឹកនាំ​ជា​ជាង​អនុវត្ត​ច្បាប់​ដែរ​»​។

ការ​ដែល​អនុវត្ត​តាម​អនុសាសន៍​ជាង​ច្បាប់​ហ្នឹង​ហើយ​ដែល​ធ្វើឲ្យ​មាន​ភាព​រញ៉េរញ៉ៃ​ចំពោះ​ការ​បើកបរ​មក​ទល់​សព្វ​ថ្ងៃ​គឺ​បាន​តែ​មួយ​ប្រាវ​ទេ​ដូច​ភ្លៀង​កក់ខែ​អ៊ីចឹង តែ​បើក​ថ្ងៃ​មេឃ​ក៏​លែង​ភ្លៀង​ដែរ ហើយ​ម្នាក់ៗ​ចេះ​តែ​បន្ទោស​ពលរដ្ឋ​ថា​មិន​យល់​ពី​ច្បាប់​ដដែលៗ តើ​ពេល​ណា​ទៀត​ទើប​ឲ្យ​ពលរដ្ឋ​យល់​ពី​ច្បាប់​ចរាចរណ៍​នោះ​? ​ដូច​ករណី​បើកបរ​បញ្ជ្រាស​ទិស​រង្វង់​មូល​វិមាន​ឯករាជ្យ​មុខ​ភូមិគ្រឹះ​លោក​នាយក​រដ្ឋមន្ត្រី អ៊ីចឹង​មិន​ចាំបាច់​ដាក់​ស្លាក​ហាម​បត់​ឆ្វេង​នោះ​ទេ ព្រោះ​ឲ្យ​តែ​រង្វង់​មូល​គេ​មិន​ឲ្យ​ជិះ​បញ្ច្រាស​ទិស​នោះ​ទេ មាន​តែ​គេ​ឲ្យ​គោរព​ស្លាក ​«​ផ្តល់​អាទិភាព​ឲ្យ​គេ​» ​ទៅ​វិញ​គ្រប់គ្រាន់​ទៅ​ហើយ​។

បើ​ទោះ​ជា​មាន​ការ​ផាក​ពិន័យ​​រឿង​ច្បាប់​ចរាចរណ៍​នេះ​យ៉ាង​គគ្រឹគ​គ្រេង​ក៏​ដោយ​ក៏​នៅ​មាន​ចន្លោះ​ប្រហោង​ចំណុច​សំខាន់​ដ៏គ្រោះថ្នាក់​មួយ​ដែល​មិន​ធ្លាប់​ឃើញ​មាន​ការ​ផាក​ពិន័យ​ទាល់​តែ​សោះ​ហើយ​ក៏​គ្មាន​ការ​សិក្សា​ស្រាវជ្រាវ​ដែរ​គឺ​អ្នក​បើកបរ​ប្រើប្រាស់​ទូរស័ព្ទ​ពេល​កំពុង​បើកបរ ហើយ​ក៏​មិន​ដែល​ឃើញ​បង្ហាញ​ពី​ទិន្នន័យ​គ្រោះថ្នាក់​ដោយសារ​ប្រើប្រាស់​ទូរស័ព្ទ​ពេល​​បើកបរ​ដែរ​។ ​តែ​មាន​ករណី​ធុញទ្រាន់ និង​រអ៊ូរទាំ​ចំពោះ​អ្នក​​បើកបរ​ពី​ក្រោយ​អ្នក​បើកបរ​កំពុង​ប្រើប្រាស់​ទូរស័ព្ទ​នៅ​ពេល​អ្នក​ក្រោយ​ចុច​ស៊ីផ្លេ បែរ​ជា​ធ្វើឲ្យ​អ្នក​បើក​កំពុង​ប្រើ​ទូរស័ព្ទ​នោះ​មើល​មុខ​ខឹងសម្បា អ្នក​ស៊ីផ្លេ​នោះ​ទៅ​វិញ​។

ការ​ប្រើប្រាស់​ទូរស័ព្ទ​ពេល​បើកបរ​នេះ​គឺ​មាន​ចែង​ក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ត្រង់​មាត្រា​ ៨ ​ចំណុច​ ៦ ​ថា​៖ «​ហាម​ប្រើ​ទូរស័ព្ទ​នៅ​ពេល​កំពុង​បើកបរ​យាន​ជំនិះ​ដោយ​គ្មាន​ឧបករណ៍​សំឡេង​ភ្ជាប់​ទំនាក់ទំនង​។​» រីឯ​ស្ថាន​ទម្ងន់​ទោស​គឺ​ទៅ​តាម​មាត្រា​លម្អិត​បន្ទាប់ៗ​អាស្រ័យ​​តាម​ករណី​នីមួយៗ​។

ដោយសារ​ការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើបៗ​ដែល​មាន​កម្មវិធី​ជាច្រើន​ក្នុង​ទូរស័ព្ទ​ធ្វើឲ្យ​អ្នក​ប្រើប្រាស់​វក់វី​នឹង​កម្មវិធី​លែង​គិត​ពី​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​បើកបរ​ដែល​អាច​ធ្វើឲ្យ​គ្រោះថ្នាក់​ដល់​ខ្លួនឯង​ផង និង​អ្នក​ដទៃ​ផង​ដែល​យ៉ាង​ហោច​ណាស់​រំខាន​គេឯង​ដែល​កំពុង​បើកបរ​នៅ​លើ​វិថី​ដូច​គ្នា​ដែរ​។

យុវវ័យ​​​​ពីរ​នាក់​ បើក​បរ​ម៉ូូតូ​​មិន​ពាក់​មួក​សុវត្ថិភាព​ហើយ​​និយាយ​ទូរស័ព្ទ​​ ដោយ​បំពាន​ច្បាប់​​ចរាចរ​ណ៍​​ នៅក្បែរ Naga World។ រូបថត តុង សុប្រាជ្ញ

ចំណែក​ការ​សម្រេច​ចិត្ត​លើក​ទូរស័ព្ទ​ពេល​កំពុង​បើកបរ​នោះ​គឺ​អាច​មាន​ទំនោរ​ទំនាក់​ទំនង​គ្នា​មាន​រយៈពេល​វែងៗ​ផ្អែម​ល្អែម​ស្នេហា​គ្នា​ស្អិតល្មួត​អូន​បង​មិន​ចង់​ដាក់​ទូរស័ព្ទ​ចុះ​ទេ ជា​សំឡេង​ក្តី​ជា​សារ​ SMS ​ក្តី​ ឬ​តាម​ Messenger ​ក្តី និង​បើក​មើល​តាម​ហ្វេសប៊ុក​ក្តី​។​ ​

បើ​ពាក់ព័ន្ធ​ជាមួយ​នឹង​ការងារ​វិញ​គឺ​អ្នក​ទទួល​​ទូរស័ព្ទ​គ្រាន់​តែ​លើក​ហើយ​ឆ្លើយ​ប្រាប់​វិញ​យ៉ាង​ប្រញាប់​ថា​កំពុង​បើកបរ​ចប់​ហើយ​ភាគី​ម្ខាង​ទៀត​យល់​ព្រម​ហើយ​មិន​អន់​ចិត្ត​ទេ​ព្រោះ​វា​ខុស​ច្បាប់​។

ចំណុច​នេះ​មន្ត្រី​អនុវត្ត​ច្បាប់​ចំពោះ​អ្នក​ប្រើ​ទូរស័ព្ទ​យ៉ាង​សាមញ្ញ​ទៅ​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​មាត្រា​ ៦០ ​ចែង​ថា​៖ «​សមត្ថកិច្ច​មាន​សិទ្ធិ​អំណាច​តាមដាន និង​ពិនិត្យ​អំពើ​ល្មើស​ និង​បទប្បញ្ញតិ្ត​​ចរាចរណ៍​ដោយ​ផ្ទាល់ ឬ​ដោយ​ឧបករណ៍​បច្ចេកទេស​»​។

បទពិសោធ​កាលពី​ខ្ញុំ​ទៅ​ទស្សនកិច្ច​សិក្សា​នៅ​អាមេរិក​ឆ្នាំ​ ២០១២ គេ​រក​ដំណោះស្រាយ​ដែល​អាច​ធ្វើ​បាន​ចំពោះ​ករណី​ប្រើ​ទូរស័ព្ទ​ពេល​បើកបរ​រថយន្ត​ទំនើប​គឺ​រថយន្ត​គេ​បំពាក់​ប៊្លូធូ​ (Bluetooth) ​នៅ​ពេល​ទូរស័ព្ទ​រោទ៍​គឺ​ទទួល​និយាយ​គ្នា​ផ្ទាល់​ដោយ​បើក​សំឡេង​ឮៗ​ក្នុង​រថយន្ត​ដូច​និយាយ​គ្នា​ធម្មតា​អ៊ីចឹង​ដែរ តែ​អ្នក​បើកបរ​ត្រូវ​ទម្លាក់​ល្បឿន​ដោយ​ខ្លួនឯង​តែ​ម្តង​។ ​ក្នុង​ករណី​រថយន្ត​មាន​ប្រព័ន្ធ​នេះ​ស្រាប់​បើ​តាម​ច្បាប់​នៅ​ស្រុក​ខ្មែរ​ក៏​អាច​ប្រើ​ទូរស័ព្ទ​បាន​ដែរ​ព្រោះ​ឧបករណ៍​សំឡេង​ភ្ជាប់​ទំនាក់​ទំនង​រួច​ជាស្រេច​។

តែ​សម្រាប់​រថយន្ត​មិន​បំពាក់​ប្រព័ន្ធ​បែប​នេះ​គឺ​មិន​អាច​ទេ​​ហើយ​ម៉ូតូ​រឹត​តែ​មិន​អាច​ទៀត​​ហើយ​មិនមែន​តខ្សែ​សំឡេង​​ញ៉ុក​ចូល​ត្រចៀក​ទេ​។

ចំពោះ​វិធីសាស្ត្រ​នៃ​ការ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​នៅ​អាមេរិក​វិញ​គឺ​មាន​មន្ត្រី​ប៉ូលិស​ចូល​​រួម​ពិព័រណ៍​ដាក់​ស្តង់​មួយ​នៅ​​ក្បែរ​កន្លែង​លក់​រថយន្ត​ស៊េរី​ថ្មី​តែ​ម្តង ដោយ​ដាក់​រថយន្ត​គ្រោះថ្នាក់​ចរាចរណ៍​ខ្ទេច​មុខ​ហើយ​ម្ចាស់​ស្លាប់​បាត់​ដោយសារ​ប្រើ​សារទូរស័ព្ទ​ SMS ​នៅ​ពេល​បើកបរ​​ឬ​ក៏​ដោយ​សារ​ជាតិ​ស្រវឹង​។

ចំពោះ​វិធីសាស្ត្រ​នៃ​ការ​ផ្សព្វផ្សាយ​នៅ​ស្រុក​ខ្មែរ​វិញ​គឺ​មាន​តិចតួច​នៅ​ឡើយ​ទេ ពោល​គឺ​មាន​តែ​នៅ​លើ​ផ្ទាំង​រូបភាព​ធំ​តាម​ផ្លូវ​មួយ​ចំនួន​ចំពោះ​ការ​​អប់រំ​ទៅ​លើ​ការ​ប្រើ​ទូរស័ព្ទ​ និង​ផ្ទាំង​សារ​ខ្លះ​ដែល​មើល​ទៅ​ហាក់​​ដូចជា​គ្មាន​ន័យ​ដូចជា ​«​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​!»​។

ហេតុ​ដូច្នេះ​ហើយ​រាជរដ្ឋាភិបាល​គួរ​តែ​រិះរក​វិធីសាស្ត្រ​ថ្មី​ដើម្បី​ឲ្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​មាន​ប្រសិទ្ធភាព ជាពិសេស​គឺ​ការ​ប្រើ​ទូរស័ព្ទ​នៅ​ពេល​បើកបរ​តែ​ម្តង​ដែល​មិន​ធ្លាប់​ចាប់​ផាកពិន័យ និង​ការ​ផ្សព្វផ្សាយ​ទ្រង់ទ្រាយ​ធំ​តាម​ទូរទស្សន៍​ទេ​។

សូម​មន្ត្រី​មាន​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ចរាចរណ៍​ជា​ជាង​ចាំ​តែ​អនុវត្ត​តាម​អនុសាសន៍​ថ្នាក់​ដឹកនាំ ហើយ​គួរ​តែ​វិភាគ​ឲ្យ​បាន​ស៊ីជម្រៅ​ទៅ​លើ​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ថយ​ចុះ និង​អ្នក​ស្លាប់​កើនឡើង​នេះ​ឲ្យ​មាន​លក្ខណៈ​សម​ហេតុ​សមផល​ដើម្បី​រក​ដំណោះស្រាយ​ឲ្យ​សមស្រប និង​មាន​ប្រសិទ្ធភាព​ទៅ​នឹង​លទ្ធផល​នេះ​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com